អានតួអត្ថបទ

អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ព្រមាន​ពីការ​បែង​ទីផ្សារ​​ការងារ និង​គម្លាត​សង្គម

លោក Ángel Gurría អគ្គលេខាធិការ​អង្គការ​ OCDE
លោក Ángel Gurría អគ្គលេខាធិការ​អង្គការ​ OCDE Captura vídeo

នៅ​ថ្ងៃអង្គារ​នេះ អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច អូសេដេអឺ ​បាន​ព្រមាន​អំពី​គ្រោះ​​បែកខ្ញែក​ទីផ្សារ​ការងារ ដែល​ជា​ប្រភព​នៃ​វិសមភាព​សង្គម​។ ក្នុង​ខណៈ​ដែល​ប្រទេស​ជា​សមាជិក​កំណើន​សេដ្ឋកិច្ច​នៅ​នឹង អង្គការ​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​អស់​បញ្ចេញ​សកម្មភាព​ដើម្បី​បែង​ចែក​ផលបាន​មក​ពី​​​កំណើន​សេដ្ឋកិច្ច​ ឱ្យ​បាន​ប្រសើរ​ឡើង និង​​ដើម្បី​ទប់​ស្កាត់​ទិន្នាការ​ប្រជាភិថុត។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ នៅ​ក្រុង​ប៊ែរឡាំង​ប្រទេសអាល្លឺម៉ង់ អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE បាន​គូសបញ្ជាក់​អំពី​ទិន្នន័យ​​នៃ​សមមាត្រ​ ​ទីផ្សារ​ការងារ​ថា នៅ​រវាង​ពី​ឆ្នាំ​១៩៩៥-២០១៥ ការងារ​ល្អ​មធ្យម​ បាន​ធ្លាក់​ចុះ​អស់​៧,៦​ពិន្ទុ នៅ​ក្នុង​ប្រទេស​ជា​សមាជិក​របស់​អង្គការ ឯ​ចំណែក​ការងារ​ដែល​មានគុណភាព​​ខ្ពស់ខ្លាំង បាន​កើន​ឡើង​ ៥,៣ពិន្ទុ និង​ការងារ​មិន​សូវ​មាន​តម្លៃ​សោះ​វិញ ក៏​បាន​កើន​ឡើង​២,៣ពិន្ទុដែរ។ ចំណែក​ប្រាក់​ខែ​ទាប​និ​ងមធ្យម​ នៅ​នឹង ការ​ស្វែង​រក​ការងារ​គុណភាព​​កណ្តាល​ធ្លាក់​ចុះ។ មាន​ន័យ​ថា​ ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ ថ្នាក់​កណ្តាល​និង​មធ្យម​សឹងចេះ​តែ​រួញទៅៗ។ នេះ​បើ​បាន​កំណត់​សម្គាល់​នៃ​របាយការណ៍។

តើ​មក​ពីមូលហេតុ​អ្វី ? បើ​តាម​OCDE ដែល​មាន​សមាជិក​សុទ្ធ​តែ​ជា​ប្រទេស​ជឿនលឿន គឺ​ដោយ​សារ​ការ​លូតលាស់​ខ្លាំង​នៃ​បច្ចេកវិទ្យា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​វិវឌ្ឍន៍​នេះ មិន​មែន​ដោយ​សារ​វិបត្តិ​សកលលោកភាវូបនីកម្ម ដែល​គ្រប់​គ្នាធ្លាប់​ចោទ​ដាក់​ថា​ជា​ដើម​ហេតុ​នៃ​ការ​រើ​រោងចក្រ​សហគ្រាស​ទៅ​ប្រទេស​មាន​តម្លៃពលកម្ម​ថោក​ទេ។

ការ​បែង​ខ្ញែក​ទីផ្សារ​ការ​ងារ​នេះ តែង​អម​ជាមួយ​ដោយ​គម្លាត​នៃ​ប្រាក់​បៀរវត្សរ៍​។ ចំណូល​មិន​ស្មើ​ភាព​គ្នា មាន​គម្លាត​ខ្លាំង​មិន​ធ្លាប់​មាន​នា​ពេល​នេះអាច​ជា​គ្រោះ​ថ្នាក់​ដល់​សង្គម​។ ចំណូល​របស់​ក្រុម​អ្នក​មាន​ជាង​គេ​១០% ដំបូង ​ស្ទុះ​ឡើង​ ​​លើស​​ចំណូល​របស់​អ្នក​ក្រ​ជាង​គេ​១០% ដល់​ទៅ​​៩​ដង ទល់​នឹង​៧​ដង​កាលពី​២៥​ឆ្នាំមុន។

ទាំង​អស់​នេះ​ជា​កំហុស​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​ ដែល​គ្មាន​សមត្ថភាព​ចែក​ចាយ​ផល​នៃ​កំណើន​សេដ្ឋកិច្ច​ឱ្យ​​ទូលំទូលាយ​ដល់​បណ្តា​ប្រជាជន​ថ្នាក់​ក្រោម​និង​មធ្យម។ ទើប​ចរន្ត​ប្រជាភិថុត​បាន​ផុស​ឡើង និង​​មិន​ទទួល​ដឹង​នូវ​អ្វី​ដែល​ហៅ​ថា​​សកលលោកភាវូបនីយកម្ម។ នយោបាយ​ការងារ​មិន​ត្រូវ​ផ្តោត​តែ​លើ​អត្រា​អ្នក​អត់ការងារ​ធ្វើ និង​ការងារ​ទេ តែ​ត្រូវ​គិត​គូរ​ផង​ដែរ អំពី​គុណភាព​នៃ​ការ​ងារ​ (តម្លៃ​ប្រាក់​ខែ និងសន្តិសុខ) សមភាព​រវាង​ស្ត្រី​និង​បុរស និង​ភាព​ធន់​នៃ​ការងារ​ក្នុង​ការ​បត់​បែន​ប្រឈម​នឹង​វិបត្តិ​ ឬ​សម្រប​តាម​ការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា ! នេះ​ជា​ការ​ដាស់​តឿន​របស់​អង្គការ​OCDE ដោយ​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ចំណោម​សមាជិក​អង្គការ​ អាល្លឺម៉ង់​ជា​សិស្ស​ល្អ​ជាង​គេ មាន​អត្រា​អត់ការងារ​ធ្វើ​ទាប​ជាង​គេ​មែន​ ប៉ុន្តែ​អាល្លឺម៉ង់​ត្រូវ​ប្រឹង​ខ្លាំង​ដើម្បី​ឱ្យ​មាន​សមភាព​រវាង​បុរស​និងស្ត្រី​ក្នុង​ទីផ្សារការងារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ