អានតួអត្ថបទ

ប្រជាជន​បារាំង បោះឆ្នោត​ជុំទីពីរ ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី របស់​បក្ស​ស្តាំនិយម

លោក​ François Fillon និង​លោក  Alain Juppé (ឆ្វេង)
លោក​ François Fillon និង​លោក Alain Juppé (ឆ្វេង) JOEL SAGET / AFP

ថ្ងៃអាទិត្យ ទី​២៧ វិច្ឆិកានេះ គឺជាថ្ងៃបោះឆ្នោត​ជុំទីពីរ នៅ​ប្រទេសបារាំង​ដើម្បី​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះប្រធានាធិបតី តំណាង​ឲ្យ​គណបក្ស​ស្តាំនិយម។ គឺបេក្ខជន​ពីររូប ដែល​បាន​ជ័យជំនះ​កាលពី​ជុំ​ទីមួយ សប្តាហ៍​មុន ដែល​ត្រូវ​មក​ប្រកួត​គ្នា​ចុង​ក្រោយ​ក្នុង​ពេលនេះ បេក្ខជន​ទី​មួយ​គឺ​លោក ហ្វ្រង់ស័រ ហ្វីយ៉ុង អតីត​នាយក​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​លោក​សាកូហ្ស៊ី និង​ទីពីរ គឺ​លោក អាឡាំង ហ៊្សុបប៉េ ដែល​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហើយ​បច្ចុប្បន្ន គឺ​ជា​អភិបាល​ក្រុង​ប័រដូ។ តើ​បេក្ខជន​ណា​ នឹង​បាន​ជ័យលាភី ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ ដើម្បី​ឈាន​ទៅ​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ខែ​ឧសភា ឆ្នាំ២០១៧ ?

ផ្សាយពាណិជ្ជកម្ម

 

បេក្ខជន​ដែល​ទទួល​បាន​ជ័យលាភី​នៅ​ថ្ងៃ​នេះ គឺ​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​បារាំង ក្នុង​អាណត្តិ​ថ្មី ព្រោះ​បេក្ខជន​នោះ អាច​នឹង​ត្រូវ​ទៅ​ប្រជែង​ជាមួយ​លោកស្រី Marine Le Pen មកពី​គណបក្ស​ស្តាំនិយម​ជ្រុល នៅ​ជុំ​ទីពីរ នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ២០១៧។ ហេតុដូច្នេះ​ហើយ​បាន​ជា​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​របស់​បក្ស​ស្តាំនិយម​បារាំង​នាពេលនេះ ត្រូវ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជា​ទីបំផុត។ ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត ត្រូវ​គេ​រំពឹង​ថា អាច​នឹង​មាន​ច្រើន​លើស​ពី​ធម្មតា ជាក់ស្តែង​កាលពី​ជុំ​ទី​មួយ នៅ​សប្តាហ៍​មុន​ មាន​អ្នកចូលរួម​បោះឆ្នោត ដល់​ទៅ​ជាង​៤​លាន​នាក់។

កាលពីជុំទីមួយ ក្នុងចំណោមបេក្ខជន​ទាំងអស់​៧នាក់ លោក François Fillon បាន​ទទួល​សម្លេង​ឆ្នោត សរុបចំនួន​៤៤% ចំណែក​លោក Alain Juppé បាន​ទទួល​សម្លេង​ឆ្នោត​២៨,៥%។ លោក François Fillon បាន​ទទួល​ជ័យជំនះ​នៅ​ជុំ​ទីមួយ ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជា​ទី​បំផុត ព្រោះ​ចាប់​តាំង​ពី​ពេល​បើក​ការឃោសនា គឺ​លោក Alain Juppé​ ទេ​ដែល​មតិ​ទូទៅ​គិត​ថា​នឹង​ឈ្នះ។

កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៤ វិច្ឆិកា បេក្ខជន​ទាំងពីរ បាន​ចូលរួម​ឆ្លើយ​សំណួរ​ជជែក​ដេញដោល​យោបល់​គ្នា នៅលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឲ្យ​ប្រជាជន​វិនិច្ឆ័យ​អំពី​កម្មវិធី​នយោបាយ​រៀងៗខ្លួន។ លោក François Fillon ត្រូវ​បាន​គេមើល​ឃើញ​ថា មាន​កម្មវិធី​នយោបាយ​បែប​សេរីនិយម​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច តែ​ខាង​ផ្នែក​សង្គម​វិញ គឺ​មាន​គំនិត​អភិរក្ស​ជ្រុល។ ជាងនេះ​ទៅ​ទៀត លោក François Fillon បាន​សន្យា​លុប​បុគ្គលិក​រដ្ឋ​ចំនួន ៥​សែន​នាក់​ចោល ដើម្បី​កាត់​បន្ថយ​ការចំណាយ។ គឺត្រង់ចំណុច​នេះ​ហើយ ដែល​លោក Alain Juppé បាន​រិះគន់​វាយបក​ទៅ​វិញ ដោយ​អះអាង​ថា ការសន្យា​លុប​បុគ្គលិករដ្ឋ​ចោល​ដល់​ទៅ​៥​សែន​នាក់ គឺ​ជា​រឿង​ដែល​មិន​អាច​ធ្វើ​បាន​ទេ ហើយ​វា​ជារឿង​ដែល​មិន​សមហេតុផល​ទៀត។

សូមបញ្ជាក់ថា កម្មវិធី​នយោបាយ​របស់​លោក Alain Juppé ត្រូវបាន​អ្នកវិភាគ​យល់​ថា មាន​ចេតនា​ធ្វើ​កំណែ​ទម្រង់ ក៏​ប៉ុន្តែ​ហាក់​មិន​សូវ​ស៊ី​ជំរៅ ពោល​គឺ​នៅមាន​ភាព​ស្ទើរស្ទាក់។ តាមការវិភាគ គឺ​ប្រហែល​ជា​ភាព​ស្ទាក់ស្ទើរ របស់​លោក Alain Juppé នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​សុខចិត្ត​យក​សន្លឹក​ឆ្នោត​ទៅ​ប្រគល់​ឲ្យ​លោក François Fillon វិញ​ កាលពី​ជុំ​ទី​មួយ ព្រោះ​ពួកគេ​ត្រូវការ​អ្នក​ដែល​ហ៊ាន​សន្យា​ខ្លាំងៗ។

ជាមួយនឹងជ័យជំនះ​ដាច់ឆ្ងាយ​ពី​លោក Alain Juppé កាលពី​ជុំ​ទី​មួយ ក្រុម​លោក François Fillon បាន​មាន​សង្ឃឹម​លួច​ញញឹម​ក្នុង​ចិត្ត​រួច​ទៅ​ហើយ​ថា លទ្ធផល​ជុំ​ទីពីរ​នៅ​ល្ងាច​នេះ គឺ​លោក François Fillon នឹង​ឈ្នះ​ដាច់​ហៅ​មិនឮ។ យ៉ាងណាក៏ដោយ ក្រុមលោក Alain Juppé នៅ​តែ​បន្ត​មាន​សេចក្តី​សង្ឃឹម ដោយ​អ្វីៗ​មិន​អាច​ស្មាន​ដឹង​នៅឡើយ ព្រោះ​ប្រជាជន​អ្នកគាំទ្រ​ខាង​បក្ស​ឆ្វេងនិយម អាច​នឹង​មក​ចូលរួម​បោះឆ្នោត ដើម្បី​សង្គ្រោះ​លោក Alain Juppé។ ចំណែក​យោង​តាម​ការស្ទាបស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្ថិតិ​បារាំង​ IFOP វិញ​បង្ហាញ​ថា លោក François Fillon និង​បាន​៦៥% ទល់ ៣៥% សម្រាប់​លោក Alain Juppé៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ