អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប. ព្យាយាម​ការពារ​កតិកាសញ្ញា​ស្តីពី​អន្តោប្រវេសន៍ ​ទោះបី​ប្រទេស​ខ្លះ​ប្រឆាំង

រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក (កណ្តាល) ដឹកនាំ​ការប្រជុំ​​ជាមួយ​និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (ឆ្វេង)។ ម៉ារ៉ាកែចឆ៍ ថ្ងៃទី​១០ ធ្នូ ២០១៨
រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក (កណ្តាល) ដឹកនាំ​ការប្រជុំ​​ជាមួយ​និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (ឆ្វេង)។ ម៉ារ៉ាកែចឆ៍ ថ្ងៃទី​១០ ធ្នូ ២០១៨ REUTERS/Abderrahmane Mokhtari

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃអង្គារស្អែក ទី១១ធ្នូ នៅទីក្រុងម៉ារ៉ាកែចឆ៍ ប្រទេសម៉ារ៉ុក អង្គការសហប្រជាជាតិ កំពុងដឹកនាំបើកការប្រជុំ ពិភាក្សាលើកតិកាសញ្ញាអន្តរជាតិ ស្តីពីអន្តោប្រវេសន៍។ កតិកាសញ្ញានេះ គឺជាអត្ថបទគោល ក្នុងក្របខណ្ឌអន្តរជាតិ​ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ ដែលកំពុងតែអន្រួនពិភពលោកយើង។ តែយ៉ាងណា អត្ថបទកតិកាសញ្ញានេះ ត្រូវបានប្រទេសមួយចំនួន បដិសេធ មិនទទួលស្គាល់ និងមិនបោះឆ្នោតគាំទ្រទេ។ អនាគតនៃកតិកាសញ្ញានេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល បើសិនជាពុំមានការគាំទ្រ ឲ្យបានទូលំទូលាយ ពីបណ្តាប្រទេសទាំងអស់ទេនោះ។

ផ្សាយពាណិជ្ជកម្ម

កតិកាសញ្ញា គ្មានអានុភាពចាប់បង្ខំឲ្យគោរព

កិច្ចប្រជុំនៅទីក្រុងម៉ារ៉ាកែចឆ៍ រៀបចំធ្វើនៅថ្ងៃទី១០ធ្នូ មិនមែនជារឿងចៃដន្យទេ។ តែជានិម្មិតរូប ព្រោះវាជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ខ្លឹមសាររួមនៃកតិកាសញ្ញាស្តីពីអន្តោប្រវេសន៍​នេះ គឺការពារសិទ្ធិមនុស្ស សិទ្ធិដែលត្រូវបានការគាំព៌ា របស់ជនអន្តោប្រវេសន៍។ តាមរយៈកតិកាសញ្ញានេះ អង្គការសហប្រជាជាតិ មានបំណងស្ថាបនាឡើង នូវមូលដ្ឋានរួមមួយ ឬអាចហៅម្យ៉ាងទៀត ថា គឺជាសៀវភៅមគុទេសន៍ ក្នុងការរៀបចំ គ្រប់គ្រង និងដោះស្រាយបញ្ហាអន្តោប្រវេសន៍។ ខ្លឹមសាររបស់វា គឺធានា ឲ្យការធ្វើអន្តោប្រវេសន៍ មានសុ​វត្ថិភាព មានការរៀបចំត្រឹមត្រូវ និងមានលក្ខណៈស្របច្បាប់។

ក៏ប៉ុន្តែអ្វីដែលត្រូវកាត់សំគាល់ជាងគេ គឺថាកតិកាសញ្ញានេះ គ្មានខ្លឹមសារដាក់បន្ទុក ឬចាប់​បង្ខំឲ្យប្រទេសទាំងអស់អនុវត្តវាទេ។ ពោលគឺវាគ្រាន់តែជាអត្ថបទគោល ដែលប្រទេស​ទាំងអស់ អាចយកធ្វើ​ជាគំរូ ជាគំនិត ដើម្បីឈានទៅ​ចូលរួមសហការសាមគ្គីគ្នា ចាត់ចែង​​ការពារជនអន្តោប្រវេសន៍ ឬក៏ដោះស្រាយ​បញ្ហា​នានា ជុំវិញកិច្ចការ​​អន្តោប្រវេសន៍នេះ។

ក្នុងចំណោមគោលការណ៍ធំៗ ដែលមានចែងក្នុងកតិកាសញ្ញានេះ គឺមានជាអាទិ៍ ការពារសិទ្ធិមនុស្ស សិទ្ធិកុមារជាដើម និងជាពិសេស គឺការផ្តល់តម្លៃធំដល់សិទ្ធិជាអធិបតេយ្យ នៃប្រទេសនីមួយៗ ក្នុងការចាត់ចែងកិច្ចការអន្តោប្រវេសន៍នេះ។ កតិកាសញ្ញា បានលើកឡើង នូវអនុសាសន៍​​ និងកម្មវត្ថុចំនួន២៣ចំណុច ដើម្បីជួយប្រទេសទាំងអស់ ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍។

ក្នុងចំណោមកម្មវត្ថុទាំងនោះ គឺមានដូចជា ការចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ការធានាការពារផ្លូវច្បាប់ ដល់ជនអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំង នឹង​បណ្តាញជួញដូរ ឬដឹកជញ្ជូនជនអន្តោប្រវេសន៍ ការកេងចំណេញជិះជាន់កម្លាំងពលកម្ម ការហាមឃាត់រាល់ការចាប់បង្ឃាំងខ្លួនជនអន្តោប្រវេសន៍ ការលើកកំពស់ការផ្សព្វផ្សាយ ស្វែងយល់ ពីផលវិជ្ជមាននៃអន្តោប្រវេសន៍ ព្រមទាំងអនុសាសន៍នានា ដើម្បីជួយជនអន្តោប្រវេសន៍ ឲ្យបន្សំខ្លួន រស់នៅដោយចុះសម្រុងលើទឹកដីថ្មីជាដើម។

ប្រទេសស្អប់អន្តោប្រវេសន៍ ប្រឆាំងនឹងកតិកាសញ្ញានេះ

យ៉ាងណាក៏ដោយ មានប្រទេសមួយចំនួន បានប្រកែក បដិសេធមិនចូលរួមគាំទ្រ កតិកាសញ្ញានេះទេ បើទោះបី អត្ថបទនេះ ពុំមានអានុភាពចាប់បង្ខឲ្យធ្វើតាមក៏ដោយ។ មានប្រទេសខ្លះ ដែលមានគំនិតនយោបាយ​តឹងតែង ចង្អៀតចង្អល់ ស្អប់ខ្ពើមជនអន្តោប្រវេសន៍ គឺគេមិនគាំទ្រនឹងអត្ថបទគោលបែបនេះទេ។ ផ្តើមចេញពីសហរដ្ឋអាមេរិក តែម្តង។ រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានដកខ្លួនចេញ ពីការចរចា តាក់តែងអត្ថបទ​កតិកាសញ្ញានេះ តាំងតែពីចុងឆ្នាំ២០១៧ម្លេះ។ ជារួមទៅ គឺរដ្ឋាភិបាលរបស់លោក​ដូណាល់ ត្រាំ តែងតែប្រឆាំងជានិច្ច នូវរាល់ការកំណត់គោលការណ៍រួម ជាលក្ខណៈអន្តរជាតិ។

ចំណែកនៅអឺរ៉ុបវិញ មានប្រទេសអឺរ៉ុបភាគខាងកើតខ្លះ ដូចជាហុងគ្រីជាដើម បានប្រកាសប្រឆាំងនឹងកតិកាសញ្ញាស្តីពីអន្តោប្រវេសន៍នេះ តាំងតែពីដំបូងមកម្លេះ។ ហុងគ្រីដឹកនាំដោយរដ្ឋាភិបាល របស់លោក វីកទ័រ អកបាន ដែលជាអ្នកនយោបាយស្តាំនិយមជ្រុល មាននិន្នការរើសអើងប្រកាន់ពូជសាសន៍ ជាទីបំផុត។

ប៉ុន្មានខែកន្លងមកនេះ បញ្ហាកតិកាសញ្ញានេះ បានធ្វើឲ្យសហភាពអឺរ៉ុបបែកបាក់គ្នាផងដែរ ដោយសារតែមានការយល់ឃើញមិនដូចគ្នា។ បែលហ្ស៊ិក កំពុងតែជួបវិបត្តិផ្ទៃក្នុងតែម្តង ដោយសារបញ្ហានេះ ព្រោះគណបក្សក្នុងរដ្ឋាភិបាលចំរុះ មិនគាំទ្រឲ្យរដ្ឋាភិបាលបែលហ្ស៊ុក បោះឆ្នោតទទួលកតិកាសញ្ញានេះទេ។ ជាសរុប គិតមកត្រឹមពេលនេះ គឺមានប្រទេស១០ហើយ ដែលបានដកខ្លួនចេញពីកតិកាសញ្ញានេះ មានដូចជា សហរដ្ឋអាមេរិក អូទ្រីស អូស្ត្រាលី ឈីលី សាធារណៈរដ្ឋឆេក សាធារណៈរដ្ឋដូមីនីកេន ហុងគ្រី ឡេតូនី ប៉ូឡូញ និងស្លូវេនី។ ចំណែកប្រទេស ប្រមាណ៧ទៀត កំពុងតែសុំពេលពិចារណាបន្ថែម​ ព្រោះមានការស្ទាក់ស្ទើរ ឬក៏មានការមិនចុះសម្រុងផ្ទៃក្នុងជាដើម។

ជាទូទៅ ប្រទេស ឬក៏អ្នកនយោបាយ ដែលប្រឆាំងនឹងកតិកាសញ្ញានេះ លើកឡើងថា កតិកាសញ្ញានេះ មានខ្លឹមសារការពារជនអន្តោប្រវេសន៍ជ្រុល​ពេក ដែលហាក់មានន័យ ធ្វើឲ្យជនអន្តោប្រវេសន៍ កាន់តែបានចិត្ត និងជម្រុញឲ្យមនុស្សម្នា ធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសគេ។ អ្នកនយោបាយស្តាំនិយមជ្រុល​ខ្លះទៀត លើកឡើងថា កតិកាសញ្ញានេះ វានឹងបង្កើតឲ្យមានសិទ្ធិធ្វើអន្តោប្រវេសន៍ ឬ ក៏ធ្វើឲ្យប៉ះពាល់ ដល់អធិបតេយ្យភាពរបស់ប្រទេសគេជាដើម។

ផ្ទុយទៅវិញ សកម្មជនការពារសិទ្ធិមនុស្ស ឬក៏អង្គការមនុស្សធម៌ ភាគច្រើន លើកឡើងថា កតិកាសញ្ញា នៅមានកំរិត មិនទាន់គ្រប់គ្រាន់ ក្នុងការជួយគាំព៌ា ជនអន្តោប្រវេសន៍នោះទេ។ អង្គការទាំងនោះ លើកឡើងថា នៅមានចំនុចខ្វះខាតច្រើន តួយ៉ាង ដូចជា សិទ្ធិធានាឲ្យទទួលបានជំនួយមនុស្សធម៌ របស់អន្តោប្រវេសន៍ សិទ្ធិទទួលបាន​សេវារដ្ឋបាលជាមូលដ្ឋាន និងសិទ្ធិអាចធ្វើការងារ​រកកំរៃបាន ដោយស្របច្បាប់ ក្នុងនាមជាជនភៀសខ្លួន ជាដើម។

បញ្ហាអន្តោប្រវេសន៍ ជាបញ្ហាប្រឈមរួមគ្នា​ ដែលមិនអាចគេចផុត

អង្គការសហប្រជាជាតិ ដែលជាអ្នកផ្តួចផ្តើមអត្ថបទកតិកាសញ្ញានេះ បានខិតខំព្យាយាមការពារ និងផ្សព្វផ្សាយ​ពីសារៈសំខាន់នៃកតិកាសញ្ញានេះណាស់។ លោកស្រី  Louise Arbour ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ បានលើកឡើងថា កតិកាសញ្ញានេះ នឹង ចូលរួមជួយគាំព៌ា ដល់ជនអន្តោប្រវេសន៍ប្រមាណ​ជា២២៥លាននាក់ នៅទូទាំងពិភពលោក​ ព្រោះថាសន្ធិសញ្ញាក្រុងហ្សឺណែវ បាន​ជួយ​គាំព៌ាសិទ្ធិ មនុស្ស​តែប្រមាណ២៥នាក់ទេ ព្រោះសន្ធិសញ្ញានេះ កំណត់ស្តី​តែ​ពី​ជនភៀសខ្លួន​តែប៉ុណ្ណោះ។

បញ្ហាអន្តោប្រវេសន៍ ការធ្វើចំណាកស្រុកបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក គឺជាបញ្ហាចំបង ដោយសារតែកត្តាអាកាធាតុ គ្រោះធម្មជាតិ គ្រោះរាំងស្ងួត វិបត្តិសេដ្ឋកិច្ច ព្រមទាំងការកើនឡើង នូវចំនួនប្រជាជន​។ ដូច្នេះបញ្ហានេះ គឺជាបញ្ហាប្រឈម ដែលមិនចៀសបានទេ ទោះចង់មិនចង់ ប្រជាជនក្រីក្រ ដែលគ្មានជំរើស ត្រូវតែបង្ខំចិត្តធ្វើចំណាកស្រុក ដោយយកជីវិតទៅប្តូរ​ ផ្សងវាសនាទៅកាន់ទឹកដីថ្មី។ ដូច្នេះសហគមនអន្តរជាតិទាំងមូល ត្រូវតែរួមគ្នា កំណត់គោលការណ៍រួម ក្រមខណ្ឌរួម ដើម្បីគ្រប់គ្រង ​ចាត់ចែង ដោះស្រាយបញ្ហានេះ។ បើយើងរៀបចំបានល្អ នោះពិភពលោកអាចនឹងទាញផលវិជ្ជមាននៃអន្តោប្រវេសន៍ ព្រោះវាមិនមែនសុទ្ធតែរឿងអាក្រក់ទាំងអស់នោះទេ។

លោកស្រី Louise Arbour បានលើកឡើងថា មានអ្នកនយោបាយតាមប្រទេសខ្លះ បាន​បកស្រាយ​ប្រាសចាកពីការពិត នូវខ្លឹមសារនៃកតិកាសញ្ញានេះ។ មិនត្រឹមតែមិនមានអានុភាពចាប់បង្ខំឲ្យគោរពទេ តែកតិកាសញ្ញានេះ ក៏ពុំមានចែងកំណត់ ពីសិទ្ធិធ្វើអន្តោប្រវេសន៍ដែរ។ លោកស្រីបន្ថែមថា អ្នកខ្លះយល់ខុស ឬយល់ច្រឡំ តែអ្នកខ្លះទៀត បកស្រាយខុសន័យ ដោយ​ចេតនាតែម្តង ដើម្បីកេងចំណេញនយោបាយ នៅតាមប្រទេសរៀងខ្លួន។

កិច្ចប្រជុំនៅក្រុងម៉ារ៉ាកែចឆ៍នៅថ្ងៃនេះ បើតាមការផ្តល់ពត៌មាន គឺមានតំណាងរដ្ឋាភិបាល នៃប្រទេសទាំងអស់១៥៩ប្រទេសចូលរូម។ អ្នកដែលមកចូលរួម គឺមានន័យថា ពួកគេយល់ព្រមគាំទ្រកតិកាសញ្ញានេះ ចំណែកអ្នកមិនមក គឺគេប្រឆាំង។ កិច្ចប្រជុំពេលនេះ គឺពុំមានការបោះឆ្នោតសម្រេចអ្វីទេ តែគ្រាន់តែជាប្រកាសថ្លែងគាំទ្រ ដោយសម្លេងរួមតែមួយ។ ដំណាក់កាលបន្ទាប់ចុងក្រោយ គឺនៅថ្ងៃទី១៩ធ្នូ នៅឯអង្គមហាសន្និបាទប្រចាំឆ្នាំ នៃអង្គការសហប្រជាជាតិ ដែលប្រទេសសមាជិកទាំងអស់ ត្រូវបោះឆ្នោតអនុម័តកតិកាសញ្ញានេះ ជាស្ថាពរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ