អានតួអត្ថបទ

បារាំងត្រៀមខ្លួន​រាំងស្ទះ​សា​ជាថ្មី ជាមួយ​នឹង​មហា​កូដកម្ម​ប្រឆាំង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍

អ្នកដំណើរនៅកកកុញ នៅស្ថានីយ៍រថភ្លើងSaint-Lazare ​ដោយសារ​តែ​គ្មានរថភ្លើង ​ថ្ងៃទី​៩ ​ធ្នូ ២០១៩
អ្នកដំណើរនៅកកកុញ នៅស្ថានីយ៍រថភ្លើងSaint-Lazare ​ដោយសារ​តែ​គ្មានរថភ្លើង ​ថ្ងៃទី​៩ ​ធ្នូ ២០១៩ REUTERS/Christian Hartmann

នៅបារាំង ក្រុម​សហជីពបានប្រកាសពីការធ្វើមហាកូដកម្មទូទាំងប្រទេស ម្តងទៀតនៅថ្ងៃអង្គារទី​១០ធ្នូនេះ ដើម្បីប្រឆាំងនឹងគម្រោង​កំណែទម្រង់ច្បាប់ចូលនិវត្តន៍ ដែលរដ្ឋាភិបាលកំពុងតែចង់ធ្វើ។ បើតាមការរំពឹងទុក នៅថ្ងៃអង្គារទី១០ធ្នូនេះ សេវាសាធារណៈ ដូចជា​រថភ្លើង រថយន្តក្រុង​ សាលារៀន នឹងត្រូវផ្អាកសឹងតែទាំងស្រុង។ ដោយឡែក រដ្ឋាភិបាលបារាំង កំពុងតែព្យាយាម​ ចរចាជាមួយតំណាងសហជីព ហើយនឹងធ្វើការបង្ហាញខ្លឹមសារទាំងស្រុង នៃគម្រោងកំណែទម្រង់នេះ នៅថ្ងៃពុធ។

ផ្សាយពាណិជ្ជកម្ម

ប្រទេសបារាំងទាំងមូល ជាពិសេសគឺទីក្រុងប៉ារីស ត្រូវត្រៀមខ្លួនជាថ្មី ជាមួយនឹងការរាំងស្ទះ គ្មានសេវាដឹកជញ្ជូនសាធារណៈ សាលារៀនបិទទ្វារ ហាងទំនិញបិទទ្វារ ជាដើម។ តាមការជូនដំណឹង ពីសំណាក់អ្នកនាំពាក្យក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវដែកបារាំង SNCF គឺមានតែរថភ្លើងចន្លោះពី១០ ទៅ​២០% ប៉ុណ្ណោះដែលនឹងមានដំណើរការ។ ដោយឡែក នៅទីក្រុងប៉ារីសវិញ ក្នុងចំណោមរថភ្លើង Metro ក្រោមដី ទាំងអស់១៦ខ្សែ គឺមានតែប្រមាណ៦ខ្សែតែប៉ុណ្ណោះដែលដំណើរការ ១០ខ្សែទៀតត្រូវបិទទាំងស្រុង។

ក្រុមសហជីពបានអំពាវនាវឲ្យមានកូដកម្មទូទាំងប្រទេស ហើយនឹងរៀបចំមហាបាតុកម្ម​ដង្ហែរក្បួន ឲ្យបានធំជាងកាលពីថ្ងៃទី​៥ធ្នូទៅទៀត ដែលកាលនោះមានមនុស្សចូលរួមប្រមាណ​៨សែននាក់ ទូទាំងប្រទេសបារាំង។ សូមរំលឹកថា ក្រុមសហជីពនិងបាតុករទាំងអស់​ បាន​ទាមទារឲ្យរដ្ឋាភិបាលបារាំង ត្រូវបោះបង់ចោលជាបន្ទាន់ នូវគម្រោងធ្វើកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ កំណែទម្រង់ថ្មី ដែលសំដៅលប់ចោល​របបចូលនិវត្តន៍ពិសេសៗទាំង៤២ចោល ហើយដាក់ជំនួសមកវិញ នូវ​របបចូលនិវត្តន៍​តែមួយ សម្រាប់គ្រាប់វិស័យ ហើយជារបបចូលនិវត្តន៍ ដែលផ្អែកលើចំនួននៃការសន្សំពិន្ទុ របស់បុគ្គលិកម្នាក់ៗ។

លោក​Edouard Philippe នាយករដ្ឋមន្ត្រីបារាំង អះអាងថា កំណែទម្រង់នេះមិនមែនជាការបំផ្លាញប្រព័ន្ធចូលនិវត្តន៍បារាំងទេ តែជាការសង្រ្គោះប្រព័ន្ធនេះ ដែលកំពុងតែដើរយ៉ាងត្រដាបត្រដួស។ មួយវិញទៀត ការបង្កើតឲ្យមានរបបចូលនិវត្តន៍តែមួយ គឺជាការបង្កើតឲ្យមានភាពយុត្តិធម៌ ដល់បុគ្គលិកទាំងអស់​ ផ្ទុយពីប្រព័ន្ធរាល់ថ្ងៃនេះ ដែលមានចំណុចអវិជ្ជមានជាច្រើន។ បើមិនធ្វើកំណែទម្រង់នៅថ្ងៃនេះ ទៅថ្ងៃមុខរដ្ឋាភិបាលក្រោយៗទៀត ក៏នឹងត្រូវតែធ្វើដែរ ហើយអាចធ្វើយ៉ាងតក់ក្រហល់ ខ្លាំងជាងនេះផង។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ គ្មាននរណាដឹងពីខ្លឹមសារទាំងស្រុង នៃកំណែទម្រង់នេះឡើយ។ កាលពីរសៀលថ្ងៃចន្ទ លោកJean-Paul Delevoye ប្រេសិតពិសេសទទួលបន្ទុកសំណុំរឿងចូលនិវត្តន៍ បានជួបប្រជុំជាមួយ​តំណាងសហជីព ដើម្បីស្តាប់យោបល់ និងកំណត់ការសន្និដ្ឋានរួម។ បើតាមការគ្រោងទុក រដ្ឋាភិបាលបារាំង និងធ្វើការបង្ហាញខ្លឹមសារទាំងស្រុង នៃកំណែទម្រង់នេះ នៅថ្ងៃពុធទី១១ធ្នូ។

ដោយឡែក​ប្រធានសហជីព CFDT ដែលជាសហជីពធំជាងគេនៅបារាំង បានបង្ហាញ​គោលជំហរ​គាំទ្រ ទៅលើកំណែទម្រង់របបចូលនិវត្តន៍ ដែល​ផ្អែកលើការសន្សំពិន្ទុ។ រដ្ឋមន្ត្រី​បារាំងម្នាក់ បានលើកឡើងថា រដ្ឋាភិបាល​កំពុងតែគិតគូរ ស្រង់យោបល់របស់សហជីព ហើយបន្តការជជែក ដើម្បីតាក់តែងខ្លឹមសារនៃកំណែទម្រង់នេះតទៅទៀត មិនឈប់ត្រឹមថ្ងៃពុធទី១១ធ្នូឡើយ។ តែយ៉ាងណា សហជីពតែមួយឬ២ ដូចជា CGT និង FO មិនអាចមកដាក់សំពាធ លើឆន្ទៈធ្វើកំណែទម្រង់របស់រដ្ឋាភិបាលបានទេ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ