អានតួអត្ថបទ
ជនភៀសខ្លួន-ក្រិក

ជនភៀសខ្លួន​កាន់តែ​កើន ក្រិក​ត្រូវការ​ជំនួយ​កាន់តែ​បន្ទាន់

ជនភៀសខ្លួន ព្យាយាមឡើងឆ្លង​របងដែក​ ព្រំដែន​រវាងក្រិក​ និង​ម៉ាសេដ្វាន់​ ថ្ងៃទី ២២ កុម្ភៈ ២០១៦
ជនភៀសខ្លួន ព្យាយាមឡើងឆ្លង​របងដែក​ ព្រំដែន​រវាងក្រិក​ និង​ម៉ាសេដ្វាន់​ ថ្ងៃទី ២២ កុម្ភៈ ២០១៦ REUTERS/Alexandros Avramidis

គិត​មក​ត្រឹម​ពេល​នេះ ​ចំនួន​ជនភៀសខ្លួន​ ដែល​នៅ​ជាប់គាំង​នៅ​ច្រក​ព្រំដែន​រវាង​ក្រិក ​និង​ម៉ាសេដ្វាន់​ បាន​កើន​ឡើង​ដល់​១ម៉ឺន​៣ពាន់​នាក់​ហើយ។ បញ្ហា​អនាម័យ ​កង្វះ​ស្បៀង​អាហារ​កាន់តែ​ប្រឈម​និង​ភាព​អាសន្ន ​ខណៈពេល​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ពេល​ណា​ជន​ភៀស​ខ្លួន ​នឹង​អាច​ឆ្លង​កាត់​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន។ ចំណែក​ប្រទេស​ប៊ុលហ្គារី ​ បាន​ត្រៀម​បន្ថែម​ទាហ៊ាន​ដាក់​រាយ​នៅ​តាម​ព្រំដែន​ក្រិក ​ដើម្បី​ការពារ​កុំ​ឲ្យ​ជន​ភៀសខ្លួន​ឆ្លង​កាត់​តាម​ប្រទេស​ខ្លួន​បាន។

ផ្សាយពាណិជ្ជកម្ម

នៅ​​មួយ​ថ្ងៃ ​មុន​មាន​ជំនួបកំពូល​ស្តីពី​បញ្ហា​ជនភៀសខ្លួន ​រវាង​សហភាព​អឺរ៉ុប​ និង​តួកគី ​ ស្ថានភាព​ជន​ភៀស​ខ្លួន​ នៅក្រិក​ កាន់តែ​ប្រឈមមុខ​នឹង​គ្រោះ​អាសន្ន​ខ្លាំង​ឡើង។ គ្រាន់តែ​នៅ​ច្រក​ព្រំដែន​រវាងក្រិក​និង​ម៉ាសេដ្វាន់ ​មាន​ជនភៀស​ខ្លួន​បាន​សម្រុក​មក​ដល់​ ហើយ​ជាប់​គាំង​កកកុញ​នៅ​ទីនោះ​ ចំនួន​ប្រមាណ​ជា ​១ម៉ឺន៣ពាន់​នាក់។ តាម​តួលេខ​រួម​ មាន​ជនភៀសខ្លួន​យ៉ាង​ហោចណាស់ ​៣ម៉ឺន​នាក់​ ដែល​កំពុងតែ​ដើរ​រសាត់អណ្តែត​នៅ​ក្នុង​ប្រទេស​ក្រិក​ទាំង​មូល។ ប្រទេស​ជុំវិញ​ក្រិក ​គេ​បាន​នាំគ្នា​បិទ​ព្រំដែន ​ ដើម្បី​រារាំង​មិន​ឲ្យ​ជន​ភៀសខ្លួន​ ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​គេ​បាន។

 

ជនភៀសខ្លួន នៅច្រក​ អ៊ីដូម៉េនី ព្រំដែន​ម៉ាសេដ្វាន់ និងក្រិក
ជនភៀសខ្លួន នៅច្រក​ អ៊ីដូម៉េនី ព្រំដែន​ម៉ាសេដ្វាន់ និងក្រិក Reuters/路透社

លោក​អភិបាល​ខេត្ត​ក្រិក ​ដែល​នៅ​ជាប់​ព្រំដែន​ម៉ាសេដ្វាន់ ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ​ ក្រិក​មិន​អាច​ទទួល​ទំងន់​ទុក្ខ​នេះ​បាន​តែ​ម្នាក់​ឯង​ទេ។ គេ​ត្រូវតែ​រក​ដំណោះស្រាយ​ឲ្យ​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​នេះ ​ឲ្យ​បាន​ជា​ប្រញាប់។ អ្នក​រាយ​ការណ៍​ព័ត៌មាន​បារាំង​ បាន​ពណ៌នាថា​ ចំនួន​ជន​ភៀស​ខ្លួន ​ ដែល​ដេក​រប៉ាត់​រប៉ាយ ​នៅ​ទី​ហាលវាល ​ក្នុង​អាកាសធាតុ​ត្រជាក់ ​ក្បែរ​ព្រំដែន​ម៉ាសេដ្វាន់ ​មាន​កាន់តែ​ច្រើន ​ ទោះ​បី​ជា​ខាង​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ​បាន​ផ្តល់​តង់​បណ្តោះអាសន្ន​ មាន​ជាង​១០០០​បន្ថែម​ទៀតក៏​ដោយ។

 
លោកស្រី​មែគែល​ ​ថា​ក្រិក​មាន​កាតព្វកិច្ច​ តែ​ប្រទេស​ផ្សេង​ក៏​ត្រូវ​ជួយ​ក្រិក៖
យ៉ាង​ណាមិញ ​ លោកស្រី​អង់ហ្គេឡា មែគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ បាន​និយាយ​ក្រើន​រំលឹក​ថា ​ក្រិក​ត្រូវ​តែ​ខិតខំ​បន្ថែម​ការ​សាងសង់​ជុំរំ​ស្នាក់នៅ ​ឲ្យ​ជន​ភៀសខ្លួន​ឲ្យ​បាន​ច្រើន។ ក្រិក​ធ្លាប់​បាន​សន្យា​ថា ​នៅ​ចុង​ឆ្នាំ​២០១៥​ នឹង​សាសង់​ដើម្បី​ទទួល​ឲ្យបាន​ ៥ម៉ឺន​នាក់។ ដូច្នេះ​ចាប់​ពី​ពេល​នេះ ​ក្រិក​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់​ភាព​យឺតយ៉ាវ​របស់​ខ្លួន។ យ៉ាងណា​ក៏​ដោយ ​លោកស្រី​អង់ហ្គេឡាមែគែល ​បាន​ឆ្លៀត​បន្ថែម​ថា ​ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់​ ​មិន​អាច​ឈរ​ឱបដៃ​មើល​បាន​ទេ ​ គឺ​គ្រប់​គ្នា​ត្រូវ​ជួយ​ក្រិក។ វា​ជា​កាតព្វកិច្ច​សាមគ្គី ​ដែល​គ្រប់គ្នា​ត្រូវ​តែ​ធ្វើ។

ជាការពិត ​លោក​នាយករដ្ឋមន្ត្រី​ក្រិក ​អាឡិចស៊ីស ស៊ីប្រាស ​បាន​ឆ្លើយ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក​ពិត​ជា​ចង់​ដោះស្រាយ​វិបត្តិ​នេះ​ណាស់ ​ប៉ុន្តែ​ក្រិក​ត្រូវការ​ជំនួយ​ពី​សហភាព​អឺរ៉ុប។ លោក​បន្ថែម​ថា ​ក្រិក​មិន​អាច​នៅ​ជា​ទ្រុង​ដាក់​ជនភៀសខ្លួន​រហូត​បាន​ទេ ​ហើយ​ជន​ភៀសខ្លួន​ទាំង​អស់​ គ្មាន​នរណា​ចង់​នៅ​ក្រិក​ទេ ​ ព្រោះ​ដោយសារ​តែ​ពិបាក​រក​ការងារ​ធ្វើ។ ដូច្នេះ ​គេ​មិន​អាច​បង្ខំ​ឲ្យ​ក្រិក ​ទ្រាំ​ទទួល​ជន​ភៀសខ្លួន ​ ទាំង​ជនភៀសខ្លួន​មិន​ចង់​នៅ​បែប​នេះ​បាន​ទៀត​ទេ។
 

ប៊ុលហ្ការី​បន្ថែម​ទាហាន​តាម​ព្រំដែន​ដើម្បី​រារាំង​ជន​ភៀស​ខ្លួន៖
ដោយឡែក​ ប្រទេស​ប៊ុលហ្គារី ​ទើប​បាន​សម្រេច​បន្ថែម​ទាហាន​៤០០​នាក់ ​ ដើម្បី​ដាក់​រាយ​ជា​ប្រចាំ ​នៅ​តាម​ព្រំដែន​ជាមួយ​ក្រិក។ នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី ​បាន​បញ្ជាក់​ថា​ គឺ​ត្រូវ​ត្រៀម​កំលាំង​ក្នុង​ករណី​ដែល​ជនភៀសខ្លួន ​ងៀក​មក​រក​ច្រក​ផ្សេង ​ បន្ទាប់​ពី​ច្រក​ម៉ាសេដ្វាន់​ត្រូវ​បាន​បិទ។ បន្ថែម​ចំនួន​នេះ ​ កម្លាំង​៥០០​នាក់​ទៀត ​ អាច​បញ្ជូន​មក​ធ្វើ​អន្តរាគមន៍​ជួយ​បន្ថែម។ កាល​ពី​ឆ្នាំ​២០១៥​ មាន​ជនភៀសខ្លួន​ប្រមាណ​ជា​៣ម៉ឺន​នាក់ ​ដែល​បាន​ឆ្លង​តាម​ប៊ុលហ្គារី។ រដ្ឋសភា​ប្រទេស​នេះ ​បាន​ធ្វើ​ការ​កែប្រែ​ច្បាប់ ​ដើម្បី​អនុញ្ញាតិ ​ឲ្យ​រដ្ឋាភិបាល​ប្រើ​កម្លាំង​ទាហាន ​បន្ថែម​ពី​លើ​កម្លាំង​នគរបាល​ព្រំដែន ​ដើម្បី​ធ្វើ​អន្តរាគមន៍​រារាំង​ជន​ភៀស​ខ្លួន។ អាជ្ញាធរ​ប្រទេស​នេះ ​ ត្រូវ​បាន​គេ​រិះគន់​ថា​ បាន​រុញច្រាន​ និង​ធ្វើ​បាប​ជនភៀសខ្លួន​ យ៉ាង​អមនុស្សធម៌​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ