អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៧០​ឆ្នាំ​ក្រោយ​​ការ​រំដោះ​ជំរំ​Auschwitz អឺរ៉ុប​នៅ​តែ​ប្រឈម​នឹង​ការ​ស្អប់​ខ្ពើម​ជ្វីហ្វ

សំឡេង ០៦:០៦
ជំរំ​ប្រមូល​ផ្តុំ​ជ្វីហ្វ​ Auschwitz (ភាគ​ខាង​ត្បូង​ប្រទេស​ប៉ូឡូញ)
ជំរំ​ប្រមូល​ផ្តុំ​ជ្វីហ្វ​ Auschwitz (ភាគ​ខាង​ត្បូង​ប្រទេស​ប៉ូឡូញ) REUTERS/Laszlo Balogh

ថ្ងៃ​នេះ​ជា​ខួប​៧០​ឆ្នាំ​គត់​​នៃ​ការ​រំដោះ​ជំរំ​ប្រមូល​ផ្តុំ​ជ្វីហ្វ​នៅ​Auschwitz ប្រទេស​ប៉ូឡូញ ពី​កណ្តាប់​ដៃ​កងទ័ព​អាល្លឺម៉ង់​ណាស៊ី។ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ជា​ច្រើន​របស់​អឺរ៉ុប មានជាអាទិ៍​ ​ប្រធានាធិបតី​បារាំង អាល្លឺម៉ង់ អ៊ុយក្រែន តំណាង​រាជរង្ស​បែលហ្សិក​ ហូឡង់ … ត្រូវ​អញ្ជើញ​ទៅ​ចូល​រួម​បារព្ធ​ពិធី​រំឮកខួប​នេះ ដើម្បី​ឧទ្ទិស​កុំ​ឱ្យ​មាន​ការ​ប្រល័យ​ជីវិត​មនុស្ស​​បែប​នេះ​កើត​ឡើង​ជា​ថ្មី​បាន​ទៀត។ ប៉ុន្តែ​ការ​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះលើក​នេះ​​ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ចរន្ត​​ប្រឆាំង​រើស​អើង​នឹង​ពូជ​សាសន៍​ហាក់​មាន​សន្ទុះ​​ខ្លាំងគួរ​ឱ្យ​ព្រួយ​បារម្ភ​ដដែល​​នៅ​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

កាលពី​១០​ឆ្នាំ​មុន អង្គការ​សហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី ២៧ មករា ជា​ទិវា​អន្តរជាតិ​ឧទ្ទិស​ដល់​​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​ស្នាដៃ​អ៊ីត្លែរ។ កម្មវិធី​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​២៧​មករា​នេះ នៅមុខ​ជំរំ​ Auschwitz ដោយ​មាន​​អ្នក​រួច​ពី​ស្លាប់​​ប្រមាណ​ជាង​៣០០​នាក់​ចូល​រួម​ ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋ​ បារាំង​អាល្លឺម៉ង់ អ៊ុយក្រែន​ តំណាង​អាមេរិក គ្រួសារ​រាជវង្ស​ប៊ែលហ្សិក​ហូឡង់។

 
ជំរំ​ Auschwitz

នៅក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ អ៊ីត្លែរ​ដែល​ជា​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ មាន​គំនិត​ជាតិ​និយម​ជ្រុល ចង់​សង​សឹក​ ចង់​បង្ក​បង្កើត​ប្រជាជាតិ​អាល្លឺម៉ង់​ដោយ​ឈរ​លើ​មូលដ្ឋាន​ជាតិ​សាសន៍ បន្សុទ្ធ​ពូជ ពោល​គឺ​កម្ចាត់​ជាតិ​សាសន៍​ដទៃ​ ជាពិសេស​ជ្វីហ្វ​ ចេញ​ពី​ដឹក​ដី​អាល្លឺម៉ង់ និង​ក្នុង​ទឹក​ដី​ដែល​កង​ទ័ព​អាល្លឺម៉ង់​ឈ្លានពាន​ដល់។ ជំរំ​ប្រមូល​ផ្តុំ​​ជ្វីហ្វ ដើម្បី​យក​ទៅ​សម្លាប់ មាន​ច្រើន​កន្លែង​ណាស់ ប៉ុន្តែ​មជ្ឈមណ្ឌល​សម្លាប់ ដោយ​ដុត​ភ្លើង​ហ្កាស ទាំង​ហ្វូងៗ​សំខាន់​ជាង​គេ​ គឺ​នៅ​ប្រទេស​ប៉ូឡូញ ដែល​អាល្លឺម៉ង់​កាន់កាប់ ក្នុង​នោះ​​ជំរំដ៏​ធំ​ជាង​ គឺ​ជំរំ​​ Auschwitz នេះ​ឯង។ មាន​មនុស្ស​មិន​តិច​ជាង ១​លាន​១​សែន​នាក់​ទេ បាន​ស្លាប់​ក្នុង​ជំរំ​ Auschwitz​ នេះ ក្នុង​នោះ ជិត​មួយ​លាន​នាក់​ជា​ជន​ជាតិ​ជ្វីហ្វ មក​ពី​ប្រទេស​ផ្សេងៗនៅ​អឺរ៉ុប ដូច​ជា មក​ពី​ប៉ូឡូញ មក​ស៊ីហ្កាន និង​មក​ពីរុស្ស៊ី។ ​កង​ទ័ព​របស់សហភាព​សូវៀត ជា​អ្នក​វាយ​រំដោះ​ជំរំ​នេះពី​កណ្តាប់​ដៃ​​កង​ទ័ព​អាល្លឺម៉ង់ នៅ​ថ្ងៃទី ២៧ មករា ១៩៤៥។

កាលពី​ឆ្នាំ​២០០៥ ពោល​គឺ​ក្នុង​ខួប​៦០​ឆ្នាំ លោកពូទីន បាន​ស្ម័គ្រ​ស្មោះ​មក​ចូល​រួម​​រំឮក​ខួប​ក្បែរ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ដោយ​គ្មាន​ទាំង​ការ​អញ្ជើញ​អ្វី​ជា​ផ្លូវការ​ផង ប៉ុន្តែ​នៅ​លើក​នេះ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី មិន​ត្រូវ​ការ​ធ្វើ​ដំណើរ​មក​ជួប​ប្រមុខ​រដ្ឋ​ រដ្ឋាភិបាល​អឺរ៉ុប​ផ្សេង​ទៀត​ទេ។ ស្ថានភាព​ដុនដាប​នៅអ៊ុយក្រែន​ ទំនាក់ទំនង​ល្អក់​កករ​រវាង​រុស្ស៊ី​និង​អឺរ៉ុប​ ស្ទើរ​ដល់​បាត​ទំនង​ជា​មូល​ហេតុ​​ដែល​ជំរុញ​ឱ្យ​លោក​ពូទីន​អវត្តមាន​ពេល​នេះ ដោយ​បញ្ជូន​​តំណាង​ត្រឹម​ប្រធាន​រដ្ឋបាល​វិមាន​ប្រធានធិបតី​មក​ជំនួស។

ចរន្ត​​​ការ​​​ស្អប់​ខ្ពើម​​ជនជាតិ​ជ្វីហ្វ​

ខួប​៧០​ឆ្នាំ​ត្រូវ​ចំ​លើ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​សម្រែក​អំពាវនាវ​ បាន​ឮ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ក្នុង​ទម្រង់​ខុស​គ្នា ឱ្យ​បញ្ឈប់​សកម្មភាព​រើស​អើង​ស្អប់​ខ្ពើម​​ពូជសាសន៍​ ពិសេស​ពូជសាសន៍​ជ្វីហ្វ។ ម្សិលមិញ​លោក​ស្រី​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ប្រកាស​ជា​ឧឡាឬក​ ថ្កោល​ទោស​ហេតុការណ៍​​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​ដែលទើប​កើត​ឡើង​ថ្មីៗ​នៅ​ក្នុង​ប្រទេសអាល្លឺម៉ង់។ សម្រាប់​លោកស្រី វា​គឺ​ជា​ការ​គួរ​ឱ្យ​អៀន​ខ្មាស​បំផុត​ ដែល​មក​ដល់​សម័យ​នេះ​ហើយ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​មនុស្ស​ត្រូវ​គេ​វាយ​ គំរាម ឬ​ប្រហារ​ ព្រោះ​​តែ​មាន​កំនើត​ដើម​ជា​ជ្វីហ្វ ឬ​ព្រោះ​តែ​ប្រកាន់​ជំហរ​អ៊ីស្រាអែល។ ចំណែក​លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​ ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​​នៅ​ក្រុង​ប៉ារីសសិន​ មុន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ជំរំ​ Auschwitz បាន​ប្រកាស​ពង្រឹង​ទោស​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍ និង​ការ​ស្អប់​ខ្ពើម​​ជ្វីហ្វ។ សម្រាប់​លោក​ប្រធានាធិបតី​ ការ​ស្ទុះ​ឡើង​ទ្វេ​ជា​ពីរ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ចរន្ត​ស្អប់​ខ្ពើម​ជ្វីហ្វ ជា​ការ​ពិត​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

អ្នក​រួច​ពី​ស្លាប់​ពី​ជំរំ​ Auschwitz មួយ​ចំនួន​ បាន​ភ្ជាប់​ហេតុការ​ណ៍​ភេរវកម្ម​ ជីហាត ប្រឆាំង​នឹង​ទីស្នាក់ការ​កាសែត Charlie ​និង​ហាង​ទំនិញ​ជ្វីហ្វ​នៅក្រុង​ប៉ារីស កាលពី​២០​ថ្ងៃ​មុន ថា​មាន​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ដើម​បូព៌ា និង​ជា​ឥទ្ធិពល​នៃ​ចរន្ត​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ​នៅអឺរ៉ុប។ សមិទ្ធិករ​អាមេរិក​ដ៏​ល្បីល្បាញ លោក​ Steven Spielberg ដែល​បាន​ផលិត​ភាពយន្ត​ប្រមូល​​សក្ខីភាព​ពី​ជន​រងគ្រោះ​​ក្នុង​ជំរំ​ណាស៊ី ជាង ៥៣០០០​នាក់ បាន​មើល​ឃើញ​និង​បរិហារ​ការ​ស្ទុះ​ឡើង​សកម្មភាព​ស្អប់​ខ្ពើម​ប្រឆាំង​ជនជាតិ​ជ្វីហ្វ ក្នុង​ទម្រង់​ចង់​កម្ចាត់​ឱ្យ​ពូជសាសន៍​នេះ​ចេញ​ផុតពី​អឺរ៉ុប។ នៅ​ទីក្រុង​ប្រាក ប្រទេស​ប៉ូលូញ​ដ៏​ដូច​គ្នា ប្រមុខ​សមាជ​ជ្វីហ្វ​អឺរ៉ុប​ យល់​ថា​សហគមន៍​ជ្វីហ្វ​កំពុង​​ប្រឈម​នឹង​គ្រោះ “ចំណាក​ស្រុក” ​ថ្មី។ ព្រោះ​ជ្វីហ្វ​​តក់​ស្លុត​នឹង​គំនាប​សេដ្ឋកិច្ច ដូច​ករណី​នៅ​ក្នុង​ប្រទេស​ក្រិក​ឬហុងគ្រី​ផង ឥលូវ​ត្រូវ​ជាន់​ថែម​មួយ​កំរិត​នឹង​គ្រោះ​អ៊ីស្លាម​ជ្រុលនិយមទៀត៕​
 

ប្លង់​លម្អិត​ជំរំ​Auschwitz
ប្លង់​លម្អិត​ជំរំ​Auschwitz © Reuters

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ