អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ចែងអំពីអ្វីខ្លះ ?

សំឡេង ០៤:០៧
ប្រធានាធិបតី​បារាំង និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ លោកស្រី​ Angela Merkel ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា បារាំង-អាល្លឺម៉ង់​ ថ្ងៃទី ២២​មករា ២០១៩
ប្រធានាធិបតី​បារាំង និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ លោកស្រី​ Angela Merkel ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា បារាំង-អាល្លឺម៉ង់​ ថ្ងៃទី ២២​មករា ២០១៩ REUTERS/Wolfgang Rattay

លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ និង​លោក​ប្រធានាធិបតី​បារាំង បានចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​ជំរុញ​ប្រទេស​ទាំងពីរ​ខិត​ជិត​ចូល​គ្នា​ និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​មួយ​កំរិត​បន្ថែម​ទៀត។ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ សន្ធិសញ្ញា​នេះ​ ជា​អត្ថបទ​គ្មាន​ន័យ​ឬ​គ្មាន​មហិច្ឆតា ខ្លះ​ថា​​សន្ធិសញ្ញា​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់អធិបតេយ្យ​ភាព​ ... ហេតុ​អ្វី​បាន​ជា​សន្ធិសញ្ញា​នេះ​រង​ការ​រិះគន់​ខ្លាំង​ម្ល៉េះ ?! តើ​សន្ធិសញ្ញា​មាន​ខ្លឹមសារ​យ៉ាងណា​ឱ្យ​ពិត​ប្រាកដ ?

ផ្សាយពាណិជ្ជកម្ម

​គ្មាន​ទេ​ការ​រំលោភ​ឬ​ការ​បាត់​បង់​អធិបតេយ្យភាព និង​ក៏​គ្មានដែរ​​ការ​ចែ​ករំលែក​អំណាច​ឬ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ដូច​អ្វី​ដែល​ក្រុម​អ្នក​ជាតិ​និយម និង​ស្តាំ​និយម​ជ្រុល​របស់​បារាំង​និង​អាល្លឺម៉ង់​ចោទ​ឡើយ។ បើ​ដូច្នេះ តើ​សន្ធិសញ្ញា​មាន​ចែង​អំពី​អ្វី​ខ្លះទៅ ?

ផ្តួច​ផ្តើមដោយ​ប្រធានាធិបតី​បារាំង និង​ត្រូវ​ប្រើ​ពេល​យូរ​ជាងកាល​កំណត់​ដល់​ទៅ​មួយ​ឆ្នាំ​ សន្ធិសញ្ញា ​​ដែល​លោកម៉ាក្រុង និង​លោកស្រី មែរកិល ទើប​បាន​ចុះ​ហត្ថលេខា​​ កាលពីថ្ងៃ​អង្គារ​ទី ២២​មករា ២០១៩ នៅ​Aix-la-Chapelle​ ប្រទេស​អាល្លឺម៉ង់ ឬហៅ​ថា​​សន្ធិសញ្ញា​Aix-la-Chapelle ជាការ​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ចាស់ ដែល​បារាំង​ក្រោម​ការ​ដឹកនាំ​របស់លោក ​Charles De Gaulles និង​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់​លោក Konrad Adenauer បាន​ចុះ​ហត្ថលេខា​រួម​គ្នា កាលពី​ថ្ងៃទី ២២​មករា ​​ឆ្នាំ​១៩៦៣ នៅ​វិមាន​អេលីហ្សេ ក្រុងប៉ារីស។ ជាការ​​បំពេញ​បន្ថែម ដោយ​មាន​បញ្ចូលជា​អាទិ៍​​​នូវ​​​វិស័យ​ការពារ​ជាតិ ការទូត អប់រំ និង​សេដ្ឋកិច្ច។ ជា​មួយ​នឹង​សន្ធិសញ្ញា​ថ្មី​នេះ ការ​ផ្លាស់​ប្តូរ​ដែល​មាន​លក្ខណៈ​ច្បាស់​លាស់​ខ្លាំង​ជាង​គេ គឺ​​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន។

ទំនាក់ទំនង​ឆ្លង​ដែន

សន្ធិសញ្ញា​ថ្មី​គ្រោង​នឹងរឹត​បន្តឹង​ចំណង​ទាក់ទង​របស់​ពលរដ្ឋ​និង​ក្រុមហ៊ុន​ នៅ​តាម​ព្រំដែន​​ ទាំង​សង​ខាង​បារាំងនិង​អាល្លឺម៉ង់ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ “សំណុំ​បែបបទ​​ពិសេស” រុញ​ច្រាន​​គម្រោងមួយ​​ឱ្យ​បានឆាប់​ចេញ​ជា​រូប​រាង។ គណៈកម្មការ​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ រួម​បញ្ចូល​ដោយ​ភាគី​រដ្ឋ អាជ្ញាធរ​តំបន់​ និង​ សភា នឹង​ត្រូវ​បង្កើត​ឡើង​។ សន្ធិសញ្ញា​ក៏​បាន​បញ្ជាក់​​ជា​ថ្មី​អំពី​កម្មវត្ថុ​ចង់​ឱ្យពលរដ្ឋ​​​ក្នុង​​ដែនដី​​ជាប់​ព្រំ​ដែន​ ចេះ​​និយាយ​ពីរ​ភាសា​ (បារាំង-អាល្លឺម៉ង់) ប៉ុន្តែ​ភាសា​ផ្លូវការ​និ​ងរដ្ឋបាល​មិន​ត្រូវ​បានប្តូរ​ផ្លាស់​ទេ។

គឺ​ត្រង់​ចំណុច​នេះឯង ដែល​តំណាង​បក្ស​ស្តាំ​និយម​ជ្រុល​​បារាំង ចោទ​ថា​សន្ធិសញ្ញា​​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​អធិបតេយ្យភាព​ខេត្ត​ជាប់​ព្រំដែន​ពីរ​របស់​បារាំង​ទៅ​ខាង​អាល្លឺម៉ង់​នោះ។

​​​គម្រោង​​បង្កើត​សភារួម ដែ​ល​មានសមាជិក​​​បារាំង៥០​រូប​-អាល្លឺម៉ង់៥០​រូប​ ក៏​មាន​ចែង​ក្នុង​សន្ធិសញ្ញា​ថ្មី​នេះ។ សភា​នេះ នឹង​ឆ្លាស់​ទីតាំង ​នៅ​ខាង​បារាំង​៦​ខែ នៅ​ខាង​អាល្លឺម៉ង់​៦​ខែ និង​មាន​នាទីតម្រង់​ច្បាប់​បារាំង​ឆ្ពោះ​ទៅ​អាល្លឺម៉ង់ និង​បញ្ច្រាស​មក​វិញ សម្រួល​ច្បាប់​អាល្លឺម៉ង់ឱ្យ​ស៊ី​ជាមួយ​ច្បាប់​បារាំង។ បើ​តាម​សន្ធិសញ្ញា​ ក្នុងមួយ​ត្រីមាស​ម្តងៗ សមាជិក​រដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវ​មក​ចូល​រួម​ប្រជុំ​ក្រុមប្រឹក្សា​​រដ្ឋមន្ត្រី​បារាំង​ ហើយ​សមាជិក​រដ្ឋាភិបាល​បារាំង​ទៅ​ចូល​រួម​ប្រជុំគណៈ​រដ្ឋមន្ត្រី​អាល្លឺម៉ង់វិញ។

សន្តិសុខ​និង​ការ​ទូត

​ធ្វើ​សង្គ្រាម​នឹង​គ្នា​ចំនួន​បី​ដង​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៨៧០​មក បារាំង​និង​អាល្លឺម៉ង់​ សន្យា​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ក្នុង​វិស័យ​នយោបាយ​ការបរទេស ការពារ​ជាតិ ដោយ​បាន​អនុម័តបង្កើត​​​​​មាត្រ​មួយ​ ស្តី​អំពី​ការ​ជួយ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើ​គ្រប់​មធ្យោបាយ​រាប់​ទាំងកម្លាំង​​យោធាផង ​ក្នុងករណី​មាន​ការ​ឈ្លានពាន​ពី​​ប្រទេស​ខាង​ក្រៅ។ ថ្វី​បើ​សាមគ្គីភាព​បែ​ប​នេះ​មាន​គ្រោង​ក្នុង​ក្របខ័ណ្ឌ​សមាជិក​អូតង់​ហើយ​ក៏​ដោយ តែ​តាម​រយៈ​សន្ធិសញ្ញា​ថ្មី​នេះ ​បារាំង​និង​អាល្លឺម៉ង់​អាច​ពង្រាយ​កម្លាំង​និង​មធ្យោបាយ​យោធា​​រួម​គ្នា​ ក្នុង​​កិច្ចសហប្រតិបត្តិការ និង​កម្មវិធី​​យោធាធំៗ ឬ​ករណី​វាយប្រហារ​ភេរវកម្ម​ជា​ដើម។ ពោល​គឺជា​គំរូ​ល្អ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​​កម្មវត្ថុ​ចំបង​នៃ​បង្កើត​កងទ័ព​អឺរ៉ុប​រួម នា​ពេល​អនាគត។

សន្ធិសញ្ញា​​Aix-la-Chapelle គ្មាន​ចែង​សោះ​អំពី​ការ​ចែក​រំលែក​អាសនៈ​របស់​បារាំង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទៅ​ឱ្យ​អាល្លឺម៉ង់​ ដូចអ្វី​ដែល​លោកស្រី ម៉ារីន ឡឺប៉ែន ប្រធាន​បក្ស​ស្តាំនិយម​ជ្រុល​បារាំង​ចោទ​ឡើយ។ នៅសន្ធិសញ្ញា​ ​មាត្រា​៨ បានចែង​ថា​ “ការ​បញ្ចូល​អាល្លឺម៉ង់ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ជា​អាទិភាព​ការទូត​មួយ​​នៃ​ទំនាក់ទំនង​បារាំង-អាល្លឺម៉ង់”។ ប្រទេស​ទាំង​ពីរ​បានប្តេជ្ញា​ សម្របសម្រួល​ជំហរ​រួម​គ្នានៅ​ក្នុង​រង្វង់​អង្គការ​សហប្រជាជាតិ និង​សម្រួល​ឱ្យ​មាន​ជំហរ​រួម​តែ​មួយ ក្នុង​នាម​​​សហភាព​អឺរ៉ុប នៅ​ចំពោះ​មុខ​អង្គការ​ស្ថាប័ន​អន្តរជាតិ​លើ​ពិភពលោក។

ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ ប្រទេស​ទាំង​ពីរ​ប្រាថ្នា​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​បារាំង-អាល្លឺម៉ង់​ដែ​លមាន​វិធាន​ច្បាប់​រួម​។ ជា​និម្មិត្តរូប សន្ធិសញ្ញា​បាន​អនុម័ត​ឱ្យ​បង្កើត​ ក្រុមប្រឹក្សា​ជំនាញ​សេដ្ឋកិច្ច​បារាំង-អាល្លឺម៉ង់​ ដែល​មាន​សមាជិកឯករាជ្យ​​១០​រូប ទទួល​បន្ទុក​ផ្តល់​អនុសាសន៍​ស្តី​អំពី​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ។

ប៉ារីស​និ​ងប៊ែរឡាំង ក៏​បាន​សន្យា​ផង​ដែរ បង្កើត​ គម្រោង​ផែនការ​រួម​ ក្នុង​ផ្នែក​ថាមពល​មិន​ចេះ​រីង​ស្ងួត និ​ងប្រសិទ្ធភាព​នៃ​ថាមពល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ