អានតួអត្ថបទ
អ៊ុយក្រែន-​រុស្ស៊ី

ក្រុម​ផ្តាច់​ខ្លួន​នៅ​ខាង​កើត​អ៊ុយក្រែន តែ​ស្និទ្ធ​​នឹង​រុស្ស៊ី​យក​បេសកជន​អឺរ៉ុប ធ្វើ​ជា​ចំណាប់​ថ្នូរ​សង្គ្រាម

ប្រមុខ​ដឹកនាំ​ចលនា​បះបោរ​នៅ​Slaviansk លោក Viatcheslav Ponomarev ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ២៦ មេសា ២០១៤
ប្រមុខ​ដឹកនាំ​ចលនា​បះបោរ​នៅ​Slaviansk លោក Viatcheslav Ponomarev ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ២៦ មេសា ២០១៤ REUTERS/Gleb Garanich

អ្នក​សង្កេត​ការណ៍​​​​អន្តរជាតិ ចំនួន​១៣​រូប នៅ​តែ​​​ស្ថិត​ក្នុង​កណ្តាប់​ដៃ​សកម្មជន​ផ្តាច់​ទឹក​ដី ស្និទ្ធ​នឹង​ក្រុង​ម៉ូស្គូ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ដដែល។ វីយ៉ាតឆេស្លាវ ប៉ូណូម៉ារេសហ្វ ដែល​តាំង​ខ្លួន​ជា​អភិបាល​ក្រុង​ស្លាវីយ៉ង់ បាន​បញ្ជាក់​អំពី​ចេតនា​នៃ​ការ​ចាប់​ខ្លួន​តំណាង​បស្ចឹម​លោក​​មក​ធ្វើ​ចំណាប់​ថ្នូរ តាម​រយៈ​សន្និសីទ​កាសែត​នៅយប់​មិញ។ អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប បាន​បញ្ជូន​អន្តរការី​ទៅ​ចរចា​។ ចំណែក​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ត្រូវ​កំណត់​ទណ្ឌកម្មថ្មី​ប្រឆាំង​នឹង​រុស្ស៊ី ចាប់​​ពី​ថ្ងៃ​ចន្ទ​ស្អែក​ទៅ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ អង្គការ​អូតង់​បាន​ពង្រឹង​វត្តមាន​នៅ​តាម​បណ្តា​ប្រទេសអឺរ៉ុប​​ខាង​កើត​ជា​សមាជិក​ បារាំង​កំពុង​ពង្រាយ​កម្លាំង​យោធា​ជាង​១០០​នាក់ នៅ​​មូលដ្ឋាន​ទ័ព​អាកាស​ ម៉ាប័រ ភាគ​ខាង​ជើង​ប្រទេស​ប៉ូឡូញ យន្តហោះ​ចម្បាំង រ៉ាហ្វាល់ បួន​គ្រឿង​ក៏​នឹង​ទៅ​ដល់​នៅ​ថ្ងៃ​ស្អែក។

ផ្សាយពាណិជ្ជកម្ម

អភិបាល​ក្រុង​ស្លាវីយ៉ង់ ដែល​បាន​ប្រកាស​តាំង​ខ្លួន​ធ្វើ​ជា​ដឹកនាំ​ក្រុង​ដោយ​ខ្លួន​ឯង មិន​ខ្លាច​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាប់​ខ្លួន​​​​តំណាង​អង្គការ​អូអេសសេអឺ ដែល​ចុះ​ទៅ​បំពេញ​បេសកកកម្ម​នៅ​ភាគ​ខាង​កើត​ ថា​ជា​អ្នក​ស៊ើប​ការណ៍​ឱ្យ​អង្គការ​អូតង់ទេ។ អភិបាល​ជា​មេដឹកនាំ​ចលនា​ផ្តាច់​ទឹក​ដីរូប​នេះ បាន​ពន្យល់​ជា​សាធារណៈ​ នៅ​សាល​ប្រជុំ​សាលាក្រុង​ស្លាវីយ៉ង់ និង​នៅ​ចំពោះ​មុន​អ្នក​សារព័ត៌មាន​គ្រប់​ជាតិសាសន៍​​លើ​ពិភពលោក ដោយ​មាន​ឆ្មាំ​កាន់​​អាវុធ​ស្វ័យប្រវត្តិ​ការពារ​ឈរ​អម​ផង។

“ខ្ញុំ​ចង់​ប្រាប់​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​អង្គការ​អូអេសសេអឺ (សមាជិក​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការអឺរ៉ុប) គឺ​ជា​ទាហាន​ដែល​ចូល​ក្នុង​ដែន​ដី​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត ដូច្នេះ​ពួក​គេ ជា​អ្នកទោស​របស់​យើង ! ពួកគេ​ជា​នាយ​ទាហាន​របស់​អូតង់ និង​ជា​យោធា​​របស់​អ៊ុយក្រែន​ ដែល​មិន​ពាក់​ឯកសណ្ឋាន​ប៉ុណ្ណោះ។ ពួកគេ​មាន​កាន់​ផែនទី​ចង្អុល​បង្ហាញ​រនាំង​ផ្លូវ​របស់​យើង ហេតុដូច្នេះ​ហើយ​បាន​ជា​ត្រូវ​ចាប់​ខ្លួននោះ”។

ញញឹម​ កំប្លែង​លេង​ទៅ​កាន់​អ្នក​កាសែត មេដឹកនាំ​ផ្តាច់​ទឹកដី​ស្និទ្ធ​នឹង​រុស្ស៊ី​ប្រចាំ​ក្រុង​ស្លាវីយ៉ង់​រូប​នេះ បាន​ធានា​អះអាង​ថា​បេសកជន​អង្គការ​OSCE បាន​ទទួល​ការ​ថែទាំ​ត្រឹម​ត្រូវ​ ក្នុងនោះ​​​ម្នាក់​មាន​ជំងឺ​ទឹកនោម​ផ្អែម​ជាប់​នឹង​ខ្លួន​ផង។

គ្មាន​បញ្ជាក់​អំពី​ទីកន្លែង​​​ឃុំ​ឃាំង​អ្នក​ទោស  វីយ៉ាតឆេស្លាវ ប៉ូណូម៉ារេហ្វ បាន​ព្រលយ​អំពី មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​ដោយ​ចេតនា​ និង​បាន​ជ្រើស​រើស​ទុក​ជាមុន​នេះ សម្រាប់​ងាយ​យក​ទៅធ្វើ​ថ្នូរ​ទាមទារ​អ្វី​មួយ។ ​មាន​ចំណាប់​ថ្នូរ​ជា​ច្រើន​នាក់​ផ្សេងទៀត។ ប៉ុន្មាន ?! គាត់​មិន​ប្រាប់​ទេ ! ប៉ុន្តែ​ទំនង​ជា​បាន​ដោះលែង​អស់​វិញ​ប្រមាណ​ជាង​៤០​នាក់ ​នៅ​ថ្ងៃ​ម្សិលមិញ មុន​នឹង​ចំអក​ថា “សូម​កុំ​បារម្ភ យើង​មាន​អ្នក​ទោស​ខ្លឹម ​គ្រប់គ្រាន់​ក្នុង​ដៃ​ហើយ !

“ អ្នក​កាន់​អំណាចក្រុង​គៀវ ចាប់​​សកម្មជន និង​មិត្ត​រួម​អាវុធ​របស់​យើង​ជា​ច្រើន​នាក់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រៀម​ខ្លួន​នឹង​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​គ្នា។ មិន​មែន​ជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​ឡើង​ ប៉ុន្តែ​នរណា​ក៏​ដឹង​ថា​ អ្នក​ទោស​តែង​តែ​ត្រូវ​បាន​គេ​យកមក​ប្រើ​ប្រាស់​សម្រាប់​ដោះដូរ​គ្នា​។ ដោះដូរ​អ្នក​ទោស​សង្គ្រាម​ត្រូវ​បាន​អនុវត្ត​បែប​សកល។”

តើ​គេ​ត្រូវ​ការ​ប្រើ​ពេល​វេលា​ប៉ុណ្ណា ដើម្បី​ផ្តោះ​ប្តូរ​អ្នក​ទោស​គ្នា​ ? គ្មាន​ចម្លើយ​ទេ ប៉ុន្តែ​អាច​នឹង​ប្រព្រឹត្ត​ទៅក្នុង​ពេល​ឆាប់ៗ។

ចំណែក​ប្រតិភូ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​វិញ បាន​ទៅ​ដល់​ក្រុង​ស្លាវីយ៉ង់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចរចា​ជាមួយ​អភិបាល​ក្រុង​ វីយ៉ាតឆេស្លាវ ប៉ូណូម៉ារេហ្វ ប៉ុន្តែ​អ្វី​ដែលគួរ​ឱ្យ​ចម្លែក​ ក្រុម​នេះមិន​​បាន​ទៅ​ដល់​និង​ជួប​ផ្ទាល់​មេ​ក្លោង​ស្លាវីយ៉ង់​នៅ​ឡើយ។

ស្ថានភាព​នៅភាគ​ខាង​កើត​អ៊ុយក្រែន កាន់តែ​តាន​តឹង​ ​ការ​ចង្អុល​មុខ​ដាក់​រុស្ស៊ីក៏​មិន​ថម​ថយ​ ! យប់​មិញ​ប្រមុខ​ការទូត​អាមេរិក​បាន​ប្រាស្រ័យ​ទាក់ទង​តាម​ទូរស័ព្ទ​ជា​ថ្មី​ជាមួយ​នឹង​សមភាគី​រុស្ស៊ី លោក សែកហ្គៃ ឡាវ្រ្វូស ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​បញ្ឈប់​ជា​បន្ទាន់​យុទ្ធនាការ​បង្ក្រាប​ “ភេរវជន”។ ឯ​អាមេរិក​ចង់​ឃើញ​រុស្ស៊ី​ដក​ទ័ព​ប្រមាណ​ជាង​បួន​ម៉ឺន​នាក់​ចេញ​ពី​ព្រំប្រទល់​ជាប់​អ៊ុយក្រែនសិន។ លើស​ពី​នេះ​ទៅ​ទៀត លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ពន្យល់​ហេតុ​ផល​នៃ​ការ​ព្រមព្រៀង​រៀប​ទណ្ឌកម្ម​បន្ថែម​ជាមួយ​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​រុស្ស៊ី ថា​ដើម​បិទ​​បញ្ចប់​សកម្មភាព​បង្ក​ហេតុ​របស់​ម៉ូស្គូ ដែល​បាន​ប្រមូល​ផ្តុំ​កម្លាំង​ទ័ព​នៅព្រំដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ