អានតួអត្ថបទ
គៀរហ្ស៊ីស្តង់-រុស្ស៊ី

កិច្ចប្រជុំ​បន្ទាន់​នៃ​អង្គការ ODKB ឧទ្ទិស​ដល់​ស្ថានការណ៍​នៅ​គៀរហ្ស៊ីស្តង់

ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ មិថុនា ២០១០​មក អំពើហិង្សា​នៅ​គៀរហ្ស៊ីស្តង់​​បណ្តាល​ឲ្យ​មនុស្ស​ជិត​១២០​ស្លាប់
ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ មិថុនា ២០១០​មក អំពើហិង្សា​នៅ​គៀរហ្ស៊ីស្តង់​​បណ្តាល​ឲ្យ​មនុស្ស​ជិត​១២០​ស្លាប់ ©Reuters

បញ្ហា​សំខាន់​បំផុត​ដែល​ចោទ តើ​អង្គការ ODKB គប្បី​បញ្ជូន​ឬ​ទេ​ ទ័ព​មួក​ខៀវ​ខ្លួន​ទៅ​កាន់​ភូម៌ភាគ​ខាង​ត្បូង​ប្រទេស​គៀរហ្ស៊ីស្តង់ ដែល​កំពុង​ឆាប​ឆេះ​ដោយ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាមរវាង​ក្រុម​ជាតិ​ ពន្ធុ Kirghiz និងOuzbek។ សំណូមពរ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​លោកស្រី Roza Otounbaieva ប្រធានាធិបតី​ស្តី​ទី និង​ជា​ប្រមុខ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀរហ្ស៊ីស្តង់ ពេល​គាត់​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយលោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ដែល​ជា​ប្រធាន​នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ ODKB។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិគ្រោះ​ប្តូរ​យោបល់​ថ្ងៃ​នេះ​នៅ​ក្រុង​ម៉ូស្គូ រវាង​លេខាធិការ​សន្តិសុខ​នៃ ៧ ប្រទេស សមាជិក​អង្គការ “សន្ធិសញ្ញា​ស្តី​អំពី​សន្តិសុខ​រួម” ហៅ​កាត់​ថា ODKB កោះ​ប្រជុំ​ឡើង​ គឺ​ទៅ​តាម​ការ​ផ្ទុក​ផ្តាក់​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ក្នុង​ឋានៈ​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​នេះ អង្គការ​ដែល​មាន​គៀរហ្ស៊ីស្តង់​ជា​សមាជិក​ផង​ដែរ។ អង្គការ​នេះ​ដែល​បាន​ប្រសូត​មក​តាំង​ពី​ឆ្នាំ ១៩៩២ ម៉្លេះ តាំង​គោល​ដៅ​គឺ​ធានា​សន្តិសុខ​ដល់​ប្រទេស​នីមួយៗ ពី​ក្នុង​ចំណោម​៧​ប្រទេស​សមាជិក​ពោល​គឺ Russie Bielorussie Armenie Kazakhstan Kirghistan Tadjikistan និង Ouzbekistan។

តាម​ដែល​អ្នក​នាំ​ពាក្ស​ផ្លូវការ​របស់​វិមាន​ក្រេមឡាំង ប្រកាស​ឲ្យ​ដឹង​ការបញ្ជូន​ទ័ព​ទៅ​អាច​អនុម័ត​យក លុះ​ណា​តែ​វា​ឆ្លើយ​សម​ស្រប​នឹង​លក្ខន្តិកៈ អ.ស.ប. ហើយ​ក្រោយ​ពី​មាន​ការ​ពិគ្រោះ​ប្តូរ​យោបល់​រវាង​គ្រប់​តែ​៧​ប្រទេស​សមាជិក។ ក្នុង​ដំណាក់​ឥឡូវ​គោល​ជំហរ​របស់​ម៉ូស្គូ គឺថា​អំពើ​ហិង្សា​រវាង​ក្រុម​ជាតិ​ពន្ធុ​នៅ​ទី​រួម​ខេត្ត Och និង Djalah-Abad ​ចម្ងាយ​ប្រមាណ ៦០០គ.ម.ខាង​ត្បូង​ពី​រដ្ឋធានី Bichkek គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គៀរហ្ស៊ីស្តង់​ទេ​តើ។

គួរ​និយាយ​ថា នៅ​ចំពោះ​មុខ​អស្ថិរភាព​នៃ​ស្ថានការណ៍​នៅ​គៀរហ្ស៊ីស្តង់ ម៉ូស្គូ​ទើប​បាន​បញ្ជូន​ទ័ព​ឆ័ត្រ​យោង​ខ្លួន​៣០០​នាក់​ទៀត​បន្ថែម​លើ​១៥០​នាក់​ដែល​មាន​បញ្ជូន​ទៅ​២​ខែ​មុន សំរាប់​ពង្រឹង​របប​ការពារ​មូលដ្ឋាន​កង​អាកាស​រុស្ស៊ី ឈ្មោះ Kant ជា​ទី​ដែល​ប្រចាំ​ការ​ដោយ​យោធា​រុស្ស៊ី​៤៥០​នាក់ ព្រម​ទាំង​យន្ត​ហោះ​ចំបាំង​ប្រភេទ​ប្លែកៗ។ មូលដ្ឋាន​រុស្ស៊ី​នេះ​ស្ថិត​នៅ ចម្ងាយ​តែ​៣០​គម​ប៉ុណ្ណោះ​ពី​មូលដ្ឋាន​យោធា​អាមេរិកាំង​ឈ្មោះ Manas មូលដ្ឋាន​ដែល ត្រូវ​ស្ថានទូត​អាមេរិក​នៅ​ទីនោះ គូស​បញ្ជាក់​ថា​នៅ​បន្ត​ដំណើរការ​ជា​ប្រក្រតី​ធម្មតា។

ប៉ុន្តែ ក្រសួង​មហា​ផ្ទៃ​គៀរហ្ស៊ីស្តង់ ថ្ងៃ​នេះ​បាន​ចេញ​តួ​លេខ​ថា ​មាន​ជន​បរទេស ៨៤០​នាក់​ទៅ​ហើយ បាន​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា។ ចំណែក​ក្រុម​ជាតិ​ពន្ធុ Ouzbek វិញ​គ្រាន់​តែ​ក្នុង​៤​ថ្ងៃ​កន្លង​ទៅ​នៃ​គំនាប​ពី​ខាង​ជាតិ Kirghiz បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​ធ្លាប់​រស់​នៅ​យូរ​មក​ហើយ​នៅ​លើ​ដែនដី​គៀរហ្ស៊ីស្តង់ ហើយ​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​Ouzbekistan ជិត​ខាង​ចំនួន ៧៥.០០០​នាក់​ទៅ​ហើយ។ របប​ម៉ោង​បំរាម​គោចរ នៅ​ភូម៌ភាគ​ខាង​ត្បូង​គៀរហ្ស៊ីស្តង់ ​ត្រូវ​អាជ្ញាធរ​ប្រកាស​អនុវត្ត​រហូត​ដល់​ថ្ងៃ ២២​មិថុនា​សិន៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ