អានតួអត្ថបទ

ចារកិច្ចបារាំង​កោះហៅ​​អ្នក​កាសែត​​ជាច្រើន​នាក់ បង្កឲ្យ​ផ្ទុះ​ការតវ៉ា

លោក Edouard Philippe (ឆ្វេង) នាយករដ្ឋមន្ត្រីបារាំង អគ្គនាយកដ្ឋាសន្តិសុខ​ផ្ទៃក្នុង ​DGSI
លោក Edouard Philippe (ឆ្វេង) នាយករដ្ឋមន្ត្រីបារាំង អគ្គនាយកដ្ឋាសន្តិសុខ​ផ្ទៃក្នុង ​DGSI GERARD JULIEN / AFP

សហជីព និងក្រុមអ្នកកាសែតបារាំង បាននាំគ្នារិះគន់បរិហារ ក្រោយមានអ្នកសារព័ត៌មានជាច្រើននាក់ ត្រូវបានភ្នាក់ងារចារកិច្ចរបស់បារាំង កោះហៅទៅសួរចម្លើយ ទាក់ទិននឹងសំណុំរឿងបែកធ្លាយ ឯកសារស្តីពីការលក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត និង សំណុំរឿងអតីតអង្គរក្សលោកប្រធានាធិបតីម៉ាក្រុងជាដើម។ ក្រុមអ្នកកាសែត បានលើកឡើងអំពីចេតនា របស់មនុស្សស្និទនឹងរដ្ឋាភិបាល​ ដែលចង់បំភ័យអ្នកកាសែត ក៏ដូចជា ចង់វែករកមុខមនុស្ស ដែលទម្លាយព័ត៌មានសំងាត់ទាំងនោះ ទៅឲ្យអ្នកកាសែត។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រវាង៤ខែចុងក្រោយនេះ មានអ្នកសារព័ត៌មាន​យ៉ាងហោច ៨នាក់ ដែលត្រូវបានកោះហៅយកទៅសាកសួរចម្លើយ ដោយអគ្គនាយកដ្ឋាន​សន្តិសុខផ្ទៃក្នុងរបស់បារាំង (DGSI) ឬហៅដោយខ្លីថា ភ្នាក់ងារចារកិច្ចបារាំង។ អ្នកសារព័ត៌មានទាំងនោះ សុទ្ធតែជាអ្នកបានធ្វើការពាក់ព័ន្ធ ព័ត៌មានរស៊ើបមួយចំនួន ដូចជាការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត និងករណីរឿងអាស្រូវពាក់ព័ន្ធនឹងអតីតអង្គរក្សសំណព្វ របស់លោកប្រធានាធិបតីម៉ាក្រុងជាដើម។

អ្នកស្រី Valentine Oberti អ្នកសារព័ត៌មានធ្វើការឲ្យកម្មវិធី « Quotidien » នៅស្ថានីយ៍ទូរទស្សន៍ TMC បានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៣ឧសភាថា កាលពីថ្ងៃទី​១៥ ខែកុម្ភៈ អ្នកស្រីត្រូវបានភ្នាក់ងារចារកិច្ចសម្ងាត់បារាំង កោះហៅសាកសួរព័ត៌មាន​ ដោយសារតែអ្នកស្រីបានធ្វើការតាមដាងអង្កេត ស្តីពីកិច្ចសន្យាលក់អាវុធ រវាងបារាំង និងអារ៉ាប៊ីសាអូឌីត។ ​ក្រៅពីអ្នកស្រី សហការីអ្នកស្រី២នាក់ទៀត ក៏ត្រូវបានគេកោះហៅដែរ។ ដូចគ្នាដែរ គេហទំព័រ Disclose បានបញ្ជាក់ថា អ្នកកាសែតរបស់ខ្លួនចំនួន​៣នាក់ ត្រូវបានភ្នាក់ងារចារកិច្ចកោះហៅសួរចម្លើយ កាលពីពាក់កណ្តាលខែឧសភានេះ។

សូមបញ្ជាក់ថា  គេហទំព័រ Disclose គឺជាអ្នកទំលាយ​ឯកសារសម្ងាត់ ដែលអះអាងថាអាវុធបារាំង ត្រូវបានអារ៉ាប៊ីសាអូឌីត ទិញយកទៅប្រើធ្វើសង្រា្គម​នៅ​យេម៉ែន។ ទាក់ទិននឹងសំណុំរឿងដដែលនេះ អ្នកសារព័ត៌មាននៅវិទ្យុជាតិបារាំង ម្នាក់ទៀតក៏ត្រូវបានគេកោះហៅទៅសាកសួរព័ត៌មានដែរ។

ចំណែកលោកស្រី Ariane Chemin អ្នកសារព័ត៌មានអង្កេតការ របស់កាសែតLe Monde នឹងត្រូវចូលខ្លួនទៅតាមការកោះហៅ របស់ភ្នាក់ងារចារកិច្ចបារាំង នៅថ្ងៃទី២៩​​ឧសភាខាងមុខ។ គឺអ្នកកាសែតរូបនេះហើយ ដែលបានទំលាយរឿងអាស្រូវ Benalla អតីតអង្គការក្សសំណព្វចិត្ត របស់លោកប្រធានាធិបតីម៉ាក្រុង។

ដំណឹងស្តីពីការកោះហៅអ្នកសារព័ត៌មាន ទៅសាកសួរ ជាច្រើននាក់បែបនេះ បានធ្វើឲ្យមានការព្រួយបារម្ភ លាយឡំនឹងការតវ៉ា ពីសំណាក់សហជីព ក៏ដូចជាសមាគមអ្នកសារព័ត៌មានបារាំង។ សហព័ន្ធអ្នកសារព័ត៌មានបារាំង SDJ បានសម្តែងការព្រួយបារម្ភថា ការធ្វើបែបនេះ គឺជាការបំភិតបំភ័យ ដល់អ្នកកាសែត ដែលវារំលោភបំពាន ទៅលើសិទ្ធិសេរីភាពសារព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណោះ ការកោះហៅ ពីសំណាក់ភ្នាក់ងារចារកិច្ចបារាំងនេះ គឺធ្វើឡើង ក្នុងចេតនាមួយ ចង់វែករកមុខ អ្នកដែលបានទំលាយឯកសារ ក៏ដូចជារឿងរ៉ាងអាស្រូវទាំងនោះ ឲ្យធ្លាក់ដល់ដៃអ្នកកាសែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ