អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ប្រកាសឈរ​ជើង​​ធ្វើ​សង្រ្គាម​ប្រឆាំង​ក្រុម​ភេរវកម្ម

សំឡេង ០៦:៣៥
ទាហាន​ជាង១​ម៉ឺននាក់​នឹង​ត្រូវ​ពង្រាយ​នៅ​លើ​ទឹកដី​បារាំង​ចាប់ពី​ថ្ងៃ​ពុធ​ទី ១៤​មករា ២០១៥
ទាហាន​ជាង១​ម៉ឺននាក់​នឹង​ត្រូវ​ពង្រាយ​នៅ​លើ​ទឹកដី​បារាំង​ចាប់ពី​ថ្ងៃ​ពុធ​ទី ១៤​មករា ២០១៥ REUTERS/Gonzalo Fuentes

នៅក្រោយ​ភេរវកម្ម​ប្រឆាំង​អ្នកកាសែត​Charlie Hebdo និង​សម្លាប់​ជនជាតិ​ជ្វីហ្វ សភា​បារំាង​បាន​បោះឆ្នោត កាលពីថ្ងៃ​ម្សិលមិញ ដោយ​សំឡេង​ភាគច្រើន អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បារាំង​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ ចំណែក​នាយក​រដ្ឋមន្រ្តី​បារាំង លោក​Manuel Valls បាន​ប្រកាស​ពី​វិធានការ​ពិសេស ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ក្នុង​ទឹកដី​បារាំង ក្នុង​នោះ​ ​មាន​តាំងពី​ការពង្រឹង​ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់ រហូត​ដល់​ការដាក់​ទណ្ឌិត​ដែល​ជា​ក្រុមភេរវនិយម ឬ ក្រុម​អ៊ីស្លាម​ជ្រុលនិយម ឲ្យនៅ​​ឯកោរ នៅក្នុង​ពន្ធនាគារ។ 

ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍​ក្រោយ បារាំង​រងអំពើ​ភេរវកម្ម​រយៈពេល​បីថ្ងៃ​ជាប់គ្នា និង​បាន​សម្លាប់​ អ្នកកាសែត​របស់​Charlie Hebdo និង​ជនជាតិ​ជ្វីហ្វ​ក្នុង​ក្រុង​ប៉ារីស បារំាង​នៅ​រក្សា​កម្រិតប្រកាស​អាសន្ន​ភេរវកម្ម​ឲ្យ​នៅ​ខ្ពស់​អតិបរមា​ដដែល។ នៅថ្ងៃ​ពុធ​ទី ១៤ ទាហាន​ប្រមាណ ជាង ១ម៉ឺន នាក់ នឹង​ត្រូវ​ពង្រាយ​ឲ្យ​រក្សា​សន្តិសុខ​នៅទឹកដី​បារាំង។ ទាហាន​ជាង​មួយម៉ឺន​នៅ​លើ​ទឹកដី​បារាំង គឺ​ច្រើន​ជាចំនួន​ទាហាន​ដែលបារំាង​​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​បរទេស ដែល​មាន​ចំនួន​តែ ៨៣៥០​នាក់​ប៉ុណ្ណោះ។ ការបង្កើន​ទាហាន ប្រឆាំង​ភេរវកម្ម នឹងធ្វើ​ឲ្យ​ចំនួន កម្លាំង​រក្សា​សន្តិសុខ​បារាំង​ដែល​មាន​ប៉ូលិស ក្រុមអាវុធហត្ថ និង​ទាហាន មាន​សរុប ដល់​ទៅ ១សែន ២ម៉ឺន នាក់ ដែល​ត្រូវ​ពង្រាយ ដើម្បី​ប្រឆាំង​ភេរវកម្ម ក្នុង​ប្រទេស​បារាំង។

 
នៅក្នុង​សភា នៅក្នុង​សេចក្តី​ថ្លែង រយៈពេល ៤៥​នាទី និង​ដោយ​ការប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត នាយក​រដ្ឋមន្រ្តី​បារាំង​បាន​លើកឡើង​ដំបូង​គេ ពី​ការ​ពង្រឹង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង ទៅ​តាម​ការវិវឌ្ឍន៍ និង​ការប្រែប្រួល​នៃ​កម្រិត​គំរាមកំហែង​នៃ​ភេរវកម្ម។ តាម​លោក​នាយក​រដ្ឋមន្រ្តី​Valls គេ​រើស​បញ្ចូល​បុគ្គលិក​បន្ថែម យ៉ាងតិច ៥០០​នាក់ នៅក្នុង​បណ្តាញ​ស៊ើបការណ៍​សម្ងាត់​បារាំង និង​កែលម្អ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ភ្នាក់ងារ​មួយនេះ ដើម្បី​អាច​មាន​សមត្ថភាព​តាមដាន ត្រួត​ពិនិត្យ​យកការណ៍​ពីក្រុម​ដែល​គេ​សង្ស័យ​ថា អាច​ជា​មុខសញ្ញា​បង្ក​ភេរវកម្ម។ តាម​លោក​នាយក​រដ្ឋមន្រ្តី​បារាំង ភា្នក់ងារ​ស៊ើបការណ៍​សម្ងាត់ និង​ប៉ូលិស​បារាំង​នឹង​ទទួល​បាន​សិទ្ធិ​អំណាច​ច្រើន​ជាងមុខ ជាពិសេស​ផ្នែក​គតិយុត្តិ ដើម្បី តាមដាន​ខ្លឹមសារ អ៊ីនធ័រនែត ស្តាប់​ទូរស័ព្ទ ឬ​ចុះ​ទៅ​ឆែកឆេរ ក្រុមដែល​គេ​សង្ស័យ​ថា មាន​និន្នាការ​ជ្រុលនិយម ឬ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមភេរវករ។

វិធានការ​ទី២ របស់​នាយករដ្ឋមន្រ្តី​ Valls គឺ​បង្កើត​បញ្ជី​ឈ្មោះ​របស់​អ្នកទោស ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​បារាំង​កាត់ទោស ឲ្យ​ជាប់​គុក ពីបទ​មាន​ជាប់ទាក់ទង​នឹង​អំពើភេរវកម្ម។ រហូតមក តុលាការ​បារាំង មាន​បញ្ជី​ឈ្មោះ​តែ​ឧក្រិដ្ឋជន ដែល​អាច​ប្រព្រឹត្ត​បទល្មើស​សាជា​ថ្មី ដូចជា​ឧក្រិដ្ឋជន​ដែល​រំលោភ ឬ​សម្លាប់​មនុស្ស ប៉ុន្តែ ក្រុមភេរវជន ដែល​មាន​ជាប់សង្ស័យ​នឹង​អំពើ​ភេរវកម្ម មិន​ដែល​ស្ថិតនៅក្នុង​បញ្ជីឈ្មោះ​ខ្មៅ​របស់​តុលាការ​បារាំង​ទេ នៅក្រោយ​ការដោះលែង​ពី​ពន្ធនាគារ។ មានន័យថា ក្រោយ​ពួកភេរវករ ឬ​ពួក​ដែល​គេ​សង្ស័យថា មាន​និន្នាការ​ជ្រុលនិយម ទៅ​ខាង​ពួកជីហាត ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ពួកគេ​បាន​បាត់ស្រមោល លែង​ស្ថិតនៅ​នៅក្រោម​ការតាមដាន​តទៅទៀត​របស់​ប៉ូលិស។
 

នាយករដ្ឋមន្រ្តី​បារាំង​លោក​Manuiel Vallsឡើង​ថ្លែង​សុន្ទរកថា នៅសភា កាលពី​ថ្ងៃ​ទី ១៣​មករា
នាយករដ្ឋមន្រ្តី​បារាំង​លោក​Manuiel Vallsឡើង​ថ្លែង​សុន្ទរកថា នៅសភា កាលពី​ថ្ងៃ​ទី ១៣​មករា REUTERS/Charles Platiau

វិធានការ​សំខាន់​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មនោគម​វិជ្ជា ការទាក់ទាញ​របស់​ក្រុមភេរវកម្ម គឺ​ការដាក់​អ្នកទោស ដែល​ជ្រុលនិយម ឬ​ដែល​ជា​ភេរវករ ឲ្យ​នៅ​ដាច់​ពីគេ​ឯង នៅ​ក្នុង​ពន្ធនាគារ។ គោលដៅ គឺ​ដើម្បី​រារាំង​កុំ​ឲ្យ​ទណ្ឌិត​ដែល​ជា​ភេរវជន ឬ​អ៊ីស្លាម​ជ្រុលនិយម អាច​មាន​លទ្ធភាព​​បញ្ចុះបញ្ចូល អូសទាញ​អ្នកទោស​ផ្សេងទៀត ឲ្យ​ជឿ​លើ​ពួកជីហាត ចូល​ក្នុង​បណ្តាញ​ភេរវនិយម។ ចំណុច​នេះ ជា​ចំណុច​សំខាន់ ព្រោះ​តាម​លោក​Manuel Valls ភេរវជន ពីរនាក់​បងប្អូន គូស្ហ៊ី ដែល​បាញ់​សម្លាប់​អ្នកកាសែត Charlie Hebdo កាលពីថ្ងៃ​ពុធ​សប្តាហ៍មុន បាន​ស្គាល់ គូលីបាលី ឃាតករ​ដែល​បាញ់​សម្លាប់​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​ពេល​ពួកគេ​ជាប់​ពន្ធនាគារ​ជាមួយគ្នា។ នៅក្រោយ​ពេល​ចេញ​ពីគុក ពួកគេ​នៅ​បន្ត ទាក់ទងគ្នា និង​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​រួមគ្នា។

វិធានការ​ដែល​ធ្លាប់​មាន​រួចទៅ​ហើយ
ការដាក់​អ្នកទោស ដែល​ជាប់ចោទ​ពីបទ​ពាក់ព័ន្ធ​អំពើភេរវកម្ម ឲ្យ​នៅ​ដាច់​ពី​អ្នកទោស​ដទៃទៀត គឺ​ជា​ចំណាត់ការ ដែល​គេ​កំពុង​អនុវត្ត​សាកល្បង​តាំងពី​ខែ​តុលា នៅក្នុង​ពន្ធនាគារ មួយចំនួន នៅក្នុង​ប្រទេស​បារាំង ដូចជា​នៅ​Fresnes​ជាដើម។ បច្ចុប្បន្ន អ្នកទោស ដែល​ជា​ភេរវជន ឬ​ក្រុមជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ត្រូវ​បាន​គេ​ប្រមូលផ្តុំ ឲ្យ​ស្ថិតនៅ​ដាច់​ដោយ​ឡែក នៅក្នុង​ពន្ធនាគារ ដាច់​ឆ្ងាយ ពីអ្នកទោស ដទៃទៀត។

ការដាក់​អ្នកទោស នៅ​តាម​បន្ទប់​ដាច់​ដោយឡែក គឺ​ជា​វិធានការ​ដែល​សហគម​អឺរ៉ុប​បាន​ទាមទារ​យូរមកហើយ ឲ្យ​សមាជិក​របស់ខ្លួន ជា​ពិសេស​បារាំង​អនុវត្ត ឲ្យ​បាន​សម្រេច គឺ​ន​យ៉ាង​យូរ​បំផុត នៅ​ឆ្នាំ ២០២០ ប៉ុន្តែ បារាំង​ដែល​មាន​ចំនួន​អ្នកទោស​ច្រើន​ជាង​ពន្ធនាគារ ពិបាក​នឹង​អាច​អនុវត្ត​តាម​នយោបាយ​របស់​អឺរ៉ុបនេះ។ នៅ​បារាំង អ្នកទោស​ត្រូវ​បាន​ដាក់​ចូល​គ្នា ដោយសារ​តែ​ខ្វះ​កន្លែង។

ម្យ៉ាងទៀត តាមអ្នកជំនាញ​ខ្លះ ការប្រមូលផ្តុំ​តែ​ក្រុមជ្រុលនិយម ឬ​ក្រុមភេរវជន​ឲ្យ​នៅក្នុង​កន្លែង​តែមួយ និង​ដាច់​ឆ្ងាយ​ពីគេ នឹង​រឹត​តែ​ផ្តល់​ឱកាស​ឲ្យ​ពួក​ទាំង​នោះ អាច បង្កើត​បណ្តាញ​ស្នូល​ចាក់គ្រឹះ គាំទ្រ​ក្រុម​អាល់កៃដា ឬ​ក្រុមជីហាត នៅក្នុង​ពន្ធនាគារ​តែប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្រ្តី​ Valls​ទទួល​ស្គាល់​ការខ្វះខាត ចន្លោះប្រហោង នៅក្នុង​ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់​បារាំង

តើភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ធ្វេសប្រហែស មិន​អាច​ទប់ស្កាត់​កុំ​ឲ្យ​ភេរវជន បងប្អូន​គួរស្ហ៊ី និង​គូលីបាលី​ធ្វើ​ភេរវកម្ម? កាសែត​បារាំង​ជាច្រើន​បាន​ចោទសួរថា តើ​បងប្អូន​ភេរវករ គូស្ហ៊ី ដែល​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​រកឃើញ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​អាល់កៃដា​នៅ​ប្រទេស​យេម៉ែន ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង ដាក់​ស្ថិតនៅក្រោម​តាមដាន​កម្រិតខ្ពស់​ដែរឬទេ។ តើ អាមេរិក​មាន​បាន​ផ្តល់​ព័ត៌មាន ដែល​ថា បងប្អូន​គួស្ហ៊ី​មាន​ជាប់​ទាក់ទង​នឹង​បណ្តាញ​អាល់កៃដា ទៅ​ឲ្យ​ភ្នាក់ងារ​បារាំង​ដែរឬទេ? បងប្អូន គួស្ហ៊ី ធ្លាប់​ជាប់គុក ដោយសារ​តែ​មាន​ពាក់ព័ន្ធ​បណ្តាញ រើស​មនុស្ស​ឲ្យ​ក្រុមភេរវនិយម ប៉ុន្តែ មិន​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង​ចាត់ទុក​ជា​មុខ​សញ្ញា​គ្រោះថ្នាក់ ដែល​អាច​បង្ក​ភេរវកម្ម​នោះទេ។ ម្យ៉ាងទៀត ដោយសារ​តែ​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​បារាំង ធូរ​រលុង បងប្អូន​គួស៊្ហី ត្រូវ​បាន​ដោះលែង ឲ្យមាន​សេរីភាព បន្ទាប់​ពី​ជាប់គុក តែ​ជាង​មួយឆ្នាំ ពីបទ​ចូលរួម ជួយ​រំដោះ មេភេរវករ​ម្នាក់​ឲ្យ​រួចចេញ​ពីគុក។ ចំណែក​គូលីបាលី ដែល​មិនធ្លាប់​ចេញ​ទៅ​បរទេស​សោះនោះ មិន​ដែល​ ស្ថិតនៅក្រោម​ការតាមដាន​របស់​ចារកិច្ច​បារាំង​សោះ។

តាម​ចារកិច្ច​បារាំង ដែល​សុំ​មិនបញ្ចេញឈ្មោះ មនុស្ស​ជាច្រើន ត្រូវ​បាន​រើសបញ្ចូល ក្នុង​ស្ថាប័ន​ចារកិច្ច ប៉ុន្តែ ពួកគេ​ភាគច្រើន ធ្វើការ​តែ​នៅ​ក្នុង​ការិយាល័យ ដើម្បី​តាមដាន​ពីចម្ងាយ គឺ​ផ្តោតខ្លាំង​ទៅលើ​ប្រព័ន្ធ​អ៊ីនធ័រនេត ​ស្តាប់ ទូរស័ព្ទ​របស់​ជនសង្ស័យ ប៉ុន្តែ​មាន​ចារកិច្ច​តិច​ណាស់ ដែល​ធ្វើការ​នៅ​លើ​ទីតាំង​ផ្ទាល់។ ឥលូវ​នេះ​ទៀត ក្រុមភេរវជន​ឆ្លាត​ជាងមុន បាន​ប្តូរ​យុទ្ធសាស្រ្ត​របស់គេ ដោយ​កាត់បន្ថយ​ការទាក់ទង​តាមទូរស័ព្ទ ដើម្បី​ជៀសផុត​ពីការតាមដាន​របស់​ប៉ូលិស ដូចករណី ភេរវជន​គូលីបាលី​ដែល​ទាក់ទង ផ្សព្វផ្សាយ អូសទាញ​មនុស្ស តែ​នៅ​តាម​វិហារ​សាសនា។ ក្រុមអ៊ីស្លាម​ជ្រុលនិយម មិនត្រឹម​តែ​ធ្វើការ​អូសទាញ​មនុស្ស ប៉ុន្តែ គេ​នាំគ្នា​ទិញ​អាវុធ ឬ​ចេញ​ទៅ​​ហ្វឹកហាត់​បាញ់​កាំភ្លើង នៅ​បរទេស និង​ត្រលប់ចូល​ដោយ​គ្មាន​បញ្ហា ដើម្បី​​ធ្វើ​ភេរវកម្ម​ក្នុង​ទឹកដី​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ