អានតួអត្ថបទ

សាកសព​មនុស្ស​៣៩​នាក់​ក្នុង​រថយន្តមួយ​នៅ​អង់គ្លេស គឺជា​ជនជាតិ​ចិន

នគរបាលអង់គ្លេស បញ្ជូន​​រថយន្ត​កុងតឺណឺ​ដែលផ្ទុកសាកសព យកទៅ​ទុក​នៅ​​កន្លែង​មាន​សុវត្ថិភាព។ ថ្ងៃទី២៣ តុលា ២០១៩​
នគរបាលអង់គ្លេស បញ្ជូន​​រថយន្ត​កុងតឺណឺ​ដែលផ្ទុកសាកសព យកទៅ​ទុក​នៅ​​កន្លែង​មាន​សុវត្ថិភាព។ ថ្ងៃទី២៣ តុលា ២០១៩​ REUTERS/Hannah McKay

កាលពីយប់ថ្ងៃពុធ ទី២៣តុលា នគរបាលអង់គ្លេសបានប្រទះរថយន្តមួយគ្រឿង ដែលមានផ្ទុកសាកសពមនុស្សចំនួន៣៩នាក់ នៅភាគខាងកើតទីក្រុងឡុងដ៍។ ឆ្លងកាត់ការត្រួតពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថាមនុស្សទាំង៣៩នាក់នោះ គឺជាជនជាតិចិន។ ករណីនេះ បានស្តែងឲ្យឃើញនូវសកម្មភាព​ឧក្រិដ្ឋរបស់ឈ្មួញទុច្ចរិត ដែលរកស៊ីជួញដូរដឹកជញ្ជូន​ជនភៀសខ្លួន​ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ សមត្ថកិច្ចអង់គ្លេស​កំពុងតែបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបើកប្រតិបតិ្តការត្រួតពិនិត្យស្រាវជ្រាវអស់ជាងមួយថ្ងៃ សមត្ថកិច្ចជំនាញអង់គ្លេស បានសន្និដ្ឋានថា សាកសពមនុស្សទាំង៣៩នាក់ ដែលគេរកឃើញនៅក្នុងរថយន្តកុងទឺណឺមួយ នៅចំងាយ៣៥គីឡូម៉ែត្រពីទីក្រុងឡុងដ៍នោះ គឺជាជនជាតិចិន។ ក្នុងចំណោមសាកសព មានភេទប្រុស៣១នាក់ ភេទស្រី៨នាក់ ដែលក្នុងនោះ​មានម្នាក់ជាក្មេងស្រីជំទង់។ ស្ថានទូតចិនប្រចាំប្រទេសអង់គ្លេស បានជូនដំណឹងថា គេបានបញ្ជូនមន្ត្រីរបស់ស្ថានទូត ឲ្យចុះទៅត្រួតពិនិត្យដល់ទីកន្លែង។ កាលពីវេលាយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍​ មានការចុះឆែកឆេរចំនួន៣កន្លែង នៅឯដែនដីអៀរឡង់ខាងជើង ដែលជាទីតាំងអាស័យដ្ឋាន របស់អ្នកបើកបររថយន្តនោះ ខណៈដែលអ្នកបើកបរភេទប្រុស អាយុ២៥ឆ្នាំនោះ កំពុងស្ថិតក្នុងការឃុំខ្លួន។

លទ្ធផលស៊ើបអង្កេតបង្ហាញថា រថយន្តកាំមីញ៉ុង បានធ្វើដំណើរឆ្លងកាប៉ាល់ ពីទីក្រុងឌូប្លាំង ចូលមកដល់កំពង់ផែ Holyhead ដែនដីអង់គ្លេស នៅថ្ងៃទី​២០តុលា។ រថយន្តកាំមីញ៉ុងនោះ បានចូល​ទៅ​ផ្ទុកកុងទឺណឺនោះ នៅ​កំពង់ផែPurfleet នៅយប់ថ្ងៃពុធ ២៣តុលា វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ។ បន្ទាប់ពីបានចាកចេញពីកំពង់ផែ រថយន្ត​កាំមីញ៉ុងផ្ទុកកុងទឺណឺនោះ ត្រូវបានគេឃាត់ឆែកឆេរ នៅវេលាម៉ោង ១និង៤០នាទី ថ្ងៃពុធទី២៣តុលា ហើយក៏ប្រទះឃើញសាកសពមនុស្សតែម្តង។

សមត្ថកិច្ចអង់គ្លេសបានទទួលស្គាល់ថានេះគឺជាករណីស្មុគស្មាញ ហើយការស៊ើបអង្កេតត្រូវការពេលវេលាយូរ ដើម្បីដឹងការពិត អំពីការស្លាប់របស់ជនរងគ្រោះទាំង៣៩នាក់ ថាតើពួកគេស្លាប់ដោយសារអ្វី ស្លាប់នៅទីកន្លែងណា តើពួកគេឡើងចូលទៅក្នុងកុងទឺណឺនៅពេលណា នៅទីណា ឬមួយក៏ពួកគេស្លាប់បាត់ទៅហើយ មុននឹងត្រូវគេបញ្ជូនចូលទៅក្នុងកុងទឺណឺ។

ជាងនេះទៀត ការស៊ើបអង្កេតមានទំហំកាន់តែធំ ដោយសារតែវាពាក់ព័ន្ធដល់បណ្តាញ​ជួញដូរ និងដឹកជញ្ជូនជនភៀសខ្លួនដោយខុសច្បាប់ នៅទ្វីបអឺរ៉ុបតែម្តង។ យោងតាមការស៊ើបអង្កេត កុងទឺណឺដែលផ្ទុកសាកសព គឺត្រូវបានគេបញ្ជូនចេញពីកំពង់ផែ Zeebruges នៅប្រទេស​ប៊ែលហ្សិក មកកាន់កំពង់ផែPurfleet។ ចំណែករថយន្តកាំមីញ៉ុងវិញ មានផ្លាក​លេខចុះបញ្ជីរនៅប្រទេស​ប៊ុលហ្ការី តែជាកម្មសិទ្ធិ របស់ក្រុមហ៊ុនដឹកជញ្ជូនមួយ នៅអៀរឡង់ខាងជើង។

អ្នកបើកបរតាក់ស៊ីម្នាក់ បានឆ្លើយប្រាប់ទូរទស្សន៍BBCថា ជារឿយៗ ខ្លួនបានឃើញរថយន្ត​កាមីញ៉ុង​ដឹកជនភៀសខ្លួនមកទម្លាក់ នៅតំបន់ដែលគេរកឃើញសាកសពនោះ។ ដោយមិនចេះនិយាយភាសាអង់គ្លេស ជនភៀសខ្លួនបានរត់មករក​តាក់ស៊ីជិះ ដោយហុចទូរស័ព្ទមកឲ្យអ្នកបើកបរ និយាយជាមួយអ្នក​នៅខ្សែម្ខាងទៀត ដើម្បីដឹងពីគោលដៅត្រូវជូនពួកគេទៅ។

សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំ២០០០ មានករណីអកុសលស្រដៀងគ្នានេះមួយដែរ ដោយគេបានរកឃើញសាកសពជនជាតិចិនចំនួន​៥៨នាក់ នៅក្នុងរថយន្តកាមីញ៉ុងមួយ នៅកំពង់ផែ​Douvres ភាគអាគ្នេយ៍អង់គ្លេស។ ឯកាល​ពីខែសីហាឆ្នាំ២០១៥ សាកសពជនភៀសខ្លួន​៧១នាក់ ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយ នៅតាមដងផ្លូវក្នុងប្រទេសអូទ្រីស។ យោងតាមទីភ្នាក់ងារអង់គ្លេសប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋ បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឈ្មួញទុច្ចរិត បានជ្រើសរកវិធីដឹកជញ្ជូនជនភៀសខ្លួន កាន់តែគ្រោះថ្នាក់ខ្លាំងឡើងៗ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ