អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​បាន​ជា​ការ​​បោះឆ្នោត​សភា​ក្រិក​សំខាន់​ខ្លាំង​សម្រាប់​អឺរ៉ុប?

សំឡេង ០៦:៥២
ប្រមុខ​បក្ស​ប្រឆាំង​ស៊ីរីហ្សា លោក  Alexis Tsipras ទៅ​បោះឆ្នោត​ថ្ងៃ​ទី ២៥​មករា ២០១៥
ប្រមុខ​បក្ស​ប្រឆាំង​ស៊ីរីហ្សា លោក Alexis Tsipras ទៅ​បោះឆ្នោត​ថ្ងៃ​ទី ២៥​មករា ២០១៥ Reuters/路透社

ពិភពលោក​កំពុង​បំបែរ​ចក្ខុ​ជា​ថ្មី​ទៅ​​មើល​ក្រិក ដែល​​មាន​រៀប​ចំ​ការ​បោះឆ្នោត​​សភា​​មុន​អាណត្តិ​នៅ​ថ្ងៃទី ២៥​មករា ២០១៥​នេះ។ ជា​ការ​បោះឆ្នោត​ដែល​អាចមាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ សំខាន់​​ទាំងសម្រាប់​ក្រិក​ ប្រទេស​ដ៏​ក្រីក្រ​ជាប់​បំណុល​វណ្ឌ​ក​​ផង និង​ទាំង​សម្រាប់​ម្ចាស់​បំណុល​​អន្តរជាតិ​ ដូច​យ៉ាង​គណៈកម្មាការ​​អឺរ៉ុបផង។ គ្រប់​ការស្ទង់​មតិ សុទ្ធ​តែ​ព្យាករ​ថា​គណបក្ស​ឆ្វេង​និយម​ជ្រុល​ ស៊ីរីហ្សា ឈ្នះ​ឆ្នោត​នាំ​មុខ​គណបក្ស​កំពុង​កាន់​អំណាច ស្និទ្ធ​នឹង​អឺរ៉ុប។​ ហើយ​គឺ​ស៊ីរីហ្សា នេះ​ឯង ដែល​បាន​សន្យា​សើរើ​នយោបាយ​ត្បិតត្បៀត​ កំណត់​ដោយ​​សហភាព​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។

ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​​បាន​​ចាប់​បើក​តាំងពី​ព្រលឹម រហូត​ដល់​ម៉ោង​៧​យប់​ ម៉ោង​នៅក្នុង​ប្រទេស​ ចាំ​ទទួល​​បណ្តាជន​ក្រិក​ជិត​១០​លាន​នាក់​។ ជាការ​បោះឆ្នោត​ដែល​សហភាព​អឺរ៉ុប តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​តែ​ម្តង។ ព្រោះ​គណបក្ស​ឆ្វេង​និយម​ជ្រុល​កំពុង​តែ​នាំ​មុខ។

 
តាំង​ពី​ឆ្នាំ​២០១០មក ក្រិក​អាច​រស់​បាន​ដោយ​សារ​ជំនួយ​ហិរញ្ញវត្ថុ​ ២៤០​ពាន់​លាន​អឺរ៉ូ ដែល​គណៈកម្មការអឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បណ្តក់​ឱ្យ​ ជា​ថ្នូរ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​​​ស៊ីជម្រៅ ពោល​គឺ​ការ​ត្បិតត្បៀត​ថវិកា កាត់​បន្ថយ​ចំណាយ​សាធារណៈ​។
បើ​តាម​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​ វិធានការ​នេះ​ចាប់ផ្តើម​ផ្តល់​ផ្លែផ្កា​ហើយ តែ​ក្រិក​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​​​យូរ អត្រា​អ្នក​ឥត​ការងារ​ធ្វើ​បាន​កើន​ឡើង​ដល់​ទៅ​២៥%​។

ក្នុង​ស្ថានភាព​បែប​នេះ​ គណបក្ស​ស៊ីរីហ្សា (Syriza) បាន​ស្នើឱ្យ​មាន​ការ​រុះ​រើ​រចនា​សម្ព័ន្ធ​ ជជែក​គ្នា​ឡើង​វិញ​អំពី​បញ្ហា​បំណុល​ក្រិកនេះ ដោយ​ត្រូវ​សង​ទៅ​តាម​កំរិត​កំណើន​សេដ្ឋកិច្ច​ក្រិក ឬ​ត្រូវ​លុប​ចោល​បំណុល​មួយ​ភាគ (បំណុល​ក្រិក​មាន​កំរិត​ដល់​ទៅ ១៧៥%​​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ក្នុង​ឆ្នាំ​២០១៣)។​ ប្រមុខ​ដឹកនាំបក្ស​ស៊ីរីហ្សា លោក អាឡិចស៊ី ស៊ីប្រាស (Alexis Tsipras)បានយក​ឧទាហរណ៍​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៩៥៣​ មក​ធ្វើ​ជា​អំណះអំណាង ទើប​បាន​ជា​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​អន្តរជាតិធំៗ​ទាំង​បី​អត់​ព្រួយ​ភ័យ​មិន​បាន។

គណបក្ស​ស៊ីរីហ្សា​នេះ ទើប​ត្រូវ​បង្កើត​ឡើង​ជា​ផ្លូវការ​​នៅ​ខែ​កក្កដា ២០១៣។ ពី​មុន​មក​ស៊ីរីហ្សា គ្រាន់​តែ​ជា​សម្ព័ន្ធ​ចម្រុះ​អ្នក​ឆ្វេង​និយម អ្នកបរិស្ថាន​និយម អ្នក​​កុម្មុយនិស្ត​ បែប​ម៉ៅ​និយម ស្តាលីន​និយម​ ​បើក​ទូលាយ​​ខ្លាំង​ទៅ​ខាង​ផ្នែក​សង្គម​ និង​ងាក​ទៅ​រក​ភាព​​ឆ្វេង​ជ្រុល​និយម​បន្តិច​ម្តងៗ ​ប្រកាស​ចំៗប្រឆាំង​អឺរ៉ុប ប្រឆាំង​នឹងនយោបាយ​​ការ​ត្បិតត្បៀត​ថវិកា បញ្ចប់​បំណុល​ បញ្ចប់​អាណាព្យាបាល​​ហិរញ្ញវត្ថុ ដែល​មិន​ធ្លាប់​មាន​ឡើង​នៅ​អឺរ៉ុប។ អនាគត​អឺរ៉ុប​មិន​មែន​ស្ថិត​នៅលើ​ការ​ត្បិត​ត្បៀត​ថវិកា​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក អាឡិចស៊ី ស៊ីប្រាស អនាគត​នាយក​រដ្ឋមន្ត្រី​ថ្មីក្រិក ក្រោយ​បោះឆ្នោត​រួច​ភ្លាម​ព្រឹកមិញ។

​តើ​​បំណុល​ដ៏​មហាសាល​​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?

​ស៊ីរីហ្សា​​កំពុង​តែ​នាំ​មុខ និង​កំពុង​តែ​ចង់​ដណ្តើម​យក​សំឡេង​ដាច់​ខាត​ក្នុង​សភា​ដើម្បី​មាន​អំណាច​ដឹក​នាំ​ប្រទេស​ពេញ​ដៃ​តែ​ម្នាក់​ឯង។ បើ​តាម​ការ​ស្ទង់​មតិ​ស៊ីរីហ្សា​អាច​នឹង​ទទួល​ការ​គាំទ្រ​ប្រមាណ​៣០% (គេត្រូវការ​៤០%​ទើប​មាន​​សំឡេង​ដាច់​ខាត)។ តែ​ទោះបី​ជា​ឈ្នះ​ដាច់ ឬ​​ត្រូវ​​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​តូចៗ​ក៏ដោយ គឺ​ច្បាស់​ណាស់​ដែល​ថា​វិបត្តិ​ប្រាក់​បំណុល​ ដែល​ស៊ីរីហ្សា​សន្យាលុប​ចោល នឹង​ក្លាយ​ជា​ការ​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោលនោះ។

ស៊ីរីហ្សា​បាន​សន្យា​បង្កើន​ចំណាយ​សាធារណៈ​១២ពាន់​លាន​អឺរ៉ូ បញ្ចុះ​អាយុ​ចូល​និវត្តន៍​ពី ៦៧​មក​៦២​ឆ្នាំ បង្កើន​ប្រាក់​ខែ​អប្បបរិមា​ឱ្យ​ឡើង​ដល់​៧៥១​អឺរ៉ូ​ ជួយ​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​​ ផ្នែក​អាហារ​ ផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ ដល់​អ្នក​អត់​ការងារ​ធ្វើ ... តែ​ទំនង​ជា​មិន​​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​ដំបូង​ឡើង​រដ្ឋាភិបាល​ស៊ីរីហ្សា ត្រូវ​តែ​ចរចា​ដោយ​ចៀស​មិន​រួច​ជាមួយ​ ម្ចាស់​បំណុល​ទាំង​បី (គណៈកម្មការ-ធនាគារ​កណ្តាល​​អឺរ៉ុប​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ) ដើម្បី​បាន​លុយ​ដំណាក់កាល​ចុង​ក្រោយ​មកចាយ​វាយ​។

Syriza អាច​បោះបង់​កម្មវិធី​ចូលនិវត្តន៍ ឬ​​ប្រាក់ខែ​អប្បបរិមា​ តែ​ទំនង​មិន​បន្ធូរ​ដៃ​ក្នុង​បញ្ហា​ប្រាក់​បំណុល​ឡើយ។ ការ​ចរចា​ បើ​បាន​ត្រឹម​តែ​បន្ធូរ​បន្ថយ​ ដូច​ជា​ពន្យារ​ពេល​សង បន្ថយ​ការ​ប្រាក់ .. ឬ​លុប​ចោល​បំណុល​ខ្លះ អាច​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​បាត់​ទៅ​ហើយ​សម្រាប់​ក្រិក។
ហើយ​បើ​និយាយ​មិន​ត្រូវ​គ្នា​មែន​ទែន គឺ​ក្រិក​ទ័លច្រក​ គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ពី​ដើរ​ចោល​បំណុល​ ហើយ​អ្នក​ដែល​ខាត​ធំ​គឺ​តំបន់​អឺរ៉ូ។

​ក្រិកចេញ​ពី​តំបន់​ចាយ​ប្រាក់អឺរ៉ូ

បើ​តាម​ក្បួន​លើ​ក្រដាស​ ក្រិក​បោះបង់​ប្រាក់​អឺរ៉ូ ទៅ​ចាយ​លុយ​ផ្ទាល់​ខ្លួន​មាន​តម្លៃ​ថោក​ជាង នឹង​នាំ​ឱ្យ​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ខ្លាំង។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​ គឺ​ក្រិក​ខ្លួន​ឯង​នឹង​ត្រូវ​ផុង​ខ្លួន​ មាន​វិបត្តិ​ហិរញ្ញវត្ថុ។ ថ្វី​ដ្បិត​តែ​ដៃ​គូ​អឺរ៉ុប មិន​ចង់​ឃើញ​សេណារីយោ​ដែល​អាច​នាំ​ឱ្យ​មាន​ជ្រួល​ច្របល់​ក្នុង​តំបន់​អឺរ៉ូ តែ​ហានិភ័យ​នេះ​មិន​អាច​ច្រាន​ចោល​ទាំង​ស្រុង​បាន​ទេ។
តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ផលវិបាក​មាន​តិច​តួច​ និង​តែ​ដំបូង​ភ្លាម​បន្តិច​ទេ ក្រោយ​មក​ទីផ្សារ​​ហិរញ្ញវត្ថុ​នឹង​ស្ងប់ស្ងាត់​វិញ​​ ព្រោះ​ប្រព័ន្ធ​ធនាគារ​អឺរ៉ុប​រឹងមាំ​ជាង​មុន។​ សហភាព​អឺរ៉ុប​មិន​ខ្លាច​នឹង​ជំងឺ​ឆ្លង​ ដើរ​ចេញ​ពី​តំបន់​អឺរ៉ូ​ របស់​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទេ។ ប៉ុន្តែ​លើ​ផ្នែក​នយោបាយ​ ជោគជ័យ​របស់​ស៊ីរីហ្សា អាច​នឹង​ពង្រឹង​ចលនា​អ្នក​ឆ្វេង​និយម​នៅ​ប្រទេស​អេស្ប៉ាញ​ ដែល​នឹង​ត្រូវ​​បោះឆ្នោត​តំបន់​នៅ​ឆ្នាំនេះ ហើយ​នឹង​អាចធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​លើ​ស្ថិរភាព​នយោបាយ​នៅ​អឺរ៉ុប។

ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​នេះ គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ឆ្នោត​ និង​ការ​បង្កើត​រដ្ឋាភិបាល​ក្រិក​ថ្មី​សិន។ តើ​ស៊ីរីហ្សា​នឹង​ឈ្នះ​ដាច់​ដែរឬទេ ?! បើ​គ្មាន​សំឡេង​ដាច់​ខាតទេ ​ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ បើ​ធ្វើ​មិន​កើត​ត្រូវ​ប្រគល់​ភារកិច្ច​ឱ្យ​បក្ស​លំដាប់​ទី​ពីរ ឬ​ទីបី​ ហើយ​បើ​នៅ​តែ​គ្មាន​លទ្ធផល​ ក្រិក​​ត្រូវ​រៀប​ចំ​បោះឆ្នោត​ម្តង​ទៀត ពេល​នោះ​វិបត្តិ​ពិត​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​តំបន់​តំបន់​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ