អានតួអត្ថបទ

អូទ្រីស​និង​ប៉ាល់កង់​សម្រេច​ជា​ឯកតោ​ភាគី​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍

ក្រុម​​អន្តោប្រវេសន៍​អាហ្វហ្កានិស្ថាន រង់ចាំ​ឆ្លង​ព្រំដែន​ក្រិក​ទៅ​ម៉ាសេដ្វាន រូបថត​ថ្ងៃទី ២២កុម្ភៈ២០១៦
ក្រុម​​អន្តោប្រវេសន៍​អាហ្វហ្កានិស្ថាន រង់ចាំ​ឆ្លង​ព្រំដែន​ក្រិក​ទៅ​ម៉ាសេដ្វាន រូបថត​ថ្ងៃទី ២២កុម្ភៈ២០១៦ REUTERS/Alexandros Avramidis

ក្នុង​ពេល​ដែល​អឺរ៉ុ​ប្រកាស​បើក​ជំនួប​កំពូល​អឺរ៉ុប-តួកគី នៅ​ថ្ងៃ​ទី ៧ មីនា និង​បែលហ្ស៊ិក​ប្រកាស​បិទ​ព្រំដែន​​ទប់​​ខ្លាច​មាន​លំហូរ​ជន​ភៀស​ខ្លួន​ហៀរ​ពី​បារាំង អូទ្រីស​និ​ង​បណ្តាប្រទេស​អឺរ៉ុប​នៅ​តំបន់​បាល់កង់ បាន​ជួប​ពិគ្រោះ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ រក​ដំណោះស្រាយយូរ​អង្វែង​មួយ​ ដើម្បី​កាត់​បន្ថយ​​លំហូរ​អន្តោប្រវេសន៍​ ដោយ​មិន​រង់ចាំ​សួរ​យោបល់​អឺរ៉ុប និង​ដោយ​មិន​ហៅ​ក្រិក​ប្រទេស​មាន​ព្រំដែន​ជាប់​ពាក់ព័ន្ធមក​ចូល​រួម​ជាមួយ​ទេ។ ទង្វើ​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ប្រេះឆា​ក្នុង​រង្វង់​អឺរ៉ុប​ផង និង​ធ្វើ​ឱ្យ​ស្ថានភាព​អន្តោប្រវេសន៍​នៅ​ក្រិក​កាន់​តែ​ធ្ងន់ធ្ងរ​ផង។

ផ្សាយពាណិជ្ជកម្ម

ដោយ​មើល​ឃើញ​ពី​អសមត្ថភាព និង​ភាព​យឺតយ៉ាវ​របស់​អឺរ៉ុប​ទាំង​២៨ ជំនួប​ប្រជុំជា​ក្រុម​តូច​​ថ្នាក់​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​អូទ្រីស ជាមួយ​ប្រទេស​អាល់បានី បូស្នី ប៊ុលហ្ការី ក្រូអាស៊ី ម៉ាសេដ្វាន់ ម៉ុងតេនេហ្ក្រូ ស៊ែរបី ស្លូវានី និង​កូសូវូ។ ​

គេ​មិន​អាច​ឈរ​សៀម​មើល​លំហូរ​អន្តោប្រវេសន៍​ឥត​ឈប់​ឈរ​ទេ ! តែ​អូទ្រីស​នៅ​គាំទ្រ​និង​ចង់​បាន​ជា​និច្ច​​ដំណោះស្រាយ​​អឺរ៉ុប​​ ដូច្នេះ​ក្នុងពេល​រង់ចាំយើង​ត្រូវ​តែ​មាន​ដំណោះសា្រយ​ជាតិ ! នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​អូទ្រីស នា​ឱកាស​បើក​ជំនួប​ប្រជុំ ដែ​ល​បាន​អះអាង​ទៀត​ថា កាត់​បន្ថយ​លំហូរ​ជន​ភៀស​ខ្លួន ជា​ការ​ត្រដរ​រស់​របស់​អឺរ៉ុប។

ប៉ុន្តែ​ការ​កោះ​ប្រជុំ​តែ​ក្រុម​ប្រទេស​​មួយ​ចំនួន​នៅ​តំបន់​បាល់កង់របស់​អូទ្រីស បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ជា​ពិសេស​ពី​សំណាក់​ក្រិក​និងសហភាព​អឺរ៉ុប។ សម្រាប់​ក្រិក ការ​​ផ្តួចផ្តើម​របស់​អូទ្រីសនេះ​​ ជា​គំនិត​​ឯកតោ​ភាគី ​អមិត្ត​ និង​គ្មាន​សាមគ្គីភាព​សោះ ព្រោះ​រាល់​សេចក្តី​សម្រេច​ចិត្ត​​សុទ្ធ​តែ​មាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ព្រំប្រទល់​ក្រិក ហេតុអ្វី​បាន​ជួប​ពិភាក្សា​ដោយ​គ្មាន​វត្តមាន​ក្រិក។ ចំណែក​សហភាព​អឺរ៉ុប​វិញ ក៏​មិន​ពេញ​ចិត្ត​ដែរ​ ដោយ​ខ្លាច​ក្រែង​មាន​វិបត្តិ​មនុស្សធម៌​ផ្ទុះ​ឡើង​នៅ​ក្រិក នៅ​ពេល​ដែល​អន្តោប្រវេសន៍​រាប់​ពាន់​នាក់​ត្រូវ​ជាប់​គាំង​ក្នុង​ប្រទេស​ មិន​អាច​ឆ្លង​ទៅ​អឺរ៉ុប​ខាងជើង​បាន។

អឺរ៉ុប ដែល​មាន​ពលរដ្ឋ​សរុប​៥០០​លាន​នាក់ និង​ជា​តំណាង​នយោបាយ​ដ៏​សម្បូរ​បែប​ជាង​គេ​នៅ​លើ​ពិភពលោក តែ​អសមត្ថភាព​បំផុត​ខាង​ដំណោះស្រាយ​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស​ នេះ​បើ​តាម​ការ​បរិហារ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​Amnesty International បាន​ទទួល​ជនភៀស​ខ្លួន​ គិត​ត្រឹម​ពី​ខែ​មករា​២០១៦​មក ដល់​ទៅ​១០២០០០​នាក់ ក្នុង​នោះ​១២០០០​នាក់ កំពុង​ជាប់​គាំង​នៅ​ព្រំប្រទល់​ក្រិក​-ម៉ាសេដ្វាន ដោយ​ប៉ូលិស​ព្រំដែន​រឹត​ត្បិត​ច្រក​ខ្លាំង ចម្រាញ់​និង​កំណត់​កូតា​ចំនួនមនុស្ស​ឆ្លងដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ