អានតួអត្ថបទ
បារាំង

បោះឆ្នោត​​ព្រឹទ្ធ​សភា​​បារាំង៖​​បក្សប្រឆាំង​​ស្តាំនិយម​ពង្រឹង​ជំហរ​ បក្សកាន់អំណាច​​​បរាជ័យ​​​​

អេក្រង់​បង្ហាញ​លទ្ធផល​បោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​បារាំង ថ្ងៃ​២៤កញ្ញា ២០១៧​
អេក្រង់​បង្ហាញ​លទ្ធផល​បោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​បារាំង ថ្ងៃ​២៤កញ្ញា ២០១៧​ GEOFFROY VAN DER HASSELT / AFP

លទ្ធផល​នៃ​​​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​បារាំង នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​ផ្តល់​ជ័យជំនះ​ដល់​គណបក្សប្រឆាំង​​ស្តាំនិយម Les Républicains និង​បក្សកណ្តាល និយម​​ដែលជា​ដៃគូ​របស់​បក្ស​នេះ។ បក្សស្តាំនិយម​ Les Républicains នៅតែ​អាច ពង្រឹងជំហរ​ខ្លួន ក្នុង​ព្រឹទ្ធសភា ខណៈ​បក្ស​En Marche របស់​ប្រធានាធិបតី​ម៉ាក្រុង ទទួលបរាជ័យ ដោយសារ​គ្មានសម្លេង​ច្រើន។

ផ្សាយពាណិជ្ជកម្ម

​ក្នុង​ការបោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធសភាបារាំង​១៧០នាក់ ថ្ងៃអាទិត្យ​ម្សិលមិញ មាន​​អ្នក​បោះឆ្នោត​​តំណាង​៧ម៉ឺន៥ពាន់នាក់ ជា​ទីប្រឹក្សា​តំបន់ តំណាងរាស្ត្រ រឺក៏​សមាជិក​ព្រឹទ្ធសភា​ជាដើម។ ពួកគេបានបោះឆ្នោត ​​​ជួយអោយ​​​​​​បក្ស​ប្រឆាំង​ស្តាំនិយម Les Républicains របស់​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី ទទួលបានជំហរ​រឹងមាំ ក្នុង​ព្រឹទ្ធសភា​។ បក្ស Les Républicains មានជំហរ​រឺងមាំ​តាំងតែ​ពីឆ្នាំ២០១៤ម្ល៉េះ។ ​ពេលនេះ បក្ស​នេះ​មាន​កៅអី​​ក្នុង​​​ព្រឹទ្ធសភា ​​១៥៩កៅអី​ គឺ​លើស​ពី​អាណត្តិមុន១៧កៅអី។ រីឯ​បក្ស​កណ្តាលនិយម​​វិញ ទទួលបាន​កៅអី​៥០​ គឺ​មាន​៨កៅអី​ថែមទៀត លើសពី​កៅអី​អាណត្តិ មុន។ បក្ស​កណ្តាលនិយម ជាបក្ស​ដៃគូ​របស់​បក្ស​ Les Républicains។ សមាជិក​បក្ស​ទាំង២​នេះ បូកចូលគ្នា​ទៅ មាន​សម្លេងភាគច្រើន​ក្នុង​ព្រឹទ្ធសភា។

បក្ស​សង្គមនិយម​របស់​អតីត​ប្រធានាធិបតី​ហូឡង់​វិញ បានបាត់បង់​៥កៅអី តែ​ក៏​នៅតែអាច​មានកៅអី​ច្រើន​ក្នុងព្រឹទ្ធសភាដដែល គឺ​ទទួលបាន​៨១កៅអី។ ​បក្ស​កុម្មុយនិស្ត​បាត់បង់​៦កៅអី ពេលនេះ ​កាន់កាប់​១២កៅអី។ ​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី​ម៉ាក្រុង​វិញ បានបរាជ័យ ដោយបាត់បង់​១កៅអី ហើយ​សមាជិក​ក្នុងព្រឹទ្ធសភា​មាន​២៨កៅអី។ ព្រឹទ្ធសភា​បារាំង​នឹង​បន្ត​ការងារ​ខ្លួន នៅថ្ងៃ​២តុលា​ខាងមុខ ហើយ​ប្រធាន​ព្រឹទ្ធសភា គឺ​​លោក​ហ្សេរ៉ា ឡាស្ហ៊ែរ នឹង​ត្រូវ​ជាប់ឆ្នោត​​ដឹកនាំព្រឹទ្ធសភា​ជាថ្មីទៀត។ ​

សូមបញ្ជាក់ថា ​ព្រឹទ្ធសភា​បារាំង មាន​សមាជិក​សរុប​៣៤៨នាក់។ ​​ការបោះឆ្នោត​ម្សិលមិញ គឺដើម្បី​អោយ​អ្នកបោះឆ្នោត​តំណាង​​ជ្រើសរើស​សមាជិក​១៧០នាក់ ត្រូវជា​​ពាក់កណ្តាលក្នុងចំណោម​សមាជិក​សរុប​ក្នុងព្រឹទ្ធសភា។​ គេមើលឃើញថា បរាជ័យ​របស់​បក្ស​កាន់អំណាច​ En Marche ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​ម្សិលមិញ អាច​ដោយសារ​តែ​កន្លងមក ប្រធានាធិបតី​បារាំង​បាន​ប្រកាស​កាត់បន្ថយជំនួយ​​រាប់ពាន់លានអឺរ៉ូ ពី​តំបន់រឺឃុំ-សង្កាត់​​ផ្សេងៗ ធ្វើអោយ​អាជ្ញាធរតាមក្រុង​ទាំងនោះ ពិបាក​ទុកចិត្ត​ប្រធានាធិបតី។ ​ដោយសារ​មានកៅអីតិចតួច​ក្នុង​ព្រឹទ្ធសភា​ ពេលនេះ បក្ស​កាន់អំណាច​ប្រហែល​ជាពិបាក​នឹង​សម្រេច​កំណែទម្រង់ច្បាប់​ តាម​ការរំពឹងទុក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ