អានតួអត្ថបទ

អាល្លឺម៉ង់អរគុណ​ជនភៀស​ខ្លួនស៊ីរី​ដែលជួយ​ប៉ូលិស​កម្ចាត់​ភេរវកម្ម

លោកស្រី​ Angela Merkel ចុះ​សួរ​សុខទុក្ខជនភៀស​ខ្លួន​ស៊ីរី​នៅ​ក្នុង​ជំរំ​ កាលពី​ខែ​មេសា ២០១៦
លោកស្រី​ Angela Merkel ចុះ​សួរ​សុខទុក្ខជនភៀស​ខ្លួន​ស៊ីរី​នៅ​ក្នុង​ជំរំ​ កាលពី​ខែ​មេសា ២០១៦ Bundesregierung/Steffen Kugler/Handout via REUTERS

តាំង​ពី​អំណាច​កំពូល ចាប់​ផ្តើម​ដោយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល ប៉ូលិស រហូត​ដល់​បណ្តាជន​អាល្លឺម៉ង់សាមញ្ញ តាមរយៈ​បណ្តាញ​​ប្រព័ន្ធ​សង្គម បាន​នាំ​គ្នា​អបអរ​​លើក​សរសើរ​វីរភាព​របស់​ជនភៀស​ខ្លួន​ជាតិ​ស៊ីរីពីរ​នាក់ ដែល​បាន​ជួយ​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​បាន​ភេរវជន​សង្ស័យ ជា​ជនភៀសខ្លួន​និង​មាន​ជាតិ​ស៊ីរី​ដែរ។

ផ្សាយពាណិជ្ជកម្ម

ភេរវជន​សង្ស័យ​ជាតិស៊ីរី Jaber Albakr អាយុ​២២​ឆ្នាំ ដែល​ហៀប​នឹង​​បង្ក​ភេរវកម្ម​នៅ​ស្ថានីយរថភ្លើង និង​នៅអាកាសយានដ្ឋាន​ ដើម្បី​ប្រយោជន៍​អង្គការ​រដ្ឋអ៊ីស្លាម និង​ដែល​ប៉ូលិស​អាល្លឺម៉ង់ តាម​ស្វែង​រក​ចាប់​ខ្លួន​បំផុត តាំង​ពី​ថ្ងៃ​សៅរ៍​មក ត្រូវ​ចាប់​ខ្លួន​បាន​ហើយ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​​នេះ បាន​បំផុស​ឱ្យមាន​ការ​តស៊ូ​មតិ​ជា​ថ្មី​ឡើង​វិញ ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​ជនភៀស​ខ្លួន ដែល​ហូរ​ចូល​យ៉ាង​គំហុក​មក​អាល្លឺម៉ង់ កាលពី​ឆ្នាំ​ទៅ។ ម្យ៉ាង​ដោយ​កាលពី​ខែ​កក្កដា​កន្លង​ទៅ អាល្លឺម៉ង់​បាន​រង​ភេរវកម្មជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​​​ដល់​ទៅពី​រដង បង្ក​ឡើង​ដោយ​ជនភៀសខ្លួន​។

ប៉ុន្តែ​នៅ​លើក​នេះ​ខុស​ពីមុន ការ​ចាប់​ខ្លួន​ភេរវជន​សង្ស័យ​ សម្រេច​បាន​ដោយ​សារ​ជំនួយ​ មិន​អាច​កាត់​ថ្លៃ​បាន របស់​ជនភៀស​ខ្លួន​ស៊ីរីបី​នាក់។ បើ​តាម​ការ​រៀប​រាប់​របស់​កាសែត​Bild នៅ​ថ្ងៃ​សៅរ៍ ជនភៀស​ខ្លួន​ស៊ីរី​ទាំង​បី​នាក់ បាន​ផ្តល់​ជម្រក​ឱ្យ​ជនភៀស​ខ្លួន​ស៊ីរី​ម្នាក់ទៀត ដែល​ស្វែង​រក​ដំបូល​ជ្រកទាំង​​អស់​សង្ឃឹម​​តាម​ប្រព័ន្ធ​សង្គម និង​ដែល​គ្មាន​នរណា​ក្រៅ​ពី Jaber Albakr ​ឡើយ។ នៅ​ថ្ងៃអាទិត្យ នៅ​ម្ចាស់​ផ្ទះម្នាក់​​បាន​ឃើញ​ដំណឹង​ស្វែង​រក​ចាប់​ភេរវជន​សង្ស័យ​ តាមប្រព័ន្ធ​សង្គម​ហ្វេសប៊ូក ហើយ​នៅ​ពេល​បាន​ឃើញ​មុខ​ Jaber Albakr និង​ឆ្លៀត​ពេល​ដែល​ជន​នេះ ចង់​កោរ​សក់ (ម្ចាស់​ផ្ទះ​ម្នាក់ធ្លាប់​ធ្វើ​​ជាង​កាត់​សក់) ពួក​គេ​ក៏​នាំ​គ្នា​យក​ខ្សែ​រ៉ូឡូ​ភ្លើងចង មុន​នឹង​ម្ចាស់​ផ្ទះ​ម្នាក់​ទៀត​ទៅ​រត់​ទៅ​ប្រាប់​ប៉ូលិស។

 
បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់​ដដែល​ ភេរវជន​សង្ស័យ​បាន​ស្នើ​ផ្តល់​លុយ​ឱ្យ​ជនភៀសខ្លួន​ជា​ម្ចាស់​ជម្រក​ផង តែ​ពួក​គេបដិសេធ និង​​សុខចិត្ត​​​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​នៃ​ការសងសឹក​ជា​យថាហេតុ​ទៅ​វិញ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាល្លឺម៉ង់​អបអរ​​វីរភាព​របស់​ពួក​គេ ដែល​បញ្ជាក់​ថា គ្មាន​ទេ​ការ​ម៉ៅ​សរុបថា​សង្ស័យ​លើ​ជនភៀស​ខ្លួន​ទេ។ សកម្មភាព​របស់ពួក​គេ ជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ បង្ហាញពី​ភាព​ក្លាហាន និង​មាន​ទំនួល​ខុស​ត្រូវ។ បុរស​ដែល​បាន​ទៅ​ប្រាប់​ប៉ូលិស បាន​ទទួល​ការ​សរសើរ​ពី​លោកស្រី​អង់ហ្គឺឡា មែរកិល​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ