អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

សំឡេង ០៦:៣៩
វិមាន​ក្រឹមឡាំង​នៅក្នុង​ទីក្រុង​ម៉ូស្គូ​​
វិមាន​ក្រឹមឡាំង​នៅក្នុង​ទីក្រុង​ម៉ូស្គូ​​ AFP/Mladen ANTONOV

ពីរាត្រីទឹកឃ្មុំដ៏ល្អូកល្អើន​ ពេញ​​ប៉ុន្មាន​ឆ្នាំ​ដំបូង រហូតដល់ត្រជាក់ស្រឹម ក្រោយពី យន្ដហោះរុស្ស៊ី ​ត្រូវ​បានបំផ្លាញ ដោ​យមកពីប្រតិបត្តិការវាយប្រហា​នៃ ​កង​អាកាស​អ៊ីស្រាអែល​ទៅ​លើ​ស៊ីរី​ ទំនាក់​ទំនង​ រវាង អ៊ីស្រាអ៊ែល និង ម៉ូស្គូ បានឆ្លងកាត់ភាពតានតឹងជាច្រើនដំណាក់ បណ្តាល​ជាពិសេស​មក​ពី ការខ្វែងគំនិតគ្នា​ ជុំវិញ សំណុំរឿងជាច្រើននៅតំបន់មជ្ឈិមបូព៌ា។  

ផ្សាយពាណិជ្ជកម្ម

ម៉ូស្គូ ស្ថិតក្នុងចំណោមរដ្ឋធានី ដែលបានទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល​មុន​គេ​ថ្ងៃ​ ២៩ វិច្ឆិកា ឆ្នាំ ១៩៤៧ រដ្ឋាភិបាលសហភាពសូវៀត ព្រមទទួល ផែនការ​បែងចែកដែនដីប៉ាឡេស្ទីន ទៅ ជារដ្ឋពីរ គឺរដ្ឋជ្វីវ និង រដ្ឋអារ៉ាប។សហភាពសូវៀត ស្ថិតក្នុងចំណោមប្រទេសដែលបានទទួលស្គាល់ រដ្ឋ អ៊ីស្រាអែល​ មុនគេ ក្រោយពីរដ្ឋនេះបានបង្កើតឡើង នៅខែឧសភា​ឆ្នាំ​១៩៤៨។​​ មួយឆ្នាំក្រោយមក នៅ ខែឧសភាឆ្នាំ ១៩៤៩ ម៉ូស្គូ បានបោះឆ្នោត​គាំទ្រ​អ៊ីស្រាអែល ឲ្យក្លាយជា សមាជិក អសប។

ផ្តាច់ចំណងការទូតនឹងគ្នា អស់ ២៤ ឆ្នាំ

ថ្ងៃ ១០​ ឧសភា ១៩៦៧ សហភាពសូវៀត បានផ្តាច់ទំនាក់ទំនងខ្លួន ជា​មួយ​អ៊ីស្រាអែល​ គឺ ពេលផ្ទុះឡើង ជាសង្គ្រាមអ៊ីស្រាអែល-អារ៉ាប។ បន្ទាប់មក ម៉ូស្គូ​ ចាប់បំពាក់អាវុធនិងផ្តល់លុយ ដល់បណ្តាប្រទេសអារ៉ាប អស់រាប់សិប​ឆ្នាំ​ជាប់។

ខែសីហា ១៩៨៨ រុស្ស៊ី និង អ៊ីស្រាអែល ចាប់ផ្តើមខិតចូលជិតគ្នាវិញ ដោយ​ជំនួប​​ផ្លូវការលើកដំបូង នៅក្រុង Helsinki រវាងគណៈ​ប្រតិភូ​ស្ថានកុងស៊ុល​ប្រទេស​ទាំងពីរ។​

ខែតុលា ១៩៩១ ប្រធានាធិបតីសូវៀត លោក Mikhail Gorbatchev ស្តារ​ឡើង​​វិញ​ទំនាក់ទំនង ជាមួយ អ៊ីស្រាអែល គឺ ២ខែ មុនការ​រលំរលាយ​ទៅនៃ​សហភាពសូវៀត ហេតុដែលអនុញ្ញាត ឲ្យពលរដ្ឋសូវៀតណា ជាជាតិជ្វីវ ចាក​ចេញ​ដោយសេរី ទៅរស់នៅក្នុងប្រទេសអ៊ីស្រាអែល។ គ្រាន់តែក្នុងមួយទសវត្សរ៏ មានពលរដ្ឋ ជាតិជ្វីវបែបនេះ ជាង១លាននាក់ បាន​ធ្វើអន្តោប្រវេសន៍ ទៅរដ្ឋអ៊ីស្រាអែល។

ក្នុងខែមេសា ១៩៩៤ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabin ធ្វើទស្សនកិច្ចផ្លូវការនៅម៉ូស្គូ ជា ទស្សនកិច្ច​លើកដំបូង​នៃ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល ឧទ្ទិសដល់ការរៀបរយទំនាក់ទំនងទ្វេភាគី ឲ្យមាន ប្រក្រតី​ភាព​ពេញ​លេញ។ ​

ជំនួបជាប់រដឹក

ខែកញ្ញា ២០០១ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Ariel Sharon និងលោក​ប្រធានាធិបតី​រុស្ស៊ី ​វ៉្លាឌីមៀរ ពូទីន ក្នុងជំនួបនៅម៉ូស្គូ បានថ្លែងផ្តន្ទាទោស “ ភេរវនិយម” ដែលធ្វើឲ្យ ប្រទេសទាំងពីរសុទ្ធតែធ្លាក់ខ្លួន រងគ្រោះ។

ដោយស្និទ្ធជាប្រពៃណី នឹងបណ្តាសប្រទេសអារ៉ាប រុស្ស៊ី ដោយរួមជាមួយ​ស.រ.អា. ​តែងគ្រប់គ្រងលើអភិក្រម នៃដំណោះស្រាយ រក សន្តិភាព ឲ្យ​តំបន់​ដើមបូព៌ា។

គោលជំហរក្រេមឡាំង និង អ៊ីស្រាអែល បានខិតចូលជិតគ្នា តាំងពី​រុស្ស៊ី​បាន​វាត​ប្រតិបត្តិការនៅឆេឆេនី ជាទី ដែល ម៉ូស្គូ អះអាងថា ប្រយុទ្ធទល់នឹង ពួក​ភេរវជន។

លោក Ariel Sharon ពីចំណែកខ្លួន ចាត់ទុកអំពើហិង្សានៃ​ការបះបោរ​ប៉ាឡេស្ទីន​ ក្រោមឈ្មោះថា Intifada គឺរំលឹកឲ្យឃើញពី “ ចលនាភេរវនិយម “ តែម្តង។

នៅខែមេសា ២០០៥ លោក វ៉្លាឌីមៀរ ពូទីន បានបំពេញ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​​នៅអ៊ីស្រាអែល ក្នុងផ្ទៃ នៃការមិនចុះសម្រុងគ្នា ដោយមកពី ម៉ូស្គូ លក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅឲ្យស៊ីរី។

ខែតុលា ២០០៦ គឺកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជា សត្រូវស្លាប់រស់ របស់​អ៊ីស្រាអែល​ ដែល​បាន​ក្លាយជា កម្មវត្ថុ ចម្បង នៃទស្សនកិច្ចនៅម៉ូស្គូ របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Ehud Olmet ។

សហប្រតិបត្តិការ

ខែមិថុនា ២០០៨ ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom ប្រកាសធ្វើការសិក្សា ដើម្បី​លក់​ឧស្ម័នទៅអ៊ីស្រាអែល។

ខែកញ្ញា ២០១០ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និង អ៊ីស្រាអែល ចុះនៅទីក្រុង​ម៉ូស្គូ​ កិច្ចព្រមព្រៀងស្តីអំពី សហប្រតិបត្តិកាយោធា។

ទំព័រសហប្រតិបត្តិការនេះ បើកក្នុងឆ្នាំ ២០០៩ ដោយ ការលក់​យន្ដហោះ​ដ្រូន​អ៊ីស្រាអែល មកឲ្យរុស្ស៊ី។ អ៊ីស្រាអែល តែងព្រួយបារម្ភជានិច្ចនឹង ការ​លក់​អាវុធរុស្ស៊ី ជាពិសេស ឲ្យទៅ អ៊ីរ៉ង់ និង ស៊ីរី។

បើនិយាយពីលោក Netanyahu នោះគាត់ជួបញឹកញយមែនទែន ជាមួយ លោក ពូទីន ដោយគ្រាន់តែ ពីដើមឆ្នាំនេះ មក រដ្ឋបុរសទាំងពីរ បានជួបគ្នា ៣ លើក ទៅហើយ។​

យន្ដការសម្របសម្រួល នៅស៊ីរី

ថ្ងៃ​ ២១ កញ្ញា ២០១៥ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ​ជួប​ លោកប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅម៉ូស្គូ។ រដ្ឋាភិបាលអ៊ីស្រាអែល ចង្អុលឲ្យឃើញថា ប្រទេសទាំងពីរ ចុះសម្រុងគ្នាលើ

ការបង្កើតយន្ដការ ដើម្បីសម្របសម្រួលសកម្មភាពយោធាខ្លួន នៅស៊ីរី ប្រទេស​ដែលហែកហួរដោយសង្គ្រាម តាំងពីឆ្នាំ២០១១ មក គ្រាន់​នឹង​ចៀសវាង​ “ ការយល់ច្រឡំ “និង ការប្រទល់មុខគ្នា។

ថ្ងៃ​ ៣០ កញ្ញា ទ័ពអាកាសរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការវាយប្រហារ ដើម្បី​គាំទ្រ​ដល់​ ពួកយោធាលោក អាសាដ ដែលបាក់ទ័ព នៅពីមុខពួកឧទ្ទាម។

ថ្ងៃ ​១៥ តុលា ឆ្នាំ ២០១៥ នោះ ម៉ូស្គូ បានប្រកាសអំពីការតាំង” ស្ពាន​ទូរគមនាគមន៍​ត្រង់ផ្ទាល់” ជាមួយ កងអាកាសអ៊ីស្រាអែល ដើម្បីបញ្ចៀសពី ឧប្បត្តិហេតុ។

អ៊ីស្រាអែល ដែលតាំងចិត្តនៅឃ្លាតពីជម្លោះស៊ីរី ប៉ុន្តែដែលការពារ​ផល​ប្រយោជន៍​ខ្លួន​ គិតពីឆ្នាំ២០១៣ មក បានវាយ​ប្រហារ​ច្រើន​លើក​ច្រើន​ដង​នៅ​ស៊ីរី ទល់​នឹងរបបលោក បាស្ហារ អាល់-អាសាដ និង សម្ព័ន្ធមិត្ត របប​នេះ គឺ ក្រុម Hezbollah លីបង់ និង អ៊ីរ៉ង់។

ការបំផ្លាញយន្ដហោះរុស្ស៊ី

ថ្ងៃ១៧កញ្ញា២០១៨ មីស៊ីលការពារដែនអាកាសស៊ីរី បានបាញ់​យន្ដហោះ​រុស្ស៊ី​ធុន IL-20  ដោយភាន់ច្រឡំ នៅពីលើផ្ទៃទឹកសមុទ្រមេឌីទែរ៉ាណេ ផ្តាច់​ជីវិត​​ពួកនាយទាហារុស្ស៊ី១៥ នាក់នៅក្នុងយន្ដហោះនោះ។ ពេល បាញ់នោះ មានយន្ដហោះអ៊ីស្រាអែល ៤ គ្រឿងបានវាយប្រហារ​ទៅ​លើ​ឃ្លាំង​ស្តុក​ស្បៀង​យោធា ក្នុង ខេត្ត Lattaquié បែកខាងលិចស៊ីរី។

កងទ័ពរុស្ស៊ី បានជះកំហឹងទៅលើអ៊ីស្រាអែល ហើយចោទអ៊ីស្រាអែលថា ផ្តល់”ពត៏មានបោកបញ្ឆោត” ដែល បាននាំទៅកាន់​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​នោះ ​ពីព្រោះតាមពិត គឺបណ្តាលមកពីទង្វើ”គិតទុកជាមុន” ទេតើ ដោយ​អ៊ីស្រាអែល។ លោក Netanyahu បាន សំដែងតាមទូរសព្ទនូវ ក្តី ”ក្រៀមក្រំ” ទៅកាន់លោក ប្រធានាធិបតីរុស្ស៊ី ពូទីន។ លោកពូទីន បានច្រានចោល ការ​បកស្រាយរបស់ ភាគីអ៊ីស្រាអែលដែលថា គ្រោះថ្នាក់នោះ គឺ​បណ្តាល​មក​ពី សកម្មភាព ” មិនស្គាល់ខុសត្រូវ “ នៃកងទ័ពស៊ីរី។

ថ្ងៃ ២៤ កញ្ញា រុស្ស៊ី បានប្រកាសជាផ្លូវការ​អំពីផែនការ​ពង្រឹងប្រព័ន្ធ​ការពារ​ដែន​​​អាកាស​ស៊ីរីទៅដោយ មីស៊ីល S-300 - មីស៊ីល ដែលតាមអ៊ីស្រាអែល គឺ នឹងបង្កើនភាពតានតឹង សម្រាប់តំបន់​ដើមបូព៌ាទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ