អានតួអត្ថបទ

អ៊ីតាលី​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូងគេ ដែល​ចូលរួម​ក្នុង​គម្រោងចិន ផ្លូវ​មួយ​​ខ្សែ​ក្រវ៉ាត់​​មួយ

Chinese President Xi Jinping shakes hands with Italian Prime Minister Giuseppe Conte as he arrives at Villa Madama in Rome, Italy March 23, 2019.
Chinese President Xi Jinping shakes hands with Italian Prime Minister Giuseppe Conte as he arrives at Villa Madama in Rome, Italy March 23, 2019. REUTERS/Yara Nardi

កាលពីថ្ងៃសៅរ៍ទី២៣មីនា ប្រមុខរដ្ឋាភិបាលអ៊ីតាលី និងលោកប្រធានាធិបតីចិន បានរួមគ្នា ចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជាច្រើន ដែលស្ថិតក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន។ ចាប់ពីពេលនេះទៅ អ៊ីតាលី នឹងក្លាយជាប្រទេសអឺរ៉ុប ទីមួយហើយ ដែលបានចូលរួមក្នុងមហាគម្រោងរបស់ចិននេះ ខណៈដែលសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានព្យាយាមអំពាវនាវ ឲ្យគ្រប់ប្រទេស មានការប្រុងប្រយ័ត្ន ទាក់ទិននឹងហានិភ័យ នៃការជាប់អន្ទាក់បំណុលរបស់ចិន។

ផ្សាយពាណិជ្ជកម្ម

ក្រោមអធិបតីភាព​របស់លោកស៊ី ជីនពីង ប្រធានធិបតីចិន និងលោក ចូសិប៉េ កុងតេ​នាយករដ្ឋមន្ត្រីអ៊ីតាលី នៅទីក្រុងរ៉ូម អ៊ីតាលីបានចុះហត្ថលេខា ក្លាយជាសមាជិកចូលរួម ក្នុងគម្រោងមហាសាលរបស់ចិន មានឈ្មោះថា ផ្លូវមួយខ្សែក្រវ៉ាត់មួយ។ វាជាគម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក និងផ្លូវទឹក ដើម្បីផ្សារភ្ជាប់បណ្តាញ និងបើកចំហរទីផ្សារ ដែលមានចិនជាអ្នកផ្តើមគំនិត។

ជារួម មាន​កិច្ចសន្យា និងគំរោងសហប្រតិបត្តិការ ចំនួន២៩ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋាភិបាលអ៊ីតាលីនិងចិន  ក្នុងទឹកប្រាក់ចន្លោះពី៥ ទៅ ៧ពាន់លានអឺរ៉ូ។ តម្លៃនេះអាច​កើនឡើងដល់ទៅ២០ពាន់លានអឺរ៉ូ។ ក្រៅពីគម្រោងវិនិយោគរបស់ចិន ទៅលើ​កំពង់ផែ​ធំៗរបស់អ៊ីតាលី ដូចជាកំពង់ផែទៅក្រុងGênes និងកំពង់ផែទីក្រុង ​Trieste ចិនបាន​ចុះហត្ថលេខា ក្នុងគម្រោងជាមួយក្រុមហ៊ុនឧស្សាហកម្មធនធ្ងន់ របស់អ៊ីតាលី២ គឺAnsaldo ដែលមានជំនាញឧស្សាហក​ម្ម​ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងក្រុមហ៊ុនDanieli ដែលជាឧស្សាកម្មស្លដែកដ៏ធំ។ ក្រៅពីនេះ ចិន និងអ៊ីតាលី បានចុះហត្ថលេខាជាមួយគ្នា លើគំរោងសហប្រតិបត្តិការ លើវិស័យទេសចរណ៍ វិស័យវប្បធម៌ ព្រមទាំងវិស័យបណ្តាញ​ផ្សព្វផ្សាយព័ត៌មានផងដែរ។

គួរកត់សម្គាល់ថា ការនាំចេញរបស់អ៊ីតាលីទៅកាន់ចិន មានមិនលើសពី​១៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំទេ ខណៈដែលការនាំចេញរបស់អាល្លឺម៉ង់ ទៅចិន មានលើសនេះដល់ទៅ​៧ដង។ ក្នុងពេលចុះហត្ថលេខា លោកស៊ី ជីនពីង បានធានាអះអាងថា ចិននឹងខឹតខំ ឲ្យមានការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមក ជាមួយអ៊ីតាលី។

សូមរំលឹកថា ការចូលរួមរបស់អ៊ីតាលី ជាមួយនឹងមហាគំរោងរបស់ចិននេះ គឺវាបានធ្វើឡើង ផ្ទុយពីអ្វីដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងមតិសាធារណៈរមួយចំនួនរបស់អ៊ីតាលី មានការព្រួយបារម្ភ។ អ្នកនយោបាយអ៊ីតាលីខ្លះ បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេស ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងចិន ទាក់ទិននឹង​កត្តាសន្តិសុខ និងការពារ​អធិបតេយ្យជាតិអ៊ីតាលី។

ចេញពីអ៊ីតាលី លោកប្រធានាធិបតីចិន នឹងត្រូវបន្តដំណើរទៅបារាំង និងអាល្លឺម៉ង់ ដើម្បី​ជួប​ថ្នាក់ដឹកនាំអឺរ៉ុបផ្សេងទៀត។ លោកម៉ាក្រុង និងលោកស្រីមែរគែលវិញ បានលើកឡើងថា ប្រឈមមុខជាមួយចិន ប្រទេសសមាជិកសហភាពអឺរ៉ុប មិនត្រូវសម្រេចធ្វើអ្វី ដោយអត្តនោម័តនោះទេ គឺត្រូវរួមគ្នា។ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានប្រកាសដែរ ថាចិន គឺជាដៃគូប្រជែងរបស់អឺរ៉ុប ច្រើនជាងដៃគូសហប្រតិបត្តិការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ