អ្នកជំនាញប្រមូលផ្តុំគ្នាដើម្បី ស្វែងរករបាំងការពារខ្លួនពីចោរអ៊ីនធ័រនែត
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
តើគេត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចដើម្បី ការពារខ្លួនពីការវាយប្រហាររបស់ចោរព័ត៌មានវិទ្យា? នៅក្នុងវេទិកាអន្តរជាតិ ដែលរៀបចំធ្វើនៅថ្ងៃ អង្គារនេះ នៅទីក្រុងលីល ប៉ែកខាងជើងប្រទេសបារាំង អ្នកជំនាញខាងផ្នែកសន្តិសុខ តាមប្រព័ន្ធអ៊ីនធ័រនែត ត្រូវគេទន្ទឹងថា នឹងអាចផ្តល់មធ្យោបាយ សោរគន្លឹះសំខាន់ៗ ដើម្បីឲ្យគេការពារខ្លួន ពីការវាយប្រហាររបស់ចោរអ៊ីនធ័រនែត។ ចោរអ៊ីនធ័រនែតដែលគេរំពឹងថា នឹងអាចបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងថែមទៀត នៅឆ្នាំ នេះ។
ការវាយប្រហាររបស់ចោរអ៊ីនធ័រនែត នៅឆ្នាំមុន ដោយប្រើកម្មវិធីចាប់ជំរិត Wannacry និងកម្មវិធីលុបចោលទិន្នន័យ ឈ្មោះ NotPetya រហូតធ្វើឲ្យក្រុមហ៊ុនត្រូវជាប់គាំង មិនដំណើរការបានធ្វើឲ្យក្រុមហ៊ុនឯកជន និងរដ្ឋ និងស្ថាប័នសាធារណៈជឿជាក់ថា ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត នៅក្នុងពិភពលោក នៅមានចំណុចខ្សោយច្រើន នៅឡើយ បើប្រៀបធៀបនឹងសមត្ថភាពរបស់ចោរព័ត៌មានវិទ្យា។
គឺនៅក្នុងគោលដៅស្វែងរកមធ្យោបាយ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ឧក្រិដ្ឋជនអ៊ីនធ័រនែត ដែលអាជ្ញាធរបារាំង បានសម្រេច រៀបចំ បើកវេទិកា នៅថ្ងៃនេះ ដែលមានការចូលរួមពីអ្នកជំនាញ អន្តរជាតិ រួមទាំងមន្រ្តីរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបារាំង ប្រមាណ ១ម៉ឺននាក់។ ក្រុមហ៊ុនសហគ្រាសត្រូវមានកាតព្វកិច្ចត្រៀមខ្លួន និងរៀបសេណារីយោដំណោះស្រាយក្នុងករណីមានការវាយប្រហារអ៊ីនធ័រនែតជា យថាហេតុណាមួយ។ អ្វីដែលអាជ្ញាធរព្រួយបារម្ភខ្លាំងជាងគេ គឺការវាយប្រហារអ៊ីនធ័រនែត លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់ជីវិតមនុស្ស ដូចជាមន្ទីរពេទ្យ រោងចក្រនុយក្លេអ៊ែរ ឬបណ្តាញផ្លូវគមនាគមន៍ ដែលរហូតមកដល់ពេលនេះ នៅមានចំណុចខ្វះខាតច្រើន ខាងផ្នែកប្រព័ន្ធការពារសន្តិសុខ តាមអ៊ីនធ័រនែត។
សូមអាន៖ ការវាយប្រហារអ៊ីនធ័រនែត ៖ អ្វីដែលគួរខ្លាចនៅឆ្នាំ២០១៨
ថ្មីៗនេះ អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធ័រនែត បានវាយតម្លៃថា ចោរព័ត៌មានវិទ្យា នឹងបង្កើនសន្ទុះរបស់ខ្លួន កាន់តែខ្លាំង នៅឆ្នាំ ២០១៨។ នៅប្រទេសបារាំង សញ្ញាកើនឡើងនៃការគំរាមកំហែងរបស់ចោរអ៊ីនធ័រនែត បានតម្រូវឲ្យក្រសួងការពារជាតិបារាំង បង្កើតបញ្ជាការដ្ឋានសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត ដែលមានមនុស្សធ្វើការជាង ៣ពាន់នាក់។
តាមក្រុមអ្នកជំនាញ ខាងសន្តិសុខព័ត៌មានវិទ្យា និងឌីជីថល CESIN ៩២ភាគរយនៃក្រុមហ៊ុននិងក្រសួងរបស់បារាំងបានអះអាងថា ពួកគេរងការវាយប្រហារ យ៉ាងតិចមួយលើក កាលពីឆ្នាំមុន។ ជាទូទៅ ពួកគេរងគ្រោះដោយសារមេរោគ Wannacry ដែលជាកម្មវិធីចាប់ជំរិតរបស់ក្រុមចោរអ៊ីនធ័រនែត។ កម្មវិធីចាប់ជំរិត ទារប្រាក់ របស់ឧក្រិដ្ឋជនអ៊ីនធ័រនែតបានធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូល ព្រោះថា វាបានប៉ះពាល់ដល់សកម្មភាពផលិត និងដំណើរការបញ្ជាររបស់ក្រុមហ៊ុន។ ដោយសារតែខ្លាចរងគ្រោះនឹងការវាយប្រហារ ចាប់ជំរិតរបស់ចោរអ៊ីនធ័រនែត ៦៤ភាគរយនៃក្រុមហ៊ុនបារាំងបានបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យសន្តិសុខអ៊ីនធ័រនែត។ ការសិក្សារបស់ក្រុមហ៊ុនNorton ចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ការវាយប្រហាររបស់ចោរអ៊ីនធ័រនែត បាន ធ្វើឲ្យអ្នកប្រើប្រាស់បារាំង ខាតបង់ប្រាក់ជាង ៦ពាន់លានអឺរ៉ូ៕
selfpromo.newsletter.titleselfpromo.newsletter.text
selfpromo.newsletter.link.label