អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លទ្ធផល​​នៃ​​ជំនួប​​ប្រមុខ​​ការទូត​​រុស្ស៊ី​​ ជាមួយ​​ថ្នាក់ដឹកនាំ​​សរអា​​ នៅ​​ក្រុង​​វ៉ាស៊ីនតោន​​

សំឡេង ០៥:១៨
រដ្ឋមន្តី​​ក្រសួង​​ការបរទេ​ស​​រុស្ស៊ី​ លោក Sergueï Lavrov ទទួល​ស្វាគម​លោក​​ Rex Tillerson ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​
រដ្ឋមន្តី​​ក្រសួង​​ការបរទេ​ស​​រុស្ស៊ី​ លោក Sergueï Lavrov ទទួល​ស្វាគម​លោក​​ Rex Tillerson ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ REUTERS/Maxim Shemetov

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ស៊ែរហ្គៃ ឡាវ្រ៉ូវ  ​ថ្ងៃ​១០​ឧសភា​កន្លង​ទៅ ​បាន​ធ្វើ ​កិច្ចចរចា​ នៅ​ក្រុង​វ៉ាស៊ីនតោន ​ជាមួយ​សមភាគី​អាមេរិកាំង​របស់​គាត់​ លោក រ៉ិច ទីល្លែរសុន​ ហើយ​បន្ទាប់​មក​ ត្រូវ​បាន ​ទទួលជួប​ នៅ​សេតវិមាន​ ដោយ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។​ កម្មវត្ថុ​នៃ​ការ​ពិភាក្សា គឺ​អំពី ​ទំនាក់ ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ ​ អំពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន ​ អំពី​វិបត្តិនៅស៊ីរី។ ​ក្រោយពី​កិច្ចចរចា​នោះ ​ប្រមុខការទូត​រុស្ស៊ី ​ថ្លែងថា​ ធ្វើការ​ក្នុង​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ គឺ​សុទ្ធតែ​មនុស្ស​សាច់ការណ៍​ ចំណែក​ លោកត្រាំ​ ចាត់​ទុក​ ជំនួប​ដែល​បាន​ប្រព្រឹត្ត​ទៅ ថា “ ល្អណាស់ “។ តុល្យាការនៃជំនួប ត្រូវបានលោកឡាវ្រ៉ូវ លាតត្រដាង ក្នុង​សន្និសីទ​សារព័ត៌​មាន នៅឯស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីអាមេរិក។   

ផ្សាយពាណិជ្ជកម្ម

អ្វីដែល​ប្រព័ន្ធផ្សព្វផ្សាយនៅម៉ូស្គូ ចាប់អារម្មណ៍ គឺ ជំនួប​លោកត្រាំ​និង​លោកឡាវ្រ៉ូវ​ បាន​ពន្យា​រ​ទៅ តែ ៤០នាទី​ បានន័យថាពីរ​ដងកន្លះ ខ្លីជាង ពេលដែល​លោកប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន​ បាន​ចំណាយសម្រាប់ ធ្វើជំនួប ជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិក រ៉ិច ទីល្លែរសុន នៅ​វិមាន​ក្រេមឡាំង កាលពីមួយខែមុន គឺ ថ្ងៃ១២មេសា។ ទោះយ៉ាងណាក្តី ក៏ទីភ្នាក់ងារពត៏មាន AP បានហៅជំនួប នៃចៅហ្វាយថ្មីរបស់សេតវិមាន ជាមួយប្រមុខការទូតរុស្ស៊ី ថា ជា “ សញ្ញា​នាំ​ទៅកាន់ការកែឲ្យល្អឡើង “ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

 
ពេលបូកសរុបតុល្យាការជំនួបនៅក្រុងវ៉ាស៊ីតោន មានតែលោក ប្រមុខការទូតរុស្ស៊ីប៉ុណ្ណោះ ដែលបានថ្លែង ទៅកាន់ពួកអ្នកកាសែត ៖

អំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកាំង

តាមសំដីលោក ឡាវ្រ៉ូវ ក្នុងជំនួបនៅសេតវិមាន លោកប្រធានាធិបតីសរអា ដូណាល់ ត្រាំ បាន សំដែង នូវក្តីប្រាថ្នា របស់ខ្លួន មានទំនាក់ទំនងជាមួយរុស្ស៊ី ដែលនាំមក​នូវ​គុណ​ប្រយោជន៍​​ទៅវិញទៅមក ទំនាក់ ទំនង Business  , ទំនាក់ទំនងអនុវត្ត ដែលឈរ​លើផល​ប្រយោជន៍​ម្ខាងៗ។ កិច្ចសន្ទនាដែលយើង បានធ្វើ គឺ សេរីពីមនោគមន៍វិជ្ជា ដែលតែងបាន​សម្គាល់​​ រដ្ឋបាលលោក Obama ។ រដ្ឋបាលលោកត្រាំ ដែលក្នុងនោះ គឺទាំង រូបលោក​ប្រធានាធិបតី ត្រាំ ផ្ទាល់ ទាំងរូបលោកប្រមុខការទូត ទីល្លែរសុន តាមដែលខ្ញុំប្រាកដក្នុង ចិត្តជាថ្មីម្តងទៀត តាមរយៈជំនួបថ្ងៃនេះ គឺជា មនុស្សសាច់ការណ៍ ហើយគេចង់ និយាយ​ឲ្យ​បានត្រូវគ្នា ជាមួយរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាដែលចោទយ៉ាងជាក់លាក់ ហើយអាស្រ័យ​នឹង​ដំណោះស្រាយវា ​ដែល នឹងប្រ​ព្រឹត្តទៅ ការអភិវឌ្ឍន៍ប្រទេសជាតិ និង សុខុមាលភាព​ពលរដ្ឋ​របស់គេ។

តបនឹងសំនួរអ្នកកាសែតអាមេរិកាំង ចោទហើយចោទទៀត អំពីការជ្រៀតជ្រឺក​ស្អីណាពី​ខាង​រុស្ស៊ី ទៅក្នុង ការបោះឆ្នោតនៅអាមេរិក លោក ឡាវ្រ៉ូវ បានឆ្លើយដោយអំណត់អត់ធ្មត់ថា កាលណានៅអាមេរិក ពួកអ្នក នយោបាយ ចេះតែនិយាយប៉ប៉ោចទាំងគ្មានភស្តុតាងអ្វីសោះ  អំពីការលូកដៃស្អីណារបស់រុស្ស៊ី ចូលក្នុង កិច្ចការនៅអាមេរិក គឺមានន័យថា ពួកគេខ្លួន​ឯង​ផ្ទាល់ បន្ថោកបន្ទាបតម្លៃប្រទេសអាមេរិក ពាំនាំជាការ ខូចខាតយ៉ាងធ្ងន់ ដល់ប្រព័ន្ធ​នយោបាយ ​របស់សរអា ដោយខិតខំបកស្រាយថា មានអ្នកក្រៅណា គ្រប់គ្រង លើអាមេរិក។

លោក ឡាវ្រ៉ូវ បានទម្លាយឲ្យដឹងថា ៖ មានការព្រមព្រៀងគ្នា អំពីជំនួបទ្វេភាគីផ្ទាល់ រវាង លោក ប្រធានាធិបតីសរអា  ដូណាល់ ត្រាំ និងលោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន  ក្នុងបរិវេណនៃជំនួបកំពូល ២០ ប្រទេសដែលមានសេដ្ឋកិច្ចហំហួនជាងគេក្នុងលោក ហៅថា G-20 ដែលនឹងប្រព្រឹត្តទៅ នៅក្រុង Hambourg ប្រទេស អាល្លឺម៉ង់ ក្នុងខែ កក្កដាឆ្នាំនេះ។  

តាមប្រសាសន៏លោកឡាវ្រ៉ូវ ៖  លោក ត្រាំ ក្នុងជំនួបនៅសេតវិមាន បានបញ្ជាក់យ៉ាងច្បាស់​ពី​ ការយកចិត្ត ទុកដាក់ សហការ ជាមួយរុស្ស៊ី ហើយ គាត់សំដែងសេចក្តីសោមនស្សន៍​ចំពោះ​លទ្ធផលនៃកិច្ចចរចា ដោយ ហៅជំនួប ដែលបានប្រព្រឹត្តទៅថា “ ល្អណាស់ ល្អណាស់ “។ សំខាន់សែនសំខាន់ គឺ ទាំងលោក ប្រធានា ធិបតី ត្រាំ ទាំងលោកប្រធានាធិបតី ពូទីន ដាក់ទិសដូចគ្នា តម្រង់ទៅសម្រេចឲ្យបាននូវលទ្ធផលជាក់លាក់។

អំពីវិបត្តិនៅស៊ីរី

លោកប្រធានាធិបតីត្រាំ បានថ្លែងអំពីភាពចាំបាច់ ត្រូវតែបញ្ឈប់ឃាតកម្មយ៉ាងព្រៃផ្សៃ ក្នុង​ប្រទេសនោះ ហើយ គាត់ជឿជាក់ថា អាមេរិករួមជាមួយរុស្ស៊ី មុខជាសម្រេចបាននូវវឌ្ឍនភាព​ក្នុង​បញ្ហាស៊ីរី។ ប៉ុន្តែ គាត់ក៏ បានអំពាវនាវម៉ូស្គូ ឲ្យ “បំពាក់ខ្សែបង្ហៀរ” លើរូបលោក​ប្រធានាធិបតី​ បាស្ហ អាល់ អាសាដ និង លើ ប្រទេសអ៊ីរ៉ង់ ទៅ។

លោកឡាវ្រ៉ូវ ពីចំណែកគាត់ មានប្រសាសន៍ថា រុស្ស៊ីប្រាថ្នាឃើញអាមេរិកចូលរួម​យ៉ាង​ដិត​ដល់​ក្នុង ដំណោះស្រាយ វិបត្តិនៅស៊ីរី ហើយគាត់កត់សម្គាល់ថា ទាំងក្រុងវ៉ាស៊ីនតោន​ផ្ទាល់​ ក៏​យកចិត្តទុកដាក់​ក្នុង​រឿងនេះដែរ។ ការនេះបញ្ជាក់ ដោយគោលជំហរលោក​ប្រធានាធិបតី​​ត្រាំ ដែលថ្លែងថា នៅស៊ីរី សំខាន់ជា ចម្បង គឺ ជំនះឲ្យទាល់តែបានលើ ពួកភេរជន។

អំពី “ ៤តំបន់សន្តិសុខ “ បង្កើតឡើងនៅស៊ីរី ដោយ៣ ប្រទេស ជាអ្នក​ធានា​ដល់​ការឈប់​បាញ់ក្នុងប្រទេសនោះ គឺ ​រុស្ស៊ី​ តួកគី អ៊ីរ៉ង់ លោកឡាវ្រ៉ូវ លើកឡើងថា  សរអា ក៏អាច​រួម វិភាគទានខ្លួនដោយផ្ទាល់ ទៅក្នុងការធានាសុវត្ថិភាព ,  ទៅក្នុងការ​ត្រួត​ពិនិត្យលើ របប ឈប់​បាញ់ ​និង ទៅក្នុង ដំណោះស្រាយបញ្ហាមនុស្សធម៏។

អំពី ស្ថានការណ៍នៅអ៊ុយក្រែន

លោកប្រមុខការទូត​សរអា រ៉ិច ទីល្លែរសុន  ពេលជួបចរចាជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានគូសបញ្ជាក់ថា ចាំបាច់ត្រូវឲ្យមានការចម្រើនទៅមុខ ក្នុងដំណើរ​បំពេញ​តាមកិច្ចព្រមព្រៀងក្រុង  Minsk ស្តីអំពីដំណោះស្រាយ វិបត្តិនៅ អ៊ុយក្រែន។ ប្រមុខក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា បញ្ហា លុបទណ្ឌកម្មពីរុស្ស៊ី គឺនៅមិនទាន់​ដល់​ពេលចោទ នៅឡើយ។ តាមសំដីគាត់ “ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹង បន្តមានសុពលភាព​ដដែល​ ដរាបណាដែល ម៉ូស្គូ មិនទាន់លុបទៅវិញទេ ជំហានដែលបានបង្ក ឲ្យមានដាក់ ទណ្ឌកម្មនេះ”។

លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ដោយថ្លែងក្នុងសន្និសីទកាសែត បានចង្អុលឲ្យ​ឃើញ​​ថា បញ្ហា ទណ្ឌកម្ម ឥតមានលើកយកទៅពិភាក្សាទេ ទោះក្នុងជំនួបជាមួយលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្តី ទោះ ក្នុងជំនួបជាមួយ សមភាគីគាត់លោក រ៉ិច ទីល្លែរសុន ក្តី។
តាមសំដីគាត់ “យើងមិនពិភាក្សាទេ រឿងទណ្ឌកម្ម ពីព្រោះ វាមិនមែនជាបញ្ហារបស់រុស្ស៊ី ។ វាជា សកម្មភាពប្រឆាំងរុស្ស៊ី ធ្វើជាឯកតោភាគី ដោយសរអា ទេតើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ