អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី-តួកគី៖​លោកអ៊ែរដូហ្កាន​ទៅ​ជួប​លោកពូទីន​ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ឡើង​វិញ

សំឡេង ០៦:១៧
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន និង​​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ថ្ងៃទី៩ សីហា ២០១៦
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន និង​​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ថ្ងៃទី៩ សីហា ២០១៦ Reuters

នៅ​ថ្ងៃ​អង្គារ ទី៩ សីហា​នេះ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ គឺ​ជា​ដំណើរ​ចាកចេញ​ទៅ​បរទេស​លើក​ទី១ របស់​ប្រមុខរដ្ឋ​តួកគី ក្រោយ​ពី​មាន​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១៥ កក្កដា​កន្លង​ទៅ។ វត្តមាន​របស់​លោក​អ៊ែរដូហ្កាន​ក្នុង​ទឹកដី​រុស្ស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​អង់ការ៉ា និង​មូស្គូ​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​ដោយសារ​ព្រឹត្តិការណ៍​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ពី​សំណាក់​ទ័ពអាកាស​តួកគី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

វត្តមាន​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ក្នុង​ទឹកដី​រុស្ស៊ី​ថ្ងៃ​នេះ​មិនមែន​ចា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ព្រោះ​វា​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បស្ចិមលោក​កំពុង​រិះគន់ទិតៀន​លោក​អ៊ែរដូហ្កាន​យ៉ាង​ខ្លាំង​ពី​ទង្វើ​ដែល​លោក​បាន​ធ្វើ​នៅ​ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ។ ចំណែក​រុស្ស៊ី​វិញ ពិសេស​លោក​ពូទីន​បាន​បន្ត​គាំទ្រ​លោក​អ៊ែរដូហ្កាន​ដោយ​មិន​ងាករ៉េ។ ម្យ៉ាង​ទៀត គោលដៅ​របស់​លោក​អ៊ែរដូហ្កាន​នៅ​រុស្ស៊ី​ក៏​ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​មូស្គូ​ឡើង​វិញ​វិញ​ដែរ។ ទំនាក់ទំនង​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង បន្ទាប់​ពី​ទ័ពអាកាស​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​នៅ​តាម​បណ្តាយ​ព្រំដែន​តួកគី និង​ស៊ីរី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ លោក​អ៊ែរដូហ្កាន​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ដើម្បី​សម្តែង​ការ​សុំទោស​ចំពោះ​ព្រឹត្តិការណ៍​បាញ់​យន្តហោះ​រុស្ស៊ី។ ថ្ងៃ​នេះ និង​ជិត ១ឆ្នាំ​ក្រោយ​មក លោក​អ៊ែរដូហ្កាន​បាន​ទៅ​ជួប​លោក​ពូទីន​ផ្ទាល់​នៅ​ក្នុង​ទីក្រុងSaint-Pétersbourg និង​ដែល​នា​ឱកាស​ជំនួប​មួយ​ទល់​មួយ​នេះ លោក​អ៊ែរដូហ្កាន​មាន​បំណង​បិទបញ្ចប់​ទំព័រ​ចម្រូងចម្រាស​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ខាត​បង់​ដូច​គ្នា។ ទន្ទឹម​គ្នា​នេះ លោក​អ៊ែរដូហ្កាន​ក៏​ត្រូវ​ការ ការ​គាំទ្រ​ពី​លោក​ពូទីន​ចំពោះ​ព្រឹត្តិការណ៍​នៅ​តួកគី​ដែល​រូប​លោក​អ៊ែរដូហ្កាន​កំពុង​ទទួល​រង​ការ​រិះគន់ទិតៀន​យ៉ាង​ខ្លាំង​ពី​បច្ចិមលោក​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១៥ កក្កដា។

អ្វី​ដែល​បស្ចិមលោក​រិះគន់​នោះ គឺ​ទង្វើ​របស់​លោក​អ៊ែរដូហ្កាន​ដែល​បាន​ធ្វើ​ការ​ចាប់​មនុស្ស​ឃុំ​ជា​ច្រើន​ពាន់​នាក់ មាន​ទាហាន ប៉ូលិស មេធាវី និង​គ្រូបង្រៀន​ដែល​ជាប់​សង្ស័យ​ពី​បទ​រៀបចំ​រដ្ឋប្រហារ​មិន​បាន​សម្រេច។ ក្រៅ​ពី​វិស័យ​ការទូត ក៏​នៅ​មាន​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ថាមពល​ដែល​លោក​អ៊ែរដូហ្កាន​និយាយ​ជាមួយ​លោក​ពូទីន។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ទេ​ពី​ប្រធានបទ​អន្តរជាតិ ពិសេស​វិបត្តិ​នៅ​ស៊ីរី​ដែល​រុស្ស៊ី និង​តួកគី​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា។ រុស្ស៊ី​បន្ត​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ ចំណែក​តួកគី​បន្ត​គាំទ្រ​ក្រុម​ប្រឆាំង។ ទោះ​ជា​យ៉ាង​នេះ​ក្តី មូស្គូ និង​អង់ការ៉ា​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

និយាយ​ពី​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី និង​តួកគី​ត្រូវ​បាន​វិមាន​ក្រិមឡាំង​ផ្តល់​តួលេខ​ថា មាន​ការ​ធ្លាក់​ចុះ​ដល់​ទៅ ៤៣% ពោល​មាន​ទឹកប្រាក់​ត្រឹម​តែ ៦ ១០០លានដុល្លារ​ក្នុង​ចន្លោះ​ខែ​មករា និង​ឧសភា​ឆ្នាំ ២០១៦ នេះ។ នៅ​ក្នុង​វិស័យ​ថាមពល រុស្ស៊ី និង​តួកគី​នឹង​បន្ត​គម្រោង​សាងសង់​បំពង់បង្ហូរ​ឧស្ម័ន​កាត់​តាម​សមុទ្រខ្មៅ​ដែល​អាច​បញ្ជូន​ឧស្ម័ន​រុស្ស៊ី​​ទៅ​ឲ្យ​តួកគី​ក្នុង​បរិមាណ ៣១ ៥០០លានម៉ែត្រគូប​ក្នុង​១ឆ្នាំ ព្រម​ទាំង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដោយ​រុស្ស៊ី​ក្នុង​ទឹកដី​តួកគី​ដែល​អាច​ផលិត​ភ្លើងអគ្គិសនី​សរុប ៤ ៨០០មេហ្កាវ៉ាត់។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា តួកគី​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​តាំង​ពី​ឆ្នាំ ១៩៥២ នៅ​តែ​ជា​ដៃគូ​យ៉ាង​សំខាន់ និង​មិន​អាច​កាត់​ផ្តាច់​បាន​ជា​មួយ​បស្ចិមលោក ពិសេស​ជាមួយ​សហភាព​អឺរ៉ុប​ដែល​តួកគី​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ជាង ៤០%។ តែ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ពោល​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​តួកគី និង​អឺរ៉ុប ព្រម​ទាំង​រវាង​តួកគី និង​អាមេរិក​កំពុង​ធ្លាក់​ចុះ​ខ្លាំង លោក​អ៊ែរដូហ្កាន​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ទៅ​ចែចូវ​ជាមួយ​លោក​ពូទីន​ទេ។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកវិភាគ​បាន​សម្លឹង​ឃើញ​ពី​ផលចំណេញ​ដែល​រុស្ស៊ី និង​តួកគី​ទទួល​បាន​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ