អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ត្រាំ​ ដើរ​តួប្រឆាំងក្នុង​ជំនួប​កំពូល​​ G7

សំឡេង ០៥:៥៥
ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ក្រុម​ប្រទេស​ហ្សេ​៧ បង្ហាញ​សេចក្តី​ថ្លែងការណ៍​រួម ស្តីពី​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម
ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ក្រុម​ប្រទេស​ហ្សេ​៧ បង្ហាញ​សេចក្តី​ថ្លែងការណ៍​រួម ស្តីពី​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម © Reuters

ក្រៅអំពី​អាច​សម្រេច​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​រួម អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​យក្ស​អ៊ីនធ័រនែត​ ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​បន្ថែម​ទៀត មេ​ដឹកនាំ​ក្រុម​ប្រទេស​អ្នក​មាន​ជាង​គេ​លើ​លោក ឬ​ហៅ​កាត់​ថា​ ហ្សេ៧ មិន​អាច​ពត់​ជំហរ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក្នុ​ងសំណុំ​រឿង​អាកាសធាតុ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើយ។ ​ថ្ងៃ​នេះ ជា​ថ្ងៃ​បញ្ចប់​ជំនួប ហ្សេ៧ ថ្នាក់​ដឹកនាំ​បាន​បន្ត​ការងារ​តាំង​ពី​ព្រលឹម​មក ដោយ​សង្ឃឹម​ថា​នឹង​អាច​បន្ស៊ី​ជំហរ​ចម្រូង​ចម្រាស​នេះ​បាន​ខ្លះ និង​ក៏​ជា​ឱកាស​ត្រូវ​ពិភាក្សាលើ​ប្រធានបទ​ធំៗ​ផ្សេងៗ​ទៀត ជាពិសេស​​​អំពី​​វិបត្តិ​អន្តោប្រវេសន៍​ដែល​ប្រទេស​ជា​ម្ចាស់​ផ្ទះ អ៊ីតាលី កំពុង​រង​បន្ទុក​ធ្ងន់ធ្ងរ​ជាងគេ។

ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូលហ្សេ៧​ឆ្នាំ​នេះ សឹង​អាច​ចាត់​ទុក​បាន​ថា​ជំនួប​ដ៏​ស្មុគស្មាញ​ជាង​គេ​ ! ថ្នាក់​ដឹកនាំ​ខាង​អឺរ៉ុប បានដឹង​ខ្លួន​ជា​មុន និង​ព្រមាន​ ​កុំ​ឱ្យ​រង់​ចាំ​លទ្ធផលតាំង​ពី​មុនថ្ងៃ​​​បើក​ជំនួប។ កាលពី​ឆ្នាំ​២០១៦ នា​ឱកាស​ជំនួប​កំពូលនៅ​ប្រទេស​ជប៉ុនG៧ ​បាន​សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដល់​ទៅ​ប្រមាណ​ជាង​៣០​សន្លឹក ឯ​ជំនួប​​ឆ្នាំ​២០១៧ ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ មាន​សេចក្តី​ថ្លែងការណ៍​រួម​​ មិន​ដល់​៦​ទំព័រ​ផង។

លោកត្រាំ តួប្រឆាំង មួយ​ទល់​៦  

ប្រសិន​បើ​គេ​មើល​រូប​ថត គឺ​ល្អ​ណាស់ ! មេ​ដឹកនាំ​ប្រទេស​អ្នក​មាន​ជាង​គេ ឬ​ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក​ទាំង​៧ ថត​ជុំ​គ្នា ជា​លក្ខណៈ​គ្រួសារ យ៉ាង​ស្រស់​ស្អាត ប៉ុន្តែ​មិន​អាច​បាំង​ជិត​ភាព​ចម្រូង​ចម្រាស​គ្នា​បាន​ទេ ទាំង​ទម្រង់​ខាង​ក្រៅ និង​ខ្លឹមសារ។

កាលពី​នៅ​ព្រុចសែល​ ក្នុង​ជំនួប​អូតង់ លោក ត្រាំ​ បាន​ប្រើ​ពាក្យ​របៀប​បង្រៀន​អឺរ៉ុប និង​បញ្ចេញកាយវិការ​ក្អេង​ក្អាង​ ចង់​ធ្វើ​ជា​មេ​ដ៏​សែន​អាក្រក់​មើល​ រុញច្រានគេ​ឯង​ដើម្បី​បាន​ឈរថត​នៅ​ជួរ​​មុខ។ មក​ដល់​ជំនួប​ហ្សេ៧ នៅ​អ៊ីតាលី លោក​ត្រាំ​ ក៏​គ្មាន​ប្រឹង​ធ្វើ​អ្វី ក្នុង​​ទម្រង់ ជាការ​​​​ពង្រឹង​ចំណងទំនាក់ទំនង​​ជាមួយ​សមាជិក​៦​ប្រទេស​ផ្សេង​ទៀត ក្នុង​ក្រុម​ដែរ។
 

ជំនួបប្រជុំ​ហ្សេ៧ ថ្ងៃទី ២៦ ឧសភា ២០១៧
ជំនួបប្រជុំ​ហ្សេ៧ ថ្ងៃទី ២៦ ឧសភា ២០១៧ REUTERS/Jonathan Ernst

លោកត្រាំ​ បាន​បង្ហាញ​ជា​សាធារណៈ​ភាព​​ជិត​ស្និទ្ធ​ល្អ​តែ​ជាមួយ “មិត្ត” លោក ស្ហ៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន ​តែ​ម្នាក់គត់។ ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រីអាល្លឺម៉ង់ គឺ​មិន​ល្អ​តាំង​ពី​ដើម​ទៅហើយ តែ​សូម្បី​តែ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May ដែល​លោកត្រាំ ធ្លាប់​ចាប់​ដៃ​ស្វាគមន៍​រលាក់​រាប់​ម៉ោង​នៅ​វ៉ាស៊ីនតោន ក៏​ត្រូវ​ឃ្លាត​ដែរ នេះ​ក៏​ព្រោះ​តែ​ប្រទេស​ទាំងពីរ​ទើប​មាន​ការ​ក្នក់​ចិត្ត​នឹងគ្នា​ក្រោយ​​ហេតុការណ៍​ភេរវកម្ម​នៅManchester។ ជាមួយ​ប្រធានាធិបតី​បារាំងថ្មី ក៏​មិន​ទាន់​អាច​​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន។

“លោកត្រាំ​ មក​អឺរ៉ុប ​ដើម្បីសិក្សា”

ជា​សរុប​ ​លោក​ត្រាំ កំពុង​​ធ្វើ​ជា​តួ​ប្រឆាំង​ ម្នាក់​ឯង​ទល់​នឹងសមាជិក​ក្នុង​ក្រុម​៦​ប្រទេស​ផ្សេង​​ រហូត​ដល់​​អ្នក​ការទូត​អ៊ីតាលី​បាន​ក្លែប​ពាក្យ​ចំអក​ថា ជា​ជំនួប​ ហ្សេ៦+១ មិន​មែនជា​ជំនួប​ហ្សេ៧​ទេ។ បើ​និយាយ​អំពីអត្ថន័យ​ខ្លឹមសារ​វិញ ក្រោយ​ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​ពេញ​មួយ​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រមុខ​រដ្ឋ​ រដ្ឋាភិបាល​របស់​ហ្សេ៧ បាន​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា លើ​មួយ​ពីរ​​សំណុំ​រឿង​ប៉ុណ្ណោះ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ ដោយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ទាមទារ​ឱ្យ​ក្រុមហ៊ុន​យក្ស​ផ្នែក​អ៊ីនធ័រនែតនិង​ប្រព័ន្ធ​សង្គម​ មានទំនួល​ខុស​ត្រូវ​ដែរ​ ដោយ​ត្រូវ​បង្កើន​ការ​ប្រឹង​ប្រែង​ដោះស្រាយ លុប/សម្គាល់ និង​រាយការណ៍​ដល់​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មនូវ​រាល់​​​ខ្លឹមសារ​ណា​ដែល​មាន​លក្ខណៈ​ភេរវនិយម។

ប៉ុន្តែ​សំណុំ​រឿង​ផ្សេង​ទៀត​សុទ្ធ​តែ​ត្រូវ​ជាប់​គាំង​ទាំង​អស់ ជា​ពិសេសដ៏​រសើបៗ​ ដូច​ជា​​សំណុំ​រឿង​អាកាសធាតុ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​​​។  ​តាម​ធម្មតា​ លោក ដូណាល់ ត្រាំ ត្រូវ​បង្ហាញ​អំពី​ជំហរច្បាស់​លាស់​​របស់ខ្លួន​ នៅ​​ក្នុង​ជំនួប​កំពូល​ដែល​ជា​នាឱកាសនៃ​ការ​​ជួប​ជុំគ្នា​ថ្នាក់​ដឹកនាំ​រដ្ឋ​-រដ្ឋាភិបាល​​ដោយ​ផ្ទាល់​ ដើម្បី​ឱ្យ​ហ្សេ៧ អាច​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​កក់​ក្តៅ​លើ​ប្រធានបទ​ដ៏​មហា​សំខាន់ ប៉ុន្តែ​លោក ត្រាំ បែរ​​ប្រើ​ឱកាស​នេះ សម្រាប់​ពិចារណា​ទៅ​វិញ។ បើ​តាម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក​ត្រាំ អញ្ជើញ​មក​ចូល​រួម​ប្រជុំ​នៅ​អ៊ីតាលី​នេះ គឺ​ដើម្បី​សិក្សា​។ បន្ទាប់​ពី​សិក្សា​រួច​ទើប​អាមេរិក​អាច​ផ្តល់​ចម្លើយ​បាន​ នៅ​សប្តាហ៍​ក្រោយ ថាតើ​អ្វី​ដែល​ប្រសើរ​សម្រាប់​អាមេរិក។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្រុម​G៧ បាន​បង្ហាញ​ឆន្ទៈ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿ​ងអាកាសធាតុ រហូត​ដល់​ថ្នាក់​មិនអាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន។

ហ្សេ៧ និង​ អន្តោប្រវេសន៍

សំណុំ​រឿង​អន្តោប្រវេសន៍​ ជា​ប្រធានបទ​ដ៏​ធំ​មួយ​នៃ​ជំនួប​ហ្សេ៧ នៅ​អ៊ីតាលី។ ព្រោះ​ថា​ អ៊ីតាលី​​​ ជា​របង ជា​ប្រទេស​ប្រឈម​ដោយ​ផ្ទាល់ និង​ខ្លាំង​ជាងគេ នឹង​លំហូរ​អន្តោប្រវេសន៍​តាម​ទូក​ ឆ្លង​សមុទ្ធ​មេឌីទែរ៉ាណេ ពី​អាហ្វ្រិក​មក​អឺរ៉ុប ទាំង​ហ្វូងៗ។ នៅ​ថ្ងៃ​សៅរ៍​នេះ អ៊ីតាលី​ក្នុង​នាម​ជា​ប្រធានហ្សេ៧ឆ្នាំ​នេះ ​បាន​អញ្ជើញ​មេ​ដឹកនាំប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​​៥​ប្រទេស ដែល​មាន​ចរន្ត​​ចំណាកស្រុក​ខ្លាំង គឺ នីហ្សេ នីហ្សេរីយ៉ា អេត្យូពី កេនយ៉ា និង​ទុយនីស៊ី មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​ ហ្សេ៧។

អ៊ីតាលី​បាន​សង្ឃឹម​លើជំនួប​​ហ្សេ៧ ថា​ជា​ឱកាស​ដាស់​ពិភពលោក​ឱ្យផ្តល់​តម្លៃ​ដល់​​អាហ្វ្រិក ចាប់​អារម្មណ៍ពី​ប្រធានបទ​អន្តោប្រវេសន៍​ដ៏​រសើប ដោយចង់​​​​ភ្ជាប់​ឯកសារ​យោង ចេញ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ថ្ងៃ​នេះ ​ ឧទ្ទិស​ជា​ពិសេស​ដល់​វិបត្តិ​អន្តោប្រវេសន៍។ ប៉ុន្តែជា​សំណាង​អាក្រក់ រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក ត្រាំ បាន​ដើរ​តួ​ប្រឆាំង​ជា​ថ្មី​ទៀត តែ​ម្នាក់ឯង​ទល់​នឹង​៦ បិទ​ខ្ទប់​មិន​ឱ្យ​គម្រោង​សេចក្តី​ថ្លែងការណ៍ ប្រកប​ដោយ​មហិច្ឆតា ​​អាច​ចេញ​រួច។ នៅ​ទី​បំផុត ​វិបត្តិ​អន្តោប្រវេសន៍ មាន​ចែង​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួមដែរ តែ​រួញ​មក​នៅ​​ត្រឹម​ ពីរ​បី​បន្ទាត់​៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ