អានតួអត្ថបទ

បារាំង​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍

ផែនទី​បង្ហាញ​ពី​ចរន្ត​លំហូរ​អន្តោប្រវេសន៍​អាហ្វ្រិក​មក​អឺរ៉ុប
ផែនទី​បង្ហាញ​ពី​ចរន្ត​លំហូរ​អន្តោប្រវេសន៍​អាហ្វ្រិក​មក​អឺរ៉ុប RFI

នៅ​ថ្ងៃ​ទី ១៨ ធ្នូ​ ដែល​ជា​ទិវា​អន្តោប្រវេសន៍​អន្តរជាតិ ​បារាំង​បាន​ទទួលស្វាគមន៍​​​ជន​អន្តោប្រវេសន៍​មក​ពី​អា​ហ្វ្រិក មួយ​ក្រុង​ដំបូង​ចំនួន​ប្រមាណ​២០​នាក់ ដែល​បារាំងបាន​ធ្វើ​ការ​ជ្រើសរើស​ដោយ​ផ្ទាល់​ យក​មក​ពី​​ជំរំ​ជនភៀស​ខ្លួន​​ប្រទេស​ឆាដ។ មាន​ន័យ​ថា​ពេល​នេះ​បារាំង​មាន​នយោបាយ​អន្តោប្រវេសន៍​ថ្មី ៖ ទៅជ្រើសរើស​យក​ជនភៀសខ្លួន​ដល់​ និង​បញ្ជូន​ចេញ​ដោយ​គ្មានអាសូរ​​អន្តោប្រវេសន៍​ដែល​មិន​ត្រូវ​ការ។

ផ្សាយពាណិជ្ជកម្ម

​សាធារណរដ្ឋ​បារាំង នៅ​តែគោរព​​ប្រពៃណី​ជាមូលដ្ឋាន​គ្រឹះ​របស់ប្រទេស​ ទទួល​ស្វាគមន៍​និង​ផ្តល់​ការ​​ជ្រកកោនដល់​ជន​អន្តោប្រវេសន៍​ជា​និច្ច ! តែបារាំង​មិន​​​​អនុគ្រោះជា​ដាច់​ខាតចំពោះ​គ្រប់​​ជន​ខុស​ច្បាប់​ គ្មាន​បណ្ណ​​ស្នាក់នៅ។ ​នេះ​ជា​ប្រសាសន៍​​របស់​លោក​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង។

​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងលំហូរ​​អន្តោប្រវេសន៍​ខុស​ច្បាប់ ជា​អាទិភាព​ ! រដ្ឋាភិបាល​កំពុង​រៀប​ចំ​តាក់​តែង​ច្បាប់​​អន្តោប្រវេសន៍​ថ្មី​ហើយ​ និង​បាន​ចេញ​សារាចរណ៍​មួយ​រួច​មក​ហើយ​កាលពី​ចុង​ខែ​វិច្ឆិកា ដើម្បី​បញ្ចេញ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព និងដើម្បី​​ទប់​ស្កាត់​កុំ​ឱ្យ​បណ្តា​ជន​អាហ្វ្រិក​ប្រថុយ​ប្រថាន​ជីវីតរត់​ឆ្លង​សមុទ្ទ​មក​អឺរ៉ុបទៀត។

តាម​រយៈ​វិធានការ​ថ្មី បារាំង​នឹង​ទៅ​រើស​យក​​ជនភៀស​ខ្លួន​ដល់​ជំរំ​នៅ​ទ្វីប​អាហ្វ្រិក មាន​ជាអាទិ៍​ជំរំ​នៅ​ឆាដ ក្នុង​ចំនួន​ប្រមាណ បី​ពាន់​នាក់ គិត​ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ​២០១៩។ ហើយទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បារាំង​នឹង​​រឹត​បន្តឹងការ​ត្រួត​ពិនិត្យ​លំហូរ​អន្តោប្រវេសន៍ និង​ការ​បញ្ជូន​ចេញ​ រាល់​គ្រប់​ជន​ខុស​ច្បាប់ចាប់​បាន។ ជា​ងនេះ​ទៅ​ទៀត រដ្ឋាភិបាល​បារាំង​គ្រោង​នឹង​ធ្វើ​ជំរឿន​ នៅ​តាម​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន​​បណ្តោះ​អាសន្ន​ ដើម្បី​​តម្រង់​​ទិសជនអន្តោប្រវេសន៍​ទៅតាម​ស្ថានភាព​ជាក់​ស្តែង​របស់​ជន​ម្នាក់ៗ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​​ការ​ពារ​សិទ្ធិមនុស្ស​ស្រែក​ប្រឆាំង​​នឹ​ង​នយោបាយ​រែង​រើស​អន្តោប្រវេសន៍​ ដោយ​គិត​ក្រែង​ថា​នឹង​មាន​ការ​បណ្តេញ​មនុស្ស​ទាំង​ហ្វូងៗ ទៅ​ស្រុក​ដើម​វិញ។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ បារាំង​និង​អឺរ៉ុបទាំង​មូល​​បាន​ស្គាល់​​វិបត្តិ​អន្តោប្រវេសន៍​យ៉ាង​ធ្ងន់ធ្ងរ។ កាលពី​ឆ្នាំ​ទៅ បារាំង​បាន​ទទួល​ពាក្យ​សុំ​ជ្រក​កោន​ចំនួន ៨៥០០០​នាក់​ ក្នុង​នោះ ៣៦០០០​បាន​ចម្លើយ​វិជ្ជមាន។ ឯ​ការ​ចាប់​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់ បាន​កើន​ឡើង​១៤​% នៅ​រវាង​១១​ខែ​​នៃ​ឆ្នាំ​២០១៧​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ