អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របរ​ចិញ្ចឹម​សត្វ​ថប់​ដង្ហើម កសិករ​បារាំង​ខឹង​សម្បារ​ធ្វើ​បាតុកម្ម ​

សំឡេង ០៤:០៧
ផ្លូវ​ចូលទៅ​មណ្ឌល​ទេសចរណ៍​ Mont-Saint-Michel បិទ​ខ្ទប់​ដោយ​កសិករ​ជាង​បួន​រយ​នាក់ និង​ត្រាក់ទ័រ ២០០​គ្រឿង
ផ្លូវ​ចូលទៅ​មណ្ឌល​ទេសចរណ៍​ Mont-Saint-Michel បិទ​ខ្ទប់​ដោយ​កសិករ​ជាង​បួន​រយ​នាក់ និង​ត្រាក់ទ័រ ២០០​គ្រឿង AFP PHOTO / CHARLY TRIBALLEAU

បន្ទាប់​ពីបាន​ស្រែក​ដង្ហោយ​ដោយ​វិធី​ផ្សេងៗ តែ​ហាក់​ដូច​ជា​គ្មាន​អ្នក​យក​ត្រចៀក​ស្តាប់ ! ធ្វើការ​សឹង​ស្លាប់ ចិញ្ចឹម​សត្វ លក់​សាច់ ទាញ​យក​ទឹក​ដោះ តែលក់​គ្មាន​​បាន​កម្រៃ​ ចូល​ដើម​ស្ទើរ​រហូត។ គ្មាន​ដំណោះស្រាយ​ កសិករ​អ្នក​ចិញ្ចឹម​សត្វ​បារាំង​បាន​ផ្ទុះ​​កំហឹងខឹង បើក​ប្រតិបត្តិការ​បិទ​ខ្ទប់​ផ្លូវ​ មិន​ឱ្យ​អ្នក​ដំណើរ​ធ្វើ​ចរាចរណ៍​បាន។ ផ្លូវ​ទៅ​កាន់​មណ្ឌល​ទេសចរណ៍​ដ៏​ល្បី​ ម៉ុងសាំងមីហ្សែល ត្រូវ​រាំងស្ទះ​ គ្មាន​អាសូរ​ទេសចរ​បរទេស​ដែល​ខ្លះ​ធ្វើ​រាប់​ម៉ឺន​គីឡូមែត្រ​មក​ទេ។ តម្លៃ​សាច់​នៅ​ទីផ្សារ ឡើង​ថ្លៃ​រហូត​អ្នក​ទិញ​ស្រែក​​គ្រប់មាត់ ​កសិករ​អ្នក​ចិញ្ចឹមស្រែក​ថោក ចិញ្ចឹម​ខ្លួន​លែង​រស់ ? វិបត្តិ​នេះ​ធ្ងន់ធ្ងរ​ប៉ុណ្ណា និង​មាន​ផលវិបាក​យ៉ាងណា ?

ផ្សាយពាណិជ្ជកម្ម

វិស័យ​ចិញ្ចឹម​សត្វបារាំង ធ្លាក់​ក្នុង​​វិបត្តិ​ ! វិបត្តិ​នេះ​មាន​តាំង​ពី​៧-៨​ឆ្នាំ​មក​ហើយ ! កសិករ​ចិញ្ចឹម​សត្វ​ចិញ្ចឹម​ខ្លួន​លែង​រស់ ! លុយបាន​ពី​លក់​សាច់​សត្វ​មិន​អាច​បង្គប់​​ទុន​​ដែល​បាន​ចំណាយ​ពេល​ចិញ្ចឹម។ ឥលូវ​បន្ថែម​វិបត្តិ​ទឹក​ដោះគោ​ធ្លាក់​ថ្លៃ​មួយ​ជាន់​ទៀត។ ប៉ុន្តែ​នៅ​លើ​ទីផ្សារ​វិញ តម្លៃ​មិន​បាន​ចុះ​ទេ !

 
សាច់​គោ សាច់​ជ្រូក! សុទ្ធ​សឹង​ជា​អាហារ​ដ៏​ពេញ​និយម​របស់​បារាំង ! ក្នុង​មួយ​ឆ្នាំៗ ​ពលរដ្ឋបារាំង​ម្នាក់ៗ​​ទទួល​សាច់​ជា​មធ្យម​ជិត​៣២​គីឡូក្រាម។ និន្នាការ​បរិភោគ​សាច់​ហាក់​បាន​ថយ​ចុះ ព្រោះ​តម្លៃ​សាច់​បាន​ឡើង​ថ្លៃខ្លាំង​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ទល់​នឹង​ឆ្នាំ​២០១៤ ជាពិសេស​តម្លៃ​សាច់​គោ។ ម្យ៉ាង​ទៀត​​ ​ការប្រកួត​ប្រជែង​លើ​ទី​ផ្សារមាន​កាន់​តែ​ខ្លាំង ក្នុង​ចំណោម​ប្រទេស​នៅ​​​អឺរ៉ុបដូចគ្នា អឺរ៉ុប​ខាង​កើត អឺរ៉ុប​ខាង​ជើង ...

វិស័យ​កសិកម្មលក់​សាច់​របស់​បារាំង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​​គេ​បាន​ទេ ជាពិសេស​ជាមួយ​នឹង​អាល្លឺម៉ង់​ បូក​បន្ថែម​នឹង​ទណ្ឌកម្ម​ដាក់​លើ​រុស្ស៊ី លែង​មាន​នាំ​ចេញ​សាច់​ពីបារាំង​ទៅ​រុស្ស៊ី​​ទៀត តម្លៃ​សាច់​​បារាំង​ ត្រូវ​តែ​ធ្លាក់​ចុះ​ជា​ស្វ័យប្រវត្តិ​ ព្រោះ​ផលិតផល​ច្រើន សេចក្តី​ត្រូវ​ការ​តិច។ ជា​លទ្ធផល​ប្រជាកសិករ​កាន់​តែ​មាន​ជីវភាព​ដុន​ដាប​។ មិន​ខុស​អ្វី​ពី​កសិករ​ខ្មែរ​ធ្វើ​ស្រែ តែ​អត់​បាយ​ហូប​នោះ​ទេ។

នៅ​ប្រទេស​បារាំង ៨០%​នៃ​ផលិតផល​សាច់​របស់កសិករ​បារាំង ត្រូវ​លក់​ទៅ​ឱ្យ​​ផ្សារ​ក្នុង​ស្រុក​ ជាហេតុ​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ មាន​ប្រៀប​ខ្លាំង​ក្នុង​ការកំណត់​តម្លៃ​។ ឈ្មួញ​ទី​ផ្សារ​អាច​បង្អាប់​តម្លៃ​ទិញ​ចូល ដើម្បី​រក្សា​ភាគ​ចំណេញ​បាន​ច្រើន​។

សម្រាប់​ក្រុម​អ្នក​ចិញ្ចឹម​សត្វ (គោ-ជ្រូក) នេះ​គឺ​បណ្តាល​មក​ពី​ បណ្តាញកំណត់​តម្លៃ​​គ្មាន​តម្លាភាព ជាពិសេសក្រុម​​ទីផ្សារ​ទំនើប​ធំៗ និង​កន្លែង​កាប់​សាច់​តែ​ម្តង មិន​គោរព​បទដ្ឋាន​តម្លៃ​កំណត់​ក្នុង​កិច្ចព្រមព្រៀង។ កាលពី​ថ្ងៃ​ទី ១៧ មិថុនា​ ក្រសួង​កសិកម្ម​បាន​ស្នើ​ឱ្យ​ក្រុម​អ្នក​ចែកចាយ (ផ្សារ​ទំនើប​និង​ឈ្មួញ​កណ្តាល)​ ដំឡើង​ថ្លៃ​ទិញចូល​បន្តិច ដើម្បី​ឱ្យ​​​អ្នកចិញ្ចឹម​សត្វ​បាន​ចំណេញ​ច្រើន​បន្តិច​។ ប៉ុន្តែថ្វី​​បើ​គ្រប់ភាគី​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល តែ​ក្នុង​ការ​អនុវត្តផ្ទាល់ គេ​ពិបាក​ផ្ទៀង​ផ្ទាត់​ណាស់ ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​បង្ក​វិបត្តិ​ឡើង។

ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមកសិករ​បាន​សម្រេចចិត្ត​ ប្រើ​វិធី​សាស្ត្រ​ធ្ងន់​ ទៅ​ដាស់​មតិ​សាធារណជន​​ទូទៅ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​បិទ​ខ្ទប់​ផ្លូវ​ជាតិ ជា​បណ្តាញ​សំខាន់​របស់​ប្រទេស តាំង​ពី​ពីរ​បី​ថ្ងៃ​មក និង​មិន​ត្រៀម​ខ្លួន​ដក​ថយ​ទេ បើ​មិន​បាន​ឃើញ​ចំណាត់ការ​របស់​រដ្ឋាភិបាល។​ បាតុកម្ម​ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្រធានាធិបតី​មិន​អាច​នៅ​ស្ងៀម​ឈរ​អោប​ដៃ ស្រែក​បញ្ជា​ពី​ចម្ងាយ​បាន​ទៀត​ទេ។ បន្ទាប់​ពី​ប្រធានាធិបតី​ហូឡង់ បាន​អំពាវនាវ​ឱ្យ​ ដៃគូ​សេដ្ឋកិច្ច​ទីផ្សារ​សាច់ រក​ស៊ី​ដោយ​ឈរ​លើ​ស្មារតី​ជាតិនិយម ជំនួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​រៀប​ចំ​ឡើង​ជា​បន្ទាន់​ ដើម្បី​រក​ដំណោះស្រាយ​ជា​បន្ទាន់​ដែរ ព្រោះ​បាន​យល់​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ក្រុម​កសិករ​អ្នក​ចិញ្ចឹមសត្វ​បារាំង។

លោក ហ្វ្រង់ស័រ​ហូឡង់ “ក្រៅ​អំពី​គិត​គូរ​លើ​បញ្ហា​តម្លៃ នឹង​មាន​ផែនការ​សង្គ្រោះបន្ទាន់​កសិករ​ចិញ្ចឹម​សត្វ​យក​សាច់ និង​យក​ទឹក​ដោះ​គោ។ សូម​កសិករ​ទាំង​អស់​ជ្រាប​ថា​រដ្ឋាភិបាល​កំពុង​ប្រមូល​កម្លាំង​ជួយ និង​ដឹង​អំពី​ភាព​លំបាក​របស់​អ្នក និង​កំពុង​​​វិធានការ​ទូទៅ និង​ផែនការ​បន្ទាន់។ ថ្ងៃ​នេះ​ជា​របាយការណ៍​ថ្ងៃស្អែក​ជា​សេចក្តី​សម្រេច”។

ក្រៅ​អំពី​ត្រូវ​ជួយ​ខ្លួន​ឯង តាម​រយៈ​ការ​គិត​គូរ​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​កសិដ្ឋាន​ធំ បែប​ឧស្សាហកម្ម​ខ្លាំង ដើម្បី​ឆ្លើយ​តប​បាន​ទៅ​សេដ្ឋកិច្ច​បែប​ពិភពលោកភាវូបនីយកម្ម បំបែក​រក​ប្រភព​ចំណូល​​ផ្សេង​ទៀត បន្ថែម​ពី​លើ​របប​ចិញ្ចឹម​សត្វ​លក់​សាច់​មួយ​មុខ រដ្ឋាភិបាល​បារាំង បាន​ដាក់​ចេញនូវ​ផែន​ការ​ជួយ​សង្គ្រោះ​កសិករ​ ជាមួយ​នឹង​​វិធានការ​បន្ទាន់​២៤​ចំណុច​ ដែល​យើង​អាច​សង្ខេប​បាន​ដូច​ខាង​ក្រោម ៖

-       ក្រសួង​កសិកម្ម​នឹង​ធ្វើ​ការ​ជាមួយ​ឈ្មួញ​សាច់ លើ​កម្ពស់​តម្លៃ​សាច់​ទិញ​ពី​កសិករ​ ដូច​មាន​ចុះ​ក្នុង​កិច្ចសន្យា
-       សើរើ​មើល​បំណុល​របស់​កសិករ​ ដែល​ជួប​​ការ​លំបាក។ ទោះ​ជា​បំណុល​រយៈ​ពេល​វែង​ឬ​មធ្យម។ ធនាគារ​វិនិយោគ​សាធារណៈ នឹង​បញ្ចេញ​ប្រាក់​កម្ចី​​៥រយ​លាន​អឺរ៉ូ សម្រាប់​ក្រុមហ៊ុន​ណា​ដែល​ចង់​ធ្វើ​​វិនិយោគ​ក្នុង​វិស័យ​នេះ
-       លុបចោល បន្ធូរបន្ថយ ឬ​ពន្យារ​ពេល​​យក​ពន្ធ​ពី​កសិករ
-       ជួយ​ស្វែង​រក​ទីផ្សារ​នៅ​បរទេស​ ដើម្បី​កុំ​ឱ្យ​កសិករ​បារាំង​រំពឹង​តែ​លើ​ទីផ្សារ​ក្នុង​ស្រុក​តែ​មួយ​គត់។
វិធានការ​នេះ​មាន​ទំហំជាង​​៦០០​លាន​អឺរ៉ូ ប៉ុន្តែ​ក្រុម​សមាគមកសិករ​ហាក់​ដូច​ជា​​មិន​ត្រៀម​ខ្លួន​បិទ​បញ្ចប់​ការ​បិទខ្ទប់​ផ្លូវ​ជាតិ​សោះ ដោយ​យល់​ថា​ចំណាត់​ការ​នេះ ជា​ដំណោះស្រាយតែ​មួយ​គ្រា និង​សម្រាប់​ករណី​មួយ​ចំនួន មិន​គ្រប់គ្រាន់ បើ​ប្រៀប​ធៀប​ទៅ​នឹង​វិបត្តិ​ជាក់​ស្តែង​បច្ចុប្បន្ន​និង​អនាគត​ នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ