អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពិធីចាប់ឆ្នោតនៅម៉ូស្គូ ដែល​មានន័យ​ប្តូរផ្តាច់ សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០១៨

សំឡេង ០៦:២២
ប្រធាន​FIFA Gianni Infantino (ស្តាំ) និង​រដ្ឋមន្ត្រីក្រសួង​កីឡា​រុស្ស៊ី  Vitaly Mutkoក្នុង​ពិធី​ចាប់​ឆ្នោតបំបែក​ពូល​
ប្រធាន​FIFA Gianni Infantino (ស្តាំ) និង​រដ្ឋមន្ត្រីក្រសួង​កីឡា​រុស្ស៊ី Vitaly Mutkoក្នុង​ពិធី​ចាប់​ឆ្នោតបំបែក​ពូល​ Reuters

ថ្ងៃទី១ធ្នូនេះ នៅម៉ោង ៦ ល្ងាចម៉ោងមូស្គូ ត្រូវនឹងម៉ោង ១០ យប់ ម៉ោងនៅភ្នំពេញ ក្នុង មហាសាលនៃ វិមានក្រេមឡាំង ក្រោមអធិបតីភាព លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាប្រទេស ម្ចាស់ផ្ទះទទួល ក្នុង ឆ្នាំ ២០១៨ ខាងមុខ កាប្រកួតដើម្បីដណ្តើមយកពានរង្វាន់ពិភពលោកខាងបាល់ទាត់ ហៅកាត់ថា World Cup-2018 គឺត្រូវប្រព្រឹត្តទៅ ពិធីដ៏ឧឡារឹក ចាប់ឆ្នោត ដើម្បីបំបែកក្រុមជម្រើស បាល់ទាត់ ៣២ ប្រទេស ទៅជា ៨ អង្គភាព ដែលក្នុងអង្គភាពនិមួយៗ ត្រូវមាន ៤ ក្រុម សម្រាប់ប្រកួតគ្នា ដើម្បីទទួលសិទ្ធិ ចេញពី អង្គភាពខ្លួន ទៅជល់នឹង ក្រុមជម្រើសប្រកួតឈ្នះ នៃអង្គភាពផ្សេង ។ ភ៏ព្វសំណាង សម្រាប់ប្រកួតឈ្នះ ឫ ចាញ់ក្នុងអង្គភាពនោះ គឺអាស្រយតើគេត្រូវប្រកួត ជាមួយក្រុមដែលខ្លាំងជាង ឫ ខ្សោយជាងខ្លួន។ អញ្ជើញឲ្យចូលរួម ក្នុងពិធិចាប់ឆ្នោតនេះ គឺ តារាពិភពលោកសែនល្បីៗ ខាងបាល់ទាត់។ បទយកការណ៍អំពី ពិធីនេះ នឹងផ្សាយបន្តទៅពេញលើពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយថា ក្នុងចំណោម ៣២ ក្រុមជម្រើសនេះ មានតែរុស្ស៊ីប៉ុណ្ណោះ ដែលមិនបានចូល រួមក្នុងការប្រកួតជម្រុះទេ ដ្បិត ស្របនឹងក្បួនច្បាប់ របស់ សហព័ន្ធអន្តជាតិនៃសមាគមបាល់ទាត់ជាតិ ហៅ ថា FIFA ប្រទេសម្ចាស់ផ្ទះ ត្រូវរំដោះពីការប្រកួតជម្រុះបែបនេះ។ ចំណែក ៣១ ក្រុមជម្រើសផ្សេងទៀត ដែលតំណាងឲ្យ គ្រប់ទ្វីបទាំងអស់ គឺសុទ្ធតែជាក្រុមដ៏ឆើតៗស្រាប់ទៅហើយ ដ្បិត ក្រុមនិមួយៗ ទម្រាំ ទទួល បានឋានៈជាក្រុមជម្រើស ដើម្បីប្រជែង យកពានរង្វាន់ពិភពលោក គឺ បានប្រកួត ហប ក ទៅហើយ នៅតាម ទ្វីបខ្លួន។ ជាក់ស្តែង គឺថា ៖

-ពីក្នុងចំណោម ៥៤ ប្រទេសទ្វីបអឺរ៉ុប ក្រោយពីទាត់ជម្រុះ អស់ជាង ១ ឆ្នាំ ពី ខែកញ្ញា ឆ្នាំ ២០១៦ ដល់ ខែវិច្ឆិកាឆ្នាំ២០១៧ មានតែ ១៣ ក្រុមបាល់ទាត់ជាតិ ប៉ុណ្ណោះ ពោលគឺ អាល្លឺម៉ង់ បារាំង បែលហ្សីក ព័រទុយហ្កាល់ ប៉ូឡូញ ស៊ុយអែត ដាណឺម៉ាក អ៊ីស្លង់ អេស្ប៉ាញ អង់គ្លេស ក្រូអាស៊ី ស្វីស ស៊ែរប៊ី ដែលបាន ទទួលសិទ្ធិសម្រាប់ ប្រកួត ក្នុង ដំណាក់ ហៅថា “ ផ្តាច់ព្រ័ត្រ “ នៅលើដែនដីរុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ។

-ពីក្នុងចំណោម ៤៥ ប្រទេស ទ្វីបអាមេរិក ក្រោយពីទាត់ជម្រុះបែបនេះ បានទទួលសិទ្ធិបែបនេះ គឺ តែ ៨ ក្រុមបាល់ទាល់ជាតិ ប៉ុណ្ណោះ ពោលគឺ ប្រេស៊ីល អារហ្សង់ទីន កូស្តា-រីកា កូឡុំប៊ី អ៊ុយរុយក្វៃ ម៉ិចស៊ីក ពេរូ ប៉ាណាម៉ា។

-ពីក្នុងចំណោម ៥៦ ប្រទេស អាស៊ី-ប៉ាស៊ីហ្វិក ក្រោយពីទាត់ជម្រុះ បានទទួលសិទ្ធិ មកប្រកួតក្នុង វគ្គផ្តាច់ព្រ័ត្រ នៅរុស្ស៊ី មានតែ ៣ ក្រុមប៉ុណ្ណោះ ពោលគឺ កូរ៉េខាងត្បូង ជប៉ុន និង អូស្ត្រាលី។

ពីក្នុងចំណោម ៥៣ ប្រទេសទ្វីបអាហ្វ្រិក-តំបន់ដើមបូព៏ា ក្រោយពីទាត់ជម្រុះមានតែ ៧ ក្រុមបាល់ទាត់ជាតិ ដែលបានទទួលសិទ្ធិបែបនេះ ពោលគឺ អេហ្ស៊ីព សេណេហ្កាល់ អ៊ីរ៉ង់ ទុយនីស៊ី នីហ្សេរីយ៉ា ម៉ារ៉ុក អារ៉ាប៊ី-សាអ៊ូឌីត។

សរុបទៅ ទាំង ៣២ ក្រុមនេះ ត្រូវគេបែងចែកឲ្យស្ថិតនៅ តាម ៤ កញ្ជ្រែង ដែលក្នុងកញ្ជ្រែងនិមួយៗ មាន ៨ ក្រុម ហើយការចាប់ឆ្នោត នឹងបង្ហាញឲ្យឃើញ តើក្រុមណាចេញពីកញ្ជ្រែងនេះឫនោះ ត្រូវបន្តប្រកួត នៅតាមអង្គភាពដែលមានចំនួនសរុបទៅ ៨ អង្គភាព ។

បើនិយាយពីក្រុមជម្រើសរុស្ស៊ី នោះតាមមតិពួកអ្នកឯកទេស បើជាលទ្ធផលនៃការចាប់ឆ្នោត ស្រាប់តែស្ថិត ក្នុងអង្គភាព ជាមួយ ក្រុម អេស្ប៉ាញ ស្វីស និង ស៊ែរប៊ី នោះមុខជាអភ័ព្វ ពិបាកប្រកួតឈ្នះ។ តែបើស្ថិតក្នុង អង្គភាព ជាមួយ ក្រុមជម្រើស ដូចជា ពេរូ អ៊ីរ៉ង់ និង​ ប៉ាណាម៉ា នោះ នៅមានទឹកមាត់លេប ដើម្បី ទទួល ជ័យជំនះក្នុងអង្គភាពខ្លួន ហើយចេញពីអង្គភាពនេះ ទៅជល់នឹង ក្រុមដែលឆើតជាងគេ នៅអង្គភាពផ្សេង ។

សម្រាប់ក្រុមខ្លាំងៗ បែបយ៉ាង អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និង ប្រេស៊ីល បើជាលទ្ធលនៃការចាប់ឆ្នោត ស្រាប់តែ ស្ថិតក្នុងអង្គភាពជាមួយគ្នា ក៏នឹងអភ័ព្វដែរ ដ្បិតគេធ្វើឃាតគ្នាតាំងពី ការប្រកួតចម្រាញ់ ក្នុង អង្គភាពខ្លួន ទៅហើយ។ ពីព្រោះក្រុមជម្រើសទាំងនេះ ស្ថិតក្នុង ក្រុមជម្រើសបាល់ទាត់ ១០ ក្រុមនាំមុខគេ ខាង តម្លៃ ឧទាហរណ៍ ក្រុមបាល់ទាត់ជាតិ ប្រេស៊ីល ថ្លៃ ៦៧១ លានអឺរ៉ុ អេស្ប៉ាញ ថ្លៃ ៦៤៣ លានអឺរ៉ូ បារាំង ថ្លៃ ៦៣៦ លានលានអឺរ៉ូ អាល្លឺម៉ង់ ៦៣៦ លានអឺរ៉ូដែរ។

គឺ ៧ឆ្នាំមុន នាថ្ងៃ ទី២ ធ្នូ ឆ្នាំ ២០១០ ដែលគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធអន្តជាតិ នៃសមាគម បាល់ទាត់ជាតិ ហៅ ថា FIFA បានប្រកាស បំពាក់មកលើប្រទេសរុស្ស៊ី នូវសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួល World Cup-2018 ។ ជាលទ្ធផល នៃការបោះឆ្នោតជុំទី១ បេក្ខភាពរុស្ស៊ី បានសម្លេងគាំទ្រចំនួន ៩ ឈ្នះលើ បេក្ខភាពពរួម អេស្ប៉ាញ-ព័រទុយហ្កាល់ ដែលបាន ៧ សម្លេង , ហូឡង់-បែលហ្ស៊ីក បាន ៤ សម្លេង និង បេក្ខភាព អង់គ្លេស បានតែ ២ សម្លេង។ លុះក្នុងជុំទី២ រុស្ស៊ី បានសម្លេងគាំទ្រ ដល់ទៅ ១៣ ឈ្នះជាស្ថាពរ លើ បេក្ខភាពរួម អេស្ប៉ាញ-ព័រទុយហ្កាល់ ដែលបាន ៧ សម្លេង និង លើ ហូឡង់-បែលហ្ស៊ីក ដែលបាន តែ ២ សម្លេង។

ការប្រកួត World Cup-2018 នឹងប្រព្រឹត្តទៅ ពីថ្ងៃ ១៤ មិថុនា ដល់ ១៥ កក្កដា ឆ្នាំ ២០១៨ នៅតាម កីឡាដ្ឋាន ចំនួន ១២ នៃក្រុងរុស្ស៊ី ចំនួន ១១ ដែលពីក្នុងនោះ នៅម៉ូស្គូ ការប្រកួត នឹងប្រព្រឹត្តទៅ នៅ តាម កីឡាដ្ឋាន ដល់ទៅ ២ កន្លែង។ កីឡាដ្ឋាននៅរដ្ឋធានីម៉ូស្គូ ចំណុះទស្សនិកជន បាន ៨១.០០០ នាក់ , កីឡាដ្ឋាន នៅក្រុង Saint-Petersbourg ចំណុះបាន ៦៧.០០០ នាក់។ កីឡាដ្ឋាននៅតាមក្រុងរុស្ស៊ី ៩ ទៀត ចំណុះទស្សនិកជន បានពី ៣៥.០០០ នាក់ រហូត ដល់ ៤៥.០០០ នាក់។ ជាការកត់សម្គាល់ កីឡាដ្ឋាន សម្រាប់ទទួលការប្រកួតបាល់ទាត់ ស្របនឹងក្បួនខ្នាត FIFA ត្រូវចំណុះឲ្យបានទស្សនិកជន ចាប់ពី ៣៥.០០០ នាក់ឡើងទៅ។ ក្រុងរុស្ស៊ីដែលទទួល World Cup-2018 សុទ្ធតែមានបណ្តាជន ចាប់ពី ១ លាននាក់ឡើងទៅ ហើយស្ថិតនៅ ភូម៏ភាគអឺរ៉ុបនៃដែនដីរុស្ស៊ី គឺ រាប់ពីក្រុង Ekaterinbourg ដែលជា ធានីនៃតំបន់ភ្នំ Oural ចែកប្រទេសរុស្ស៊ី ទៅជាភាងខាងកើតនៅអាស៊ី និងភាគខាងលិច នៅអឺរ៉ុប។

តាំងពីថ្ងៃ ១៤ កញ្ញាឆ្នាំនេះម៉្លេះ ដែល FIFA បានអនុញ្ញាត ឲ្យចាប់ផ្តើមលក់សំបុត្រ សម្រាប់ចូលមើល ការ ប្រកួតនោះ។ សំបុត្រ ចែកជា ៤ ប្រភេទ។ ពីក្នុងនោះ មានមួយប្រភេទ គឺសម្រាប់តែពលរដ្ឋរុស្ស៊ី ដែលតម្លៃ វា គឺចាប់ពី ២២ ដុល្លារទៅ។ សម្រាប់ជនបរទេស គឺថ្លៃ ១០៥ ដុល្លារ។ ដើម្បីចូលមើលពិធីសម្ពោធ ក្នុង កីឡាដ្ឋាន នៅម៉ូស្គូ តម្លែសំបុត្រ គឺ ២២០ ដុល្លារ សម្រាប់ជនបរទេស និងសំបុត្រសម្រាប់ជាតិរុស្ស៊ី គឺ ចាប់ ពី ៥៥ ដុល្លារ។ សំបុត្រសម្រាប់ចូលមើល ការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីយកពានរង្វាន់ពិភពលោក ខាង បាល់ទាត់ សម្រាប់ជនបរទេស គឺ ៤៥៥ ដុល្លារ និងសម្រាប់ជាតិរុស្ស៊ី គឺ ចាប់ពី ១១៨ ដុល្លារ។ ជាការកត់ សម្គាល់ ទស្សនិកជនណា ដែលមានសំបុត្រនៅដៃ អាចធ្វើដំណើរតាមរថភ្លើង ភ្ជាប់ក្រុងរុស្ស៊ី ទាំង១១នោះ ដោយ មិនបាច់បង់ថ្លៃ អ្វីទេ ដើម្បីតាមដានគាំទ្រ ក្រុមជម្រើសជាតិរបស់ខ្លួន។

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចុះទៅហើយ ហត្ថលេខាលើច្បាប់ ដែលបើកផ្លូវឲ្យពួកអ្នកគាំទ្រ បរទេស នៃ ក្រុមបាល់ទាត់ជាតិខ្លួន ធ្វើដំណើរចូលប្រទេសរុស្ស៊ី ដោយមិនបាច់មានទិដ្ឋាការទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ