អានតួអត្ថបទ

អង្គការ​OCDE ផ្តល់​អនុសាសន៍​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ជំនួប​G២០

ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និង​ការងារ​នៃ​G២០ កំពុង​ជួប​ប្រជុំគ្នា​នៅ​ប្រទេស​តួកគី ថ្ងៃទី ៤ កញ្ញា ២០១៥
ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និង​ការងារ​នៃ​G២០ កំពុង​ជួប​ប្រជុំគ្នា​នៅ​ប្រទេស​តួកគី ថ្ងៃទី ៤ កញ្ញា ២០១៥ © Reuters

អគ្គលេខា​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា OCDE បាន​បង្ហាញ​ អនុសាសន៍​ណែនាំ​អំពី​របៀប​​អនុវត្ត​ប្រឆាំង​នឹង​អំពើ​ពុករលួយ នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​អង្គ​ជំនួប​ប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​២០​ដំបូង​គេ (G២០) ដែលបាន​និង​កំពុង​​ប្រព្រឹត្ត​ទៅ​នៅ​ តួកគី។ តួកគី​ ​ធ្លាប់​រង​ការ​រិះគន់​​ខ្លាំង​ដែរ​ពី​សំណាក់​អង្គការ​តម្លាភាព​អន្តរជាតិស្តី​ពី​បញ្ហា​​ពុក​រលួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ប្រទេស​ណាមួយ​ស្អាត​ស្អំ​ជាង​ប្រទេស​ណា​ទេ ! នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​អគ្គលេខា​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច Gurria នា​ឱកាស​ធ្វើ​សន្និសីទ​កាសែត​រួម​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​តួកគី​ លោក Cevdet Yilmaz។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេសខ្លះ​ ស្ថាប័ន និង​ប្រព័ន្ធ​ដឹកនាំ​មាន​លក្ខណៈ​ប្រសើរ​ជាង ទើប​អាច​បិទ​ខ្ទប់​កុំ​ឱ្យ​មនុស្ស​លោភលន់​ប្រាថ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ព្រោះ​អាច​នឹង​ត្រូវ​មានទោស​ទណ្ឌកម្ម។ នេះ​គឺ​ជា​គូស​បញ្ជាក់​បន្ថែម​របស់​ប្រធាន​អង្គការ​OCDE ដែល​ជា​អង្គការ​ប្រមូល​ផ្តុំ​ប្រទេស​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ទាំង​ជាង​៣០​ប្រទេស​។

 
អនុសាសន៍​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​គ្មាន​លក្ខណៈ​បង្ខិត​បង្ខំ​នេះ បាន​តាក់តែង​ឡើង ដើម្បី​ជា​ជំនួយ​ដល់​​ក្រុម​អ្នក​ដឹកនាំ/ទទួល​ខុស​ត្រូវ​​នយោបាយ​ទាំង​អស់​ ក្នុង​ការ​​វាយ​តម្លៃ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ច្បាប់ប្រឆាំង​នឹង​អំពើ​ពុករលួយ ដោយ​អង្គការ​បាន​សង្កត់​ធ្ងន់​​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​ល្បីៗ​ធំៗ​រក​ស៊ី​ក្នុង​ប្រទេស។

ក្នុង​អត្ថន័យ​នេះ អង្គការ​បាន​ផ្តល់​សេចក្តី​ណែនាំ​មួយ​ចំនួន​ធំ មាន​ជាអាទិ៍ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សិទ្ធិ​ជា​ម្ចាស់​ភាគហ៊ុន ពង្រឹង​ទំនួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​ ឬ​ធ្វើ​ឱ្យ​កាន់​តែ​មាន​តម្លាភាព​ ក្នុង​ការ​កំណត់​តម្លៃ​ទំនិញ។

តួកគី​ ដែល​ ឆ្នាំនេះ ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​​ជំនួប​ប្រជុំ​ គ្រប់​ជាន់​ថ្នាក់​របស់​G២០ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ ផ្តល់​ចំណាត់​ថា្នក់​​លេខ​​៦៤ ក្រោយ​ប្រទេស​ណាម៉ីប៊ី ឬ​គុយបា ផង ក្នុងបញ្ហាពុក​រលួយ​នេះ។ កាលពី​ឆ្នាំ​ទៅ តួកគី និង​ចិន ព្រម​ទាំង​អង់ហ្គោឡា ជាប្រទេស​បី​ដែល​ធ្លាក់​ចំណាត់​ថ្នាក់​យ៉ាង​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ