អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់ថា ការចរចា ​បរាជ័យ ដោយសារ​រុស្ស៊ី​គ្មាន​ឆន្ទៈចង់​ប្តូជំហរ​ក្នុង​រឿង​ផលិត​មីស៊ីល​

នៅថ្ងៃទី ២៣​មករា ២០១៩ អ្នកកាសែត​បរទេស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ថតការតាំងពិព័រណ៌​មីស៊ីល​របស់​រុស្ស៊ី ប្រភេទ SSC-8/9M729 ដែល​អាមេរិក​ចោទ​ថា ត្រូវ​បាន​រុស្ស៊ី​លួចផលិត​ដោយ​រំលោភ​នឹង​សន្ធិសញ្ញា
នៅថ្ងៃទី ២៣​មករា ២០១៩ អ្នកកាសែត​បរទេស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ថតការតាំងពិព័រណ៌​មីស៊ីល​របស់​រុស្ស៊ី ប្រភេទ SSC-8/9M729 ដែល​អាមេរិក​ចោទ​ថា ត្រូវ​បាន​រុស្ស៊ី​លួចផលិត​ដោយ​រំលោភ​នឹង​សន្ធិសញ្ញា ©REUTERS/Maxim She

រុស្ស៊ី និង​អង្គការ​អូតង់ នៅ​តែ​ចរចា​មិនត្រូវ​គ្នា ពីរឿង​មីស៊ីល​របស់​រុស្ស៊ី ដែល​ក្រុមប្រទេស​លោកខាងលិច​ចាត់ទុក​ជា​គ្រោះថ្នាក់ គំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន។ នេះ​បើតាម​ការប្រកាស​របស់​អគ្គលេខាធិការ​របស់​អង្គការ​អូតង់ នៅក្រោយ​ជំនួប​រវាង​ភាគី​ទាំងពីរ​នៅទីស្នាក់ការ​របស់​អូតង់ នៅ​ទីក្រុង​ព្រុចស៊ែល កាលពី​ថ្ងៃ​សុក្រម្សិលមិញ។ អាមេរិក​ដែល​ដឹកនាំ​មុខគេ​នៅអូតង់​បាន​ទាមទារ​ឲ្យ​រុស្ស៊ី បំផ្លាញ​ចោល​មីស៊ីល​បាញ់​បាន​ចម្ងាយមធ្យម ដែល​រុស្ស៊ី​បាន​លួចផលិត ដោយ​ល្មើស​រំលោភ សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​មីស៊ីល​រយៈចម្ងាយមធ្យម។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ ដែល​មាន​គោលដៅ​ស្រោចស្រង់​សន្ធិសញ្ញា អន្តរជាតិ ស្តីពី​មីស៊ីល​រយៈចម្ងាយ​មធ្យម អ្នកតំណាង​របស់​រុស្ស៊ី និង​អង្គការ​អូតង់​បរាជ័យ មិន​អាច​ផ្លូវ​សម្របសម្រួល​មួយ​បាន​ទាក់ទង​នឹង​អាវុធ​មីស៊ីល​របស់​រុស្ស៊ី ដែល​អាមេរិក​ចោទ​ថា កំពុង​រំលោភ​សន្ធិសញ្ញា អន្តរជាតិ។ អាមេរិក បាន​ទាមទារ​ឲ្យ​រុស្ស៊ី​បំផ្លាញ​ចោល​មីស៊ីល​ប្រភេទ SSC-8 ដែល​រុស្ស៊ី​បាន​លួច​ផលិត។ ប៉ុន្តែ រុស្ស៊ី​វិញ បាននិយាយ​ការពារខ្លួន​ថា មិន​បាន​រំលោភ​សន្ធិសញ្ញា​ដូចការ​ចោទប្រកាន់​របស់​អាមេរិក​នោះទេ ពីព្រោះ​មីស៊ីល​របស់​រុស្ស៊ី​ហោះ​បាន​ចម្ងាយ​ច្រើន​បំផុត ៥០០​គីឡូម៉ែត្រ។ ចំណែក​មីស៊ីល​ដែល​សន្ធិសញ្ញា​អាមេរិក សូវៀត​បាន​ហាមឃាត់ គឺ​អាច​ហោះ​ក្នុង​ចម្ងាយពី​៥០០​ទៅ ៥ពាន់​គីឡូម៉ែត្រ​ឯណោះ។

តាម​អគ្គលេខាធិការ​អង្គការ​អូតង់ កិច្ច​ចរចា​នៅ​ទីក្រុង​ព្រុចស៊ែល ត្រូវ ជាប់គាំង គ្មាន​ផ្តល់លទ្ធផល​អ្វី ដោយសារ​តែ​រុស្ស៊ី គ្មាន​ចេតនា​ចង់​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួននោះទេ។ ប្រមុខ​អង្គការ​អូតង់​នៅ​បាន​ចោទ​ទីក្រុង​ម៉ូស្គូ​ថា កំពុង​ដើរ​ចេញ​ពី​សន្ធិសញ្ញា។ “ម៉ូស្គូ​បាន​រំលោភ​សន្ធិសញ្ញា តាមរយៈ​ការផលិត និង​ដាក់ពង្រាយ​មីស៊ីល​ដែល​មាន​សមត្ថភាព​ខ្ពស់ មាន​កម្លាំងខ្លាំង​បំផុត អាច​ពាំក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​បំផ្លាញ​ទីក្រុង​នៅ​អឺរ៉ុប” នេះជា​ប្រសាសន៍​របស់​លោក Jens Stoltenberg។

សូមអាន៖ អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

សម្រាប់​ប្រមុខដឹកនាំ​អូតង់ សន្ធិសញ្ញា​អន្តរជាតិ ស្តីពី​មីស៊ីល​ចម្ងាយមធ្យម ដែល​ភាគី​អាមេរិក និង​សហភាពសូវៀត បាន​ចុះហត្ថលេខា​ដើម្បី​បញ្ជៀស​សង្រ្គាម​នុយក្លេអ៊ែរ កាលពី​ឆ្នាំ ១៩៨៧ "កំពុង​ត្រូវ​គេ​ជាន់ឈ្លី"។

កាលពី​ខែ​តុលា​ឆ្នាំមុន រដ្ឋបាល​លោកដូណាល់​ត្រាំ ធ្លាប់​បាន​គំរាម​ផ្តើម​និតិវិធី ដក​ខ្លួន ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​មីស៊ីល​ចម្ងាយ​មធ្យម នៅ​ថ្ងៃទី ២​កុម្ភៈ បើ​សិន រុស្ស៊ី និង​អូតង់​មិនអាច​រកឃើញ​កិច្ចព្រមព្រៀង​ណាមួយ ទាក់ទង​នឹង​មីស៊ីល​ចម្ងាយមធ្យម​របស់​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​វិញ​ធ្លាប់​បាន​ព្រមានរួចហើយ​ ពី​ការប្រណាំងប្រជែង​ក្នុងការ​ផលិត​មីស៊ីល ក្នុង​ពិភពលោក បើសិន​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ដែល អាមេរិក ធ្លាប់​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​សូវៀត។ នៅ​ថ្ងៃ​សុក្រ ក្រសួងការបរទេស​រុស្ស៊ី បាន​ទាមទារ​ផងដែរ​ឲ្យ​អាមេរិក​បោះបង់​ចោល​ផែនការ ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​នៅក្នុង​ទីអវកាស។

សន្ធិសញ្ញា​ស្តីពី​អាវុធ​មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម បាន​ចាប់​ចងដៃ​តែ​អាមេរិក និង​រុស្ស៊ី​តែ​ប៉ុណ្ណោះ។  គេ​វាយតម្លៃថា រុស្ស៊ី ដែល​បាន​លួច​ផលិត​មីស៊ីល​ចម្ងាយមធ្យម ដោយសារ​តែ​ប្រទេស​ផ្សេងទៀត ដូចជា​ចិន ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី ឥណ្ឌា កូរ៉េខាងជើង និង​ប៉ាគីស្ថាន​ជាដើម សុទ្ធ​តែ​បាន​សម្រួចសម្រាំង និង​ផលិត​ស្តុក​ទុក​មីស៊ីល​ចម្ងាយមធ្យម របស់ខ្លួន អស់​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​ការចាប់បង្ខំ ដោយ​សន្ធិសញ្ញា​ណាមួយ​ទេ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ