អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​ទុយនីស៊ី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្រ្ត​លើក​ទី១

សំឡេង ០៥:១៧
ប្រទេស​ទុយនីស៊ី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្រ្ត​លើក​ទី១
ប្រទេស​ទុយនីស៊ី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្រ្ត​លើក​ទី១ REUTERS/Anis Mili

នៅ​ថ្ងៃ​អាទិត្យ ទី២៣ វិច្ឆិកា​នេះ មាន​ប្រជាជន​ទុយនីស៊ី​ជាង ៥លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ប្រជាជន​ទុយនីស៊ី​ត្រូវ​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ឈ្មោះ​បេក្ខជន​ទំាង ២៧នាក់​ដែល​មាន​នៅ​ក្នុង​សន្លឹក​ឆ្នោត​នីមួយៗ។ តែ​នៅ​នាទី​ចុង​ក្រោយ មាន​បេក្ខជន​ចំនួន ៥រូប​បាន​សម្រេច​ដក​ខ្លួន​ចេញ​វិញ។ ប្រសិន​បើ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​សម្លេង​ដាច់ខាត​ទេ ការ​បោះឆ្នោត​អាច​នឹង​រៀបចំ​ឡើង​ជា​ពីរ​ដំណាក់កាល។ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពេល​នេះ​បាន​ធ្វើ​ឡើង ១ខែ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​កាល​ពី​ខែ​តុលា​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គណបក្ស Nidaa Tounes របស់​លោក Beji Caïd Essebsi។

ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​ចំា​បាន​មិន​ភ្លេច​ទេ​ថា កាល​ពី​ជិត ៤ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០១១ ប្រជាជន​ទុយនីស៊ី​បាន​នំា​គ្នា​ក្រោក​ឈរ​ឡើង​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការ​ដឹកនំា​តាម​របៀប​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​បិន អាលី។ នៅ​ទីបំផុត និង​បន្ទាប់​ពី​មាន​ការ​បង្ហូរ​ឈាម​រវាង​បាតុករ និង​កម្លំាង​ប៉ូលីស​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ប្រជាជន​ទុយនីស៊ី​ក៏​បាន​បិទបញ្ចប់​ទំាង​ស្រុង​នូវ​ទំព័រ​សករាជ​អំណាចផ្តាច់ការ​រយៈពេល ២៣ឆ្នំា​របស់​លោក​បិន អាលី។ គឺ​ផ្តើម​ចេញ​ពី​បដិវត្តន៍​ផ្កាម្លិះ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ដែល​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់​ក្បែរខាង និង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនំា​តាម​បែប​ផ្តាច់ការ​ដែរ​នោះ នំា​គ្នា​ចម្លង​យក​តាម​ម្តង​មួយៗ ដូច​យ៉ាង​ប្រទេស​អេហ្ស៊ីប លីប៊ី បារ៉ែន ឬ​មួយ​ក៏​ប្រទេស​ស៊ីរី​ជា​ដើម។

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ពេល​នេះ គឺ​ជា​ការ​បោះឆ្នោត​ប្រវត្តិសាស្រ្ត ព្រោះ​តំាង​ពី​ទុយនីស៊ី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៥៦ រហូត​ដល់​ថ្ងៃ​បដិវត្តន៍​ផ្កាម្លិះ​ក្នុង​ឆ្នំា ២០១១ មក ប្រទេស​បាន​ស្គាល់​រូប​ប្រធានាធិបតី​តែ​ពីរ​នាក់​គត់ គឺ​លោក​ហាប៊ីប បួរហ្គីបា និង​លោក​បិន អាលី។ ហើយ​គឺ​រូប​លោក​បិន អាលី​នេះ​ឯង​ដែល​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​របស់​លោក​ហាប៊ីប បួរហ្គីបា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​បួរហ្គីបា​កាល​ពី​ថ្ងៃទី៧ វិច្ឆិកា ឆ្នំា ១៩៨៧។ នៅ​ទីបំផុត លោក​បិន អាលី​ខ្លួន​ឯង​ក៏​ត្រូវ​បាន​ប្រជាជន​ទម្លាក់​ពី​អំណាច និង​បង្ខំចិត្ត​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃទី១៤ មករា ឆ្នំា ២០១១។ ដូច្នេះ នេះ​ជា​លើកទី១ ដែល​ប្រជាជន​ទុយនីស៊ី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដោយ​សេរី និង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។

បេក្ខជន Beji Caïd Essebsi មក​ពី​គណបក្ស Nidaa Tounes កំពុង​នំា​មុខ​គេ

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ខែ​ក្រោយ​ពី​ការ​បោះឆ្នោត​សភា​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គណបក្ស Nidaa Tounes របស់​លោក Beji Caïd Essebsi។ នៅ​ពេល​នេះ បេក្ខជន Beji Caïd Essebsi ដែល​មាន​អាយុ ៨៨ឆ្នំា​កំពុង​មាន​ប្រៀប​ជាង​បេក្ខជន​ដទៃ​ទៀត។ តែ​កំណត់សម្គាល់​មួយ​ដែល​គ្រប់​គ្នា​កំពុង​ចាប់អារម្មណ៍​ខ្លំាង​នោះ គឺ​អវត្តមាន​បេក្ខជន​មក​ពី​គណបក្ស​អ៊ីស្លាម Ennahda ពោល​គណបក្ស​មួយ​នេះ​មិន​បាន​បញ្ជូន​បេក្ខជន​ខ្លួន​ទៅ​ប្រកួតប្រជែង​នឹង​គេ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​រូប​បេក្ខជន​ណា​មួយ​ដែល​នឹង​អាច​ទាញ​បាន​ប្រយោជន៍​ពី​អវត្តមាន​គណបក្ស Ennahda នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ពេល​នេះ?

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កន្លង​មក ប្រជាជន​ទុយនីស៊ី​ភាគច្រើន​បាន​បោះឆ្នោត​គំាទ្រ​គណបក្ស Nidaa Tounes និង​ប្រឆំាង​ពួក​អ៊ីស្លាមនិយម។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គណបក្ស​អ៊ីស្លាម Ennahda គឺ​ជា​កម្លំាង​នយោបាយ​ធំ​ទី២ នៅ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន។ តើ​គណបក្ស Nidaa Tounes នឹង​ទទួល​បាន​ជោគជ័យ​ជាថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ពេល​នេះ ឬ​យ៉ាង​ណា?។ គេ​ត្រូវ​រង់ចំា​ចម្លើយ​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ថា បើ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​សំឡេង​ដាច់​ខាត​ពេល​នេះ​ទេ គេ​ត្រូវ​រៀបចំ​បោះឆ្នោត​ជា​លើកទី២ ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែ​ធ្នូ​ខាង​មុខ។

ស្ថិរភាព​នយោបាយ ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​អនាគត​ប្រទេស

អ្វី​ដែល​សំខាន់​សម្រាប់​ប្រជាជន​ទុយនីស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពេល​នេះ គឺ​ការ​បិទទំព័រ​សម័យ​អន្តរកាល​មួយ​ដែល​ពោរពេញ​ដោយ​អស្ថិរភាព​នយោបាយ។ ជាក់ស្តែង គឺ​ឃាតកម្ម​សម្លាប់​សកម្មជន​របស់​គណបក្សប្រឆំាង​កាល​ពី​ឆ្នំា ២០១៣ និង​កំណើន​នៃ​ទង្វើ​វាយប្រហារ​ពី​ក្រុមជីហាត​លើ​កម្លំាងទ័ព​ទុយនីស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អាល់ហ្សេរី។ ជា​ការ​ពិត រដ្ឋធម្មនុញ្ញ​ថ្មី​ទុយនីស៊ី​បាន​កម្រិត​អំណាច​ប្រធានាធិបតី តែ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ស្ថិរភាព​នយោបាយ។ ប្រជាជន​សាមញ្ញ ក៏​ដូច​ជា​អ្នក​នយោបាយ​គ្រប់​និន្នាការ​សុទ្ធ​តែ​បាន​យល់​ដូច​គ្នា​ថា បើ​គ្មាន​ស្ថិរភាព​នយោបាយ​ទេ គេ​ពិត​ជា​មិន​អាច​កសាង​ប្រទេស​ឲ្យ​ចម្រើន​ទៅ​មុខ​បាន​ឡើយ បើ​គ្មាន​ស្ថិរភាព​នយោបាយ​ទេ ប្រទេស​នឹង​ត្រូវ​ធ្លាក់​ក្នុង​អំណាច​ផ្តាច់ការ​ជា​ថ្មី​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ