អានតួអត្ថបទ
អ៊ុយក្រែន-អាមេរិក

អាមេរិក​សន្យា​ជួយ​អ៊ុយក្រែន​ទប់​នឹង​ការ​លូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អ៊ុយក្រែន

លោកចន បុលតុន ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​
លោកចន បុលតុន ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ Reuters

នៅ​ថ្ងៃ​សុក្រ ទី២៤​សីហា ប្រទេស​អ៊ុយក្រែន​បាន​ប្រារព្ធ​ខួប ២៧ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យជាតិ​ដែល​មាន​រៀបចំ​ពិធី​ហែក្បួន​ព្យុះហយាត្រា​យ៉ាង​អធិកអធម​មិន​ធ្លាប់​មាន។ ក្នុង​ចំណោម​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​បរទេស​នា​ឱកាស​នោះ ក៏​គេ​ឃើញ​មាន​លោក​ចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែរ។ លោក​បុលតុន​បាន​ថ្លែង​ធានា​ប្រាប់​អ៊ុយក្រែន​ពី​ការ​សន្យា​របស់​អាមេរិក​ដើម្បី​ទប់ស្កាត់​ការ​លូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អ៊ុយក្រែន​នា​ពេល​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ក្បួន​ព្យុះហយាត្រា​យោធា​ដែល​ចូលរួម​ដោយ​កម្លាំង​យោធា​ប្រមាណ​ជា ៤ ៥០០នាក់ និង​គ្រឿងសព្វាវុធ​គ្រប់ប្រភេទ​ចំនួន ២៥០មុខ គឺ​ជា​ក្បួន​ព្យុះហយាត្រា​ដ៏​សម្បើម​មួយ​ដែល​ប្រទេស​អ៊ុយក្រែន​មិន​ធ្លាប់​បាន​ធ្វើ​ទេ តាំង​ពី​ទទួល​បាន​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​រុស្ស៊ី​សម័យ​សហភាពសូវៀត​ក្នុង​ថ្ងៃទី២៤ សីហា ឆ្នាំ ១៩៩១។ កំណត់​សម្គាល់​មួយ​ទៀត គឺ​ការ​ចូលរួម​ហែក្បួន​ពី​កម្លាំង​ទ័ព​បរទេស​មក​ពី ១០ប្រទេស ពិសេស​ពី​អាមេរិក កាណាដា អង់គ្លេស ឬ​ប្រទេស​ប៉ូឡូញ​ដែល​ធ្លាប់​ជា​អតីត​រដ្ឋ​សហភាព​សូវៀត​ដូច​អ៊ុយក្រែន​ដែរ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​បាន​ថ្លែង​នា​ឱកាស​បុណ្យ​ឯករាជ្យជាតិ​ថា អ៊ុយក្រែន​មិន​ត្រឹម​តែ​បាន​ក្រោក​ឈរ​ឡើង និង​រួចជីវិត​ប៉ុណ្ណោះ​ទេ តែ​បាន​ពង្រឹង​សាច់ដុំ​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​កម្លាំងទ័ព​មួយ​ខ្លាំង។

វត្តមាន​ឥស្សរជន​បរទេស​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ គឺ​លោក​ចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោក​បុលតុន​បាន​ថ្លែង​ធានា​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ថា អាមេរិក​នឹង​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​លូកដៃ​ជា​យថាហេតុ​របស់​ប្រទេស​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះឆ្នោត​អ៊ុយក្រែន​នា​ពេល​ខាង​មុខ។ សូម​ជម្រាប​ជូន​ថា លោក​ប៉ូរ៉ូឆេនកូ​ដែល​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ ២០១៤ ត្រៀមខ្លួន​ចូល​ប្រឡូក​ដើម្បី​អាណត្តិថ្មី។ តែ​លោក​ប៉ូរ៉ូឆេនកូ​ត្រូវ​ប្រកួត​នឹង​លោកស្រី​លូលីយ៉ា ទីម៉ូឆេនកូ​ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី និង​ជា​អ្នកទោស​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​វ៉ិចទ័រ អ៊ីយ៉ាណូកូវ៉ិច។

លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​បាន​បង្ហាញ​ពី​សន្ទុះ​កំណើន​គាំទ្រ​ចំពោះ​​លោកស្រី​លូលីយ៉ា ទីម៉ូឆេនកូ។ អ្វី​ជា​ការ​កត់សម្គាល់ តាំង​ពី​ការ​ឡើង​កាន់​តំណែង​របស់​លោក​ប៉ូរ៉ូឆេនកូ​ដែល​មាន​និន្នាការ​បស្ចិមលោក​មក ទំនាក់ទំនង​រវាង​អ៊ុយក្រែន និង​អតីតចៅហ្វាយ​រុស្ស៊ី​បាន​ស្គាល់​ភាព​តានតឹង​យ៉ាង​ខ្លាំង ពិសេស​តាំង​ពី​ក្រោយ​រុស្ស៊ី​បាន​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន និង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្លាំងទ័ព​អ៊ុយក្រែន និង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​កំពុង​បន្ត​មាន​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន និង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១០ ០០០នាក់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ