អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

អំពី​សិទ្ធិ និង​នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត

សំឡេង ០៦:៥៦

សិទ្ធិ​​របស់​កម្មករ​និយោជិត ក្នុងការ​ធ្វើ​កូដកម្ម គឺ​ជា​សិទ្ធិ​ដែល​ទទួល​​បាន​នូវ​​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​​របស់​​ព្រះរាជាណាចក្រ​កម្ពុជា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ក៏​បាន​​​​បញ្ជាក់​ផងដែរ​ថា សិទ្ធិនេះ​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម​មាន​ចែង​នៅ​ក្នុង​ច្បាប់ការងារ ឆ្នាំ​១៩៩៧។

ផ្សាយពាណិជ្ជកម្ម

តើ​ច្បាប់​កំណត់​អំពី​នីតិវិធី​អ្វីខ្លះ ដែល​កម្មករ​ និយោជិត​ត្រូវ​បំពេញ មុននឹង​ចាប់ផ្តើម​ធ្វើ​កូដកម្ម?

នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម គឺ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ការងារ មាត្រា ៣២៣ ដល់​ មាត្រា ៣២៩។

ទីមួយ ដើម្បី​ធ្វើ​កូដកម្ម គឺ​ត្រូវ​មាន​ការ​សម្រេច​​ពី​កម្មករ និយោជិត។ របៀបរបប​នៃ​ការ​​ប្រជុំ​សម្រេច​ធ្វើ​កូដកម្ម​នេះ អាច​រៀបចំ​​ធ្វើ​ទៅតាម​លក្ខន្តិកៈ​របស់​សហជីព នៅ​តាម​សហគ្រាស​នីមួយៗ ក៏ប៉ុន្តែ ច្បាប់ការងារ​បាន​​កំណត់​ថា ការ​​សម្រេច​ធ្វើ​កូដកម្ម ឬ​មិន​ធ្វើ ត្រូវ​ធ្វើ​​តាមរយៈ​ការ​បោះឆ្នោត​ជា​សម្ងាត់។

បើសិន​ជា​កម្មករ និយោជិត បោះឆ្នោត​សម្រេច​ថា​ធ្វើ​កូដកម្ម នីតិវិធី​បន្ទាប់ គឺ​​ត្រូវ​ធ្វើ​ការប្រកាស​ជូនដំណឹង​ទៅ​សហគ្រាស និយោជក ​​អំពី​ការ​ធ្វើ​កូដកម្ម។ ការ​ជូនដំណឹង​នេះ​ត្រូវ​ធ្វើ​ឡើង​យ៉ាងតិច ៧ថ្ងៃ មុន​ថ្ងៃ​ធ្វើ​កូដកម្ម (៧ថ្ងៃ គិត​តែ​ថ្ងៃ​ធ្វើការ ដោយ​មិនរាប់​ថ្ងៃ​ឈប់​សម្រាក) ហើយ​​ក្នុងការ​ជូនដំណឹង​នេះ ត្រូវ​មាន​បញ្ជាក់​ច្បាស់លាស់​ អំពី​ការទាមទារ​របស់​កម្មករ និយោជិត ដែល​ជា​មូលហេតុ​នៃ​ការ​ធ្វើ​កូដកម្ម។ ច្បាប់​តម្រូវ​ឲ្យ​ផ្ញើ​ការជូនដំណឹង​នេះ​ ទៅ​ឲ្យ​ក្រសួង​ការងារ​ផងដែរ។

នៅ​ក្នុង​ចន្លោះពេល ចាប់ពីថ្ងៃ​​​ជូនដំណឹង រហូតដល់​ថ្ងៃ​ធ្វើ​កូដកម្ម ភាគី​វិវាទ​មាន​កាតព្វកិច្ច​ចូលរួម​ប្រជុំ​ផ្សះផ្សា​ទៅតាម​ការ​កោះអញ្ជើញ​របស់​រដ្ឋមន្រ្តី​ក្រសួង​ការងារ ដែល​​ច្បាប់​តម្រូវ​ឲ្យ​ទទួល​បន្ទុក​រិះរក​មធ្យោបាយ​ផ្សះផ្សា​ ដើម្បី​បញ្ចៀស​កូដកម្ម។ បើសិន​ជា​ការ​​ចរចា​អាច​ផ្សះផ្សា​បាន កូដកម្ម​ត្រូវ​លុបចោលវិញ។ ​បើ​​​​សិនជា​ដល់​ថ្ងៃ​កំណត់​ធ្វើ​កូដកម្ម នៅតែ​មិន​អាច​ចរចា​ត្រូវរ៉ូវគ្នាទៀត កម្មករ​ និយោជិត​ អាច​ចាប់ផ្តើម​ធ្វើ​កូដកម្ម​បាន។

សហគ្រាស និយោជក អាច​កាត់ប្រាក់​ខែ​កម្មករ និយោជិត ដែល​ចូលរួម​ធ្វើ​កូដកម្ម​បាន​ដែរ​ឬទេ?

ច្បាប់​ការងារ​ចែង​ថា កិច្ចសន្យាការងារ​​របស់​កម្មករ និយោជិត ដែល​សម្រេច​ចូលរួម​ធ្វើ​កូដកម្ម​ ត្រូវ​ព្យួរ​ជា​បណ្តោះអាសន្ន នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម (មាត្រា ៣៣២) មានន័យថា កម្មករ និយោជិត​​​​មិន​ជាប់កាតព្វកិច្ច​បំពេញការងារ​ ហើយ​ក៏​មិនមាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ដែរ។ ដូច្នេះ សហគ្រាស និយោជក អាច​កាត់​ប្រាក់ខែ​កម្មករ និយោជិត​ណា​ ដែល​ចូលរួម​ធ្វើ​កូដកម្ម​ ប៉ុន្តែ ​កាត់​​ទៅតាម​តែ​​ចំនួន​ថ្ងៃ ដែល​ធ្វើ​កូដកម្ម​ប៉ុណ្ណោះ។

ក្រៅពី​កាត់ប្រាក់​ខែ​នេះ ច្បាប់​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​សហគ្រាស និយោជក ដាក់​ទណ្ឌកម្ម​អ្វី​​ផ្សេងទៀត ទៅលើ​កម្មករ និយោជិត ដោយសារ​តែ​ការចូលរួម​ធ្វើ​កូដកម្ម​នេះ​ទេ។ ការ​បញ្ឈប់ការងារ​កម្មករ ដោយសារ​តែ​ការ​ចូលរួម​ធ្វើ​កូដកម្ម​នេះ ក៏​កាន់​តែ​មិន​អាច​​ធ្វើ​បាន​ទៅទៀត។

ចុះ​បើ​គ្រាន់តែ​ជ្រើសរើស​កម្មករ​និយោជិត​ផ្សេង ឲ្យ​មក​ធ្វើ​ការ​ជា​បណ្តោះ​អាសន្ន ក្នុង​ពេល​មាន​កូដកម្ម ដើម្បី​ធ្វើការ​​ជំនួស​និយោជិត ដែល​​កំពុង​ធ្វើ​កូដកម្ម តើ​សហគ្រាស និយោជក​​អាច​ធ្វើ​​បាន​ដែរ​ឬទេ?

មាត្រា ៣៣៤ នៃ​ច្បាប់ការងារ​ ចែងថា “នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម ត្រូវ​ហាមឃាត់​មិន​ឲ្យ​និយោជក​ជ្រើសរើស​កម្មករ​និយោជិត​ផ្សេង​មក​ជំនួស​កូដករ​ទាំងអស់ លើកលែង​តែ​ការ​ជ្រើសរើស​នេះ​ធ្វើឡើង ដើម្បី​ធានា​សេវា​អប្បបរមា”។

ក្នុង​ពេល​មាន​កូដកម្ម​ ច្បាប់ការងារ​ចែង​អនុញ្ញាត​ឲ្យ​សហគ្រាស និយោជក កេណ្ឌ​កម្មករ​និយោជិត​ ឲ្យ​​បំពេញ​ការងារ​រ៉ាប់រង​សេវា​អប្បបរមា ដើម្បី​ធានា​ដល់​ការពារ​ទ្រព្យ ទំនិញ ឬ​គ្រឿង​បរិក្ខា​របស់​សហគ្រាស (មាត្រា ៣២៦)។ បើសិន​ជា​នៅ​ថ្ងៃ​ធ្វើ​កូដកម្ម កម្មករ​និយោជិត ដែល​ត្រូវ​កេណ្ឌ​ឲ្យ​មក​រ៉ាប់រង​សេវា​អប្បបរមា​ មិន​មក​ធ្វើការ ហើយ​បែរ​ជា​ទៅ​ចូលរួម​ធ្វើ​កូដកម្ម​ដែរ ក្នុងករណីនេះ សហគ្រាស និយោជក អាច​ជ្រើសរើស​កម្មករ​និយោជិត​ផ្សេង​មក​ធ្វើ​ការ​ជំនួស​បាន។ ចំណែក​កម្មករនិយោជិត ដែល​ជាប់កាតព្វកិច្ច​រ៉ាប់រង​សេវា​អប្បបរមា ហើយ​បែរ​ជា​មក​មក​ធ្វើការ​បែបនេះ ត្រូវ​ចាត់ទុក​ថា​មាន​កំហុស​ធ្ងន់ ដែល​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម។

ចុះ​បើ​សិន​ជា​សហគ្រាស និយោជក ជ្រើសរើស​និយោជិត​ផ្សេង​មក​ជំនួស​កូដករ ក្រៅ​ពី​ករណី​សេវាអប្បបរមា​នេះ តើ​ច្បាប់​មាន​ចែង​អំពី​ទណ្ឌកម្ម​អ្វី​ដែរ?
 
ក្នុងករណី​ដែល​សហគ្រាស និយោជក ជ្រើសរើស​កម្មករ​និយោជិត​ផ្សេង​មក​ជំនួស​កូដករ ក្រៅ​ពី​​​ករណី​សេវា​អប្បបរមា និយោជក​មាន​កាតព្វកិច្ច​បើក​ប្រាក់បៀវត្សឲ្យ​កម្មករ​និយោជិត​ជា​កូដករ​ទាំងអស់ ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម (តាមធម្មតា កម្មករ​និយោជិត​ដែល​ចូលរួម​ធ្វើ​កូដកម្ម គឺ​មិន​ត្រូវ​ទទួល​ប្រាក់​ឈ្នួល​ទេ សម្រាប់​ថ្ងៃ​ធ្វើ​កូដកម្ម)។

ដូច្នេះ មានន័យថា ក្នុង​ករណី​មាន​ការ​ជ្រើសរើស​កម្មករ​និយោជិត​ផ្សេង​មក​ជំនួស​កូដករ ក្រៅ​ពី​ករណី​សេវា​អប្បបរមា និយោជក​ត្រូវ​អស់​លុយ​ពីរជាន់៖ អស់លុយ​បង់​ប្រាក់ឈ្នួល​ទៅ​ឲ្យ​កម្មករ​និយោជិត​ដែល​រើស​យក​មក​ជំនួស​កូដករ​នោះផង ហើយ​ត្រូវ​អស់លុយ​បង់​ប្រាក់ឈ្នួល​ទៅ​ឲ្យ​កូដករ​នោះ​មួយជាន់ទៀត។

ចុះ​បើ​សិន​ជា​ក្នុងករណី​ដែល​កម្មករ​និយោជិត​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់​វិញ តើ​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​អ្វីខ្លះ?
 
ទីមួយ ត្រូវ​បញ្ជាក់ថា ការ​កំណត់​ថា កូដកម្ម​ណាមួយ​ជា​កូដកម្ម​ខុសច្បាប់ គឺ​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការការងារ ឬ​តុលាការ​ខេត្តក្រុង​បើសិន​ជា​គ្មាន​តុលាការ​ការងារ (មាត្រា ៣៣៧)។ បើ​សិន​ជា​​សហគ្រាស និយោជក យល់ថា ការ​ធ្វើ​កូដកម្ម​ណាមួយ ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​ខុសច្បាប់ (មិនគោរព​ទៅតាម​នីតិវិធី ដែល​កំណត់​ដោយ​ច្បាប់ ឬ​ធ្វើឡើង​ដោយ​មាន​អំពើ​ហិង្សា) សហគ្រាស និយោជក​នោះ​ត្រូវ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ឲ្យ​តុលាការចេញ​ដីកា​សម្រេច​រក្សាការពារ (នីតិវិធី​បន្ទាន់)។

បើសិន​ជា​តុលាការ​សម្រេច​ថា កូដកម្ម​នេះ​ជា​កូដកម្ម​ខុសច្បាប់ កូដករ​ត្រូវ​ចូល​ធ្វើការ​វិញ ក្នុងរយៈពេល​ ៤៨​ម៉ោង ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីសម្រេច​នេះ។ ផុតពេល​កំណត់ ៤៨ម៉ោងនេះ បើ​សិន​ជា​កម្មករ​និយោជិត​ណា​មិនចូល​ទៅធ្វើការ​វិញទេ គឺ​ត្រូវ​ចាត់ទុក​ថា​មាន​កំហុសធ្ងន់ ដែល​អាចត្រូវ​ទទួល​ទណ្ឌកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ