អានតួអត្ថបទ
កម្ពុជា

សាលារៀន​នៅ​ទូទាំង​ប្រទេស​បាន​បើក​ទ្វារ​ឡើង​វិញ​ ជាមួយ​នឹង​សារ​ជូនពរ​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន RFI/Ly Meng Hour

ស្នូរ​ជួង​ និង​សម្លេង​គោរព​ភ្លេង​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បន្លឺ​ឡើង​សារ​ជាថ្មី​ ក្នុង​បរិវេណ​សាលារៀន​នៅ​ទូទាំង​ប្រទេស​ ខណៈ​ដែល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ (២០១៤-២០១៥)​ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិការ​នេះ។​ នៅ​ថ្ងៃ​នេះ​ គ្រប់​សាលារៀន ​នៅ​គ្រប់​ភូមិ​សិក្សា​បាន​ចាប់​ផ្តើម​បើក​ទ្វារ​ឡើង​វិញ​ បន្ទាប់​ពី​បាន​បិទ​ទ្វារ​មួយ​រយៈ​មក។​

ផ្សាយពាណិជ្ជកម្ម

តាមពិតទៅ នៅ​រៀងរាល់ឆ្នាំ ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ត្រូវធ្វើ​នៅ​ថ្ងៃទី១ខែតុលា​ឯណោះ​ទេ ប៉ុន្តែ​ដោយសារតែ​ផែនការ​កំណែរ​ទម្រង់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​សម័យ​​ប្រលង​បាក់​ឌុប​លើក​ទី២នៅ​ឆ្នាំនេះ បានធ្វើអោយ​ការបើក​បវេសនកាល​ថ្មី​រំកិល​ពីថ្ងៃ​ទី១ខែតុលា មក​ធ្វើ​នៅ​ថ្ងៃទី១ខែវិច្ឆិការ​នេះ​វិញ។ ហើយ​ថ្ងៃទី១ខែវិច្ឆិការ ក៍​ជា​កាលបរិច្ឆេទ​ផ្លូវការ ក្នុងការ​កំណត់ថា ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា។ នៅ​ថ្ងៃ​បើក​បវេសនកាល​នេះ លោក ហង្ស ជួនណា​រ៉ុ​ន មិនបាន​អញ្ជើញ​ទៅ​ចូលរួម​នៅក្នុង​ពិធី​បើក​បវេសនកាល​នៅ​សាលារៀន​ណាមួយ​នោះទេ។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ បានកំណត់​រួចហើយ​ថា ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​នឹង​បន្ត​ផែនការ​កំណែរ​ទម្រង់​លើក​ទី២របស់ខ្លួន។ ផែនការ​កំណែ​ទម្រង់​លើក​ទី២ ដែល​នឹង​ផ្តោតទៅលើ​គោលនយោបាយ​គ្រូបង្រៀន គុណភាព​អប់រំ ការ​លើក​ទឹកចិត្ត​គ្រូបង្រៀន ការកែរ​លម្អ​បរិស្ថាន​សិក្សា កម្មវិធីសិក្សា និង​ការជំរុញអោយ​សិស្ស​ខិតខំ​រៀនសូត្រ​ជាដើម។

ដោយឡែក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​បើក​បវេសនកាល​ថ្មី​នេះ បាន​ផ្ញើ​សារ​លិខិត​មួយច្បាប់​ជូន​ចំពោះ​លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​គ្រប់​រូប អោយ​បន្ត​បេសកម្ម​របស់ខ្លួន ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា។ បើតាម​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ថ្ងៃនេះ គឺជា​ថ្ងៃ​បើក​ទំព័រ​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​សិស្ស និស្សិត ក្នុង​វ័យ​សិក្សា កុលបុត្រ​កុល​ធិ​តា​ជាទី​ស្រលាញ់​របស់​យើង បាន​បន្ត​ការសិក្សា​ទៅ​ថ្នាក់ខ្ពស់​ទៀត និង​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ជីវិត​សិក្សា​ដំបូង​សម្រាប់​កុមារ​ដែល​ទើបតែ​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា វិស័យ​អប់រំ នៅតែ​ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ អាទិភាព​ទាំងឡាយ សម្រាប់​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ។ ជាមួយនឹង​ការ​អបអរសាទរ លោកនាយក​រដ្ឋមន្ត្រី ក៍បាន​ជំរុញអោយមាន​ការបន្ត​សម្រួច និង​តម្រង់ទិស​វិស័យ​អប់រំ​កម្ពុជា អោយមាន​សកម្ម​ភាពជា​ប់​ជានិច្ច ដើម្បីអោយ​វិស័យនេះ អាច​ផលិត​ធនធានមនុស្ស​ដ៍​មាន​សក្តានុពល​ពិតប្រាកដ មាន​សមត្ថភាព និង​ឧត្តមភាព​ប្រកួតប្រជែង​ជាមួយ​ធនធានមនុស្ស​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក។

សូមបញ្ជាក់ថា ឆ្នាំ​សិក្សា​ថ្មី (២០១៤-២០១៥)នេះ មាន​សាលារៀន​សរុប​ចំនួន​ជាង១ម៉ឺន​កន្លែង​បាន​បើកទ្វារ ដោយមាន​សិស្សានុសិស្ស​សរុប​ជាង៣លាន​នាក់​បាន​ចូលរៀន នៅ​គ្រប់​កំរិត​ភូមិ​សិក្សា​ទូទាំងប្រទេស៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ