អានតួអត្ថបទ
អូទ្រីស

ជំនួបកំពូល​ចតុភាគី៖បុគ្គល​អាសាដ​បន្ត​ជា​ឧបសគ្គ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី

Reuters

នៅ​ថ្ងៃ​សុក្រ ទី២៣ តុលា​នេះ ជំនួបកំពូល​ចុតភាគី​ចូល​រួម​ដោយ​ប្រទេស​រុស្ស៊ី អាមេរិក អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ ជំនួបកំពូល​បាន​ចូលរួម​ដោយ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​មាន​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដែល​បាន​ផ្ទុះ​ដំបូង​ក្នុង​ខែ​មីនា ឆ្នំា ២០១១ និង​ដែល​បាន​បន្ត​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ ម្យ៉ាង​ទៀត ជំនួបកំពូល​ចតុភាគី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អាមេរិក និង​កម្លំាង​សម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី និង​ចំ​ពេល​ដែល​ទ័ព​រុស្ស៊ី​ក៏​កំពុង​អន្តរាគមន៍​ផ្លូវអាកាស​ដាច់​ដោយ​ឡែក​លើ​ពួក​អ៊ីស្លាមជ្រុលនិយម​នៅ​ស៊ីរី​ដែរ។

ផ្សាយពាណិជ្ជកម្ម

តំាង​ពី​វិបត្តិ​ស៊ីរី​បាន​ចាប់​ផ្តើម​ផ្ទុះ​ក្នុង​ខែ​មីនា ឆ្នំា ២០១១ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ២៥ម៉ឺននាក់​មក នេះ​ជា​លើក​ទី១ ដែល​មាន​ជំនួបកំពូល​ការទូត​ចតុភាគី​មួយ​ត្រូវ​បាន​រៀបចំ​ឡើង។ របៀប​វារៈ​នៃ​កិច្ចប្រជុំ​ការទូត​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ដំណាក់កាល​ធំៗ​ចំនួន​ពីរ ទី១ ជា​កិច្ចប្រជុំ​ចតុភាគី​ចូលរួម​ដោយ​រុស្ស៊ី អាមេរិក អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី និង​ទី២ ជា​កិច្ចប្រជុំ​ត្រីភាគី​ចូលរួម​ដោយ​អាមេរិក អារ៉ាប៊ីសាអូឌីត និង​តួកគី។ បន្ទាប់​មក​ជា​កិច្ចសន្ទនា​ទ្វេភាគី ពិសេស​រវាង​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​រុស្ស៊ី​សែរហ្កី ឡាវឺរ៉ូស។

នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី ភាគី​នីមួយៗ​បាន​ទទួល​ស្គាល់​រៀងៗ​ខ្លួន​នា​ពេល​នេះ​ថា គេ​ពិត​ជា​មិន​អាច​ទុក​បណ្តោយ​ឲ្យ​វិបត្តិស៊ីរី​បន្ត​អូសបន្លាយ​ទៅ​មុខ​ទៀត​បាន​ទេ និង​ថា ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​នឹង​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ពោល​តាម​កិច្ចចរចា​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់។

អង្គការ​រដ្ឋអ៊ីស្លាម​ជា​សត្រូវ​គ្រោះថ្នាក់​ខ្លំាង​សម្រាប់​ពិភពលោក

តំាង​ពី​វិបត្តិ​ស៊ីរី​បាន​ផ្ទុះ​ឡើង​ដោយ​ចម្លង​តាម​បដិវត្ត​អារ៉ាប់​ភ្លាម សហគមន៍​អន្តរជាតិ​ចង់​ជួយ​កម្លំាង​បះបោរ​ដើម្បី​រំលំ​របប​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ អាមេរិក និង​បារំាង​ធ្លាប់​បាន​គិតគូរ​ពី​ការ​វាយប្រហារ​ស៊ីរី​តាម​ផ្លូវអាកាស តែ​ទីបំផុត លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​បោះ​ចោល​គម្រោង​នោះ​ទៅ​វិញ។ មួយ​វិញ​ទៀត ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​តែងតែ​ចេញ​មុខ​ការពារ​លោក​អាសាដ​គ្រប់​កាលៈទេសៈ​ទំាង​អស់។

គឺ​ទើប​តែ​លេច​វត្តមាន​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ទេ​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​យល់​ឃើញ​ថា អង្គការ​រដ្ឋអ៊ីស្លាម​ជា​អង្គការ​ភេរវនិយម​ដ៏​គ្រោះថ្នាក់​ខ្លំាង​សម្រាប់​ពិភពលោក និង​ដែល​ត្រូវ​កំចាត់​មុន​គេ។ សូម្បី​តែ​កម្លំាង​របស់​លោក​អាសាដ​ក៏​បាន​ប្រឈម​មុខ​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អាមេរិក និង​កម្លំាង​សម្ព័ន្ធមិត្ត​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​កំចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ចំណែក​រុស្ស៊ី​ក៏​ទើប​បាន​ចូល​ខ្លួន​វាយប្រហារ​ផ្លូវអាកាស​នៅ​ស៊ីរី​នា​ពេល​ថ្មីៗ​នេះ​ដែរ។

តែ​សហគមន៍​អន្តរជាតិ​កំពុង​សង្ស័យ​លើ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ថា តើ​ជា​ការ​វាយប្រហារ​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ឬ​មួយ​ក៏​ជា​ប្រតិបត្តិការ​​វ៉ៃ​ក្រុម​បះបោរ​ដើម្បី​ជួយ​ការពារ​លោក​អាសាដ។ ដូច្នេះ គឺ​ស្ថានការណ៍​វិវត្តន៍​ចុង​ក្រោយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ជំនួបកំពូល​ចតុភាគី​ស្តីពី​វិបត្តិ​ស៊ីរី​ពេល​នេះ។

បង្កើត​ចេញ​នូវ​រដ្ឋាភិបាល​អន្តរកាល

ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​ស៊ីរី​អាច​ចេញ​តាម​ផ្លូវ​ចរចា​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់ មាន​ន័យ​ថា មិន​ត្រូវ​ទាត់​ចោល​ភាគី​ណា​មួយ​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ពេល​នេះ គឺ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ។ គំនិត​នៃ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង តែ​បញ្ហា​ដែល​កំពុង​បន្ត​ចោទ និង​ដែល​នៅ​មិន​ទាន់​និយាយ​ចុះ​សម្រុង​គ្នា​នោះ គឺ​ទាក់ទង​នឹង​បុគ្គល​ប្រធានាធិបតី​ស៊ីរី​អាសាដ។

ក្នុង​ចំណោម​ប្រទេស ៤ នៅ​ក្នុង​ជំនួបកំពូល​ថ្ងៃ​នេះ មាន ៣ប្រទេស គឺ​អាមេរិក អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា គេ​ត្រូវ​តែ​ដក​លោក​អាសាដ​ចេញ​ពី​ឆាក​នយោបាយ​ស៊ីរី មាន​ន័យ​ថា របប​របស់​លោក​អាសាដ​ជា​តួអង្គ​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល តែ​មិន​ត្រូវ​មាន​បុគ្គល​អាសាដ​ទេ។ ចំណែក​ប្រទេស​រុស្ស៊ី​បាន​យល់​ផ្ទុយ​ទៅ​វិញ​ថា បុគ្គល​អាសាដ​នៅ​តែ​ជា​តួអង្គ​ឯក​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ ជំហរ​របៀប​នេះ​របស់​ក្រុង​មូស្គូ​ក៏​ត្រូវ​បាន​សម្តែង​ចេញ​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ទទួល​លោក​អាសាដ​នៅ​វិមាន​ក្រិមឡាំង​កាល​ពី​ថ្ងៃ​អង្គារ ទី២០ តុលា។

ទន្ទឹម​គ្នា​នេះ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២២ តុលា លោក​ពូទីន​ថែម​ទំាង​បាន​ថ្លែង​បរិហារ​បស្ចិមលោក​ពី​ការ​លេង​បៀរ ៤សន្លឹក​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ លោក​ពូទីន​ថ្លែង​ថា នៅ​ម្ខាង បស្ចិមលោក​បាន​តំាង​ខ្លួន​ជា​អ្នក​ប្រឆំាង​នឹង​ពួក​ភេរវជន និង​នៅ​ម្ខាង​ទៀត ពួក​គេ​បែរ​ជា​បាន​គាំទ្រ និង​ប្រើប្រាស់​​ពួក​ភេរវជន​មួយ​ភាគ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ទៅ​វិញ។

តើ​បុគ្គល​អាសាដ​នៅ​តែ​ជា​មនុស្ស​ដែល​ត្រូវ​ជម្រុះ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី?

តំាង​ពី​ដំបូង​ម្ល៉េះ បស្ចិមលោក​បាន​បញ្ជាក់​ថា ទោះ​បី​ជា​វិបត្តិ​ស៊ីរី​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ណា​ក៏​ដោយ គឺ​មិន​ត្រូវ​មាន​បុគ្គល​អាសាដ​ជា​ដាច់​ខាត។ អ្នក​ដែល​មាន​ជំហរ​ដាច់​ណាត់​របៀប​នេះ​ជាង​គេ គឺ​អាមេរិក អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី។ តែ​គេ​សម្គាល់​ឃើញ​ថា ជំហរ​របៀប​នេះ​ហាក់​ដូច​ជា​បាន​ប្រែប្រួល​បន្តិច​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ អាមេរិក​ទើប​បាន​បាន​លើក​ឡើង​ថា អ្វីៗ​អាច​ចរចា​បាន។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ម្សិលមិញ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​មិន​បាន​ទាមទារ​ដាច់​អហង្ការ​ឲ្យ​លោក​អាសាដ​ត្រូវ​តែ​ចាកចេញ​ពី​ឆាកនយោបាយ​ស៊ីរី​ទេ។

ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​នឹង​ស៊ីរី​ត្រូវ​បាន​រដ្ឋមន្រ្តី​អារ៉ាប៊ីសាអូឌីត​ម្នាក់​បង្ហើប​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​ថា លោក​អាសាដ​អាច​នឹង​ស្ថិត​ក្នុង​ឆាកនយោបាយ​ក្នុង​ពេល​បង្កើត​រដ្ឋាភិបាល​អន្តរកាល។ ចំណែក​នៅ​ខាង​ប្រទេស​តួកគី​ដែល​ជា​សត្រូវ​មួយ​ទៀត​របស់​ស៊ីរី​ក៏​បាន​បញ្ជាក់​នា​ពេល​ថ្មីៗ​នេះ​ថា គេ​អាច​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ស៊ីរី​ជាមួយ​នឹង​វត្តមាន​លោក​អាសាដ។ នេះ​ជា​លើក​ទី១ ដែល​ប្រទេស​តួកគី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​របៀប​នេះ។

ដូច្នេះ​ឃើញ​ថា ជំនួបកំពូល​ចុតភាគី​ថ្ងៃ​នេះ​អាច​នឹង​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​បិទបញ្ចប់​វិបត្តិ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ