អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទេ! អឺរ៉ុប​ថា ទ្វីប​អាហ្វ្រិក​ ចិន​មិន​ទាន់​ម៉ៅ​យក​ដាច់ ​តែ​ឯង​ទេ

សំឡេង ០៥:៣១
វេទិកាកំពូល ​សហភាព​អឺរ៉ុប-អាហ្វ្រិក ​នៅក្រុង​ Abidjan ​ប្រទេស​កូតឌីវ័រ ​ថ្ងៃទី​ ២៩-៣០ ​វិច្ឆិកា​ ២០១៧
វេទិកាកំពូល ​សហភាព​អឺរ៉ុប-អាហ្វ្រិក ​នៅក្រុង​ Abidjan ​ប្រទេស​កូតឌីវ័រ ​ថ្ងៃទី​ ២៩-៣០ ​វិច្ឆិកា​ ២០១៧ ISSOUF SANOGO / AFP

នៅថ្ងៃទី២៩ វិច្ឆិកានេះ វេទិកាកំពូល អឺរ៉ុប-អាហ្វ្រិក នឹងបើកទ្វារនៅទីក្រុងអាប៊ីដហ្សង់ ប្រទេសកូតឌីវ័រ។ នេះគឺជាឱកាស ប្រមូលផ្តុំ ថ្នាក់ដឹកនាំប្រទេសនៅអាហ្វ្រិក រួមជាមួយថ្នាក់ដឹកនាំអឺរ៉ុប ឲ្យជួបនិយាយគ្នា ពីចំណងសហប្រតិបត្តិការនានា សំដៅជួយទ្វីបអាហ្វ្រិក ដែលជាទ្វីបក្រីក្រជាងគេ។ វារឹតតែមានខ្លឹមសារទៅទៀត ព្រោះបណ្តាប្រទេសអឺរ៉ុបភាគច្រើន សុទ្ធតែធ្លាប់បានដាក់អាណានិគមនៅលើទ្វីបអាហ្វ្រិក។ ក៏ប៉ុន្តែវត្តមានរបស់ប្រទេសអឺរ៉ុប នៅអាហ្វ្រិក ហាក់កាន់តែថយទៅៗ ប្រឈមមុខនឹង ការសម្រុកជះប្រាក់វិនិយោគ និងកំចី ពីសំណាក់ចិន មកលើប្រទេសនៅអាហ្វ្រិក។​ តែទោះជាយ៉ាងណា អឺរ៉ុបនៅតែទទួលស្គាល់ថា ខ្លួនមិនទាន់អស់សង្ឃឹមទេ ព្រោះចិនមិនទាន់ម៉ៅដាច់ទ្វីបអាហ្វ្រិក  យកតែឯងនៅឡើយទេ។

ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប ជាដៃគូចំណាស់ របស់អាហ្វ្រិក

បើក្រឡេកទៅមើលប្រវត្តិសាស្ត្រ គឺយើងមិនអាចប្រកែកបានទេ។ អឺរ៉ុប គឺជាដៃគូ ដ៏សំខាន់បំផុត សម្រាប់ទ្វីបអាហ្រ្វិក។ ក៏ប៉ុន្តែ វត្តមាន និងតួនាទី របស់អឺរ៉ុប នៅអាហ្វ្រិក បាន​ថយខ្សត់ខ្សោយទៅ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ គូប្រជែងរបស់អឺរ៉ុប នៅអាហ្វ្រិក គឺចិន។ ចិនបានក្លាយជា ដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ទ្វីបអាហ្វ្រិក។ លោក Pierre Dagbo សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យក្រុង​អាបីដហ្សង់ ប្រទេសកូតឌីវ័រ បាននិយាយថា វាជារឿងធម្មតាទេ ដែលអឺរ៉ុប បានទុកផ្លូវដើរខ្លះ ដល់អ្នកផ្សេង ព្រោះថា អឺរ៉ុប គឺជាដៃគូដ៏ចំណាស់ របស់ទ្វីបអាហ្វ្រិក។

អ្នកការទូតមួយចំនួន របស់សហភាពអឺរ៉ុប នៅតែអះអាងថា អឺរ៉ុបនៅតែជាដៃគូរធំបំផុត របស់ទ្វីបអាហ្វ្រិកដដែល។ អ្នកដែលនិយាយថា អឺរ៉ុបអន់ ឲ្យចិនដើរលឿនជាងនៅអាហ្វ្រិក គឺប្រហែលជាគិតខ្លី​បន្តិចហើយ។ មានចំណុចជាច្រើន ដែលអឺរ៉ុប សំខាន់សម្រាប់អាហ្វ្រិក នោះ គឺភាសានិយាយ  សហប្រតិបត្តិការផ្នែកវប្បធម៌ សហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាល សហប្រតិបត្តិការក្នុងវិស័យការពារជាតិ ជាដើម។ ទាំងអស់នេះ ជាសក្ខីភាពបង្ហាញថា សម្រាប់ទ្វីបអាហ្វ្រិក អឺរ៉ុប បានដើរតួនាទីដ៏សំខាន់​ នឹងនាំមុខគេ។

ក្នុងឆ្នាំ២០១៥កន្លងទៅ ការដោះដូរពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងទ្វីបអាហ្វ្រិក មានចំនួន​២៨៦ពាន់លានអឺរ៉ូ ដែលក្នុងនេះ អឺរ៉ុបទទួលផលលើសខាងអាហ្វ្រិក តែ២២ពាន់លានអឺរ៉ូប៉ុណ្ណោះ។ ទន្ទឹមគ្នានេះទៀត សហហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណង ដើម្បីគំរោងអភិវឌ្ឍន៍នានា នៅអាហ្រ្វិក ក្នុងទឹកប្រមាណ ២១ពាន់លានអឺរ៉ូ។ ដែលនេះមានន័យថា ការដោះដូរពាណិជ្ជកម្ម រវាងអឺរ៉ុប និងអាហ្វ្រិក គឺមានសមភាពណាស់។ ចិន និង សហរដ្ឋអាមេរិក មិនបានផ្តល់ជំនួយ ក្នុងកំរិតខ្ពស់ដូច្នេះទេ។

ចិនសំរុកមួយកប់ឃ្លៀក ដើម្បី​ដណ្តើមទីផ្សារ​នៅអាហ្វ្រិក

តែយ៉ាងណាក៏ដោយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានសំរុក ចាយ​លុយ យ៉ាងច្រើនសន្ធឹកនៅអាហ្វ្រិក។ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា នយោបាយ​របស់ចិន នៅអាហ្វ្រិក គឺជានយោបាយ ដាក់មួយកប់ឃ្លៀក។ ចិនបាន​ជះ​លុយ ក្រោមរូបភាពជាជំនួនឥតសំណង ឬក៏ជាកំចីឥណទាន ជាមួយនឹងការការប្រាក់ទាប​បំផុត។ ជំនួយឥតសំណង ដោយគ្មានលក្ខខណ្ឌ និង កំចីការប្រាក់ទាប របស់ចិន បាន​អូសទាញ​ប្រទេសអាហ្វ្រិកច្រើនណាស់។ ជាងនេះទៅទៀត ប្រទេសនៅអាហ្វ្រិក​ភាគច្រើន មានមេដឹកនាំផ្តាច់ការ​ ដែលត្រូវការយកប្រាក់មកចាយ ទាំងដុំៗ ចិញ្ចឹមរដ្ឋាភិបាល​ពុករលួយ។

យោងតាមតួលេខរបស់ទីភ្នាក់ងារចិនថ្មី ក្នុងរវាង១០ឆ្នាំមកនេះ ចិនបានផ្តល់កំចីដល់ទ្វីបអាហ្វ្រិក ចំនួន៦៧២០០លានដុល្លារ  ពោលគឺលើសកំចីរបស់ធនាគារពិភពលោក ដល់ទៅជាង១២០០០លានដុល្លារ ឯណោះ។

ទ្វីបអាហ្វ្រិក ប្រៀបបានទៅនឹងនំមួយដុំ​ ដែលមានក្លិនឈ្ងុយ​ និងរស់ជាតិឆ្ងាញ់​សម្រាប់​ចិន។ ក្រុមហ៊ុនសហគ្រាសចិនភាគច្រើន ចាប់អារម្មណ៍ទីផ្សារអាហ្វ្រិក ដោយសារ​តែ​អាហ្វ្រិក នៅពុំមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្ទះជាដើម។ ក្រុមហ៊ុនចិន ដែលរកស៊ី​ក្នុងវិស័យសំណង់ បាននាំគ្នាពពាក់ពពូន មកអាហ្វ្រិក ដោយដណ្តើមបានទីផ្សារ​៥០%បាត់ទៅហើយ។ អាហ្វ្រិក គឺជាដែនដីនៃវត្ថុធាតុដើមសម្រាប់ចិន។ ធនធានធម្មជាតិ ព្រៃឈើ ​រ៉ែមានតំលៃគ្រប់ប្រភេទ គឺជាអ្វីដែលចិនប្រាថា្នចង់បានពីអាហ្វ្រិក។ នៅរវាងឆ្នាំ​២០២៥ ចិន អាចកើបប្រាក់ចំណូលពីអាហ្វ្រិក បានដល់ ៤៤០ពាន់លានដុល្លារ។ នេះបើតាមតួលេខរបស់ McKinsey។

គំរូសេដ្ឋកិច្ច​រវាងចិន និងអឺរ៉ុបខុសគ្នា នៅអាហ្វ្រិក

ជាការពិតថ្វីបើចិន បានក្លាយជាដៃគូពាណិជ្ជកម្មទីមួយ របស់ទ្វីបអាហ្វ្រិកមែន តែគំរូសេដ្ឋកិច្ច ដែលចិន កំពុងអនុវត្តនៅទ្វីបអាហ្វ្រិក ខុសពីគំរូសេដ្ឋកិច្ចរបស់អឺរ៉ុប។ ជញ្ជីងពាណិជ្ជកម្ម រវាងអាហ្វ្រិកនិងចិន មានលក្ខណៈខុសគ្នាដាច់ឆ្ងាយ។ ចិននាំចូលទំនិញ ទៅលក់នៅអាហ្វ្រិក ក្នុងទឹកប្រាក់ប្រមាណ ៩២ពាន់លានដុល្លារ តែចិននាំចូលពីអាហ្វ្រិកមកវិញ តែប្រមាណ៦៧ពាន់លានដុល្លារប៉ុណ្ណោះ។ ហើយអ្វីដែលចិននាំចេញពីអាហ្វ្រិក គឺវត្ថុធាតុដើម ធនធានរ៉ែ។ គំរូសេដ្ឋកិច្ចបែបនេះ មិនបានបង្កើតការងារឲ្យមានលក្ខណៈយូរអង្វែង នៅក្នុងស្រុកប៉ុន្មានទេ ផ្ទុយទៅវិញ ប្រទេសនៅអាហ្រ្វិកមួយចំនួន រំពឹងទាំងស្រុង ទៅនឹងការលក់ធនធានធម្មជាតិ ទៅឲ្យក្រុមហ៊ុនចិន។

គំរូសេដ្ឋកិច្ច និងរបៀបធ្វើសហប្រតិបត្តិការរបស់អឺរ៉ុបខុសពីចិន។ អឺរ៉ុបចង់ផ្តល់ភាពឯករាជ្យម្ចាស់ការ ទៅដល់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ នៅតាមប្រទេសអាហ្វ្រិក តាមរយៈ ការជួយស្ថាបនាគំរោង ជួយបណ្តុះបណ្តាលជាដើម។ វេទិកាកំពូល អឺរ៉ុប-អាហ្វ្រិក ដែលត្រូវបើកនៅថ្ងៃទី ២៩ វិច្ឆិកានេះ វាគឺជាឱកាស ឲ្យទ្វីបទាំងពីរ អឺរ៉ុប និងអាហ្វ្រិក បើកចំហរកាលវិភាគរៀងខ្លួន ហើយដាក់ចុះនូវផែនការ ដើម្បីជួយទ្វីបអាហ្វ្រិក ឲ្យរីកលូតលាស់។

អឺរ៉ុបចង់ឃើញអាហ្វ្រិកលូតលាស់ ជាងគេ

លោក Jean-Claude Juncker ប្រធានគណកម្មការអឺរ៉ុប បានអះអាងថា ពីនេះដល់ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងរំដោះកញ្ចប់ប្រាក់ ចំនួន៣២ពាន់លាន​អឺរ៉ូ ដើម្បីជាជំនួយអភិវឌ្ឍន៍ ឲ្យដល់ទ្វីបអាហ្វ្រិក។ ផែនការរបស់អឺរ៉ុប គឺផ្តោតសំខាន់ទៅលើវិស័យអបរំ បណ្តុះបណ្តាលយុវជន។ ទ្វីបអាហ្វ្រិក មានសេដ្ឋកិច្ចរឹងមាំ ទាល់តែយុវជនអាហ្វ្រិក មានចំណេះដឹងគ្រប់គ្រាន់ ហើយអាចឈានទៅបង្កើតមុខជំនួញ ធ្វើផលិតកម្ម និងបង្កើតការងារធ្វើ។

ជាការពិត អាហ្វ្រិក និងអឺរ៉ុប មានជោគវាសនាជាប់គ្នា​ តាំងតែពីអតីតកាល រហូតទៅថ្ងៃអនាគត។ ទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ុប ស្ថិតនៅជាប់គ្នា ដោយមានសមុទ្រមេឌីទែរ៉ាណេនៅកណ្តាល។ អឺរ៉ុបមិនអាចចោលអាហ្វ្រិកបានទេ។ គ្មាននរណាម្នាក់ចង់ឃើញអាហ្វ្រិក រីកចំរើនជាងអឺរ៉ុបទេ ព្រោះថា បើអាហ្វ្រិកទន់ខ្សោយ អ្នកដែលទទួលថ្មបាក់នេះ គឺអឺរ៉ុបខ្លួនឯង។ ការធ្វើចំណាកស្រុក លំហូរជនអន្តោប្រវេសន៍ ដែលធ្វើដំណើរមកពីអាហ្វ្រិក មកសុំសិទ្ធិជ្រកកោននៅអឺរ៉ុប គឺជាកំលាំងចលករមួយ ដែលជំរុញ ឲ្យអឺរ៉ុប ត្រូវតែជួយទ្វីបអាហ្រ្វិក ឲ្យមានសន្តិភាព មានសន្តិសុខ មានការរីកចំរើនសេដ្ឋកិច្ច  និងមានយុត្តិធម៌សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ