អានតួអត្ថបទ
បារាំង

Nicolas Sarkozy សន្យាថា​នឹងធ្វើអោយ​ស្ថានភាព​សេដ្ឋកិច្ច​បារាំង​ប្រសើរ​ឡើងវិញ

លោក​ប្រធានាធិបតី​បារាំង Nicolas Sarkozy បានថ្លែង​សារ​ជូនពរ​ទៅកាន់​ពលរដ្ឋ​បារាំង​តាមកញ្ជក់​ទូរទស្សន៍ នៅក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​សកល​ ២០១១
លោក​ប្រធានាធិបតី​បារាំង Nicolas Sarkozy បានថ្លែង​សារ​ជូនពរ​ទៅកាន់​ពលរដ្ឋ​បារាំង​តាមកញ្ជក់​ទូរទស្សន៍ នៅក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​សកល​ ២០១១ AFP / France 2

កាលពី​យប់​ថ្ងៃសុក្រ​៣១ ធ្នូ ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​បារាំង Nicolas Sarkozy បានថ្លែង​សារ​ជូនពរ​ទៅកាន់​ពលរដ្ឋ​បារាំង​តាមកញ្ជក់​ទូរទស្សន៍ នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​សកល ២០១១។ តាម​រយៈ​សារ​នេះ លោក​ប្រធានាធិបតី​បារាំង ព្យាយាម បញ្ចុះបញ្ចូល​ថា វិបត្តិ​សេដ្ឋកិច្ច​កន្លងមក បាន​ធូរស្រាល​ទៅហើយ ។ ហើយថា កំណែ​ទម្រង់​ថ្មីៗនេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​បារាំង ប្រសើរ​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០១១ ថ្មី​នេះ ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ អ៊ុង ច័ន្ទ​សោភា

ភ្លេងជាតិ​បានបន្លឺ​ឡើង មុននឹង​រូបភាព លោក  Nicolas Sarkozy​ ដែល​ឈរ​នៅជិត​ទង់ជាតិ​បារាំង​ បាន​លេចឡើង​នៅលើ​កញ្ជក់​ទូរទស្សន៍។ កាលពី​យប់​ថ្ងៃសុក្រ​ម្សិលមិញ​នេះ​ លោក ប្រធានាធិបតី​បារាំង បាន​ថ្លែង​សារ​ជូនពរ​ដែល​ពោរពេញ​ទៅដោយ​ពាក្យ​សន្យា​ជា​វិជ្ជមាន។

លោក​អះអាង​ថា ឆ្នាំ ២០១១ នេះ​គឺ​ជា​ឆ្នាំ​ដែលនាំមក​នូវ​ក្តីសង្ឃឹម​ក្នុងការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​បារាំង។ វិបត្តិ​សេដ្ឋកិច្ច​ដែលបាន​ធ្វើអោយ​ប្រជាជន​បារាំង​ជាង​២លាន​នាក់ អត់​ការងារ​ធ្វើ តាម​ស្ថិតិ ឆ្នាំ ២០១០។

« ​ខ្ញុំ​ដឹងច្បាស់​ណាស់ថា ឆ្នាំ ២០១០​ ជា ឆ្នាំ​ដ៏អាក្រក់​មួយ​សំរាប់​ប្រជាជន​មួយចំ​នួន។​ អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ​មានអារម្មណ៍​ថា ពួកគេ​បានរង​អយុត្តិធ៌ម។ ប៉ុន្តែ​ឥឡូវ​កំនើន​សេដ្ឋកិច្ច​កំពុង​តែងើបវិញ​ហើយ។ ហើយ​រាល់​កំនណ​ថ្មីៗ​របស់​យើង​ ក៏​កំពុង​តែ​ផ្តល់​ផ្លែផ្កា​ផងដែរ។ »​ នេះ​ជា​សំដី​របស់ លោក Nicolas Sarkozy​នៅក្នុង​សារ​ដែល​មាន​រយៈពេល​ជាង​៨​នាទី។

លោក​ក៏បាន​ច្រានចោល​យោបល់​មួយ​ចំនួន​ដែលចង់​អោយ ​បារាំង​ដកខ្លួន​ចេញពី​តំបន់​ចាយប្រាក់​អឺរូ ដើម្បី​ការដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន។ លោក​រិះគន់ថា​ការដាក់​បារាំង​អោយនៅ​តែឯង​ គឺជា​គំនិត​ដ៏​ឆ្កួតលីលា។

« ទីបញ្ចប់​របស់​តំបន់អឺរូ​ ក៏ជាទី​បញ្ចប់​របស់​ទ្វីប អឺរុប។ »​ នេះ​ជា​សំដី​របស់ លោក សាកូហ្ស៊ី។

ការ​អះអាង​ទាំងនេះ​គឺ ដើម្បី​ការពារ​រាល់កំណែ​ថ្មីៗ ដែល​រដ្ឋាភិបាល​របស់គាត់​បាន​ធ្វើ​កន្លងមក។ ជាពិសេស កំណែទម្រង់​អាយុ​ចូល​និវត្តន៍​ដែលត្រូវ​បាន​រិះគន់​ និង​ប្រឆាំង​យ៉ាងខ្លាំង​ពីសំណាក់​ប្រជាជន​បារាំង​ជាច្រើន ។

គណបក្ស​ឆ្វេង​និយម​បារាំង PS បាន​រិះគន់​ថា « សំដី​របស់​លោក ខ្វះ​ការ​គោរព​ចំពោះ​ជនជាតិ​បារាំង »។ រីឯ គណបក្ស​ស្តាំជ្រុល​និយម​បារាំង FN វិញ​វាយ​តម្លៃ​ថា « នេះជា​រូបភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល សាកូហ្ស៊ី​ »។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ