អានតួអត្ថបទ
អាល្លឺម៉ង់-តួកគី

អាល្លឺម៉ង់-តួកគី៖​ទីក្រុង​ប៊ែរឡាំង​បរិហារ​លោក​អ៊ែរដូហ្កាន​ពី​បទ​លូកដៃ​ចូល​ក្នុង​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​អាល្លឺម៉ង់

លោកប្រមុខការទូតអាល្លឺម៉ង់ Sigmar Gabriel
លោកប្រមុខការទូតអាល្លឺម៉ង់ Sigmar Gabriel REUTERS/Fabrizio Bensch

នៅ​ថ្ងៃ​សុក្រ ទី១៨ សីហា រដ្ឋាភិបាល​អាល្លឺម៉ង់​តាម​រយៈ​លោក​ប្រមុខ​ការទូត Sigmar Gabriel បាន​បរិហារ​លើ​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ពី​បទ​បាន​លូកដៃ​ចូល​ក្នុង​យុទ្ធនាការ​បោះឆ្នោត​អាល្លឺម៉ង់។ ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​អ៊ែរដូហ្កាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អាល្លឺម៉ង់​មាន​ដើមកំណើត​តួកគី​កុំ​បោះឆ្នោត​ឲ្យ​គណបក្ស CDU របស់​លោកស្រី​ប្រធានាធិបតី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល និង​គណបក្ស SPD។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​លោក​ប្រមុខ​ការទូត​អាល្លឺម៉ង់ Sigmar Gabriel យ៉ាង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​កាសែត​ក្នុង​ស្រុក។ លោក Gabriel បាន​ចាត់​ទុក​ទង្វើ​របស់​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ថា​ជា​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​អធិបតេយ្យ​របស់​ប្រទេស​អាល្លឺម៉ង់។ តាម​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​ដែល​ចេញ​មក​ពី​គណបក្ស SPD រូប​នេះ​ដដែល ទង្វើ​របស់​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាល្លឺម៉ង់​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​អ៊ែរដូហ្កាន​ចង់​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​អាល្លឺម៉ង់​នៅ​មុន​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃទី២៤ កញ្ញា​ខាង​មុខ។

សម្តី​វ៉ៃប្រហារ​ខ្លាំងៗ​លើ​រូប​លោក​អ៊ែរដូហ្កាន​ពី​សំណាក់​លោក Gabriel ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​អ៊ែរដូហ្កាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អាល្លឺម៉ង់​ដើមកំណើត​តួកគី​កុំ​បោះឆ្នោត​ឲ្យ​គណបក្ស CDU របស់​លោកស្រី​ប្រធានាធិបតី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល គណបក្ស SPD ឬ​គណបក្ស​បៃតង​ដែល​លោក​អ៊ែរដូហ្កាន​ចាត់​ទុក​ជា​គណបក្ស​សត្រូវ​របស់​តួកគី។ សូម​ជម្រាប​ជូន​ថា អាល្លឺម៉ង់​ជា​ប្រទេស​មួយ​ក្នុង​លោក​ដែល​មាន​ពលរដ្ឋ​តួកគី​រស់នៅ​យ៉ាង​ច្រើន​សម្បើម ពោល​មាន​ដល់​ទៅ ៣លាននាក់ និង​ដែល​ក្នុង​ចំណោម​នោះ មាន​ប្រមាណ​ជា ១លាន ២សែន​នាក់​មាន​សញ្ជាតិ​អាល្លឺម៉ង់។

ប្រតិកម្ម​ប្រឆាំង​លោក​អ៊ែរដូហ្កាន​ក៏​មាន​ពី​លោក Martin Schulz ដែល​ជា​បេក្ខជន​របស់​គណបក្ស CDU។ លោក Martin បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ថា ពលរដ្ឋ​អាល្លឺម៉ង់​ប្រហែល​ជា​ស្ថិត​នៅ​ជាមួយ​ក្រុម​ដែល​ទាមទារ​ចង់​បាន និង​ចង់​ឃើញ​តួកគី​សេរី និង​ប្រជាធិបតេយ្យ។ ចំណែក​សហប្រធាន​សហគមន៍​តួកគី​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​អ៊ែរដូហ្កាន​ថា​ជា​ការ​ប៉ុនប៉ង​បំបែក​សង្គម​អាល្លឺម៉ង់។ សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​តានតឹង​រវាង​ទីក្រុង​ប៊ែរឡាំង និង​អង់ការ៉ា​បាន​ឡើង​ខ្លាំង តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​សម្រេច​ក្នុង​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៦។

រដ្ឋប្រហារ​យោធា​ដែល​លោក​អ៊ែរដូហ្កាន​ទម្លាក់កំហុស​ដាក់​លោក Gülen ដែល​កំពុង​ស្នាក់នៅ​ក្នុង​ទឹកដី​អាមេរិកាំង។ ទន្ទឹម​គ្នា​នេះ ទីក្រុង​អង់ការ៉ា​ក៏​បាន​ចោទ​អាល្លឺម៉ង់​ពី​បទ​មាន​សមានចិត្ត​ចំពោះ​ពួក​ភេរវជន​ដោយ​អនុញ្ញាត​ឲ្យ​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី​គួដ និង​ក្រុម​រៀបចំ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ជ្រកកោន៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ