អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ៖ អឺរ៉ុប​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ត្រ​រួម​

សំឡេង ០៥:៣៤
ទាហាន​ល្បាត​នៅមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល
ទាហាន​ល្បាត​នៅមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល © Reuters

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​២៨​ប្រទេស ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ កិច្ចប្រជុំ​ដែល​មានទិស​ដៅ​​បង្ហាញ​អំពី​ឆន្ទៈ​ដាច់ខាត​​​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​​សហប្រតិបត្តិការ​រវាង​​ប្រទេស​ជា​សមាជិក​ទាំង​២៨​ ក្នុងវិស័យ​ស៊ើប​អង្កេត​ ផ្តោះប្តូរ​ព័ត៌មាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម​ជីហាត។ ​ រដ្ឋមន្ត្រីការបរទេស​បារាំង​បាន​ពាំនាំ​ទៅ​ជា​នូវ​ផែនការ​សកម្ម​ ៧​ចំណុច​ ដូច​ជា​ពង្រឹង​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន តាមដាន​ជាប់​​ជនមាន​និន្នាការ​ជ្រុល​និយម​ក្នុង​ពន្ធនាគារ តាម​អ៊ីនធ័រនែត ឬ​ក៏​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស ។ល។និង​។ល។

ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​ត្រូវ​ពិភាក្សា​អំពី​​ទំនាក់ទំនង​ជា​រុស្ស៊ី​ដ៏​តានតឹង ប្រធានបទ​ដែល​​សំខាន់​និង​ធំ​​បំផុត​នៃ​កិច្ច​ប្រជុំ​គឺ​ស្វែង​រក​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ដោយ​មាន​​អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប​ ជា​ភ្ញៀវ​ពិសេស​ចូលរួម​ជាមួយ​ផង។ អឺរ៉ុប​ចង់​បង្ហាញ​ឆន្ទៈ​ដាច់​ខាត​ផង និង​បង្ហាញ​ពី​ឯកភាព​គ្នា​ផង​លើ​វិស័យ​ការពារ​សន្តិសុខ​ជាតិ ប្រឆាំង​នឹង​ភេរវកម្ម​មិន​មែន​ត្រឹម​ថ្នាក់​អឺរ៉ុប​ឡើយ។

 

វា​មិន​មែន​ជា​ការ​កម្រ​ទេ ដែល​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស លើក​មក​ជជែក​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​បាន​ប្រកាស​​តាម​ប្រព័ន្ធ​ឃោសនា បន្ទាប់​ពី​មាន​សំណើ​ផ្សេងៗ​ពី​សំណាក់​អ្នក​ឯកទេស បក្ស​ប្រឆាំង ប្រមុខ​រដ្ឋាភិបាល​ ​ ផែនការ​សកម្ម​ថ្នាក់​អឺរ៉ុប ត្រូវ​បាន​លើក​យក​មក​លាត​ត្រដាង នៅ​លើ​តុ ដើម្បី​ពិភាក្សា​រក​យុទ្ធសាស្ត្រ​រួម​ និង​សហការ​គ្នា។ សហភាពអឺរ៉ុប​មាន​ឆន្ទៈ​ជាង​ពេល​ណាៗ​ទាំង​អស់​​ ប្រែក្លាយ​ជំនួប​ប្រជុំ​ថ្ងៃ​នេះ ឱ្យ​ទៅជា​សកម្មភាពជាក់​ស្តែង​ឱ្យ​បានកាន់​តែ​ឆាប់។

ប្រធានបទ​ដែល​អាទិភាព​ និង​ដែល​​ត្រូវ​យក​ជជែក​គ្នា​ស៊ីជម្រៅ​ មាន​ជាអាទិ៍ ៖ កិច្ចសហប្រតិបត្តិការ​​ផ្នែក​ស៊ើប​អង្កេត​ បង្កើត​បញ្ជីឈ្មោះ​អ្នក​ដំណើរ​ផ្លូវ​អាកាស​រួមថ្នាក់​អឺរ៉ុប ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​អាវុធ ការ​តាមដាន​បម្រើ​បម្រាស់​តាម​អ៊ីនធ័រនែតរបស់​ក្រុម​ផ្តាច់​ខ្លួន​ធ្វើ​ជា​អ្នក​ជ្រុល​និយម។

ប្រធានបទ​ទាំង​អស់​នេះ ជា​សមត្ថកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ច្រើន​ជាង ប៉ុន្តែ​នៅក្នុង​ចំណោម​ផែនការ​៧​ចំណុច​ របស់​រដ្ឋមន្ត្រី​ការបរទេស​​បារាំង មាន​​​ស្នើ​ឱ្យ​​​ត្រួត​ពិនិត្យ​តាម​ព្រំដែន (ខាង​ក្រៅ) ព្រំដែន​របស់​អឺរ៉ុប ជាពិសេស​ព្រំដែន​ខាង​ត្បូង​ តាម​បណ្តោយ​សមុទ្ទ​​មេឌីទែរ៉ាណេ។
ម្យ៉ាង​វិញ​ទៀត ជំនួប​​​ថ្ងៃ​នេះ គឺ​ជា​ដំណាក់កាល​ដំបូង មុន​នឹង​ឈាន​ដល់​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប​នៅ​ថ្ងៃ​ទី ២៨​​មករា និង​ជំនួប​កំពូល​​ថ្នាក់​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​​នៅ​ថ្ងៃទី ១២ កុម្ភៈ​២០១៥​ខាង​មុខ​នេះ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​និង​យុទ្ធជន​ជីហាត​មក​ពី​ស៊ីរី​និង​អ៊ីរ៉ាក់។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ជា​សក្ខីភាព​នៃ​ការ​រួបរួម​អន្តរជាតិ ប្រមុខ​ការ​បរទេស​អឺរ៉ុប​ក៏​នឹង​អញ្ជើញ ទៅ​ចូល​រួម​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ ក្នុង​ជំនួប​អង់គ្លេសអាមេរិក ព្រមទាំង​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់​និង​នៅ​ស៊ីរី។

ឆន្ទៈ​នយោបាយ
 
ភ្នាក់ងារ​អង្កេត​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ​ ធ្លាប់ និង​សហការ​គ្នា​ យ៉ាង​ជិត​ស្និទ្ធ​តែ​រហូតមក ហើយ​ក៏​មាន​ដំណើរ​ការ​យ៉ាង​​រលូន​ដែរ។ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​យល់​ និង​ដឹង ថា​មាន​ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ដូច​គ្នា ប៉ុន្តែ​ប្រទេស​នីមួយៗ​​មាន​ច្បាប់​ខុស​គ្នា។ វិធានការ​ចង់​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​​ផ្លូវ​អាកាសអឺរ៉ុប​ ដែល​នឹង​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​ស៊ើបការណ៍​អាច​ដឹង​បាន​ភ្លាម​អំពី​ការ​ធ្វើដំណើរ​របស់​ជនសង្ស័យ​ជីហាត ត្រូវ​ជាប់​គាំង​នៅ​សភា​អឺរ៉ុប។
ត្រឹម​ចំណុច​នេះ​ យើង​អាច​និយាយ​បាន​ នៅ​ខ្វះ​តែ​ឆន្ទៈ​នយោបាយ​​ប៉ុណ្ណោះ ក្នុង​ការ​បន្ស៊ី​ច្បាប់​ឱ្យ​ត្រូវ​និង​ស្រប​គ្នា​ ជាពិសេស​ជុំ​វិញ​ច្បាប់​​ប្រឆាំង​ភេរវកម្ម និង​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជា​ក្រុម ព្រម​ទាំង​ការ​ជួញ​ដូរ​អាវុធ។ គេ​មិន​អាច​គិត​គូរ​តែ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម ដោយ​មិន​ទប់​ស្កាត់​ការ​ជួញដូរ​អាវុធ​ដែល​ឧក្រិដ្ឋកម្ម​រៀប​ចំ​ជា​ក្រុម​បាន​ឡើយ។ ​
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​​បារាំង​ និងប្រមុខ​ការទូត​​អឺរ៉ុប ចង់​ឱ្យ​សភា​អឺរ៉ុប​បើក​ភ្លើង​ខៀវ​ព្រម​ឱ្យ​មាន​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​រួម​ថ្នាក់​អឺរ៉ុប​ ឯ​ចំណែក​រដ្ឋមន្ត្រីការបរទេស​បែលហ្សិកចង់​ឱ្យ​មាន​ការ​ផ្តោះប្តូរ​ព័ត៌មាន​គ្នា​ ដើម្បី​អាច​តានដាន​រួម​គ្នា​ដាន​ធ្វើ​ដំណើរ​របស់​ជន​សង្ស័យ។

ពង្រឹង​ការ​ត្រួតពិនិត្យ​ព្រំដែន​អឺរ៉ុប​
 
ការ​ត្រួត​ពិនិត្យ​ព្រំដែន​ក្រៅ ព្រំដែន​អឺរ៉ុប​ គួរ​តែ​ត្រូវ​​​ពង្រឹង។ ប្រសិន​បើ​ អឺរ៉ុប​មាន​ការ​​ត្រួត​ពិនិត្យ​ព្រំដែន​បាន​ហ្មត់ចត់ និង​មាន​បញ្ជី​ឈ្មោះ​រួម​ គេ​នឹង​អាច​បាន​ដឹង​អំពី​ដំណើរ​ទៅ​-មក​របស់​ភេរវជន​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ាក់ ... ហើយ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ផ្ទៃ​អឺរ៉ុប​ អាច​​ត្រូវ​ចោទ​ជា​បញ្ហា​។

​​ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​ព្រំដែន​អឺរ៉ុប​នេះ កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​អឺរ៉ុប​ គួរ​តែ​បាន​គិតគូរ។ តួកគី​ត្រូវ​បាន​គេ​ចង្អុល​មុខ​ជា​​ អំពី កង្វះ​ឆន្ទៈ​ក្នុង​ការ​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​អឺរ៉ុប​ជាពិសេស​នៅ​ពេល​ដែល​ជន​ជីហាត ឆ្លង​កាត់​​តាម​តួកគី​សំដៅ​និង​មក​ពី​ស៊ីរី​ឬ​អ៊ីរ៉ាក់។ ការ​វិវឌ្ឍន៍​ចលនា​ជីហាត​នៅ​លីប៊ី ក៏​ជា​កង្វល់​របស់​អឺរ៉ុប​ដែរ ព្រោះ​អឺរ៉ុប​យល់​ច្បាស់​ថា​លីប៊ី​ដែល​គ្មាន​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ​ ត្រូវ​ការ​អន្តរាគមន៍​យោធា​ នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​អឺរ៉ុប​គ្មាន​កម្លាំង។ រដ្ឋាភិបាល​ខ្លះ​បាន​ចោទ​សួរ​រួច​ទៅ​ហើយ​ ថា​ដល់​វេលា​ដែល​អឺរ៉ុប​ត្រូវ​បង្កើន​​ថវិកា​ផ្នែកការពារ​ជាតិ​។ ប្រទេស​ខ្លះ​បាន​សម្រេច​តែ​ម្នាក់​ឯង​រួច​ទៅ​ហើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ