អានតួអត្ថបទ
អឺរ៉ុប-វៀតណាម

សហភាព​អឺរ៉ុប​នឹង​បើក​ការ​ចរចា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម

ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក
ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក AFP

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីសម្រេច​មួយ អនុញ្ញាត​ឲ្យ​គណៈកម្មការ​អឺរ៉ុប​បើក​កិច្ចចរចា​​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម។ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​ទីបី ក្នុង​តំបន់​អាស៊ាន ដែលបើក​ការចរចា​ទ្វេភាគី ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាល​ពី​ម្សិលមិញ ក្រុមប្រឹក្សា​អឺរ៉ុប (​ដែលមាន​សមាសភាព​ជា​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប) បាន​បញ្ជាក់ថា ​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​វៀតណាម នឹង​ចាប់​បើក​ធ្វើ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០០៧ សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​បើក​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខ័ណ្ឌ​តំបន់​ជាមួយ​អាស៊ាន។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​ចរចា​គ្នា​​​បាន ៦លើក សហភាព​អឺរ៉ុប និង​អាស៊ាន​បាន​សម្រេច​ផ្អាក​ការ​​ចរចា​នេះ​ទៅវិញ នៅ​ខែ​ឧសភា ឆ្នាំ​២០០៩។ នៅខែ​ធ្នូ ​ឆ្នាំ​២០០៩ ​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​វិញ។

ចាប់ពីពេលនោះ​មក មាន​ប្រទេស​សមាជិក​អាស៊ាន​​ចំនួន​ពីរ​ហើយ ដែល​បាន​បើក​ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប គឺ​សិង្ហបុរី ចាប់បើក​ការចរចា​នៅ​ដើម​ឆ្នាំ​២០១០ និង​ម៉ាឡេស៊ី ចាប់​បើក​ការចរចា​ នៅ​ចុង​ឆ្នាំ​២០១០។ វៀតណាម នឹង​ត្រូវ​ក្លាយ​ជា​ប្រទេស​អាស៊ាន​ទី៣ ដែល​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​អឺរ៉ុប។

នៅ​ក្នុង​អំឡុង​ជំនួប​កំពូល​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប ដែល​បើក​ធ្វើ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែមីនា​​កន្លង​ទៅនេះ តំណាង​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា នៅ​ពេលនេះ សហភាព​អឺរ៉ុប​ចរចា​ជា​លក្ខខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក៏ប៉ុន្តែ គោលដៅ​ចម្បង​របស់​សហភាពអឺរ៉ុប គឺ​ចង់​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​តំបន់។

គួរ​បញ្ជាក់ថា បន្ទាប់​ពី​ចិន សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​លំដាប់​ទីពីរ​របស់​អាស៊ាន។ ចំណែក​អាស៊ាន​វិញ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី៣​របស់​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ