អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកពូទីន បាន​ប្រកាស​ឈរឈ្មោះ​ជា​ថ្មី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​រុស្ស៊ី

សំឡេង ០៦:២៣
លោក វ្លាដេមៀ ពូទីន
លោក វ្លាដេមៀ ពូទីន Sputnik/Reuters

ដំណឹងដែលលេចធ្លោជាងគេ នៅរុស្ស៊ី ក្នុងសប្តាហ៏នេះ គឺ លោក វ៉្លាឌីមៀរ ពូទីន នៅទីបំផុត បានប្រកាស អំពីការសម្រេចចិត្តចូលប្រឡូក ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមិនាឆ្នាំ ២០១៨ ។ សេចក្តីនេះ ត្រូវ បានគាត់ថ្លែងថ្ងៃទី​ ៦ ធ្នូ ក្នុងជំនួបជាមួយ កម្មកររោងចក្រ GAZ ខាងផលិតរថយន្ត ដែល ប្រារព្ធខួប ៨៥ ឆ្នាំរបស់ខ្លួន។ រោងចក្រនេះ ស្ថិតនៅក្រុង Nijni-Novgorod ចម្ងាយ ៤០១ គ.ម. ឦសានពី រដ្ឋធានីម៉ូស្គូ។ តាមប្រសាសន៍ លោកពូទីន ការសម្រេចចិត្តនេះ គឺដក់ជាប់ដោយ បំណងកែប្រែជីវភាព ពលរដ្ឋ ឲ្យ កាន់តែ ប្រសើរឡើង ប្រែប្រទេសជាតិ ឲ្យកាន់តែខ្លាំង កាន់តែកក់ក្តៅដោយការការពារ ទាំង សម្លឹងទៅ អនាគត។ បច្ចុប្បន្ន លោកប្រមុខរដ្ឋរុស្ស៊ី ពូទីន មានអាយុ ៦៥ ឆ្នាំ ដោយកាន់អំណាច បាន១៨ ឆ្នាំហើយ។ បើគាត់ឈ្នះឆ្នោតជាថ្មី នោះ អាណត្តិគាត់នឹងពន្យារទៅ៦ឆ្នាំទៀត រហូតដល់ឆ្នាំ ២០២៤។

ផ្សាយពាណិជ្ជកម្ម

ការប្រកាសនេះ ចែកជាពីរដំណាក់ ៖ មុនដំបូង ក្នុងពិធីប្រគល់រង្វាន់ក្រោមឈ្មោះថា “ អ្នកស្ម័គ្រចិត្ត ប្រទេសរុស្ស៊ី " ដោយឆ្លើយតបនឹងសំនួរនៃពិធីករក្នុងឱកាសនោះ លោកពូទីន បានពន្យល់ថា ជានិច្ចជាកាល ការសម្រេចចិត្តបែបនេះ គឺពោរពេញដោយនាទីទទួលខុសត្រូវ សម្រាប់មនុស្ស រូបណាក៏ដោយ ពីព្រោះ មូលហេតុតែមួយគត់ នៃការសម្រេចយ៉ាងនេះ គឺបំណងកែប្រែជីវភាពពលរដ្ឋឲ្យកាន់តែ ប្រសើរឡើង ប្រែ ប្រទេសជាតិ ឲ្យកាន់តែខ្លាំង កាន់តែកក់ក្តៅដោយការការពារ ទាំងសម្លឹងទៅអនាគត ។ ហើយដើម្បីសម្រេច គោលដៅទាំងនេះ លុះណាតែ ក្នុងល័ក្ខខ័ណ្ឌមួយគត់ គឺត្រូវ មានការជឿទុកចិត្ត និង ការគាំទ្រ ពីខាង ប្រជាជន។ ដោយថ្លែងយ៉ាងនេះ គាត់ចោទជាសំនួរ ៖ បើខ្ញុំសម្រេចចិត្តចូលប្រឡូកក្នុងការបោះឆ្នោត តើ ពួកអ្នកនិងអ្នកដែលជំនិតៗរបស់អ្នកខាងស្មារតី គាំទ្រឫទេដល់ការសម្រេចចិត្តនេះ? ឮដូច្នេះ អង្គប្រជុំ ទាំងមូល បានឆ្លើយទៅកាន់ប្រមុខរដ្ឋយ៉ាងទ្រហឹងថា “ គាំទ្រ"។ ក្នុងបរិយាកាសនោះ គាត់បានសន្យាថា ៖ ខ្ញុំនឹងប្រកាសអំពីការសម្រេចចិត្តរបស់ខ្ញុំ ក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្មានម៉ោងក្រោយមក ពេលជួបជាមួយ កម្មកររោងចក្រ GAZ ខាងផលិតរថយន្ត ដោយឆ្លើយតបនឹងសំនួរកម្មករម្នាក់ តើពាក្យគាត់ដែលថា ក្នុង ពេលឆាប់ៗខាងមុខនោះ មានន័យអង្កាល់ណាទៅ ដ្បិតកម្មកររោងចក្រទាំងមូលសុទ្ធតែគាំទ្រគាត់ ហើយ ស្រេកឃ្លានចង់ ឮ ពីបបូរមាត់គាត់ នូវកាដូ មុនចូលឆ្នាំថ្មី សម្រាប់គេ លោកពូទីន ក៏បានថ្លែងត្រង់ភ្លឹងថា ៖ “ខ្ញុំនឹងឈរឈ្មោះ ជាបេក្ខជនក្នុងការបោះឆ្នោតថ្ងៃមុខ” ទាំងលើកឡើងដូចតទៅ ៖

-ខ្ញុំសូមអរគុណជាអនេក។ ច្បាស់ជាគ្មានទេ កន្លែងដែលប្រសើរជាងទីនេះ សម្រាប់ប្រកាស ការសម្រេចចិត្ត នេះ។ ខ្ញុំនឹងបញ្ឈរបេក្ខភាពខ្ញុំ សម្រាប់កាន់តំណែងជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ សូមអរគុណ បងប្អូន ដែល ប្រកាន់អាកប្បកិរិយាយ៉ាងនេះ ចំពោះកិច្ចការខ្លួន ចំពោះរោងចក្រខ្លួន ទីក្រុងខ្លួន ។ ជាការកត់សម្គាល់ រោងចក្រនេះ ផលិតក្នុង១ថ្ងៃៗ បានរថយន្ដកាម្ញុងធំតូច ចំនួន ៤០០ គ្រឿង។ លោកប្រមុខរដ្ឋរុស្ស៊ីបន្ថែមថា ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ បែបយ៉ាងកម្មកររោងចក្រនេះ គឺយើងអាចដោះស្រាយបញ្ហា ដ៏ ស្មុគស្មាញបំផុតដែលចោទនៅពីមុខយើង ។ ប្រទេសរុស្ស៊ី នឹងដើរ តែទៅមុខជានិច្ច ហើយក្នុងចលនានេះ គ្មាននរណា អាចទប់ដំណើររបស់រុស្ស៊ីឡើយ-លោកពូទីន គូសបញ្ជាក់។

ក្នុងន័យនេះ លោកពូទីន បានរំលឹកថា ពិតជានៅក្រុង Nijni-Novgorod នេះ ដែលកាលពីជាង ៤ សតវត្សរ៍ មុន កងសេនាជនរុស្ស៊ី បានរួមប្រជុំកេណ្ឌទ័ព លុះទាល់តែ នៅទីបំផុតរំដោះរដ្ឋធានីម៉ូស្គូ បានផុតពីពួក លុកលុយប៉ូឡូញ ហើយខ័ណ្ឌបញ្ចប់ភាពវឹកវរក្នុងប្រទេស រួចបន្ទាប់មកចាក់ជាគ្រឹះ សម្រាប់ការរីកលូតលាស់ យ៉ាងផុសផុល នៃរដ្ឋរុស្ស៊ីមានមហិទ្ធិឫទ្ធខ្លាំង និង រួមតែមួយ។

បើប្រធានសភាជាន់ក្រោម និង ប្រធានសភាជាន់លើនៃរដ្ឋសភា សុទ្ធតែអបអរ ចំពោះការសម្រេចចិត្ត លោក ពូទីន ឈរឈ្មោះជាថ្មី ដោយចាត់ទុករូបគាត់ជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដែលនាំជាភាពកក់ក្តៅ ដល់ ប្រទេសជាតិ នោះ ពីធីការិនីទូរទស្សន៍ឯកជន អ្នកស្រី Ksenia Sobchak ដែលឈរឈ្មោះ ជាបេក្ខនារី ចូល ប្រឡូកដែរ ក្នុងការបោះឆ្នោតថ្ងៃមុខ បានបញ្ចេញប្រតិកម្មបែបពេបជ្រាយថា ៖ បើនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនឃើញរឿងនេះ ជាព្រឹត្តការណ៍ធំដុំទេ ដ្បិតគេដឹងជាទូទៅថា លោកពូទីន គង់នឹងឈ្នះឆ្នោតពុំខាន។ ទោះយ៉ាងណាក្តី ក៏ ខ្ញុំយល់ថា យើងត្រូវតែចល័តនិង ត្រូវតែនិយាយតាងនាមឲ្យអ្នកស្រុកណា ដែលចង់ បាន ការផ្លាស់ប្តូរ។ ពីព្រោះសព្វថ្ងៃ យើងគ្មានវិធីណាផ្សេង ដើម្បីនិយាយឲ្យគេឮអំពីអត្ថិភាពយើង ។ តាម ខ្ញុំយល់ សម្លេងគាំទ្រលោកពូទីន មិនមែនមានកម្រិតខ្ពស់ណាស់ណា ដូចគេប៉ាន់ស្មានឡើយ។ ខ្ញុំផ្ទាល់ជឿ ជាក់ថា ក្នុងប្រទេសរុស្ស៊ីនឹងមានការប្រែប្រួល ដែលពិតជានឹងកើតមានចៀសមិនផុត។ ស្ត្រីប្រឆាំងរូបនេះ សង្កត់ធ្ងន់ថា នៅមានមាគ៏ាប្រកបដោយវីរភាព គឺការចុះថ្នល់តវ៉ាជានិច្ច សូម្បីអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។

ស្របនឹងលទ្ធផលស្ទង់មតិចុងក្រោយបំផុត បើការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃអាទិត្យខាងមុខ នោះនឹង មាន ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនលើសពី៦០%ទេ ទៅកាន់ហិបឆ្នោត។ ចំណែកវិមានក្រេមឡាំង ប្រាថ្នា ចង់បាន គឺ ឲ្យ”បេក្ខជនស្នូលនេះ”ទទួលបានតាំងពីជុំទី១ទៅហើយ សម្លេងគាំទ្រប្រមាណ៧០% ខណៈ ដែលអត្រាអ្នកទៅបោះឆ្នោត កុំឲ្យតិចជាង៧០%។

ជាការរំលឹក លោកពូទីន បានឈានចូលក្នុងឆាកនយោបាយធំ គឺក្នុងឆ្នាំ ១៩៩៩ មុនដំបូងក្នុងឋានៈជា ឧបទី១ នៃនាយករដ្ឋមន្ត្រី បន្ទាប់មក ជា ប្រមុខរដ្ឋាភិបាលស្តីទី ហើយតមកទៀត ជា នាយករដ្ឋមន្ត្រី តែ ម្តង។ ថ្លែងសារជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ក្នុងយប់ថ្ងៃ៣១ធ្នូឆ្នាំ១៩៩៩ ឆ្លងចូលថ្ងៃ១មករាឆ្នាំ២០០០ ប្រធានាធិបតីពេលនោះ គឺលោក Boris Yeltsin បានប្រកាសលាចេញពីមុខតំណែងខ្លួន ទាំងថ្លែងថា “ រដ្ឋ រុស្ស៊ី ត្រូវចូលក្នុង សហសវត្សរ៏ថ្មី ជាមួយអ្នកនយោបាយស្រករថ្មី មុខមាត់ថ្មី បញ្ញាថ្មី មានថាមពលថ្មី “ ហើយទម្រាំដល់ពេលបោះឆ្នោតថ្មីក្នុង៣ខែទៀត គាត់សម្រេចចិត្ត ផ្ទេរតំណែងកំពូលនេះ ទៅក្នុងដៃ លោក នាយករដ្ឋមន្ត្រី វ៉្លាឌីមៀរ ពូទីន ឲ្យបំពេញក្នុងពេលជាមួយគ្នា ទាំងមុខងារជា ប្រធានាធិបតីស្តីទី។

គឺក្នុងការបោះឆ្នោត នៅខែមិនាឆ្នាំ ២០០០ ដែល លោកពូទីន បានជាប់ឆ្នោតជាប្រធានាធិបតី ពេញសិទ្ធិ លើកដំបូងបង្អស់ ដោយសម្លេងគាំទ្រ ៥៣% តាំងពីជុំទី១ ពីក្នុងចំណោម បេក្ខជន ៦ នាក់។ ក្នុងឆ្នាំ ២០០៤ គាត់បានឈ្នះឆ្នោតជាថ្មី ដោយសម្លេងគាំទ្រស្ទុះដល់ ៧១,៣១% ពីក្នុងចំណោមបេក្ខជន ៥ នាក់។ កាលណោះ អាណត្តិប្រធានាធិបតី បានពន្យារ ទៅ តែ ៤ ឆ្នាំ។ ពេលដែលលោក ឌ្មីទ្រី មេដវេដេវ ជាប់ជាប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ ២០០៨ ដល់ ២០១២ គាត់បានធ្វើវិសោធនកម្ម ទៅក្នុងរដ្ឋធម្មនុញ្ញ បង្កើន អាណត្តិ ប្រធានាធិបតី ពី ៤ ដល់ ៦ឆ្នាំ និង អាណត្តិសភា ពី ៤ ដល់៥ឆ្នាំ។ លោកពូទីន ក្នុងឆ្នាំ ២០១២ បានជាប់ឆ្នោតក្នុង អាណត្តិទី៣នេះ ដោយសម្លេងគាំទ្រ ៦៣,៦% ពីក្នុងចំណោមបេក្ខជន ៥ នាក់។

មកទល់ឥឡូវ គេដឹងឮឈ្មោះ បេក្ខជន ៧ នាក់ទៅហើយ ដែលនឹងប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតី នៅរុស្ស៊ី ថ្ងៃ ១៨ មិនា ឆ្នាំ ២០១៨ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ