អានតួអត្ថបទ
យេម៉ែន

អាល់កៃដា​នៅ យេម៉ែន​ប្រកាស​ថា ខ្លួន​ជា​អ្នកបញ្ជា​ឲ្យ​មាន​ភេរវកម្ម​ប្រឆាំង​Charlie Hebdo

បងប្អូន​គួរស្ហ៊ី​បិទមុខ​ចូល​បាញ់​សម្លាប់​អ្នកកាសែត​របស់​Charlie Hebdo កាលពីថ្ងៃ​ពុធទី ៧​មករា
បងប្អូន​គួរស្ហ៊ី​បិទមុខ​ចូល​បាញ់​សម្លាប់​អ្នកកាសែត​របស់​Charlie Hebdo កាលពីថ្ងៃ​ពុធទី ៧​មករា REUTERS/Reuters TV

នៅក្នុង​សារវីដេអូ​ដែល​បង្ហោះ​ផ្សាយ​តាម​អ៊ីនធ័រនែត កាលពីថ្ងៃ​ពុធ ម្សិលមិញ ក្រុម​អាល់កៃដា នៅ​យេម៉ែន​បាន​ប្រកាស ខ្លួន​ជាអ្នករៀបចំ និង​បញ្ជា​ឲ្យ​មាន​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទស្សនាវដ្តី Charlie Hebdo។ ការចេញមុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​ជាផ្លូវការ របស់​អាល់កៃដា នៅ​យេម៉ែន ធ្វើឡើង នៅ​មួយ​សប្តាហ៍​ក្រោយ អំពើភេរវកម្ម បាញ់​សម្លាប់​អ្នកកាសែត និង​អ្នកគូរ​រូបត្លុក​កំប្លែង​របស់​ Charlie Hebdo នៅ​កណ្តាល​ក្រុង​ប៉ារីស។ 

ផ្សាយពាណិជ្ជកម្ម

 

 

ការចេញមុខ​ទទួល​ខុសត្រូវ​ក្រុមអាល់កៃដា នៅ​យេម៉ែន​ថា ខ្លួន​ជា​អ្នកបញ្ជា​ឲ្យ​វាយប្រហារ​ទៅលើ​ទស្សនាវដ្តី​ Charlie Hebdo បាន​បញ្ជាក់​កាន់តែច្បាស់ ការសន្និដ្ឋាន​របស់​អាជ្ញាធរ​បារាំង។ នៅក្នុង​ពេល​ដែល​ការស៊ើបអង្កេត​កំពុង​ដំណើរការ រដ្ឋអាជ្ញា​បារាំង​បាន​កំណត់​រួចហើយថា ភេរវជន​បាញ់​សម្លាប់​អ្នកកាសែត​បារាំង កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុន គឺ​បងប្អូន​គួរស្ហ៊ី​នោះ មាន​ជាប់ទាក់ទង​នឹង​ក្រុម​Aqpa ក្រុមអាល់កៃដា នៅ​យេម៉ែន ដែល​ជា​បណ្តាញ​មួយ​របស់​អាល់កៃដា ប្រចាំ​ឧបទ្វីប​អារ៉ាប់។

កាល​ពីថ្ងៃ​ពុធ វិទ្យុបារំាង​អន្តរជាតិ RFI បាន​ទទួល​សារ​វីដេអូ​មួយ​របស់​ក្រុមអាល់កៃដា ជា​ភាសា​អារ៉ាប់ ប៉ុន្តែ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស។ នៅ​ក្នុង​សារ​វីដេអូ រយៈពេល ១០​នាទី ដែល​មាន​ដាក់​រូបភាព​វាយប្រហារ​របស់​ភេរវជន​ទៅលើ​ទីស្នាក់ការ​របស់​Charlie Hebdo ផងនោះ Nasser Ben Ali al-Anassi មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​អាល់កៃដា ប្រចាំ​ឧបទ្វីប​អារ៉ាប់ បាន​អះអាង​ថា វីរជន​ត្រូវ​បាន​គេ​រើស​បញ្ចូល និង​បាន​ធ្វើ​សកម្មភាព ទៅតាម​ផែនការ ​យ៉ាង​ជោគជ័យ។ វីរជន​ដែល​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាល់កៃដា​នៅ​យេម៉ែន ចង់​សំដៅ​នោះ គឺ​បងប្អូន​គួរស្ហ៊ី ដែល​ធ្វើ​ភេរវកម្ម​បាញ់​សម្លាប់ប៉ូលិស និង​អ្នកកាសែត​របស់​Charlie Hebdo កាលពីថ្ងៃ​ពុធ ទី ៧​មករា។

នៅ​ក្នុង​សារ​វីដេអូ អ្នកទទួល​ខុសត្រូវ​របស់​Aqpa​បាន​សង្កត់​ធ្ងន់​ដែរថា ការដាក់​ទិសដៅ រៀបចំ​គម្រោង រួម​ទាំង​ការផ្តល់​ហិរញ្ញវត្ថុ សុទ្ធ​តែ​ធ្វើ​ឡើង ថ្នាក់ដឹកនាំ​អាល់កៃដា ចំណែក​គម្រោង​ភេរវកម្ម​វាយប្រហារ​Charlie Hebdo ដើម្បី​ចង់​សងសឹក​ឲ្យ​ព្យាការី​មូហាមេដ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​បញ្ជារ​របស់​មេធំ​ អាល់កៃដា Ayman al-Zawahiri ដែល​អំពាវនាវ​ឲ្យ​ក្រុមអ៊ីស្លាម​វាយប្រហារ​ទៅលើ​អឺរ៉ុប តាម​គ្រប់​មធ្យោបាយ​ទាំងអស់។ ក្រៅតែ​ពី និយាយ​សើចចំអក ​ទៅលើ​ក្រុមមេដឹកនាំ​ពិភពលោក​ដែល​បាន​ចូលរួម​ដើរក្បួន កាលពីថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង​ប៉ារីស មេឃោសនា​របស់​Aqpa​បាន​កោតសរសើរ​ស្នាដៃ​​របស់​ភេរវជន​គូលីបាលី ដែល​បាន​សម្លាប់​ជនជាតិ​ជ្វីហ្វ​នៅ​Porte de Vincennes និង​ថា សកម្មភាព​របស់​គូលីបាលី​គ្មាន​ជាប់ទាក់ទង​នឹង​គម្រោងការ​របស់​ក្រុមអាល់កៃដាទេ ប៉ុន្តែ គ្រាន់តែ​វា​កើតឡើង នៅ​ចំជួន​គ្នា​តែប៉ុណ្ណោះ។

តាម​មន្រ្តីស៊ើបការណ៍​សម្ងាត់​យេម៉ែន នៅ​ឆ្នាំ ២០១១ បងប្អូន​គួរស្ហ៊ី​ទាំង២​នាក់ បាន​ចូល​ក្នុងទឹកដី​យេម៉ែន តាមរយៈ​ទឹកដី​អូម៉ង់ និង​បាន​ទទួល​ការបណ្តុះបណ្តាល ពី​ក្រុមអាល់កៃដា ឲ្យ​ចេះ​បាញ់​កាំភ្លើង នៅ​វាលខ្សាច់​Marib​ដែល​ជា​ទីតាំង សម្បុក​របស់​អាល់កៃដា។ នៅមុន​ត្រូវ​ប៉ូលិស​បារាំង​បាញ់​សម្លាប់ កាលពី​ថ្ងៃ​សុក្រ បងប្អូន​គួរស្ហ៊ី បាន​និយាយ​ប្រាប់​ទូរទស្សន៍​បារំាង ថា ខ្លួន​គេ​បាន​ទទួល​លុយ​ពី​មេអាល់កៃដា ម្នាក់ គឺ​Anouar Al Aoulaki ដែល​ក្រោយ​មក ត្រូវ​យន្តហោះ​ដ្រូន​អាមេរិក​បាញ់​សម្លាប់ នៅ​ឆ្នាំ​២០១១៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ