អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង ​ត្រូវ​គេ​ស្រែកជេរ​ក្នុង​ពិពណ៌​កសិកម្ម​ប្រចាំ​ឆ្នាំ

លោក​ប្រធានាធិបតី​បារាំង ក្នុង​​ទឺកមុខ​​មាំ ​បន្ទាប់​​ពី​ត្រូវ​​គេ​ស្រែក​​ជេរ​ប្រមាថ​ ​ក្នុង​​​ពិធី​​តាំង​​ពិពណ៌​កសិកម្ម​ប្រចាំឆ្នាំ​នៅ​ប៉ារីស​ ថ្ងៃទី​២៧ កុម្ភៈ ២០១៦
លោក​ប្រធានាធិបតី​បារាំង ក្នុង​​ទឺកមុខ​​មាំ ​បន្ទាប់​​ពី​ត្រូវ​​គេ​ស្រែក​​ជេរ​ប្រមាថ​ ​ក្នុង​​​ពិធី​​តាំង​​ពិពណ៌​កសិកម្ម​ប្រចាំឆ្នាំ​នៅ​ប៉ារីស​ ថ្ងៃទី​២៧ កុម្ភៈ ២០១៦ REUTERS/Benoit Tessier

ពិធី​តាំង​ពិពណ៌​កសិកម្ម​ប្រចាំ​ឆ្នាំ​របស់​បារាំង ​បាន​បើកទ្វារ​នៅ​ថ្ងៃ​សៅរ៍​ទី​២៧ ​កុម្ភៈ ​ក្រោម​អធិបតី​របស់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រងស័រ ហូឡង់។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ​គឺ​ប្រជា​កសិករ​អ្នក​ចិញ្ចឹម​សត្វ​ ដែល​បាន​មក​ចូលរួម​ពិធី​នេះ ​បាន​ស្រែក​តវ៉ា ​ជេរ​ប្រទេច​ ទៅ​លើ​លោក​ប្រធានាធិបតី​បារាំង​ ដោយ​ចោទ​ថា​រដ្ឋាភិបាល​លោក​អសមត្ថភាព ​ ក្នុង​ការ​ជួយ​ស្តារ​វិស័យ​កសិកម្ម​ចិញ្ចឹម​សត្វ​បារាំង ​ដែល​កំពុង​តែ​ជួប​វិបត្តិ ​យ៉ាង​ធ្ងន់ធ្ងរ។

ផ្សាយពាណិជ្ជកម្ម

ព្រឹក​ព្រលឹម​ស្រាងៗ ​គ្រាន់តែ​បាន​ចុះ​ពី​លើ​យន្តហោះ​ត្រឡប់​មក​ពី​ប្រទេស​អ៊ុយរូហ្កាយ​ភ្លាម ​ លោក​ហ្វ្រង់ស័រ ហូឡង់ ​ប្រធានាធិបតី​បារាំង ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពិពណ៌​កសិកម្ម​ប្រចាំ​ឆ្នាំ ​ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ប៉ារីស ​នៅ​ម៉ោង​ប្រហែល​ជា​ជិត​៧ព្រឹក។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ស្វាគមន៍​ពី​សំណាក់​កសិករ​ អ្នក​ចិញ្ចឹម​សត្វ​ គឺ​សម្លេង​ស្រែក​តវ៉ា ​រិះគន់​ទៅ​លើ​រូបលោក​ប្រធានាធិបតី។

 
ក្រុម​កសិករ​អ្នក​ចិញ្ចឹម​សត្វ ​បាន​ប្រមូល​ផ្តុំ​គ្នា​ ពាក់​អាវខ្មៅ​ដោយ​មាន​អក្សរ​សរសេរ​ពី​លើ​ថា ​“ពួក​យើង​ជាអ្នក​ចិញ្ចឹម​សត្វ ​ពួកយើង​កំពុង​តែ​ស្លាប់”។ មាន​អ្នក​ខ្លះ​ស្រែក​ជេរ​លោក​ប្រធានាធិបតី​ ថា​ជា​មនុស្ស​គ្មាន​បាន​ការ ​សមតែ​ចុះ​ចេញ​ពី​តំណែង។ ចំណែក​ស្តង់​តាំង​ពិពណ៌​របស់​ក្រសួង​កសិកម្ម​បារាំង ​ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា ​វាយ​កម្ទេច​ផងដែរ។ ទោះ​ជា​យ៉ាងណា ​លោក​ប្រធានាធិបតី ​ដែល​អម​ដំណើរ​ដោយ​លោក​ស្តេហ្វាន ឡឺហ្វុល ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បារាំង​ បាន​បន្ត​ដំណើរ​ពិនិត្យ​មើល​ការ​តាំង​ពិពណ៌ ​ដោយ​ស្ងប់ស្ងាត់។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា ​និង​អ្នក​កាសែត​ទាំង​អស់​ថា ​ វត្តមាន​លោក​ថ្ងៃ​នេះ​ គឺ​ស​បញ្ជាក់​ថា​រដ្ឋាភិបាល​លោក ​មិន​ទុក​កសិករ​ចិញ្ចឹម​សត្វ​ចោល​ទេ។ លោក​នឹង​ខិតខំ​ដោះស្រាយ​វិបត្តិ​កសិកម្ម​បារាំង​ ដើម្បី​ស្តារ​ជីវភាព​កសិករ​ឲ្យ​ប្រសើរ​ឡើងវិញ។ លោក​ប្រធានាធិបតី​បន្ថែម​ថា ​រដ្ឋាភិបាល​ និង​ចរចា​ជាមួយ​ក្រុម​អ្នក​ឈ្មួញ​កណ្តាល ​ដែល​ជា​អ្នក​ចែកចាយ​ផលិតផល​កសិកម្ម​ ឲ្យ​តម្លើង​ថ្លៃ​ទិញ​ពី​កសិករ។

សូម​បញ្ជាក់​ថា ​អស់​រយៈ​ពេល​ជាង​មួយឆ្នាំ​មក​ហើយ ​ដែល​កសិករ​បារាំង​ ជា​ពិសេស​កសិករ​ចិញ្ចឹម​សត្វ​ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ ដើម្បី​សុំ​ជំនួយ​ពី​រដ្ឋាភិបាល។ ក្រុម​ឈ្មួញ​កណ្តាល ​ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ចែក​ចាយ​ធំៗ ​បាន​ប្រើ​យុទ្ធសាស្ត្រ​បន្ទាប​តម្លៃ​ផលិតផល​របស់​កសិករ។ កសិករ​ចិញ្ចឹមសត្វ​ ត្រូវ​បង្ខំ​ចិត្ត​លក់​ទាំង​ខាត ​ស្ទើរតែ​ជា​រៀងរាល់​ថ្ងៃ។ ជំនួយ​របស់​រដ្ឋាភិបាល ​និង​ជំនួយ​កម្មវិធី​កសិកម្ម​របស់​សហភាព​អឺរ៉ុប​ ​នៅ​តែ​មិន​អាច​ទប់​ការ​ខាតបង់ ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​កសិករ​ បានដែរ។

យោងតាម​តួលេខ​ផ្លូវការ​របស់​ក្រសួង​កសិកម្ម​បារាំង ​ កសិករ​ចិញ្ចឹម​សត្វ​ចំនួន​៤ម៉ឺន​កសិដ្ឋាន ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ​ដោយសារ​តែ​បំណុល​និង​ការប្រាក់​ កាន់តែ​កើន​ឡើង ​ ហើយ​ផលិតផល​កសិដ្ឋាន​ មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ។ តួលេខ​ដដែល​បង្ហាញ​ថា ​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​ នៅ​តំបន់ប្រឺតាញ​ ភាញ​ខាង​លិច​បារាំង ​ក្នុង​មួយ​សប្តាហ៍​គឺ​ពួកគេ​ត្រូវ​ខាត​ប្រាក់​ចំនួន​៦ពាន់​អឺរ៉ូ ​ដោយសារ​តែ​លក់​មិន​បាន​ថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ