អានតួអត្ថបទ

អូទ្រីស​ពង្រាយ​ទ័ព​៥០០​នាក់​ដើម្បី​ទប់​លំហូរ​អន្តោប្រវេសន៍​

អន្តោប្រវេសន៍​មក​ពី​ស៊ីរី កំពុង​ឈរ​ត​កន្ទុយ​ចាំ​ឡើង​ឡាន​ចេញ​ពី​សែរប៊ី​ទៅ​ហុងគ្រី
អន្តោប្រវេសន៍​មក​ពី​ស៊ីរី កំពុង​ឈរ​ត​កន្ទុយ​ចាំ​ឡើង​ឡាន​ចេញ​ពី​សែរប៊ី​ទៅ​ហុងគ្រី REUTERS/Marko Djurica

អន្តោប្រវេសន៍​រាប់​រយៗ​នាក់ នៅ​តែបន្ត​សម្រុក​ឆ្លង​ព្រំដែន​សែរប៊ី ចូល​ហុងគ្រី ដើម្បី​បាន​ចូល​មក​ជ្រក​កោន​ក្នុង​ទឹកដី​អឺរ៉ុប។ ម្សិលមិញ ជាង​ពីរពាន់​​នាក់​​បាន​ឆ្លង​ជញ្ជាំង​ព្រំដែន​រួច ! ប្រទេស​ក្នុង​តំបន់​បាល់កង់ ដែល​​​ជា​រនាំងជួរ​មុខ​​របស់​អឺរ៉ុប កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំងៗ​ឡើង។ អូទ្រីស ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​ជំនួប ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ ​នៅ​ក្រុង​វីយ៉ែន នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​​​ដាក់​ពង្រាយ​ទ័ព​ចំនួន​៥០០​នាក់ ដើម្បី​ជួយ​សម្រួល​ការងារ​របស់​អាជ្ញាធរ​ទប់ទល់នឹង​លំហូរ​អន្តោប្រវេសន៍។

ផ្សាយពាណិជ្ជកម្ម

អូទ្រីស​នឹង​ដាក់​ពង្រាយ​ទ័ព​ តាម​ដែល​ត្រូវការ​ ! នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​អូទ្រីស​មុន​នឹង​ចូល​ប្រជុំ​គណៈរដ្ឋមន្ត្រី​​ស្តីពី​បញ្ហា​អន្តោប្រវេសន៍។ នៅ​ពេល​នេះ​ទាហាន​៥រយ​នាក់ នឹង​ចេញ​ជួយ​ធ្វើ​សកម្មភាព​សាង​សង់​ជំរំ​បណ្តោះអាសន្ន ព្រមទាំង​ចែកចាយ​ស្បៀង។ ប៉ុន្តែ​ការ​ដាក់​ពង្រាយ​ទ័ព​នៅ​តាម​ព្រំដែន ជា​សេចក្តី​សម្រេច​ចុងក្រោយ​ ! នេះ​បើ​តាមការ​គូស​បញ្ជាក់​បន្ថែម​​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃអូទ្រីស។

 

អូទ្រីស ដែល​មាន​ព្រំប្រទល់​ម្ខាង​ជាប់​ អ៊ីតាលី និង​ម្ខាង​ទៀត​ជាប់​ហុងគ្រី ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ជួរ​មុខ​ប្រឈម​ខ្លាំង​នឹង​ចរន្ត​អន្តោប្រវេសន៍​​ដែរ បាន​ស្នើ​ផែន​ការ​៥​ចំណុច (​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​បណ្តាញ​មេខ្យល់ បែង​ចែង​ដោយ​ស្មើ​ភាព​​ជន​ភៀសខ្លួន​ដល់​ប្រទេស​ជា​សមាជិក​អឺរ៉ុប ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ជួយ​ប្រទេសកំណើត​របស់​ជន​ភៀស​ខ្លួន និង​បង្កើត​យុទ្ធសាស្ត្រ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ថ្នាក់​អឺរ៉ុប) ព្រមទាំង​បង្កើត​ឱ្យ​មាន​ក្រុម​អ្នក​សម្រប​សម្រួល​​មួយ ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍។ អន្តោប្រវេសន៍​​ដែល​ដោយ​ចៀស​មិន​រួច​នឹង​ក្លាយ​ទៅ​ជា​របៀប​វារៈ​ដ៏​សំខាន់​នៃ​ជំនួប​អឺរ៉ុប​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ចរន្ត​អន្តោប្រវេសន៍​បាន​ហូរ​មក​ដូច​ទឹក​បាក់​ទំនប់ ទាំង​ខាង​សមុទ្ទ​មេឌីទែរ៉ាណេ ទាំង​ខាង​ច្រកបាល់កង់​​ខាង​កើត​អឺរ៉ុប។ ​ក្នុង​ពេល​តែ​មួយ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​អង្គារ​សោះ អន្តោប្រវេសន៍​ប្រមាណ​២០៩៣​នាក់​បាន​ឆ្លងចូល​អឺរ៉ុប​រួច​​ តាម​ច្រក​​ហុងគ្រី។ ជនភៀស​ខ្លួន​ទាំង​ឡានៗ​ ដែលគាំង​ដំណើរ​នៅ​ប្រទេស​ម៉ាសេដ្វាន អស់​ជា​ច្រើន​ថ្ងៃ បាន​សម្រុក​ចេញ​ពី​ប្រទេស​សែរប៊ី ឱ្យ​បាន​មុន​ការ​បញ្ចប់​សំណង់​រនាំង​ដែក​បិទ​ព្រំដែន​ហុងគ្រី​ទាំង​ស្រុង​​​នៅ​ថ្ងៃទី ៣១​សីហា។

ប៊ុលហ្ការី បាន​រួច​ខ្លួន​ពី​រលក​អន្តោប្រវេសន៍​នេះ បាន​បញ្ជូន​ទ័ព​និង​រថកោះ​ទៅ​បញ្ឈរ​ជើង​ជួយ​ប៉ូលិស​ព្រំដែន​ តាម​គ្រប់​ច្រ​ក​ជាប់ប្រទេស​ម៉ាសេដ្វាន។ បើ​តាម​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស អឺរ៉ុប​គួរ​ឱ្យ​មាន​នយោបាយ​​ទទួល​អន្តោប្រវេសន៍​រួម និង​ស៊ីចង្វាក់​គ្នា ព្រោះ​ការ​បិទ​ខ្ទប់​ដោយ​របង ដោយ​​យោធា ដោយ​ការ​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក និង​ដោយ​ភាព​ហិង្សា​ផ្សេងៗ ពិត​ជា​មិន​អាច​ទប់​ស្កាត់​ជន​អន្តោប្រវេសន៍​ដែល​គេច​ពីសង្គ្រាម​និង​​ទុក្ខ​វេនា​ក្នុង​ប្រទេស​ មិន​ឱ្យ​សម្រុក​ចូល​អឺរ៉ុប​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ