អានតួអត្ថបទ
ជនភៀសខ្លួន

វិបត្តិ​ជនភៀសខ្លួន​ អន្រួន​ពិភពលោក​ទាំង​មូល

ជនភៀសខ្លួន​ ​ព្យាយាម​ទាញ​រនាំង​ព្រំដែន​ នៅ​ច្រក​ព្រំដែន​​អ៊ីដូមេនី ឆ្លង​​ពី​ក្រិក​​ចូល​​ទៅ​​ម៉ាសេដ្វាន់​
ជនភៀសខ្លួន​ ​ព្យាយាម​ទាញ​រនាំង​ព្រំដែន​ នៅ​ច្រក​ព្រំដែន​​អ៊ីដូមេនី ឆ្លង​​ពី​ក្រិក​​ចូល​​ទៅ​​ម៉ាសេដ្វាន់​ LOUISA GOULIAMAKI / AFP

វិបត្តិ​ជនភៀស​ខ្លួន ​ ដែល​នាំគ្នា​ចាកចេញ​ពី​តំបន់​ដើមបូព៌ា ​ ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ប្រទេស​សហភាព​អឺរ៉ុប ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ។ សហភាព​អឺរ៉ុប​ លែង​កំរើក​ ដោយសារ​អស់​លទ្ធភាព ​ធ្វើ​អ្វី​មិន​បាន​ព្រោះ​ប្រទេស​សមាជិក​នីមួយៗ ​សម្រេច​ទៅ​តាម​ការ​ចង់បាន​រៀងៗ​ខ្លួន។ ស្រប​ពេល​នេះ​ ប្រទេស​ក្រិក​ដែល​ស្ថិត​នៅ​ជួរ​មុខ​ ជា​ទី​ដែល​ជនភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​បាន​មក​ដល់​ កំពុងតែ​ត្រដរ​ខ្យល់ ​ទ្រាំមើល​ទុក្ខ​វេទនា​របស់​ជនភៀស​ខ្លួន ​ព្រោះ​គ្មាន​លទ្ធភាព​ជួយ​ពួក​គេ ​ក្នុង​ការ​ស្នាក់​នៅ។ សហរដ្ឋ​អាមេរិក ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ហើយ​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ​បន្ទាន់ ​មុន​នឹង​វា​ហួសពេល។

ផ្សាយពាណិជ្ជកម្ម

៧០០០​នាក់​ជាប់​នៅ​ព្រំដែន​ម៉ាសេដ្វាន់

ស្ថានភាព​នៅ​ច្រក​ព្រំដែន ​អ៊ីដូម៉េនី ​រវាង​ក្រិក​និង​ម៉ាសេដ្វាន់ ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ ស្ថានភាព​ដ៏​លំបាក​វេទនា​នេះ ​ទាំង​អ្នក​យក​ការណ៍​ព័ត៌មាន ​ទាំង​អ្នក​ស្ម័គ្រចិត្ត​មនុស្សធម៍ ​ នាំគ្នា​និយាយ​ឡើង​ចង់​សឹក​បបេមាត់​ទៅ​ហើយ។ អាជ្ញាធរ​ប្រទេស​ម៉ាសេដ្វាន់ ​បាន​សម្រេច​បិទទ្វារ​ព្រំដែន​ ​មិន​ឲ្យ​ជនភៀសខ្លួន​ឆ្លង​កាត់​ទេ។ ការ​នេះ​គឺ​វា​ធ្វើ​ឲ្យ​ចំនួន​ជនភៀសខ្លួន​នៅ​ចាល់ ​នៅ​ខាង​ក្រិក។ បើ​តាម​តួលេខ​ផ្លូវការ ​គឺ​រាល់​ថ្ងៃ​នេះ ​ មាន​ជនភៀសខ្លួន​ដែល​ជាប់​នៅ​ទីនោះ​ចំនួន​ជាង​៧ពាន់​នាក់។

 
ជន​ភៀសខ្លួន​ទាំង​ចាស់​ទាំង​ក្មេង ​នៅ​កកកុញ ​ដេក​ហាលវាល​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់ ​ដោយសារ​តែ​គ្មាន​ជំរក​ត្រឹមត្រូវ។ អាជ្ញាធរ​ក្រិក ​បាន​រៀបចំ​ជា​ជំរុំ​ដែរ ​ ​ក៏​ប៉ុន្តែ​ទទួល​បាន​តែ​ប្រមាណ​២ពាន់​នាក់​ទេ។ អង្គការ​មនុស្សធម៌ ​ដូច​ជា​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ​ និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ ព្យាយាម​ជួយ​ជន​ភៀស​ខ្លួន ​ ទៅ​តាម​លទ្ធភាព។ ការ​ប្រទូស្តរាយ​ ប៉ះ​ទង្គិច​គ្នា​រវាង​ជន​ភៀសខ្លួន​ និង​ឆ្មាំ​ព្រំដែន​ម៉ាសេដ្វាន់ ​បាន​ធ្វើ​ឲ្យ​របួស​ជាច្រើន​នាក់​ផងដែរ។

ម៉ាសេដ្វាន់​បិទ​ព្រំដែន ​ដូច​ច្របាច់​កក្រិក៖

នគរបាល​ព្រំដែន​ម៉ាសេដ្វាន់​ ឈរយាម​រនាំងព្រំដែន​ មិន​ឲ្យ​ជន​ភៀសខ្លួន​​ចូល
នគរបាល​ព្រំដែន​ម៉ាសេដ្វាន់​ ឈរយាម​រនាំងព្រំដែន​ មិន​ឲ្យ​ជន​ភៀសខ្លួន​​ចូល REUTERS/Marko Djurica

កាល​ពី​ថ្ងៃ​អាទិត្យ ​ខាង​ម៉ាសេដ្វាន់ ​បាន​បិទ​ព្រំដែន​ជិតឈឹង​ សូម្បី​តែ​ម្នាក់​ក៏​មិន​ឲ្យ​ចូល​ផង។ ទើបតែ​នៅទៀប​ភ្លឺ​ថ្ងៃ​ចន្ទ​ ទី​២៩ ​កុម្ភៈ​ អាជ្ញាធរ​ម៉ាសេដ្វាន់​ បាន​អនុញ្ញាតិ ​ឲ្យ​ជនភៀសខ្លួន​មក​ពី​ស៊ីរី​ និង​អ៊ីរ៉ាក់​ប្រមាណ​ជា​៣០០​នាក់ ​ឲ្យ​ធ្វើ​ដំណើរ​ចូល​ទៅ​បាន។ ក្នុង​ចំណោម​ជន​ភៀសខ្លួន​ដែល​នៅ​ជាប់​កកកុញ​នេះ ​ មិនមែន​មាន​តែ​ជនជាតិ​ស៊ីរី ​និង​ជនជាតិ​អ៊ីរ៉ាក់​ទេ ​គឺ​មាន​អ្នក​ខ្លះ​មក​ពី​ប៉ាគីស្ថាន ​និង​អាហ្វហ្កានីស្ថាន ​និង​មក​ពី​អាហ្វ្រិក​ជាដើម។ ក៏​ប៉ុន្តែ​មាន​តែ​មាន​តែ​អ្នក​មក​ពី​ស៊ីរី ​និង​អ៊ីរ៉ាក់​ទេ ​ដែល​គេ​ទទួល​ឯកសារ​ យក​ទៅ​ពិនិត្យ​ ព្រោះ​ជា​ប្រទេស​ដែល​មាន​សង្រ្គាម ​ឯអ្នក​ផ្សេង​គឺ​គេ​បដិសេធ​ចោល​តែម្តង។

ការ​សម្រេច​បិទ​ព្រំដែន​របស់​ម៉ាសេដ្វាន់​នេះ​ គឺ​ដោយសារ​តែ​ប្រទេស​អូទ្រីស​ដែល​នៅ​ពី​លើ​បាន​សម្រេច​បិទ​ព្រំដែន​ដែរ។ ម្លោះហើយ​ ម៉ាសេដ្វាន់ ​មិន​ចង់​ឲ្យ​ជន​ភៀសខ្លួន​ចូល​ទៅ​នៅ​កកកុញ​ចាល់ ​ក្នុង​ទឹកដី​ខ្លួន​ ទើប​សម្រេច​បិទ​ព្រំដែន។ តែ​ការ​ធ្វើ​ដូចនេះ ​គឺ​ដូច​ច្របាច់​ក​ក្រិក​អញ្ចឹង។ ជន​ភៀសខ្លួន​មក​ដល់​ក្រិក​​កាន់តែ​ច្រើន ​តែ​ប្រទេស​ផ្សេង​ទៀត​មិន​ព្រម​បើក​ទ្វារ​ឲ្យ​ចូល។ តាម​ការ​ស្មាន​នៅ​ក្នុង​ខែ​មីនា​នេះ ​អាច​នឹង​មាន​ជន​ភៀសខ្លួន​ចន្លោះ​ពី​ ៥ម៉ឺន​ទៅ ​៧ម៉ឺន​នាក់ ​ ដែល​នឹង​ត្រូវ​ជាប់​គាំង​ក្នុង​ទឹកដី​ក្រិក។ បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ក្រិក​នៅ​ពេល​នេះ ​គឺ​គ្នា​គ្មាន​លទ្ធភាព​នឹង​ទៅ​ទទួល​ទំនុកបំរុង​ជនភៀសខ្លួន​ច្រើន​បែប​នេះ​បាន​ទេ។ ក្រិក​កំពុងតែ​ដង្ហើយ​រក​ជំនួយ។
 

ជនភៀសខ្លួន នៅច្រកព្រំដែន​ អ៊ីដូមេនី
ជនភៀសខ្លួន នៅច្រកព្រំដែន​ អ៊ីដូមេនី REUTERS/Alexandros Avramidis

អាជ្ញាធរ​បារាំង​បំបែក​ជុំរំ​នៅ​កាឡេ៖
ជុំរំ​ជនភៀសខ្លួន​នៅ​តំបន់​កាឡេ ​ភាគ​ខាង​ជើង​បារាំង​ ​គឺ​ជា​កន្លែង​ដែល​ជនភៀសខ្លួន​ នាំគ្នា​មក​តាំងទី​ដើម្បី​ត្រៀម​លួច​ឆ្លង​ទៅ​កាន់​ប្រទេស​អង់គ្លេស។ មាន​តួលេខ​ខុសៗ​គ្នា ​ពី​ចំនួន​ជនភៀសខ្លួន​នៅ​ទីនោះ ​ពោល​គឺ​ចន្លោះ​ពី​ ៤ពាន់ ទៅ៧ពាន់នាក់។ ពួក​ជនភៀសខ្លួន​ បាន​សង់​ជា​ខ្ទម​បាំង​ក្រណាស់ ​បាំង​ក្រដាសកាកតុង​នៅ​តាម​គំពតព្រៃ ​យ៉ាង​អណាធិបតេយ្យ។

គឺ​តុលាការ​តំបន់​កាឡេ ​ដែល​បាន​អនុញ្ញតិ​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​រុះរើ​ជុំរំ​អណាធិបតេយ្យ​នេះ។ ហេតុផល ​គឺ​ថា​តំបន់​ដែល​ជន​ភៀសខ្លួន​បោះ​ជុំរំ​ គឺ​វា​ស្ថិតនៅ​ក្បែរ​ស្ថានីយ៍​អឺរ៉ូទុយនែល ​ដែល​ជា​ផ្លូវក្រោម​សមុទ្រ​ពី​បារាំង​ទៅ​អង់គ្លេស។ កន្លង​មក​ ការ​ការពារ​សន្តិសុខ​នៅ​ស្ថានីយ៍​នេះ​ ជួប​បញ្ហា​ច្រើន​ណាស់ ​ដោយសារ​តែ​ជនភៀស​ខ្លួន​នាំគ្នា​លួច​ចូល​ទៅ ​ដើម្បី​តោង​រថយន្ត​ដឹក​ទំនិញ ​តោង​រថភ្លើង ​ដើម្បី​បាន​ឆ្លង​ទៅ​កាន់​អង់គ្លេស។ មាន​គ្រោះថ្នាក់​ស្លាប់​ជា​រឿងៗ។
 

អាជ្ញាធរបារាំង​ចុះ​ទៅរុះរើ​ជុំរំជនភៀសខ្លួន​​នៅ​តំបន់​កាឡេ
អាជ្ញាធរបារាំង​ចុះ​ទៅរុះរើ​ជុំរំជនភៀសខ្លួន​​នៅ​តំបន់​កាឡេ REUTERS/Pascal Rossignol

ច្រក​អឺរ៉ូទុយនែល ​គឺជា​ព្រំដែន​រវាង​បារាំង​និង​អង់គ្លេស។ និយាយ​ឲ្យ​ងាយ​យល់ ​គឺ​បារាំង​មិន​ខុស​ពី​ក្រិក​ទេ។ បារាំង​ត្រូវ​បង្ខំ​ចិត្ត​ទ្រាំ​ទទួល​ជន​ភៀសខ្លួន​ ទាំង​ជន​ភៀសខ្លួន​មិន​ចង់​នៅ​បារាំង​ទេ ​ព្រោះ​អង់គ្លេស​គេបិទ​ទ្វារ​មិន​ឲ្យ​ចូល។ ការ​រុះរើ​ជុំរំ​នាពេល​នេះ ​ទីមួយ ​ដើម្បី​បំបែក​បណ្តាញ​ជួញដូរ ​ បញ្ជូន​មនុស្ស​ឲ្យ​ឆ្លង​តាម​ទូក ​និង​តាម​ឡាន​ទៅ​អង់គ្លេស ​និង​ទីពីរ​ដើម្បី​មាន​ឱកាស​ប្រមូល​ជនភៀសខ្លួន​មួយ​ចំនួន​ ឲ្យ​ចូល​ទៅ​នៅ​មណ្ឌល​ជនភៀសខ្លួន​ នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត ​ឆ្ងាយ​ពី​តំបន់​នេះ។

ប៉ុន្តែ​ប្រតិបត្តិ​ការណ៍​រុះរើ ​ដែល​អាជ្ញាធរ​បារាំង​បាន​ធ្វើ​កាល​ពី​ថ្ងៃ​២៩ ​កុម្ភៈ​ វា​មាន​លក្ខណៈ​ហឹង្សា​ជ្រុល​បន្តិច​ ហើយ​វា​ផ្ទុយ​ពី​ការ​ប្រកាស​របស់​អាជ្ញាធរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ដែល​ថា​គេ​នឹង​ចុះរុះរើ ​តែ​ជា​ដំណាក់ៗ​ម្តង​បន្តិច ​ដើម្បី​ចៀស​វាង​អំពើ​ហឹង្សា។ តែទី​បំផុត​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​គឺ​ ការ​ប្រើ​កំលាំង​ជ្រុល ​ទៅ​វាយ​កម្ទេច​ខ្ទម​របស់​ជន​ភៀសខ្លួន។ ជន​ភៀសខ្លួន ​និង​សកម្មជន​ការពារ​ជន​ភៀស​ខ្លួន ​ បាន​នាំគ្នា​យក​ដុំថ្ម​គប់​លើ​នគរបាល​បារាំង ​ហើយ​នគរបាល​បាន​គុប​គ្រាប់បែក​ផ្សែង ​ បាញ់​ហ្គាស​បង្ហូរ​ទឹកភ្នែក​ទៅ​វិញ។ សរុប​ទៅ​ មាន​សកម្មជន​៣​នាក់ ​និង​ជន​ភៀស​ខ្លួន​ម្នាក់​ ត្រូវ​បាន​នគរបាល​ចាប់​ដាក់​ឃុំ។

អាមេរិក​ភ្ញាក់ពី​ដំណេក ​មក​សម្តែង​ការ​ព្រួយ​បារម្ភ៖
ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ ជា​ការ​ព្រួយ​បារម្ភ​ដែល​ត្រឹមត្រូវ ​ គ្រាន់តែ​ថា​វា​ចង់​យឺត​ពេល​បន្តិច​ហើយ។ ជិតពីរ​ឆ្នាំ​មក​នេះ ​ដែល​ស្ថានការណ៍​កាន់តែ​ធ្ងន់ទៅៗ ​ ហើយ​សហភាព​អឺរ៉ុប​មិន​អាច​ដោះស្រាយ​បាន។ ណា​គ្មាន​ថវិកា​ដោះស្រាយ ​ណា​មួយ​ប្រទេស​សមាជិក​បដិសេធ ​មិន​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​រួម។ នៅ​ពី​ក្រោយ​ការ​បដិសេធ​នេះ​ ​គឺ​វា​មាន​ចរន្ត​គំនិត​ស្អប់ខ្ពើម​ជន​បរទេស ​ប្រកាន់​ពូជ​សាសន៍​មិនចង់​ឲ្យ​ជន​ភៀសខ្លួន​ចូល​ទៅ​នៅ​ក្នុង​ទឹកដី​ខ្លួន។

កាល​ពី​ថ្ងៃ​ចន្ទ ២៩​កុម្ភៈ​ ​លោក​ចន ឃែរី​ថ្លែង​ថា​ វិបត្តិ​ជនភៀសខ្លួន​ ជា​វិបត្តិ​ពិភពលោក​ទាំងអស់​គ្នា​ មិន​មែន​ជា​វិបត្តិ​របស់​អឺរ៉ុប ​ រឺ​របស់​ប្រទេស​ណា​មួយ​នោះ​ទេ។ តាម​រយៈ​សម្តី​នេះ ​ លោក​ចន ឃែរី ​ចង់​អំពាវ​នាវ​ឲ្យ​មាន​ដំណោះស្រាយ​រួមទាំង​អស់​គ្នា។ ការ​ព្យាយាម​ពន្លត់​ភ្លើង​សង្រ្គាម​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់ ​ប្រភព​ដើម​នៃ​ចលនា​ចំណាកស្រុក​នេះ ​ គឺ​អាមេរិក​កំពុងតែ​ធ្វើ​ហើយ។

តាម​រយៈ​ប្រសាសន៍​លោក​ចន ឃែរី ​គឺ​យើង​អាច​យល់​បាន​ថា ​អាមេរិក​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ពិភពលោក​ អាមេរិក​នឹង​ជួយ​ទាំងអស់​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា។ ប៉ុន្តែ​បំណង​ល្អ​ទាំង​នេះ ​ រដ្ឋាភិបាល​លោក​អូបាម៉ា ​បង្អែរបង្អង់​ឲ្យ​វា​សឹង​តែ​ហួសពេល​ទៅ​ហើយ។ មិន​ថា​បញ្ហា​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​ទៅ​នៅ​អាមេរិក​ ​រឺ​ក៏​ការ​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី។

ចង់ធ្វើ​មេគេ ​ត្រូវធ្វើ​គំរូ​ល្អ​ឲ្យ​គេ​មើល៖
អាមេរិក ​ធ្លាប់​សន្យា​ថា​ពី​ចុង​ឆ្នាំ​២០១៥​ រហូត​ដល់​ខែ ​កញ្ញា ​នឹង​ទទួល​យក​ជនភៀសខ្លួន​គ្រប់​សញ្ជាតិ​ទាំងអស់ ​១សែន​នាក់។ ប៉ុន្តែ​មក​ត្រឹម​ពេល​នេះ ​គេ​ទើប​ទទួល​បាន​តែ​ជាង​៩០០​នាក់​ទេ។ ឃើញថា​ការអ​នុវត្ត​ខុស​ពី​ទ្រឹស្តី។ ឯការ​ធ្វើ​អន្តរាគមន៍​យោធា ​ក៏​អាមេរិក​បង្អែរបង្អង់ ​ចូលវ៉ៃ​ដូច​ជា​មិន​ចូល​វ៉ៃ ​ទុក​ឲ្យ​រុស្ស៊ី​ក្អេងក្អាង​តែ​ម្នាក់ឯង​ ទាំង​ដឹង​ហើយ​ថា​គ្រាប់បែក​រុស្ស៊ី​នេះ​ហើយ ​ ដែល​រុញ​ប្រជាជន​ស៊ីរី​ឲ្យ​រត់​ចោល​ស្រុក។

លោក​ Eric Schwartz ​អតីត​មន្ត្រី​ជាន់ខ្ពស់ ​នៅ​សេតវិមាន​ បាន​រិះគន់​រដ្ឋាភិបាល​លោក​អូបាម៉ា ​ថា​រវល់​តែ​ស្ទាក់ស្ទើរ​ ខ្លាច​មុខ​ខ្លាច​ក្រោយ ​ទុក​បញ្ហា​ឲ្យ​ឡើង​កាន់តែ​ធ្ងន់។ អាមេរិក​ មិន​អាច​ដឹកនាំ​គេ​បាន​ទេ ​ បើ​សិន​ជា​អាមេរិក​មិន​ធ្វើ​គំរូ​ឲ្យ​គេ​មើល។ លោក​ម្នាក់​នេះ ​ បាន​អំពាវនាវ​ឲ្យ​មាន​ជំនួបកំពូល​អន្តរជាតិ​បន្ទាន់​មួយ ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​ភៀសខ្លួន​នេះ។ ចំនែក​ក្រុម​គណកម្មការ​អឺរ៉ុប ​បាន​ប្រាប់​ថា​គេ​កំពុង​តែ​រៀបចំ​គម្រោង​បន្ទាន់​មួយ​ដែរ ​ដើម្បី​ជួយ​ក្រិក​ក្នុង​វិបត្តិ​ជន​ភៀស​ខ្លួន។ វិបត្តិ​ជនភៀស​ខ្លួន ​ពេលនេះ​កំពុង​តែ​ក្លាយ​ជា​ជំងឺ​មហារីក ​ដែល​រាលដាល ​ពាសពេញ​ពិភពលោក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ