អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​តួកគី និង​បស្ចិមលោក​បន្ត​ដំឡើង​សម្លេង​ដាក់​គ្នា​ទាក់ទង​នឹង​កម្លាំង​គួដឌីស្ថាន​នៅ​ស៊ីរី?

សំឡេង ០៥:២៦
កងរថក្រោះ​តួកគី
កងរថក្រោះ​តួកគី REUTERS/Umit Bektas

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ប្រទេស​តួកគី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី។ ទីក្រុង​អង់ការ៉ា​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើងត្បាល់​របស់​ពួកជីហាត​ចូល​ក្នុង​ទឹកដី​ខ្លួន។ ទង្វើ​របស់​តួកគី​របៀប​នេះ​បាន​ទទួល​ការ​សាទរ​ពី​បស្ចិមលោក។ តែ​អ្វី​ដែល​បស្ចិមលោក​មិន​គាំទ្រ​តួកកី​នោះ គឺ​ការ​ដែល​តួកគី​បាន​បង្វែរ​ផ្ទាំងស៊ីប​ទៅ​វាយប្រហារ​លើកម្លាំង​គួដឌីស្ថានស៊ីរី​ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​រឿង​ប្រសើរ​ណាស់​ដែល​តួកគី​បាន​សម្រេច​ចិត្ត​បើក​យុទ្ធនាការ​វាយប្រហារ​យ៉ាង​ចាស់ដៃ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​ប្តេជ្ញា​បោសសំអាត​ពួកជ្រុលនិយម​មួយ​នេះ​ឲ្យ​អស់​ពី​ព្រំដែន​ខ្លួន​ជាប់​នឹង​ប្រទេស​ស៊ីរី។ ជា​រឿង​ប្រសើរ ព្រោះ​ទង្វើ និង​ការ​ប្តេជ្ញាចិត្ត​របស់​ទីក្រុង​អង់ការ៉ា​របៀប​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ដែរ។ អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ចង់​ឲ្យ​តួកគី​ក្នុង​នាម​ជា​សមាជិក​ម្នាក់​របស់​អង្គការ​អូតង់​លូកដៃ​ជ្រៅ​បន្ថែម​ទៀត​ជាមួយ​បច្ចិមលោក​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បើក​ប្រតិបត្តិការ​វាយប្រហារ​របស់​កម្លាំង​តួកគី សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​សាទរ​តួកគី​ពេញ​មាត់។ ក្នុង​ចំណោម​អ្នក​បញ្ចេញ​ប្រតិកម្ម​សាទរ ក៏​មាន​ប្រទេស​បារាំង​តាម​រយៈ​លោក​ប្រមុខ​ការទូត​ហ្សង់ម៉ាក អេរ៉ូ​ដែល​បាន​ថ្លែង​ច្បាស់ៗ​ថា វា​ជា​ដំណឹង​ល្អ​មួយ​ដែល​តួកគី​បាន​បើក​ការ​វាយប្រហារ​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​ថា អ្វី​ដែល​តួកគី​កំពុង​ធ្វើ​នេះ​ពិត​ជា​រឿង​ស្រប​ច្បាប់​ដែល​តួកគី​ត្រូវ​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន។

ក៏​ប៉ុន្តែ​ពេល​នេះ សហគមន៍​អន្តរជាតិ​ដែល​មាន​បារាំង​ដែរ​នោះ​បែរ​ជា​បាន​ខកចិត្ត​ខ្លាំង​នឹង​តួកគី​ទៅ​វិញ។ ខក​ចិត្ត​នៅ​ត្រង់​ថា តួកគី​បែរ​ជា​បាន និង​កំពុង​ប្តូរ​បន្តិច​ម្តងៗ ឬ​មួយ​ក៏​ថា បាន​បន្ថែម​ផ្ទាំងស៊ីប​ថ្មី​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ខ្លួន​ក្នុង​ទឹកដី​ស៊ីរី។ ផ្ទាំងស៊ីប​ថ្មី​នោះ គឺ​ការ​បើក​សមរភូមិ​តទល់​ផ្ទាល់​នឹង​កម្លាំងគួដឌីស្ថាន​ក្នុង​ទឹកដី​ស៊ីរី។ ពី​សហរដ្ឋអាមេរិក ទីក្រុង​វ៉ាស៊ីនតោន​បាន​ថ្លែង​ជា​សាធារណៈ​បង្កប់​ដោយ​ក្តីបារម្ភ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំងទ័ព​តួកគី និង​កម្លាំង​គួដឌីស្ថាន​ស៊ីរី​ជា​រឿង​មិន​ទទួល​យក​បាន ព្រម​ទាំង​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ជា​បន្ទាន់។ តែ​តួកគី​បាន​ឆ្លើយ​បក​វិញ​ថា ពួក​គួដឌីស្ថានស៊ីរី​ក៏​មាន​ចំណែក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​បាញ់​គ្រាប់កាំភ្លើងត្បាល់​ពី​ទឹកដី​ស៊ីរី​ចូល​ទឹកដី​តួកគី​ដែរ។

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា អ្វី​ដែល​តួកគី​កំពុង​ធ្វើ​នេះ​ជា​រឿង​ស្រប​ច្បាប់​ក្នុង​គោលដៅ​ការពារ​ខ្លួន និង​ក៏​ជា​ការ​រួម​ចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម​ដែរ។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ផ្ទាំងស៊ីប​ពិត​របស់​តួកគី​នៅ​ក្នុង​ទឹកដី​ស៊ីរី គឺ​កម្លាំង​ប្រដាប់​អាវុធ​គួដឌីស្ថាន​ឯណោះ​ទេ។ ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​អង់ការ៉ា ពួក​គួដឌីស្ថានស៊ីរី​នេះ​ជា​សម្ព័ន្ធមិត្ត និង​ដៃជើង​របស់​គណបក្ស​ពលករ​គួដឌីស្ថាន​ហៅកាត់​ថា PKK នៅ​ក្នុង​ទឹក​តួកគី។ គោលដៅ​របស់​តួកគី គឺ​ធ្វើ​យ៉ាង​ណា​រារាំង ទប់ស្កាត់​កុំ​ឲ្យ​គួដឌីស្ថានស៊ីរី​អាច​បង្កើត​តំបន់​ស្វយ័ត​មួយ​ក្នុង​ទឹកដី​ស៊ីរី​ក្បែរ​ព្រំដែន​ខ្លួន។

សូម​ជម្រាប​ជូន​ថា គណបក្ស​ពលករ​គួដឌីស្ថាន PKK ដែល​មាន​មូលដ្ឋាន​ជាប់​នឹង​ព្រំដែន​ស៊ីរី គឺ​ជា​សត្រូវ​ស៊ីសាច់ហុត​ឈាម​នឹង​រដ្ឋាភិបាល​តួកគី និង​ដែល​សហរដ្ឋអាមេរិក រួម​ទាំង​សហភាព​អឺរ៉ុប​ផង​បាន​ចាត់​ទុក PKK ជា​អង្គការ​ភេរវនិយម។ ជា​រឿយៗ និង​ដើម្បី​ត តាំង​នឹង​រដ្ឋាភិបាល​តួកគី កម្លាំង​ប្រដាប់អាវុធ PKK មិន​ញញើត​នឹង​វាយឆ្មក់​តាម​រយៈ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ទេ។ ទីក្រុង​អង់ការ៉ា​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ការ​ទុក​បណ្តោយ​ឲ្យ​កម្លាំង​គួដឌីស្ថាន​នៅ​ស៊ីរី​ឡើង​ចាង និង​អាច​បង្កើត​តំបន់​ស្វយ័ត​មួយ​ក្បែរ​ព្រំដែន​ខ្លួន វា​មិន​ខុស​អ្វី​ពី​ការ​ជួយ​ពង្រឹង​កម្លាំង​ពួក PKK ទេ។ តួកគី​បាន​យក​គួដឌីស្ថាន​នៅ​តួកគី និង​គួដឌីស្ថាន​នៅ​ស៊ីរី​ដាក់​ក្នុង​កន្រ្តក​តែ​មួយ។

តែ​បញ្ហា​នៅ​ត្រង់​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​មិន​បាន​យល់​ឃើញ​ដូច​តួកគី​ឯណា។ អាមេរិក និង​អឺរ៉ុប​បាន​ចាត់​ទុក​គួដឌីស្ថានតួកគី PKK ជា​អង្គការ​ភេរវនិយម តែ​បាន​ចេញ​មុខ​គាំទ្រ​ពេញ​ទំហឹង​លើ​កម្លាំង​គួដឌីស្ថាន​នៅ​ស៊ីរី។ ទីក្រុង​វ៉ាស៊ីនតោន​មិន​ញញើត​នឹង​សរសើរ​យុទ្ធជន​គួដឌីស្ថានស៊ីរី​ពេញ​មាត់​ថា ជា​យុទ្ធជន​គំរូ​ដែល​បាន​តស៊ូ​ប្រយុទ្ធ​តទល់​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ក្រៅ​ពី​អាមេរិក រុស្ស៊ី​ក៏​បាន​ចេញ​មុខ​គាំទ្រ​កម្លាំង​គួកឌីស្ថាន​នៅ​ស៊ីរី​ដែរ។ មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា រវាង​តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ដូច​គ្នា និង​កម្លាំង​គួដឌីស្ថាននៅ​ស៊ីរី​ដែល​កំពុង​ប្រយុទ្ធ​ត ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម តើ​អាមេរិក​ត្រូវ​មាន​ជំហរ​បែប​ណា?

ពិត​ជា​រឿង​មួយ​ពិបាក​ថ្លឹងថ្លែង ព្រោះ​មិន​អាច​ទាត់​ចោល​ភាគី​ណា​មួយ​ទេ។ តែ​ដើម្បី​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា ទីក្រុង​វ៉ាស៊ីនតោន​បាន​ជ្រើសរើស​ផ្លូវ​កណ្តាល​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​នៅ​បន្ត​គាំទ្រ​កម្លាំង​គួដឌីស្ថានស៊ីរី​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម និង​បាន​អំពាវនាវ​ឲ្យ​ភាគី​តួកគី និង​កម្លាំង​គួដឌីស្ថានស៊ីរី​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​បន្ទាន់។ អាមេរិក​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា បញ្ហា​នៅ​ស៊ីរី​ជា​រឿង​ស្មុគស្មាញ និង​កំពុង​អូសបន្លាយ​ដែល​គេ​មិន​គួរ​បន្ថែម​បញ្ហា​ថ្មី​ទៀត​ឡើយ។ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន អាទិភាព​ទី១ ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​កម្ទេច​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ