អានតួអត្ថបទ

ទិវា​អន្តរជាតិ​ប្រឆាំង​នឹងនិទណ្ឌភាព​នៃ​​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត មាន​អាយុ​ពីរឆ្នាំ

អ្នកស្រី Ghislaine Dupont និងលោក Claude Verlon
អ្នកស្រី Ghislaine Dupont និងលោក Claude Verlon RFI

២​វិច្ឆិកា ២០១៣-២០១៥ ថ្ងៃ​នេះ​ជា​ខួប​ពីរ​ឆ្នាំ​គត់​ដែល​អ្នក​យកការណ៍​ពិសេស​របស់​វិទ្យុ​បារាំង​អន្តរជាតិ ត្រូវ​បានជន​មិន​ស្គាល់​មុខ​​ចាប់​ខ្លួន​និង​បន្ទាប់​មក​ធ្វើ​ឃាត​ នៅ​ក្បែរ​ក្រុង​គីដាល់ ប្រទេស​ម៉ាលី។ ពីរឆ្នាំ​ក្រោយ​ ដំណើរ​ការ​អង្កេតហាក់​ដូច​ជា​គ្មាន​ការ​ជឿន​លឿន​ទៅ​មុខ​សោះ ប៉ុន្តែ​ក៏​ជាឱកាស​ដែល​ពិភពលោក​ត្រូវ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត​ជា​លើក​ទីពីរ។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ២​វិច្ឆិកា ២០១៣ វិទ្យុបារាំង​អន្តរជាតិ​បាន​បាត់បង់​សហជីវិន​ពីរ​រូប ដែល​បាន​​ចុះ​ទៅ​​យក​ការណ៍​ដោយ​ផ្ទាល់​នៅ​ប្រទេស​ម៉ាលី។ ដោយ​សារ​ស្នាដៃ​របស់​ពួក​ ​អាម៉ី​ បណ្តាញ​ភេវជន​​អាល់កៃដា​នៅ​ម៉ាក្រេប​។ ថ្ងៃ២​វិច្ឆិកា បាន​បន្សល់ទុក្ខ​នៅ​ស្នាម​ក្រៀមក្រំ​សម្រាប់​មិត្ត​-មិត្ត​រួម​ការងារ​ តែ​ក៏​ជា​បាន​ក្លាយ​ជាទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត ស្រប​តាម​សេចក្តី​អនុម័ត​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី ១៨ ធ្នូ ឆ្នាំ ២០១៣ នា​ឱកាស​ជំនួប​ប្រជុំ​លើក​ទី ៦៨ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកកាសែត​របស់​វិទ្យុបារាំង​ទាំងពីរ​ ស្លាប់ពេល​កំពុង​បំពេញ​បេសកកម្ម។

 
ទិវា​អន្តរជាតិ​​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត បាន​ចូល​ជា​ធរមាន​និង​ផ្លូវការ ជាលើក​ដំបូង នៅ​ថ្ងៃទី ២ វិច្ឆិកា ២០១៤ និង​ដែល​អង្គការ​សហប្រជាជាតិ​ចង់​បំផុស​បំផុល​ ឱ្យ​បាន​ទូលំទូលាយ​បំផុត ឱ្យពិភពលោក រដ្ឋាភិបាល ប្រព័ន្ធ​ឃោសនា​ព័ត៌មានបែប​បូរាណ-​ទំនើប អង្គការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ បាន​ស្គាល់ និង​លើក​តម្កើង​ទិវា​នេះ​។ ផ្តល់​តម្លៃ​ជា​ទិវា​អន្តរជាតិ ព្រោះ​អង្គការ​សហប្រជាជាតិ​​ចង់​​ជំរុញ​ឱ្យ​រដ្ឋ​​ជា​សមាជិក​ ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​ ការពារ​មិន​ឱ្យ​មានអំពើ​ហិង្សា​ ឬ​បើ​មាន​ ត្រូវ​តែ​បញ្ជូន​ជន​ឧក្រិដ្ឋ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស​តាមច្បាប់ និង​ធានា​បរិយាកាស​សមស្រប​សម្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​បំពេញ​ការងារ​បាន​ ដោយ​ឯករាជ្យ និង​ដោយ​គ្មាន​ការជ្រៀតជ្រែក។

​​បើ​តាម​អង្គការ​អ្នកយកការណ៍​គ្មាន​​ព្រំដែន អ្នកកាសែត​ចំនួន ៧១៨​នាក់ ត្រូវ​បាន​គេ​សម្លាប់ ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ និង​១៣៤​នាក់ គិត​ចាប់​ត្រឹម​ពីការ​ធ្វើ​ឃាត​អ្នក​កាសែត​វិទ្យុបារាំង​មក។ ប៉ុន្តែ​​​ ជាង​៩០%​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែតនៅ​លើ​ពិភពលោក មិន​ត្រូវ​បាន​បំភ្លឺ ឬ​​ មិន​អាច​វែក​មុខ​​នាំ​ដល់​ការ​ដាក់ទោស​តាម​ផ្លូវ​តុលាការ​ទេ។ ករណី​អ្នកសែត​របស់​វិទ្យុបារាំង​យើង​ទាំងពីរ​រូប​ក៏ដូចគ្នា​ ការ​អង្កេត​បាន​ចាប់​ផ្តើម​១៨​ខែ​ហើយ​ ដំណើរការ​តុលាការ​ស្មុគស្មាញ ពីរឆ្នាំ​កន្លង​ផុតគេ​នៅ​តែ​ពុំ​ទាន់​អាច​ដឹង​បាន​នៅ​ឡើយ​ថា​តើ ស្លាប់​ដោយ​របៀបណា ក្នុង​កាលៈទេសៈណា​ នរណា​ជា​ជន​ដៃដល់ ជន​ណា​​ជា​អ្នក​ចេញ​បញ្ជា …

គ្មានការ​ផ្តន្ទទោស​ គឺ​ដូច​ជា​ជំរុញ​ឱ្យ​ឃាតករ​ចង់​ធ្វើ​ទៀត ! នៅ​ប្រទេស​ខ្លះ​ គេ​អាច​សម្លាប់​អ្នក​កាសែត​ ដោយ​ងាយ ព្រោះ​គ្មាន​ផលវិបាក​អ្វី​តាមក្រោយផង។ បង្កើត​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​ជា​ការ​ចាំ​បាច់ តែ​ដើម្បី​ឱ្យ​អំពើ​ហិង្សា​អាច​ចុះ​ថយ​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ គេ​គួរ​តែ​បញ្ចូល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​នេះ​ទៅ​ក្នុង​ច្បាប់​អន្តរជាតិ និង​មាន​តំណាង​ពិសេស​នៅ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការពារ​អ្នក​កាសែត។ នេះ​ជា​ការ​គូស​បញ្ជាក់​លម្អិត​របស់​លោក Christophe Deloire អគ្គលេខា​ធិការ​អង្គការ​អ្នក​យកការណ៍​គ្មានព្រំដែន​ក្នុង​ថ្ងៃ​ខួប​ពីរឆ្នាំ​ នៃទិវា​អន្តរជាតិ​ប្រឆាំងនឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ