អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់៖​កម្លាំង​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ចលនា​អ៊ីស្លាមនិយម

​កម្លាំង​ប៉ូលិស​អាល្លឺម៉ង់​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ចលនា​អ៊ីស្លាមនិយម
​កម្លាំង​ប៉ូលិស​អាល្លឺម៉ង់​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ចលនា​អ៊ីស្លាមនិយម Reuters

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ កម្លាំង​ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា​ពី​ការ​បើក​ប្រតិបត្តិការ​ក្រោម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ចលនា​អ៊ីស្លាមនិយម។ ប្រតិបត្តិការ​នេះ​បាន​ចាប់​ផ្តើម​នៅ​ព្រលឹម​ស្រាងៗ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ ២០០កន្លែង​ខុសៗ​គ្នា​ក្នុង​ពេល​តែ​មួយ។ ចលនា​អ៊ីស្លាមនិយម​ដែល​មាន​ឈ្មោះ​ថា « សាសនាពិត » បាន​ជាប់ចោទ​ពី​បទបាន​ញុះញង់​មនុស្ស​ចំនួន ១៤០នាក់​ឲ្យ​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ក្រោម​ទ្រង់ទ្រាយ​ធំ​បង្រ្កាប​លើ​ចលនា​អ៊ីស្លាមនិយម​ឈ្មោះ « សាសនាពិត » ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋតំបន់​ទាំង ១០ របស់​ប្រទេស​អាល្លឺម៉ង់​ដោយ​សំដៅ​លើ ២០០កន្លែង​ខុសៗ​គ្នា ពិសេស​នៅ​តាម​ការិយាល័យ និង​នៅ​តាម​គេហដ្ឋាន។ ចលនា « សាសនាពិត » ដែល​មាន​សមាជិក​ជា​ច្រើន​រយនាក់​ជា​ចលនា​ខុសច្បាប់ និង​ដែល​រដ្ឋអំណាច​អាល្លឺម៉ង់​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។ តែ​កន្លង​មក ចលនា​មួយ​នេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ចែកចាយ​គម្ពី​សាសនា​អ៊ីស្លាម​នៅ​តាម​ស្រុក​ជា​ច្រើន រួម​ទាំង​ឃោសនា​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ឲ្យ​​ធ្វើ​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ផង។ គិត​តាំង​ពី​ឆ្នាំ ២០០១ នេះ​ជា​លើកទី២ ដែល​រដ្ឋអំណាច​អាល្លឺម៉ង់​បាន​សម្រេចចិត្ត​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​បង្រ្កាប​លើ​ក្រុម ឬ​ចលនា​អ៊ីស្លាមនិយម​ក្នុង​ស្រុក។

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ Thomas Maizière បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ថ្ងៃ​នេះ​ថា ចលនា « សាសនាពិត » បាន​ញុះញង់ បញ្ចុះបញ្ចូល​យុវជន​អាល្លឺម៉ង់​ប្រមាណ​ជា ១៤០នាក់​ឲ្យ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ព្រម​ទាំង​បាន​ប្រកាស​ក្តែងៗ​ថា ការ​ឆ្លើយ​បដិសេធ​មិន​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​កាតព្វកិច្ច​របស់​ប្រជាជន​អ៊ីស្លាម។ យ៉ាង​ណា​ក៏​ដោយ លោក Thomas បាន​ថ្លែង​ដោយ​ព្រមាន​ថា ប្រទេស​អាល្លឺម៉ង់​គ្មាន​កន្លែង​សម្រាប់​ពួក​អ៊ីស្លាមនិយមជ្រុល​ទេ និង​ថា អាល្លឺម៉ង់​ក៏​មិន​ត្រូវ​ការ​ភេរវនិយម ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឃោសនា​គាំទ្រ​ភេរវនិយម​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ឬ​មួយ​ក៏​នាំ​ភេរវនិយម​ចេញ​ពី​អាល្លឺម៉ង់​ដែរ។

តួលេខ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្ទៃក្នុង​ឲ្យ​ដឹង​ថា មាន​ពួកអ៊ីស្លាមនិយមជ្រុល​ប្រមាណ​ជា ៩ ២០០នាក់​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​អាល្លឺម៉ង់ ក្នុង​នោះ​មាន ១ ២០០នាក់​ជា​ពួក​សកម្ម​ខ្លាំង​អាច​ឈាន​ទៅ​បង្ក​អំពើ​ភេរវកម្ម។ នា​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋអំណាច​អាល្លឺម៉ង់​បាន​បង្កើន​គំនាប​លើ​ក្រុម និង​ចលនាអ៊ីស្លាមនិយម។ ជាក់ស្តែង​នៅ​សប្តាហ៍​មុន ក្រសួង​យុត្តិធម៌​អាល្លឺម៉ង់​បាន​ចេញ​ដីការ​ចាប់​មនុស្ស ៥នាក់​ពី​បទ​សង្ស័យ​បង្កើត​បណ្តាញ​ជ្រើសរើស​យុវជន​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ