អានតួអត្ថបទ

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​បើក​សវនាការ​ជា​លើក​ទី​មួយ​កាត់​ទោស​អតីត​​ប្រធានាធិបតី​​កូតឌីវ័រ

លោក​Laurent Gbagbo អតីត​ប្រធានាធិបតី​កូតឌីវ័រ​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ថ្ងៃ​ទី ២៨ មករា ២០១៦
លោក​Laurent Gbagbo អតីត​ប្រធានាធិបតី​កូតឌីវ័រ​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ថ្ងៃ​ទី ២៨ មករា ២០១៦ Reuters/ICC via Reuters TV

៥​ឆ្នាំ​ក្រោយការ​បោះឆ្នោត​និង​​អំពើ​ហិង្សា​ ដែល​បាន​ផ្តាច់​ជីវិត​ជន​ស៊ីវិល​កូតឌីវ័រ​​អស់​ជាង​​៣ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​៥​ខែ​ នៅ​ថ្ងៃ​នេះ​ តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI បាន​បើក​សវនាការ​ កាត់​ទោស​​អតីត​ប្រធានាធិបតី​កូតឌីវ័រ លោក ឡូរ៉ង់ បាក់បូ Laurent Gbagbo នៅ​ទីក្រុង​ឡាអេ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​​សវនាការ កាត់​ទោស​អតីត​ប្រធានាធិបតី​ប្រទេស​មួយ នៅ​ក្រៅ​ប្រទេស​កំណើត។ សវនាការ​នេះ​​អាច​អូសបន្លាយ​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​បី​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

លោក​ ឡូរ៉ង់ បាក់បូ អតីត​ប្រធានាធិបតី​​កូតឌីវ័រ (៧០​ឆ្នាំ​) និង​លោក ហ្សាលប្លេ ហ្គូដេ (៤៤ឆ្នាំ)​ ជា​មនុស្ស​ជំនិត​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុវជន​ បាន​ក្លាយ​ជា​ជនជាប់​ចោទ មក​អង្គុយ​ក្នុង​រង្វង់​ក្រចក​សេះ​ ចាំ​ឆ្លើយ​សំណួរ​​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ថ្ងៃ​ចាប់​បើក​សវនាការ​ជា​ផ្លូវការ។

ជន​ទាំង​ពីរ ដែល​​​បាន​ គ្រោង បាន​រៀប​ចំ​ផែន​ការ និង​សហការ​គ្នា​អនុវត្ត​ផែនការ​រួម ​ដើម្បី​រក្សា​អំណាច​ដឹកនាំ​ប្រទេស​ឱ្យ​នៅ​ក្នុង​ដៃ​របស់​លោក ឡូរ៉ង់​បាក់បូ​ដដែល ត្រូវជាប់​ចោទ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់ ធំៗ ​បួន ៖ ឃាតកម្ម ប៉ុនប៉ង​ធ្វើ​ឃាត រំលោភបំពាន​ផ្លូវភេទ​ និងប្រើ​អំពើ​ហិង្សា​​បង្ក្រាប ព្រមទាំង​សកម្មភាពអ​មនុស្សធម៌​ផ្សេងៗ​ទៀត​ នៅ​​រវាង​ពី​ ថ្ងៃ​ទី ២៧​ វិច្ឆិកា ២០១០ ដល់​ថ្ងៃ​ទី ១២​មេសា ២០១១។

ដើមហេតុ ៖ លោក ឡូរ៉ង់​ បាក់បូ បដិសេធជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ​ថ្ងៃទី ២៨​វិច្ឆិកា២០១០ របស់​លោក អាឡាសាន វ៉ាត់​តារា និង​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច ដោយ​អះអាង​លោក​ជា​អ្នក​ជាប់​ឆ្នោត។ ឥរិយាបថ​នេះ បាន​ជំរុញឱ្យ​​មាន​ការ​ប៉ះទង្គិច​គ្នា រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ស្រប​ច្បាប់​របស់កូតឌីវ័រ និង​ក្រុម​ប្រដាប់​អាវុធ​ ព្រមទាំង​ឧទ្ទាមគាំទ្រ​លោក​វ៉ាត់តារា។ ​ បើ​តាម​តួលេខ​អង្គការ​សហប្រជាជាតិ ក្នុង​រយៈ​ពេល​៥​ខែ​នោះ មាន​ជន​ស៊ីវិល​ជាង​បី​ពាន់​បាន​ស្លាប់ ស្ត្រី​ជាង​១៥០ ត្រូវ​បាន​គេ​ចាប់​រំលោភ។​

ស្ថានភាព​សម្រាល​ទោស
 
ខាង​ជន​ជាប់​ចោទ​មើល​ឃើញ​សំណាង​ច្រើន ក្នុង​ការ​ស្វែង​រក​​ការ​សម្រាល​ទោស។ បើ​តាម​មេធាវី លោក​បាក់បូ អាច​នឹងទាមទារ​បាន​សេរីភាព​បណ្តោះ​អាសន្ន ព្រោះ​រាល់​ការ​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​ ដោយ​សំណុំ​បែប​បទ​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​យូរទៀត​។ ជាង​​នេះ​ទៅ​ទៀត លោក បាក់បូ និង​លោក ហ្គូដេ នៅ​តែ​មាន​គាំទ្រ​ខ្លាំង​ក្នុង​ប្រទេស​ ដែល​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្សះផ្សាជាតិ ប្រសិន​បើ​លោក​បាក់បូ​មាន​សេរីភាព។

ចំណុច​សំខាន់​មួយ​ទៀត ​ ថ្វី​បើ​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ពី​ភាព​មិន​លម្អៀង​របស់​តុលាការ​ក្តី​ ក៏​ជនជាប់​ចោទ​ទាំង​ពីរ​ រក​ឃើញ​ចំណុច​​ខ្ទាស់​ ថា​សវនាការ​នេះ​លម្អៀង និង​មាន​លក្ខណៈ​នយោបាយ។ ​ជម្លោះ​មាន​ពីរ​ភាគី ប៉ុន្តែ​គ្មានភាគី​​ខាង​​ប្រធានាធិបតី​កំពុង​កាន់​អំណាច​បច្ចុប្បន្ន ណា​ម្នាក់​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​​សង្ស័យ ឬ​ចង់​ចោទ​ប្រកាន់ ចាប់​ទោស​អូស​ដំណើរ​សោះ។ ហេតុអ្វី​បាន​ជា​តុលាការ​កាត់​ទោស​តែ​ម្ខាង ? មាន​អ្នក​ដឹកនាំ​នយោបាយ​កូតឌីវ័រ​ផ្សេង​ទៀត ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិដែរ តែ​​រដ្ឋាភិបាល​មិន​បញ្ជូន​មក​ឱ្យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ទោះ​មាន​ការ​ស្នើ​សុំ​យ៉ាង​ទទូច​ក៏​ដោយ​ក្តី។

សំណាង​ចុងក្រោយ​ដែល​អាច​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​បាក់បូ  គឺ​ប្រសិន​បើ​លោក​ជាប់​ចោទ ដោយហេតុ​តែ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ចុង​ចោទ​អាច​ទាមទារ​ឱ្យ​​តុលាការ​​បើក​​​អង្កេត​ រក​មើល​​នរណា​ជា​ឈ្នះ​ នរណា​ជា​អ្នកចាញ់​ឱ្យពិត​ប្រាកដ ? ចំណុច​នេះ​រដ្ឋអាជ្ញា​ត្រូវ​ប្រឹង​យក​ឈ្នះឱ្យ​បាន ព្រោះ​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​សវនាការ។

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ចង់​ស្តារ​មុខ​មាត់​តាម​រយៈ​សវនាការ​បាក់បូ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រង​ការ​រិះគន់​ច្រើន​ណាស់ ! ខ្លះ​​ថា​អសមត្ថភាព​ផង ខ្លះ​ថា​លម្អៀង កាត់​ទោស​តែ​ថ្នាក់​ដឹកនាំ​អាហ្វ្រិក​ស្បែក​ខ្មៅ ... មាន​មេ​ដឹកនាំ​ប្រទេស​នៅអាហ្វ្រិក​ជា​ច្រើន​នាក់ ដែល​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​របស់​តុលាការ ប៉ុន្តែ​ខ្លះ​បាន​ស្លាប់​មុន​បើក​សវនាការ​​ ខ្លះ​រដ្ឋាភិបាល​បដិសេធ​មិន​បញ្ជូន​មក​ឱ្យ​​តុលាការ​បើ​ទោះ​បី​ជា​មាន​ដីកា​អន្តរជាតិ​តាម​​ចាប់​ខ្លួនក៏​ដោយ ខ្លះ​ទៀតត្រូវ​បិទ​បញ្ចប់​សំណុំ​រឿង​...

គឺ​ទើប​តែ​ករណី​លោក​បាក់បូ​នេះ​ឯង​ដែល​បាន​ឈាន​ដល់​ដំណាក់កាល​បើកសវនាការ។ តែ​កាលពី​ឆ្នាំ​២០១៣ នៅ​ពេល​បើក​សវនាការ​បឋម​​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់លោក​ បាក់បូ តុលាការ​យល់ថា​សំណុំ​ឯកសារ​ចោទ​​ មាន​លក្ខណៈ​ខ្សោយ​ជ្រុល និង​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋ​អាជ្ញា​ សើរើ​មើល​ឡើង​វិញ។ តាំង​ពី​ពេល​នោះ​មក​លោកស្រី​រដ្ឋអាជ្ញា​បាន​ខិត​ខំ​ប្រឹងប្រែង​ទ្វេ​ឡើង ប្រមូល​​ភស្តុតាងបាន​រាប់ពាន់​ និង​ សាក្សី​ជាង​មួយ​រយ​នាក់ មក​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​លើក​នេះ។

សវនាការ​លោក​បាក់បូ នៅ​ឡាអេ​ថ្ងៃ​នេះ ជា​សវនាការ​​កាត់ទោស​អតីត​ប្រមុខ​រដ្ឋអាហ្វ្រិក​នៅ​ក្រៅ​ទ្វីប​​ លើក​ដំបូង​ហើយ ដែល​មាន​តម្លៃ​ជា​និមិត្តរូប​​បញ្ជាក់​ថា​មេដឹកនាំ​មាន​អំណាច​ក៏​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ដែរ។ នេះមាន​ន័យ​ថា​ តុលាការដែល​ធ្លាប់​​​រង​ការរិះគន់​ពី​មុនៗ​មក​ ចង់​ល្បង​ល្បែង​​ជាមួយ​​សវនាការ​នេះ ដើម្បី​ស្តារ​កតិ្តយស​និង​មុខ​មាត់​ស្ថាប័ន​ឡើង​វិញ។ បើ​តុលាការ​អាច​រក​ឃើញ​និង​នាំ​​ជន​ឧក្រិដ្ឋ​នៅ​ក្នុង​បក្ស​ម្ខាង​ទៀត​របស់កូតឌីវ័រ  មក​កាត់​ទោស​ដែរ នោះពិត​ជា​​គ្មាន​ជន​អាហ្វ្រិក​ណា​ម្នាក់​ហ៊ាន​ចោទ​តុលាការ​ថា​បម្រើ​ឱ្យ​តែ​ឈ្នះ​ទៀត​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ