អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​មិត្ត​ស៊ីរី​បញ្ចុះបញ្ចូល​ក្រុមប្រឆាំង​ស៊ីរី​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​ហ្សឺណែវ​ទី២

សំឡេង ០៦:២៥
ប្រមុខការបរទេស​អាមេរិក​លោក​John Kerryធ្វើ​សន្និសីទ​ព័ត៌មាន ជាមួយ​សមភាគី​មក​ពី​កាតា នៅ​ទីក្រុង​ប៉ារីស  កាលពីថ្ងៃ​ចន្ទ ទី ២១ តុលា
ប្រមុខការបរទេស​អាមេរិក​លោក​John Kerryធ្វើ​សន្និសីទ​ព័ត៌មាន ជាមួយ​សមភាគី​មក​ពី​កាតា នៅ​ទីក្រុង​ប៉ារីស កាលពីថ្ងៃ​ចន្ទ ទី ២១ តុលា REUTERS/Charles Platiau

ប្រមុខការបរទេស​របស់​ប្រទេសមិត្ត​ស៊ីរី ដែល​មក​ពី​ប្រទេស​លោកខាងលិច និង​បណ្តា​ប្រទេស​អារ៉ាប់ ជួប​ប្រជុំ​គ្នា នៅថ្ងៃ​អង្គារ ​ទី ២២ តុលានៅ​ទីក្រុង​ឡុងដ៍។ ទិសដៅ​គឺ​បញ្ចុះបញ្ចូល​ក្រុមប្រឆាំង​ឲ្យ​ចូលរួម ក្នុង​សន្និសីទ​សន្តិភាព ហ្សឺណែវ​ទីពីរ ដែល​គ្រោង​នឹងរៀបចំ​ឡើង នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​កិច្ចប្រជុំ​ពេញមួយ​ថ្ងៃនេះ ប្រទេស​មិត្តិ​ស៊ីរី ចំនួន ១១ ដែល​មាន​អាមេរិក បារំាង និង​អង់គ្លេស​នាំមុខ​គេ កំពុង​បញ្ចុះបញ្ចូល​ក្រុមប្រឆាំង​ស៊ីរី ព្រោះថា ​ក្រុមប្រឆាំង​ស៊ីរី ហាក់​បង្ហាញ​ចេតនា​មិន​ចង់​ទៅ​ចូលរួម នៅក្នុង​សន្និសីទ​ទីក្រុង​ហ្សឺណែវ ទីពីរ។ ក្រុមប្រឹក្សាជាតិ​ស៊ីរី ដែល​ជា​ក្រុមប្រឆាំង មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ បាន​បញ្ជាក់ កាលពី​ប៉ុន្មាន​ថ្ងៃ​មកហើយថា ពួកគេ​នឹង​មិន​ទៅ​ចូលរួម ដាច់ខាត នៅក្នុង​សន្និសីទ ហ្សឺណែវ​ទីពីរ​ដែល​ មាន​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន​ចូលរួម​ដែរ​នោះទេ។ ពោល គឺ​ពួកគេ​មិន​អាច​អង្គុយ​ក្នុង​តុ​ចរចា​ជាមួយ​រដ្ឋាភិបាល​ដែល​កំពុង​បន្ត​សម្លាប់ និង​បង្អត់​អាហារ​ប្រជាជន​ឯង។

ចំណែក​ក្រុមរួបរួម​ជាតិ​ស៊ីរី ដែល​ជាសម្ព័ន្ធ​ប្រមូលផ្តុំ​ក្រុមប្រឆាំង​ទាំងអស់ បាន​និយាយ​ថា ពួកគេ​នឹង​ផ្តល់ចម្លើយ ថា នឹង​ទៅ ឬ​មិន​ទៅ​ចូលរួម នៅ​ដើម​ខែ​វិច្ឆិកា​ក្រោយនេះ។
យ៉ាងណាក៏ដោយ សម្ព័ន្ធ​រួបរួម​ជាតិ ស៊ីរី​បាន​បញ្ជាក់​ដែរថា ពួកគេ​នឹង​អាច​ចូលរួម នៅក្នុង​សន្និសីទ ក៏​ប៉ុន្តែ ត្រូវ​មាន​លក្ខខណ្ឌ។ គឺ​ប្រទេស​លោកខាងលិច ត្រូវ​ធានា​ដល់​ក្រុមប្រឆាំងថា នៅក្នុង​រដ្ឋាភិបាល​អន្តរកាល ដែល​នឹង​ត្រូវ​កំណត់​នៅក្នុង​កិច្ច​ព្រមព្រៀង ក្នុង​សន្នីសីទ​សន្តិភាព ហ្សឺណែវ នោះ នឹង​គ្មាន​ឈ្មោះ​របស់​លោក​បាស្ហា អាល់អាសាដ ជា​អ្នកដឹកនាំ​ស៊ីរី តទៅ​ទៀត។

ការទាមទារ​មិន​ដូចគ្នា នៅក្នុង​ចំណោម ក្រុមប្រឆាំង​ស៊ីរី ត្រូវ​បាន​គេ​មើលឃើញ​ថា ក្រុម​ប្រឆាំង​ស៊ីរី​កំពុង​ជួប​ការបែកបាក់​គ្នា ផ្ទៃក្នុង​យ៉ាងខ្លាំង។ នៅលើ​ទីតាំង​ប្រយុទ្ធ អាជ្ញាធរ​រួបរួម​ជាតិ​ស៊ីរី ដែល​ជា​សម្ព័ន្ធ​ប្រមូល​ផ្តុំ​ក្រុមប្រឆាំង​ស៊ីរី កំពុង​ចុះ​ទន់ខ្សោយ​ឥទ្ធិពល​របស់ខ្លួន។ ក្រុមនេះ​លែង​អាច​គ្រប់គ្រង​ក្រុមប្រឆាំង​ស៊ីរី ដែល​ចេះ​តែ​កើនឡើង ពី​ជាង​១០ ដល់​​ចំនួន រាប់រយ ជាពិសេស គឺ​ការកើតមាន​កាន់តែច្រើន ក្រុមប្រដាប់​អាវុធ​ឯករាជ្យ ដែល​មាន​តាំងពី​ក្រុមជីហាត អ៊ីស្លាម​ជ្រុលនិយម។ ក្រុមនេះ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល​របស់​លោក​អាសាដ​ដែរ ប៉ុន្តែ ក្រុមនេះ​ផ្តាច់ខ្លួន និង​មិន​ដើរតាម​នយោបាយ​របស់​ក្រុមបក្ស​ប្រឆាំង​ណាមួយទេ។

អនាធិបតេយ្យភាព​កំពុង​កើតមាន​ពេញទី នៅក្នុង​ចំណោម​ក្រុមប្រឆាំង​ស៊ីរី។ ហើយ​​នេះជា​កត្តាមួយសំខាន់​ដែល​ធ្វើ​ឲ្យ​​ក្រុមប្រឆាំង​ស៊ីរី ចុះទន់ខ្សោយ នៅចំពោះ​មុខ ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ​ដែល​កំពុង​តែ​ស្តារ​កេរ្តិ៍​ឈ្មោះ​វិជ្ជមាន​នៅលើ​ឆាក​អន្តរជាតិ។ រដ្ឋាភិបាល​ស៊ីរី បាន​សុខចិត្ត​សហការ ប្រគល់​អាវុធ​គីមី ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ គ្រប់គ្រង និង​បំផ្លាញចោល។ រដ្ឋាភិបាល​ស៊ីរី អះអាង​ហើយ​ថា ខ្លួន គាំទ្រ និង​ត្រៀម​ខ្លួន ទៅ​ចូលរួម នៅក្នុង​សន្និសីទ​អន្តរជាតិ ហ្សឺណែវ​ទីពីរ។

ដំណើរការ​សន្តិភាព​ដែល​អាច​ស្លាប់​មុនកើត

នៅក្នុង​សន្និសីទ​អន្តរជាតិ ហ្សឺណែវ​ទីមួយ កាលពី​ខែ​មិថុនា​កន្លងទៅ គេ​បាន​សម្រេចធ្វើ​បាន​ផែនទី​ចង្អុលផ្លូវមួយ ដែល​បាន​កំណត់​ឲ្យ​ភាគី​ប្រយុទ្ធទាំងពីរ​បោះបង់​ចោលអាវុធ និង​ចូលរួម​គ្នា បង្កើត​រដ្ឋាភិបាល​អន្តរកាល។ ប៉ុន្តែ នៅទីបំផុត ផែនទី​ចង្អុលផ្លូវ នៅក្រោយ​សន្និសីទ​ហ្សឺណែវ​ទីមួយ មិន​ត្រូវ​បាន​គេអាច​អនុវត្តបាន ដោយ​ភាគី​ម្ខាងៗ​បាន​បកស្រាយ​កិច្ចព្រមព្រៀង តាមការយល់ឃើញ​របស់ខ្លួន។ អាមេរិក និង​ក្រុមប្រឆាំង​បាន​ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ដោយ​គ្មាន​លោក​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់អាសាដ។ ប៉ុន្តែ រុស្ស៊ី វិញ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី បាន​ប្រឆាំង ដោយអះអាងថា កិច្ចព្រមព្រៀង ហ្សឺណែវ​ទីមួយ មិន​បានបញ្ជាក់​ពីការផាត់​លោក​អាសាដ​ចេញពី​ដំណើរ​ស្វែងរកសន្តិភាព​នៅ​ស៊ីរីទេ។

នៅលើកនេះទៀត នៅ​តែ​មួយថ្ងៃ​មុន ប្រទេសលោកខាងលិច រៀបចំ​ប្រជុំ​ដើម្បី​បញ្ចុះបញ្ចូល​ក្រុមប្រឆាំង​ឲ្យ​ទៅចូលរួម សន្និសីទ ហ្សឺណែវ​ទីពីរ លោកប្រធានាធិបតី​ស៊ីរី​បានបង្អន់​ចំណង់​របស់​ក្រុមប្រឆាំង ដោយលោក​អះអាង​ប្រាប់​ទូរទស្សន៍ (កាលពី​ថ្ងៃ​ចន្ទ ទី ២១ តុលា) ថា លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ជាថ្មី នៅក្នុង​ការបោះឆ្នោត នៅ​ឆ្នាំក្រោយ​នេះ។

នៅថ្ងៃ​ដដែល លោកប្រមុខការបរទេស​អាមេរិក ដែល​បាន​ជួប​ប្រមុខការបរទេស​កាតា នៅទីក្រុង​ប៉ារីស​បាន​បញ្ជាក់​ជាថ្មីថា  ប្រធានាធិបតី​ស៊ីរី នឹង​គ្មាន​ឈ្មោះ​នៅក្នុង​រដ្ឋាភិបាល​អន្តរកាល ដែល​គេ​នឹង​សម្រេច​ឲ្យ​បាន​នៅក្នុងដំណើរ​ស្វែងរក​សន្តិភាព​នៅស៊ីរី។ តាម​លោក​John Kerry ប្រសិន​បើ​លោក​បាស្ហា អាល់អាសាដ​នៅ​តែ​បន្តឈរឈ្មោះ និង​ធ្វើ​ជា​ប្រធានាធិបតី​ស៊ីរី នៅក្រោយ​ការបោះឆ្នោត នោះ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​នឹង​គ្មានទីបញ្ចប់​ឡើយ។ សម្រាប់​លោកJonh Kerry លោក​ប្រធានាធិបតី​បាសា្ហ អាល់អាសាដ បាន​បញ្ជា​ឲ្យ​គេ​ទម្លាក់គ្រាប់ និង​ប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន ស៊ីរី ជាង​សែន​កន្លះ មិន​អាចបន្ត​ធ្វើ​ជា​ប្រធានាធិបតី​នៅ​ស៊ីរី​បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ