អានតួអត្ថបទ

ស៊ុយអែត​សុំ​ការ​បំភ្លឺ​ពី​ដូណាល់ ត្រាំ ដែល​ប្រកាស​ថាមាន​ភេរវកម្មនៅ​ស្តុកខុម

លោកប្រធានាធិបតី​អាមេរិក​ Donald Trump នៅ​Florida ថ្ងៃទី ១៨ កុម្ភៈ ២០១៧
លោកប្រធានាធិបតី​អាមេរិក​ Donald Trump នៅ​Florida ថ្ងៃទី ១៨ កុម្ភៈ ២០១៧ REUTERS/Kevin Lamarque

កាលពី​ថ្ងៃ​សៅរ៍ លោក​ដូណាល់ត្រាំ បាន​ប្រកាស​ថា​មាន​ភេរវកម្ម​ទាក់ទង​នឹង​អន្តោប្រវេសន៍​ផ្ទុះ​ឡើង​នៅ​ក្រុង​ស្តុកខុម​ប្រទេស​ស៊ុយអែត។ ​ប្រតិកម្ម​ជា​ច្រើន បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ភ្លាម និង​បានធ្វើ​ម្ចាស់​ផ្ទះ​​ស៊ុយអែតផ្ទាល់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​កែ​សំដី ដោយ​អះអាង​ថា ភេរវកម្ម​ដែល​លោក​បាន​លើក​ឡើង​នោះ គឺលោក​ចង់​សំដៅ​លើ​​​បទយកការណ៍​ចាក់​ផ្សាយ​នៅក្នុង​កញ្ចក់​ទូរទស្សន៍​Fox Newsទេ។

ផ្សាយពាណិជ្ជកម្ម

ដោយ​ចង់បង្ហាញ​ថា​​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អន្តោប្រវេសន៍របស់​លោក​​ល្អ​ លោក​ដូណាល់ ត្រាំ​ កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​ថា​មាន ​​ភេរវកម្ម​​ពាក់ព័ន្ធ​នឹង​កំណើន​អន្តោប្រវេសន៍ នៅ​ស៊ុយអែត​ ៖ “​មើលអ្វី​ដែល​បាន​កើត​នៅ​​អាល្លឺម៉ង់​ចុះ ! មើល​ស៊ុយអែត ដែល​ទើប​រង​គ្រោះ​ភេរវកម្ម​កាលពី​យប់​មិញ។ នៅ​ស៊ុយអែតណា ! តើ​មាន​នរណា​ដែល​នឹង​គិត​ដល់ទេ ?! ថា​ស៊ុយអែត​ដែល​ព្រម​ទទួល​ជនភៀស​ខ្លួន​ដ៏​សន្ធឹក​សន្ធាប់​ បែរ​ជា​ជួប​​បញ្ហា​ដែល​មិន​គួរ​កើត​។

ប៉ុន្តែ​តាមការពិត​គ្មានហេតុការណ៍​អ្វី​កើត​ឡើង​សោះ​នៅស៊ុយអែត។ ប្រសាសន៍​របស់​លោក​ត្រាំនេះ​ បាន​បង្ក​ភាព​ស្រឡាំងកាំង និង​ប្រតិកម្ម​យ៉ាង​ខ្លាំង ពី​ខាង​រដ្ឋាភិបាល​ស៊ុយអែត ដោយ​ទាមទារ​ឱ្យ​សេតវិមាន​ពន្យល់​បំភ្លឺ។ រដ្ឋមន្ត្រីការបរទេស​បាន​បង្ហោះ​សារ​Twitter ព្រមាន​ថា​ប្រជាធិបតេយ្យ​និង​ការទូត​ត្រូវ​ការ​ការ​គោរព​គ្នា​ គោរព​វិទ្យាសាស្ត្រ គោរព​ការពិត និង​គោរព​ ព័ត៌មាន។

 
ប្រឈម​នឹង​ស្ថានភាពបែប​នេះ លោក​ដូណាល់ត្រាំ​ បាន​បង្ហោះ​សារ​ពន្យល់​ថា សេចក្តី​ប្រកាស​របស់​លោក​ទាក់ទង​នឹង​ភេរវកម្មនៅ​ស៊ុយអែត គឺ​​សំដៅ​លើ​បទ​យកការណ៍​ ​​របស់​ទូរទស្សន៍​Fox News​ ស្តីពី​អន្តោប្រវេសន៍នៅ​​ស៊ុយអែត។ Fox News ដែល​មាន​និន្នការ​គាំទ្រ​លោក​ត្រាំ បាន​ចាក់ផ្សាយ​បទ​យកការណ៍​មួយ នៅ​យប់​ថ្ងៃ​សុក្រ​ រៀប​រាប់​អំពី​កំណើន​​​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​វត្តមាន​ជន​ភៀស​ខ្លួន​លើ​ទឹកដី​ស៊ុយអែត។ សេតវិមាន​បាន​គូស​បញ្ជាក់​ថា លោក​ត្រាំ គ្រាន់​តែ​ចង់​បង្ហាញ​ពី​កំណើន​អត្រា​ឧក្រិដ្ឋកម្ម​និង​កំណើន​ឧប្បត្តិហេតុ​ប៉ុណ្ណោះ។

តែ​បើ​តាម​ស្ថិតិ​ជា​ផ្លូវការ​ អត្រា​ឧក្រិដ្ឋកម្ម​នៅ​ស៊ុយអែត បាន​ធ្លាក់​ចុះ​តាំង​ពី​ឆ្នាំ​២០០៥​មក ហើយ​ប្រទេស​បាន​ទទួល​ជន​អន្តោប្រវេសន៍​និង​ភៀស​ខ្លួន​ មាន​ទាំង​ជនជាតិ​ស៊ីរី និង​អ៊ីរ៉ាក់ផង ជា​ច្រើន​រយ​នាក់។ លោក ដូណាល់ ត្រាំ បាន​រង​ការ​រិះគន់​ជាច្រើន​លើក​ច្រើនសា​មកហើយ​ ក្នុង​រឿង​ថ្លែង​សុន្ទរកថា​ប្រឌិត​រឿង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ