អានតួអត្ថបទ
បារាំង

បាតុកម្ម​កសិករ​បារាំង ត្រាក់ទ័រ ១៥០០​គ្រឿង​រញ្ជួយ​ក្រុង​ប៉ារីស

ក្បួន​ត្រាក់ទ័រ កំពុង​ឆ្ពោះទៅកាន់ ទីក្រុង​ប៉ារីស ព្រឹកថ្ងៃ​ទី ៣ កញ្ញា ២០១៥
ក្បួន​ត្រាក់ទ័រ កំពុង​ឆ្ពោះទៅកាន់ ទីក្រុង​ប៉ារីស ព្រឹកថ្ងៃ​ទី ៣ កញ្ញា ២០១៥ REUTERS/Jacky Naegelen

ថ្ងៃទី​ ៣ ​កញ្ញា​​នេះ ​ចរាចរណ៍​ចេញ​ចូល​ក្រុង​ប៉ារីស ​មាន​ការ​កក​ស្ទះ​ជា​ខ្លាំង ​​ដោយសារ​​ចលនា​បាតុកម្ម​របស់​ក្រុម​កសិករ​បារាំង ​ដែល​បាន​បើក​ត្រាក់ទ័រ​ ប្រមាណ​ជា​១៥០០​គ្រឿង ​តម្រង់​ចូល​មក​កណ្តាល​ក្រុង​បារីស​ ដើម្បី​ធ្វើការ​តវ៉ា ​ឲ្យ​រដ្ឋាភិបាល​បារាំង​ គិតគូរ​ពី​ជីវភាព​ របស់​កសិករ​។ វិស័យ​កសិកម្ម​បារាំង ​ក្នុង​នោះ​មាន​ជា​ពិសេស​ ​វិស័យ​ចិញ្ចឹម​សត្វ ​និង​វិស័យ​ដាំដុះ​បន្លៃ​ផ្លែ​ឈើ ​បាន​ជួប​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​ ជាមួយ​ប្រទេស​ផ្សេង​ទៀត ​ នៅ​អឺរ៉ុប ​ព្រម​ទាំង​មាន​បទដ្ឋាន​ក្រិត្យក្រម​ជា​ច្រើន ​ដែល​ត្រូវ​គោរព​ ដែល​ដាក់​ចុះ​ ដោយ​សហភាព​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

សម្លេង ​ត្រាក់ទ័រ​ប្រមាណ​ជា ​១៥០០​គ្រឿង​​ ដែល​កំពុងតែ​បើក​សំដៅ​ចូល​មក​កណ្តាល​ក្រុង ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ក្រុង​ប៉ារីស។ បាតុកម្ម​នេះ ​ដឹកនាំ​ដោយ​សហព័ន្ធ​សហជីព​ ជាតិ​ដើម្បី​កសិករ​បារាំង ​ ហៅ​កាត់​ថា ​FNSEA​ដែល​ជា​សហជីព​​ធំ​ជាង​គេ​បង្អស់ ​ក្នុង​វិស័យ​កសិកម្ម​ នៅ​បារាំង។ តាម​ការ​គ្រោងទុក​ ក្រុម​តំណាង​​សហព័ន្ធ​សហជីព​កសិករ​នេះ ​និង​ត្រូវ​ទទួល​ជួប ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ​ម៉ានុយអ៊ែល វ៉ាល់ស៍ ​នៅ​រសៀល​ថ្ងៃ​ទី​៣ ​កញ្ញា​នេះ។

 
ការ​ទាមទារ​របស់​ក្រុម​បាតុករ ​ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ៤០០០​នាក់ ​គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង ​គិតគូរ ​ស្រោច​ស្រង់ ​ជីវភាព ​របស់​កសិករ ​ដែល​កំពុង​តែ​ជួប​ការ​លំបាក ​កាន់តែ​ខ្លាំង​ឡើងៗ។ សំណើ​របស់​សហព័ន្ធ​សហជីព​កសិករ ​គឺ​សុំ ឲ្យ​រដ្ឋាភិបាល​ បន្ថែម​ទឹក​ប្រាក់ ​ក្នុង​កម្មវិធី​ជំនួយ​ដល់​កសិករ។ តាម​គម្រោង​ របស់​លោក​រដ្ឋមន្ត្រី​កសិកម្ម​បារាំង ​Stéphane le Foll ​ដែល​បាន​ដាក់​ស្នើ​ កាល​ពី​ថ្ងៃ​ទី ​២២​ កក្កដា ​គឺ​មាន​តម្លៃ​ទឹកប្រាក់​ ៦០០​លាន​អឺរ៉ូ។ ប៉ុន្តែ​សម្រាប់​លោក ​Xavier Beulin ​ប្រធាន​សហព័ន្ធ​សហជីព​កសិករ ​ទឹក​ប្រាក់​នេះ ​​គួរ​តំឡើង​ដល់ ​៣ពាន់​លាន​អឺរ៉ូ ​ទើប​គ្រប់គ្រាន់។

សំណើ​មួយ​ទៀត​ របស់​សហជីព​កសិករ​ FNSEA​ គឺ​សុំ​ឲ្យ​ដាក់​ចុះ​នូវ​រយៈពេល​១ឆ្នាំ​ពេញ ​កុំឲ្យ​កសិករ​បង់ប្រាក់​សំណង​ទៅ​ធនាគារ ​ដើម្បី​អនុញ្ញាត​ឲ្យ​កសិករ​មាន​លទ្ធភាព ​យក​ប្រាក់​ទៅ​ដោះទ័ល​ផ្សេងៗ​ ដូចជា​ត្រូវ​បង់​ទៅឲ្យ​អ្នក​ផ្គត់ផ្គង់​ជាដើម។ សហជីព​នេះ ​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ ​ពី​ការ​លំបាក ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ​ដូច​ជា​​អាល្លឺម៉ង់​ និង​អេស្ប៉ាញ។ សហជីព​កសិករ​នេះ ​បាន​បរិហារ​ថា ​មាន​ក្រិត្យក្រម ​និង​លក្ខខណ្ឌ​ច្រើន​ពេក​ ដែល​តម្រូវ​ឲ្យ​កសិករ​បារាំង​គោរព​ ហើយ​ការ​នេះ​ធ្វើ​ឲ្យ​តម្លៃ​ដើម​ផលិត ​មាន​កម្រិត​ខ្ពស់ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​លំបាក ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ ​ ដោយសារ​តែផលិត​ផល​ប្រទេស​ផ្សេង ​ថោក​ជាង។

ដោយឡែក​ បើតាម​សម្តី ​លោក ​Pinatel ​តំណាង​សហជីព​មួយ​ផ្សេង​ទៀត ​ដែល​សម្រេច​មិន​ចូល​រួម​ ក្នុង​បាតុកម្ម​នេះ ​បាន​ពន្យល់​ថា​ បញ្ហា ​មិនមែន​មក​ពី​ក្រិត្យក្រម​លក្ខខណ្ឌ ​ដែ​លម្រូវ​ឲ្យ​កសិករ​គោរព​ ​រឺក៏​តម្លៃ​ផលិត​ផល​ទេ។ បញ្ហា​គឺ​មក​ពី​កសិករ​បារាំង​ខ្លួន​ឯង។ សម្រាប់​លោក​ អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ ​ដែល​បារាំង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​កសិកម្ម ​ដោយ​ដើរ​តាម​របត់​ដដែល ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង ​គឺ​បរាជ័យ​ដូច​បច្ចុប្បន្ន​នេះ។

លោក​យល់​ថា​ វា​ដល់ពេល​ហើយ ​ដែល​សហព័ន្ធ​សហជីព​កសិករ​ ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត ​ឈប់​ផលិត ​ដោយ​គិតតែ​បរិមាណ ​និង​ការ​លក់​ចេញ​ឲ្យ​បាន​ច្រើន។ បច្ចុប្បន្ន​នេះ ​ដើម្បី​ប្រកួត​ប្រជែង ​គេ​ត្រូវ​ចាប់ផ្តើម​គិត​ពី​ គុណភាព​ជា​ចំបង។ លក្ខខណ្ឌ​ជាច្រើន​ដែល​សហភាព​អឺរ៉ុប​ដាក់​ចេញ ​គឺ​វា​ជា​ការ​ការពារ​ ដល់​ការ​ដាំដុះ ​ការ​ចិញ្ចឹម​សត្វ ​ដែល​មាន​គុណភាព​ខ្ពស់ ​និង​ធានា​ដល់​សុខភាព​របស់​អ្នក​បរិភោគ។ ហើយ​លក្ខខណ្ឌ​ទាំង​នេះ​ទៀត​សោត​ គឺ​ត្រូវ​ដាក់​ចេញ ​ឲ្យ​គោរព​ គ្រប់​ប្រទេស​សមាជិក។ ការ​ដាំដុះ ​និង​ចិញ្ចឹម​សត្វ ​ដោយ​មិន​ប្រើ​ជាតិ​គីមី ​និង​ផ្តល់​តម្លៃ​ដល់​គុណភាព​ជា​ចំបង​ ទើប​ជា​អាណាគត​របស់​កសិកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ