អានតួអត្ថបទ

របាយការណ៍ថ្មី​​ចង្អុល​មុខ​ រុស្ស៊ី ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះម៉ាឡេស៊ីMH១៧

បំណែក​យន្តហោះ MH17 ធ្លាក់​នៅ​ Hraboveប្រទេស​អ៊ុយក្រែន​ថ្ងៃទី ២២​កក្កដា ២០១៤
បំណែក​យន្តហោះ MH17 ធ្លាក់​នៅ​ Hraboveប្រទេស​អ៊ុយក្រែន​ថ្ងៃទី ២២​កក្កដា ២០១៤ REUTERS/Maxim Zmeyev/File

ប្រព័ន្ធមីស៊ីល ធុន BUK ដែល​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៤ បាន​បាញ់​ធ្លាក់​យន្តហោះ Boeing ម៉ាឡេស៊ី ដឹក​អ្នកដំណើរ ឆ្លងកាត់​មេឃ​អ៊ុយក្រែន ត្រូវបាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​នៃ​បន្ទាយ​ទាហាន ខេត្ត Koursk ប៉ែក​ខាងត្បូង​រុស្ស៊ី -អំណះអំណាង​នេះ មាន​ចែង​ក្នុង​របាយការណ៍​ថ្មី​ចេញ​ដោយ​អង្គការ​អង្កេត Belingcat។ របាយការណ៍​នេះ ចង្អុល​ពី​តួនាទី​រុស្ស៊ី ក្នុង​ការដឹក​មីស៊ីល BUK ចេញ​ពី​ទីតាំង​នៅ​រុស្ស៊ី ទៅកាន់​ទីតាំង​នៅ​អ៊ុយក្រែន ដែល​ជា​ដើម​ហេតុ​នៃ​សោកនាដកម្ម។

ផ្សាយពាណិជ្ជកម្ម

ទ្រឹស្តីឃុបឃិត បន្តបែកមែក​ធាង​ស្កេកស្កាស ពាក់ព័ន្ធ​នឹង​មូលហេតុ នៃ​គ្រោះថ្នាក់​ធ្លាក់​ជើង ​យន្តហោះ​ម៉ាឡេស៊ី MH-17 លើ​ដែនដី​តំបន់​បះបោរ Donbass ប៉ែក​ខាង​កើត​អ៊ុយក្រែន កាលពី​ថ្ងៃ ១៧ កក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យ​ស្លាប់​អស់​មនុស្ស​ទាំង​២៩៨​នាក់ ដែល​បាន​ស្ថិត​ក្នុង​យន្តហោះ​នោះ។ ប៉ុន្តែ ការស៊ើប​អង្កេត​នៃ​សមូហភាព​អន្តរជាតិ​ឯករាជ្យ Belingcat គឺដៅ​ទៅ​លើ​តួនាទី​ត្រង់​ផ្ទាល់ របស់​កងទ័ព​រុស្ស៊ី ក្នុងការដឹក​មីស៊ីល BUK -មីស៊ីល​ដែល​បាន​បាញ់​ធ្លាក់​យន្តហោះ Boeing ម៉ាឡេស៊ី។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុង​របាយការណ៍​នោះ ឥត​មាន​និយាយ​ឡើយ តើ​មីស៊ីល​នោះ បាញ់​ដោយ​ភាគី​ឧទ្ទាម ឬ ដោយ ពួក​យោធា​អ៊ុយក្រែន។

ថ្ងៃចន្ទទី៥ មិថុនា Belingcat បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី ដែល​លើក​នេះ​ឆ្លុះ​ឲ្យ​ឃើញ​ពី ខ្សែ​ផ្លូវ​ពិត​នៃ ការដឹក​មីស៊ីល​នោះ ចេញ​ពី​មូលដ្ឋាន​យោធា​នៅ​ខេត្ត Koursk ប៉ែក​ខាង​ត្បូង​រុស្ស៊ី ទៅកាន់​ព្រំប្រទល់ អ៊ុយក្រែន។

Belingcat បានកំណត់​អត្តសញ្ញាណ នៃ​ទីកន្លែង និង បុគ្គល​ដែល​ដឹកនោះ ដោយសារ​រូបថត​ពួក​ទាហាន​រុស្ស៊ី បង្ហោះ​តាម​បណ្តាញ​សង្គម។ ទាហាន​ទាំងនោះ ស្ថិត​ក្នុង​កងពល​តូច លេខ​៦៩ ខាង​ដឹក​ភស្តុភារ​នៃ​កងទ័ព​រុស្ស៊ី ដែល​បាន​ដឹក​មីស៊ីល​អាស្រូវ​នោះ ទៅកាន់​អ៊ុយក្រែន រហូត​ដល់​លំអិត​អត្តសញ្ញាណ នៃ​អ្នក​កាច់​ចង្កូត​យានយន្ដ​ដែល​ដឹកនោះ គឺ ទាហាន​ឈ្មោះ Dmitry Z.។

ទិន្នន័យទាំងនេះ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អង្កេត​ទៅ​ហើយ។ នៅ​អង្គការ​សហប្រជាជាតិ រុស្ស៊ី បន្ត​បន្ទច់​បង្អាក់​ការងារ​តុលាការ​អន្តរជាតិ ជុំវិញ​សំណុំ​រឿង​នេះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ